ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះការរស់នៅលោកអ្នកចូរ ប្រយ័ត្នក្រុមមនុស្សបង្កផលលំបាកអ្វីមួយឡើងមក នាំពិបាកដោះស្រាយ។

-កិច្ចការងារ៖ការប្រកបការងារទទួលរងការហត់នឿយ និងទទួលផលលំបាកច្រើនបន្តិច ម្ល៉ោះហើយគប្បីចេះតស៊ូអត់ធ្មត់ជាងនេះបន្តិចទើបប្រសើរ។

ការធ្វើជំនួញ៖បើជាអ្នកប្រកបរបររកស៊ីជួញដូរពុំសូវកាក់កបទេ គឺលាភហេងច្រើនបោលហួស ឬហោះរំលងជានិច្ច។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខយឺត ហើយក៏ងាយថយក្រោយវិញណាស់៕

ឆ្នាំឆ្លូវ

នៅថ្ងៃនេះរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ អំឡុងពេលនេះលោកអ្នកជួបបញ្ហាលំបាកមួយចំនួនយាយីនាំឱ្យមិនសុខស្រួលចិត្តប៉ុន្មានទេ ។ប៉ុន្តែសម្រាប់ថ្ងៃនេះវិញលោកអ្នកអាចមានដំណឹងល្អ ឬដោយមានញាតិមិត្តជួយក្នុងរឿងអ្វីមួយផង។

-កិច្ចការងារ៖ក្នុងថ្ងៃនេះដែរយីអ៊ុនរបស់លោកអ្នកបានងើបខ្ពស់ ម្ល៉ោះហើយជាឱកាសល្អក្នុងការធ្វើអ្វីមួយព្រោះផ្លែផ្កាហុចឱ្យមកវិញក៏សមដូចប្រកបជានិច្ច។

ការធ្វើជំនួញ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទាំងតូចទាំងធំបើចង់ចរចាទិញ ឬដោះដូរទំនិញអ្វីមួយដោយមិនត្រឹមឆាប់ត្រូវរ៉ូវគ្នាទេ តែអាចសម្រេចជោគជ័យយ៉ាងឆាប់រហ័សថែមទៀត។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់រៀបចំផ្សំផ្គុំគ្រួសារពេលនេះជាឱកាសល្អប្រពៃណាស់៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះបើលោកអ្នកចង់ចរចា ឬធ្វើអ្វីមួយដែលជាកិច្ចការសំខាន់បើចៀសវាងថ្ងៃនេះក៏ប្រសើរដែរ ពីព្រោះថាផលអាក្រក់មានច្រើនជាងល្អ។

-កិច្ចការងារ៖នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនសូវល្អប្រសើរទេ ម្ល៉ោះហើយនៅពេលនេះបើមានកិច្ចការតូចធំត្រូវចេះមើលគេមើលឯង ហើយមិនត្រូវត្រចៀកស្រាលឆាប់ខឹងឡើយ ពីព្រោះថាងាយមានរឿងដាក់ខ្លួនណាស់។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញនៅថ្ងៃនេះមានការរីកដុះដាលគ្រាន់គាប់ប្រសើរ ហើយការជួញទីជិតឆ្ងាយតែងហុចផលមកវិញជានិច្ច។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕

ឆ្នាំថោះ

នៅថ្ងៃនេះរាសីល្អជាមធ្យម។

-ការរស់នៅ៖ នៅថ្ងៃនេះមុនហាមាត់និយាយស្តីអ្វីមួយគប្បីមានការប្រយ័ត្នប្រយែង ព្រោះកាលបើជ្រុលជ្រួសតែបន្តិចងាយបង្កជាទំនាស់ជាមួយអ្នកដទៃជាងសព្វមួយដង។

-កិច្ចការងារ៖ដោយឡែកនៅថ្ងៃនេះវិញ ការប្រកបការងារអ្វីឃើញថាមានការជឿនលឿនទៅមុខយឺតពិសេសងាយកើតបញ្ហាជាមួយអ្នកដទៃថែមទៀត។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បោះទុនទៅលើអ្វីមួយត្រូវមើលមុខមើលក្រោយ ព្រោះផ្លែផ្កាទទួលបានមកវិញមានភាពយ៉ាប់យ៉ឺននិងបញ្ហាចូលមកលុកលុយច្រើន។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរប្រទាំងប្រទើសដែលងាយកើតរឿងជម្លោះវិវាទនិងបង្កជារឿងរ៉ាវអូសបន្លាយពេលយូរផង៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ទាំងស្រ្តីបុរសការរស់នៅរាល់ឧបទ្របចង្រៃដែលធ្លាប់យាយីទាំងពួងបានរលត់រលាយអស់ហើយភាពសុខដុមបានផ្លាស់ចូលមកជំនួសវិញ ប្រៀបបានទៅនឹងកាំរស្មីព្រះអាទិត្យកំពុងតែចែងចាំងនៅលើអាកាសវេហាដូច្នេះដែរ។

