ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងរង្វង់គ្រួសារបើធ្លាប់តែមានភាពអួអាប់នឹងប្រែមកល្អប្រសើរ ហើយកំពុងកើតមានវាលកាលត្រជាក់ត្រជុំគ្រាន់គាប់ប្រសើរឡើងវិញ។

-កិច្ចការងារ៖នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទិញដូរទីកន្លែងលក់ដូរ ឬការប្រកបមុខជំនួញអ្វីមួយហើយ។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលាភធ្លាប់តែបោលហួស ឬ ជួបភាពតានតឹងបានផ្លាស់ប្តូរមកធូរស្រាល ហើយបើមានក្រុមអតិថិជនជំពាក់ប្រាក់កាសគេអាចយកមកសងវិញទៀតផង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានការរីកលូតលាស់ទៅមុខ និង កំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖នៅថ្ងៃនេះបើលោកអ្នកមានដំណើរផ្លូវឆ្ងាយគួរប្រយ័ត្នប្រយែងបន្តិច ព្រោះពុំសូវមានសុវត្ថិភាពប៉ុន្មានទេ។

-កិច្ចការងារ៖ការប្រកបការងារអ្វីមួយងាយកើតនូវបញ្ហាចម្រូងចម្រាសជាមួយអ្នកដទៃ ហេតុនេះគប្បីមានការប្រយ័ត្នប្រយែង។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើន និងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផងគួរ មានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។

បញ្ហាស្នេហា៖ គូស្នេហាកំលោះក្រមុំ មានការរកាំចិត្ត ព្រោះតែម្នាក់ៗចង់ចាញ់ឈ្នះគ្នាទៅវិញទៅមកមិនស្ទើរនោះទេ៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ពីព្រោះថាអាចត្រូវទទួលរងផាកពិន័យ ឬ បាត់បង់ប្រាក់កាសច្រើនដោយសារចំណាយលើអ្វីមួយ។

-កិច្ចការងារ៖ការប្រកបការងាររបស់លោកអ្នកក៏តែងកើតរឿងរាវតប់ប្រមល់ចំពោះក្រុមនុស្សជុំវិញខ្លួន និងពិសេសអាចមានជម្លោះពាក្យសម្តីទៀតផង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរជួបបញ្ហាខ្សត់ចំណូល ជាពិសេសលាភបំរុងរត់ចូលបែរជារត់ចេញទៀតផង។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីជួបភាពមួហ្មងនិងប្រឆាំងគ្នាឥតសូវស្បើយប៉ុន្មានឡើយ ៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅឱ្យប្រយ័ត្នបញ្ហាសុខភាព ហេតុនេះចូរប្រយ័ត្នរោគជំងឺចាស់យាយី ពិសេសបញ្ហាចំណីចំណុកតែម្តង។

-កិច្ចការងារ៖នៅថ្ងៃនេះការប្រកបការងារអ្វីឃើញថាមិនសូវជឿនលឿនទៅមុខទេ ពិសេសការធ្វើច្រើនបែរជាខុសច្រើនទៀតផង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញមិនសូវមានការរីកលូតលាស់ទៅមុខទេ ដូចនេះមិនផ្តល់ផលល្អសម្រាប់ការផ្លាស់ប្តូរមុខរបរថ្មី ឬបើកធ្វើជំនួញអ្វីថ្មីប៉ុន្មានឡើយ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំមានការថ្នាំងថ្នាក់និងចាប់កំហុសគ្នាមិនតិចឡើយ៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពរដិបរដុប ហើយបើចង់ធ្វើអ្វីគប្បីមានការប្រយ័ត្នប្រយែងបន្តិច ពីព្រោះថាងាយកើតមានបញ្ហាយាយីផង។

