ដោយ៖សិរីមតី
ភ្នំពេញ៖សេចក្តីប្រកាសពត៌មានរបស់ADBនាព្រឹកថ្ងៃទី២៦ខែកក្កដាបានឱ្យដឹងថាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីផ្អែកលើគោលនយោបាយចំនួន ៤០ លានដុល្លារដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងបន្ថែមការផ្តល់សេវាសាធារណៈដោយរដ្ឋបាលមូលដ្ឋាន តាមរយៈកំណែទម្រង់ជាបន្តបន្ទាប់ក្នុងវិស័យហិរញ្ញវត្ថុសាធារណៈនិងវិមជ្ឈការ។
កម្ចីកម្មវិធីរងទីពីរ និងចុងក្រោយ ក្រោមកម្មវិធីអភិវឌ្ឍន៍វិស័យសេវាសាធារណៈនិងការគ្រប់គ្រងហិរញ្ញវត្ថុដែលបានធ្វើវិមជ្ឈការ លើកទីពីរនេះនឹងបញ្ចប់កំណែទម្រង់ជាបន្តបន្ទាប់ដើម្បីពង្រឹងតួនាទី និងសមត្ថភាពរបស់រដ្ឋបាលមូលដ្ឋាន ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព។កំណែទម្រង់ក្រោមកម្មវិធីរងទីពីរនេះ ត្រូវបានរៀបចំឡើងដើម្បីពង្រឹងការធ្វើផែនការនិងរៀបចំថវិកា ការគ្រប់គ្រងចំណូលនិងចំណាយនិងសមត្ថភាពបុគ្គលិកនៅកម្រិតរដ្ឋបាលមូលដ្ឋានដើម្បីផ្តល់សេវាកម្មប្រសើរឡើង,លើកកម្ពស់ការធ្វើផែនការរដ្ឋាភិបាលមូលដ្ឋាន, និង កែលម្អលទ្ធភាពទទួលបានសេវាសាធារណៈរបស់ ប្រជាពលរដ្ឋ។
នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា លោកស្រី Jyotsana Varma មានប្រសាសន៍ថា«កំណែទម្រង់ និងដំណោះស្រាយឌីជីថលដែលត្រូវបានអនុវត្តក្នុងកម្មវិធីនេះនឹងជួយតម្រង់ផែនការកម្រិតមូលដ្ឋាន ជាមួយនឹងថវិកាជាតិនិងខេត្តសម្រាប់ការផ្តល់សេវាសាធារណៈនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាពនិងសមធម៌ ដូចជាការទទួលបានទឹកស្អាតអនាម័យ និងការអប់រំជាដើម។វិធានការដែលអនុវត្តក្នុងកម្មវិធីនេះក៏នឹងជំរុញការចូលរួមរបស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចចិត្ត
ក្នុងកម្រិតមូលដ្ឋានផងដែរ។»
កម្មវិធីនេះបង្កើតឡើងផ្អែកលើមូលដ្ឋាននៃការគាំទ្រយូរអង្វែងរបស់ADBលើកំណែទម្រង់វិមជ្ឈការក្នុងប្រទេសកម្ពុជា រួមទាំងការបង្កើតគោលនយោបាយនិងក្របខ័ណ្ឌបទប្បញ្ញត្តិសម្រាប់ដំណើរការវិមជ្ឈការ ក៏ដូចជាការគាំទ្រក្នុងការពង្រឹងនិងគ្រប់គ្រងប្រាក់ចំណូលនៅថ្នាក់ក្រោមជាតិ។ ADBបានជួយបង្កើតការិយាល័សេវាច្រកចេញចូលតែមួយសម្រាប់ការផ្តល់សេវាដែលឆ្លើយតបនឹងតម្រូវការក៏ដូចជាការិយាល័យភ្នាក់ងារស៊ើបអង្កេតបណ្តឹងតវ៉ា ដើម្បីត្រួតពិនិត្យភាពប្រសើរឡើងនៃ វិសាលភាព
និងគុណភាពនៃសេវាកម្មដែលបានផ្តល់។
កម្មវិធីរងទីពីរនេះផ្តោតលើ ការពង្រឹងការសម្របសម្រួលការផ្តល់សេវាដែលឆ្លើយតបនឹងតម្រូវការនិងប្រកបដោយគណនេយ្យភាព និងការលើកកម្ពស់ការគ្រប់គ្រងចំណូលនិងចំណាយ ដើម្បីបំពេញតម្រូវការនៅថ្នាក់រដ្ឋាភិបាលមូលដ្ឋាន។ វានឹងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកំណែទម្រង់ ដែលត្រូវបានអនុម័តក្រោមកម្មវិធីរងទីមួយ ដែលមានគោលបំណងអភិវឌ្ឍជំនាញរដ្ឋបាលសាធារណៈនិងសមត្ថភាពសម្រាប់មន្ត្រីរដ្ឋបាលមូលដ្ឋានតាមរយៈដំណើរការនៃសាលាជាតិរដ្ឋបាលមូលដ្ឋាន។ADB គឺជាដៃគូរបស់កម្ពុជាក្នុងការគាំទ្រកំណែទម្រង់លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិងវិមជ្ឈការចាប់តាំងពីឆ្នាំ២០០២ដោយសង្កត់ធ្ងន់លើការបន្តគោលនយោបាយដើម្បីធ្វើឱ្យស៊ីជម្រៅ ទាំងវិធានការវិមជ្ឈការផ្នែករដ្ឋបាលនិងសារពើពន្ធសម្រាប់ ការកែលម្អការផ្តល់សេវា ការអភិវឌ្ឍសេដ្ឋកិច្ច មូលដ្ឋាននិងការកាត់បន្ថយភាពក្រីក្រ។ កម្ចីកម្មវិធីថ្មីនេះគឺស្របតាមយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់ADB សម្រាប់កម្ពុជាឆ្នាំ ២០១៩-២០២៣៕