-កិច្ចការងារ៖ក្នុងថ្ងៃនេះមានជោគសិរី ហើយលោកអ្នកអាចកាន់កិច្ចការងារតូចធំប្រកបទៅដោយការជឿនលឿនទៅមុខគ្រាន់កក់ក្តៅ។

ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទោះគ្មានចំណូលអ្វីជាដុំកំភួនតែភាពសុខដុមមានភាពល្អប្រសើរឡើង ។

​  –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានការចម្រើនលូតលាស់ទៅមុខ និងកំពុងមានភាពផ្អែមល្ហែមល្អប្រពៃ៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ការរស់នៅស្រ្តីមិនត្រូវប្រកែប្រកាន់ច្រើន ហើយត្រូវបំបាត់ភាពរឹងរូសចេញពីខ្លួនខ្លះ និងត្រូវប្រឹងប្រែងកិច្ចការផ្ទះសំបែងទើបភាពចម្រុងចម្រើននឹងលូតលាស់ជាងនេះ។ការធ្វើដំណើរទៅទិសពាយ័ព្យពុំសូវមានសុវត្ថិភាពទេពិសេសពេលយប់ត្រលប់តែម្តង។

-កិច្ចការងារ៖ការប្រកបការងារវិញលោកអ្នកឱ្យប្រយ័ត្នសត្រូវលាក់មុខបន្តិចពីព្រោះគេងាយបង្ករឿងអ្វីមួយដែលគិតស្មានមិនដល់។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកមានអតិថិជនជំពាក់ប្រាក់កាស ហើយចង់ទារបំណុលពីនរណាម្នាក់ក៏ជាឱកាសល្អផងដែរ។

បញ្ហាស្នេហា៖សម្ព័ន្ធគូស្នេហ៍ប្រុសស្រីកុំចង់ទុំមុនស្រគាល ប្រយ័ត្នជួបរឿងទុក្ខសោកហើយត្រូវរែកពន់បាត់បង់កិត្តិយសថែមទៀត៕

ឆ្នាំមមី

ថ្ងៃនេះរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅដំណើរចេញក្រៅផ្ទះលោកអ្នកប្រយ័ត្នក្រុមមនុស្សចាក់រុក ឆ្កឹះឆ្កៀល ពីបញ្ហាអ្វីមួយ ហើយបង្កើតជម្លោះវិវាទជាមួយសត្រូវចាស់ថ្មី ហើយគេបែរជាលួចសើចចំអកដាក់មកវិញ។

-កិច្ចការងារ៖ក្នុងថ្ងៃនេះទោះធ្វើអ្វីមួយក៏ដោយលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងបន្តិច ហើយត្រូវចងចាំថាទោះលោកអ្នកប្រកបកិច្ចការអ្វីផ្លែផ្កាក៏ពុំឆ្លើយតប ដូចជាទីគាប់ចិត្តនោះឡើយ។

ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពេលព្រឹកមានភាពរកាំរកូសច្រើន តែថ្ងៃបន្តិចពេលព្រះអាទិត្យរះពេញអាកាសវេហា ឧបទ្រពចង្រៃទាំងពួងនឹងវិនាសជាអហោសិកម្មអស់។

បញ្ហាស្នេហា៖រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះទោះធ្វើអ្វីៗលោកអ្នកមិនអាចសម្រុកបានទេ ហើយចូរចងចាំថាសន្សឹមៗកុំបំបោលគង់តែដល់ទិសដៅពុំខាន។ក្រៅពីនេះធ្វើអ្វីមិនត្រូវចង់បានភ្លាមៗឡើយពីព្រោះថាផលលំបាកនាពេលក្រោយមានខ្ពស់គួរសម។