-កិច្ចការងារ៖ការប្រកបការងារឱ្យប្រយ័ត្នក្រុមមនុស្សក្បត់ដោយប្រការណាមួយ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើទោះបីលោកអ្នកជួញទីជិតឆ្ងាយមិនថា ផ្លូវគោក ផ្លូវទឹកក្តី តែងហុចភោគផលគ្រាន់ជាទីកក់ក្តៅតែយ៉ាងណាមិនគប្បីយកខ្លួនបៀតល្បែងស៊ីសងឡើយព្រោះនាំកើតឧបទ្រពចង្រៃការលក់ដូរមិនជឿនលឿនទៅមុខ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមិនមានការរីកលូតលាស់ទៅមុខទេគឺមានការថយក្រោយច្រើនជាង៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីល្អមធ្យម។

-ការរស់នៅ៖ នាពេលនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ហេតុនេះទោះធ្វើអ្វីតែងជឿនលឿនទៅមុខ និងមានភាពសុខដុមគួរសម។

-កិច្ចការងារ៖ការប្រកបការងារអាចមានរឿងក្តៅចិត្ត និង បញ្ហាខ្លះគេខុសសោះតែអ្នកដទៃមើលមិនឃើញ ហើយឱ្យអ្នកជាអ្នកទទួលទៅវិញ។

-ការធ្វើជំនួញ៖ថ្ងៃនេះវិញចំណែកអ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិច តែយ៉ាងណាការជួញទីជិតឆ្ងាយការរកផលកម្រៃឃើញថាមិនមានអ្វីលេចធ្លោទេ គឺដូចសព្វមួយដង។

បញ្ហាស្នេហា៖ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការរកាំចិត្ត ព្រោះតែម្នាក់ៗមានចិត្តខ្លាំងតែរៀងៗខ្លួន៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ក្នុងថ្ងៃនេះបើលោកអ្នកសម្រេចចិត្តរឿងសំខាន់អ្វីមួយគឺតែងឆ្លើយតបជាលទ្ធផលនាគ្រាក្រោយវិញគ្រាន់ជាទីពេញចិត្ត។

-កិច្ចការងារ៖ការប្រកបការងារដោយសារដួងរាសីឡើងខ្ពស់ ដូចនេះទោះធ្វើអ្វីក៏តែងផ្តល់ផលល្អជាងអាក្រក់ជានិច្ច។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញឆ្ងាយជិតមានភាពកាក់កបគួរសមតែយ៉ាងណាត្រូវប្រយ័ត្នពាក្យសម្តីបន្តិច មិនដូច្នេះជោគលាភទាំងនេះនឹងត្រូវរលាយដូចអំបិលត្រូវទឹក។

បញ្ហាស្នេហា៖រីឯបញ្ហាគូស្នេហ៍ប្រុសស្រីមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អប្រពៃ៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅថ្ងៃនេះចូរប្រយ័ត្នការកើតជម្លោះវិវាទដោយប្រការណាមួយឡើង។ក្រៅពីនេះការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្ថិភាពទេ គប្បីបន្ថែមការប្រុងប្រយ័ត្ន។

-កិច្ចការងារ៖ការប្រកបការងារក៏ដូច្នេះដែរត្រូវចេះរវៀសរវៃប្រឹងប្រែងទើបក្តីប្រាថ្នាអ្វីមួយអាចឈោងចាប់បានទៅរួច។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញមានភាពរលូនល្អទៅមុខ និង ការរកប្រាក់កម្រៃទៀតសោតក៏ហូរចូលខ្លះៗគ្រាន់កក់ក្តៅ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីជួបរឿងការយល់ខុស និង ភាពប្រចែប្រចណ្ឌចូលលុកលុយមិនស្ទើរដែរទេ៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកនៅតែល្អប្រសើរដដែលទេ ម្ល៉ោះហើយបើមានការសម្រេចចិត្តត្រូវគឺផលល្អៗតែងឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្ត។