-កិច្ចការងារ៖ការប្រកបការងារក៏ដូច្នេះលោកអ្នកតោងតែត្រូវចេះរវៀសរវៃប្រឹងប្រែង ទើបក្តីប្រាថ្នាអ្វីមួយអាចឈោងចាប់បានទៅរួច។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះមានភាពរលូនល្អ និងការរកប្រាក់កម្រៃទៀតសោតក៏ហូរចូលខ្លះៗដែរ។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាប្រុសស្រីជួបរឿងការយល់ខុសនិងភាពប្រចែប្រចណ្ឌចូលលុកលុយមិនស្ទើរដែរទេ៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះបើលោកអ្នកចង់ពឹងពាក់ ឬខ្ចីរបស់អ្វីមួយពីអ្នកដទៃឃើញថាតែងមិនឆ្លើយតបដូចគាប់បំណងទេ ពោលគឺតែងខកបំណងច្រើនជាង ។

-កិច្ចការងារ៖ការប្រកបការងារមានសភាពយឺតយូរ និងមិនសម្រេចដល់គោលដៅឡើយ។

ការធ្វើជំនួញ៖សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយ ហើយត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ ប្រយ័ត្នជួបរឿងស៊យបោះទុនទៅហើយសូន្យឈឹងរកតែដើមមកវិញមិនឃើញ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការរកាំរកូស ព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីគប្បីមានការប្រយ័ត្នប្រយែង ពីព្រោះថាបើសម្រេចចិត្តអ្វីមួយខុសនាំបាត់បង់ប្រាក់កាស និង ពិសេសបង្កឱ្យខូចទាំងចិត្តថែមទៀត។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្ថិភាពទេ គប្បីបន្ថែមការប្រុងប្រយ័ត្ន។

-កិច្ចការងារ៖ការប្រកបការងារចៅហ្វាយតែងចាំចាប់ថ្នាំងថ្នាក់ និងស្តីបន្ទោសជាងសព្វមួយដង។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរបញ្ហាការរកប្រាក់កម្រៃដំណើរការទៅមុខយ៉ាប់យ៉ឺនបន្តិចពិតមែន តែក៏មានភាពសុខដុមប្រពៃណាស់ផង។

បញ្ហាស្នេហា៖ រីឯសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួច ឯបើថយក្រោយវិញនោះឆាប់រហ័សណាស់ គប្បីមានការប្រយ័ត្នប្រយែង៕

ឆ្នាំច

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបបញ្ហាមិនល្អយាយីច្រើន ម្ល៉ោះហើយធ្វើឱ្យមិនសូវសុខស្រួលខ្លួនប៉ុន្មានទេ។

-កិច្ចការងារ៖អ្នកប្រកបការងារកុំរួញរានឹងការងារសំខាន់ ឬកិច្ចការធំដុំ ពីព្រោះថាផលតែងឆ្លើយតបមកវិញនាគ្រាខាងមុខគ្រាន់កក់ក្តៅ ។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះពុំមានការរីកលូតលាស់ទៅមុខគួរជាទីកត់សម្គាល់ទេ ហើយក៏មិនមានការថយក្រោយដែរ គឺដូចសព្វមួយដង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងខ្វាយខ្វល់ ព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំង ម្ល៉ោះហើយការកើតរឿងរ៉ាវប្រទាំងប្រទើសងាយផ្ទុះឡើងដែរ៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកមានការរីកលូតលាស់សន្សឹមៗទៅមុខតែយ៉ាងណាឱ្យប្រយ័ត្នបញ្ហាជម្លោះ ពីព្រោះងាយកើតមានណាស់។

-កិច្ចការងារ៖ការប្រកបការងារឱ្យប្រយ័ត្នដូចពាក្យចាស់ថាខឹងខូច ខឹងខាត ខឹងខុស។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរមិនថាការជួញទីជិតឆ្ងាយបើលោកអ្នកជួបបាតុភាពរឿងឈ្លោះវិវាទអ្វីមួយកើតឡើងហើយបើចេះទប់ចិត្តសង្កត់អារម្មណ៍មិនតបតគឺជាការប្រសើរបំផុតដើម្បីរក្សាសេចក្តីសុខផ្ទាល់ខ្លួន។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីលោកអ្នកដាច់ខាតមិនត្រូវឈ្លក់វង្វេងរឿងស្នេហា រហូតវង្វេងស្មារតីនាំខាតបង់ការសិក្សា ឬកិច្ចការងារប្រចាំថ្ងៃនោះឡើយ ៕