-កិច្ចការងារ៖ទាំងស្រ្តីបុរសផ្តល់ផលល្អសម្រាប់លោកអ្នករួសរាន់បំពេញកិច្ចការងារអ្វីមួយ ពីព្រោះថាផលល្អតែងហុចឱ្យជាងអាក្រក់ជានិច្ច។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅចិត្ត។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីបើពុំទាន់មានគូគាប់ជាឱកាសល្អក្នុងការស្វែងរកហើយ ព្រោះអាចជួបគូព្រេងពិតដូចគាប់បំណង តែយ៉ាងណាស្រ្តីចូរប្រយ័ត្នប្រុសព្រានបន្តិច ព្រោះលោកអ្នកក៏តែងងាយជួបណាស់ផង៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ការរស់នៅបើទោះបីធ្វើអ្វីក៏ដោយលោកអ្នកតោងតែមានការប្រយ័ត្នប្រយែងបន្តិចទើបមិនមានបញ្ហាអាក្រក់ណាមួយឈានចូលកើត។

-កិច្ចការងារ៖នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកធ្លាក់ស្រុតចុះ ម្ល៉ោះហើយមិនផ្តល់ផលល្អសម្រាប់ការងារសំខាន់ ឬកិច្ចការធំដុំឡើយ ពីព្រោះថាងាយជះផលអាក្រក់នាពេលក្រោយវិញណាស់។

-ការធ្វើជំនួញ៖ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ លោកអ្នក ត្រូវចេះចាយវាយប្រាក់កាសក្បិតក្បៀតខ្លះកុំខ្ជះខ្ជាយដៃធំព្រោះបើមានប្រាក់ទុកក្នុងបង្វេចក្រែងអាចជួយដោះទាល់នូវរាល់គ្រាលំបាកនាថ្ងៃខាងមុខ។

បញ្ហាស្នេហា៖ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីចូរប្រយ័ត្នកើតជម្លោះវិវាទព្រោះតែការប្រកែប្រកាន់ច្រើន៕

ឆ្នាំច

នៅថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ស្រ្តីបុរសនាពេលនេះកុំគប្បីឈ្លក់វង្វេងនឹងល្បែងស៊ីសង ប្រយ័ត្នជាប់ផុងខ្លួនហើយក្រែងដកខ្លួនពុំរួច ហើយជីវិតធ្លាក់ភាពលំបាកទៅថ្ងៃក្រោយ។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្ថិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន។

-កិច្ចការងារ៖នៅថ្ងៃនេះការប្រកបការងារឃើញថាមិនសូវជឿនលឿនទៅមុខទេ ពិសេស ងាយកើតបញ្ហាប្រទាំងប្រទើសបង្កើតជាជម្លោះវិវាទជាមួយអ្នកដទៃទៀតផង។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយក្តីជួបផលលំបាកក្នុងការរកប្រាក់កម្រៃបន្តិច ហើយក្រៅពីនេះលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទជាមួយក្រុមមនុស្សក្បែរខ្លួនតែម្តង។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខយឺតណាស់ ហើយការមានទំនាស់ក៏ងាយកើតឡើងដែរ៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ នៅក្នុងថ្ងៃនេះការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នការជួយយកអាសាគេ ព្រោះច្រើនយកគុណប្តូរទោសមកវិញ។

-កិច្ចការងារ៖ការប្រកបកិច្ចការតូចធំទាំងស្រ្តីបុរសលោកអ្នកត្រូវចេះដាក់ចិត្តដាក់កាយតស៊ូហើយត្រូវធ្វើគធ្វើថ្លង់ខ្លះទើបឆ្លងគ្រាលំបាកចំពោះមុខបានយ៉ាងងាយស្រួលទៅរួច។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញពុំសូវកាក់កបទេ គឺលាភហេងច្រើនបោលហួសឬហោះរំលងជានិច្ច។

បញ្ហាស្នេហា៖បញ្ហាសម្ព័ន្ធគូស្នេហ៍កំលោះក្រមុំបើលោកអ្នកចង់រៀបអាពាហ៍ពិពាហ៍ ឬផ្សំផ្គុំគ្រួសារជួបរឿងរកាំចិត្តបន្តិច តែយ៉ាងណាក៏ដំណើរការទៅមុខល្អ៕