ហោរាសាស្ត្រ

 

ឆ្នាំជូត

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ការរស់នៅមានភាពសុខដុម និង ក្រុមមនុស្សជួយជ្រោមជ្រែងក្នុងរឿងអ្វីមួយផង។

-កិច្ចការងារ៖ថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អ ឬ បានទទួលអ្វីមួយគួរជាទីពេញចិត្ត។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ចេញធ្វើជំនួញទីជិតឆ្ងាយតែងផ្តល់ផលកម្រៃហូរចូលតក់ៗគ្រាន់បំពេញបំពង់និងចិញ្ចឹមគ្រួសារ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីបើពុំទាន់មានគូគាប់ជាឱកាសល្អក្នុងការស្វែងរក ឬមានការចូលដល់ចាស់ទុំផងដែរ៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ក្នុងថ្ងៃនេះបើជាបុរសដំណើរចាកចេញក្រៅផ្ទះលោកអ្នកពុំគប្បីសេពគប់ល្បែងស្រីស្រាឡើយ ពីព្រោះងាយជួបរឿងរ៉ាវអាក្រក់ជាងសព្វមួយដង។

-កិច្ចការងារ៖ការប្រកបការងារជួបបញ្ហាមួយចំនួនយាយីតែបើលោកអ្នកចេះដោះស្រាយនោះបញ្ហាអាក្រក់សោះនឹងប្រែជាល្អរកស្មានមិនដល់ទៀតផង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនគប្បីមានចិត្តឆាប់ប្រកែប្រកាន់ ឬចិត្តច្រណែនឈ្នានីសលោភលន់ច្រើន ប្រយ័ត្នឥតការអ្វីសោះយករឿងក្តៅក្រហាយដាក់ខ្លួន។

បញ្ហាស្នេហា៖បញ្ហាគគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីជួបរឿងចង់ចាញ់ឈ្នះគ្នាច្រើន​​ ហេតុនេះចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយកើតឡើងនាំបាត់បង់សុភមង្គល ហើយកើតតែរឿងមួម៉ៅក្តៅក្រហាយចូលជំនួសវិញ៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ។

-ការរស់នៅ៖ដំណើរជីវិតនៅក្នុងថ្ងៃនេះ ជួបនូវបញ្ហាលំបាកផ្លូវចិត្ត និងជួបប្រទះនូវរឿងរ៉ាវស្មុគស្មាញច្រើននាំឱ្យមិនសូវសុខស្រួលខ្លួនប៉ុន្មានទេ ។

-កិច្ចការងារ៖លោកអ្នកឱ្យប្រយ័ត្នកើតជម្លោះវិវាទដោយសារសម្តីប៉ប៉ាច់ប៉ប៉ោចឥតបានការ។ក្រៅពីនេះត្រូវចងចាំថារាល់ការប្រកបការងារ បើលោកអ្នកធ្វើដោយចិត្តត្រជាក់នោះតែងទទួលជោគជ័យត្រឡប់មកវិញជានិច្ច។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សឆបោកយកទ្រព្យសម្បត្តិ និងប្រើល្បិចបោកប្រាស់ដោយប្រការណាមួយ។

បញ្ហាស្នេហា៖ រីឯសេចក្តីស្នេហាប្រុសស្រីមានដំណើរថយក្រោយឥតមានការរីកលូតលាស់ទៅមុខនោះឡើយ៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ការរស់នៅលោកអ្នកតោងតែចេះប្រយ័ត្នប្រយែងរឿងខ្លះពីព្រោះថាពេលខ្លះមើលទៅជារឿងរ៉ាវតូចតាចសោះតែវាអាចត្រឡប់រីកជាធំនាគ្រាខាងមុខដោយមិនអាចទប់ទល់ឈ្នះ។

-កិច្ចការងារ៖ចំពោះការប្រកបការងារវិញតែងទទួលការរាំងស្ទះ និងបញ្ហាច្រើន។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរពុំផ្តល់ផលល្អក្នុងការបណ្តាក់ទុនធំប៉ុន្មានឡើយ គួរមានការគិតឱ្យបានគ្រប់ជ្រុងជ្រោយមុនធ្វើអ្វីមួយ ព្រោះបើបោះទុនទៅហើយមិនងាយដកដើមមកវិញឡើយ ហើយស្រួលមិនស្រួលកប់ដើមសូន្យឈឹងតែម្តង។

បញ្ហាស្នេហា៖គូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានការប្រឆាំងគ្នាច្រើនព្រោះតែភាពប្រចែប្រចណ្ឌកំពុងដឹកមុខ៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយធ្វើឱ្យលោកអ្នកមានការចម្រើនលូតលាស់ច្រើនរឿង ។

-កិច្ចការងារ៖ទាំងស្រ្តីបុរសលោកអ្នកអាចសម្រុកការងារពេញទីបានហើយ ពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបរឿងប្រទាំងប្រទើសច្រើនបន្តិច តែយ៉ាងណាប្រាក់ចំណូលគ្រាន់នៅមួយទប់ទល់។

​ –បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមដូចទឹកឃ្មុំ៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកធ្វើអ្វីមួយសំខាន់ៗក្នុងនេះដូចជា ការសម្រេចចិត្ត ឬការចុះប្រកបកិច្ចការអ្វីមួយជាដើម។

-កិច្ចការងារ៖ចំពោះកិច្ចការងារតូចធំតែងផ្តល់ផលល្អសម្រាប់លោកអ្នកជានិច្ច និងបើចង់ផ្តើមការងារអ្វីក៏ជាពេលវេលាល្អផងដែរ។

-ការធ្វើជំនួញ៖ការប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខ និងអាចកើបផលកម្រៃត្រឡប់មកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់ទំនាក់ទំនងស្នេហាថ្មីថ្មោងតែងសម្រេចជោគជ័យដូចគាប់បំណង៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ដំណើរជីវិតរបស់លោកអ្នកជួបលើកំណាត់ផ្លូវលំបាកបន្តិច ហើយបើមានធ្វើអ្វីមួយផងតែងមានក្រុមមនុស្សតាមចាក់ឆ្កឹះឆ្កៀលនាំឱ្យជួបតែរឿងសៅហ្មង។

-កិច្ចការងារ៖ចំពោះអ្នកប្រកបការងាររាជការ ឬក្រុមហ៊ុនឯកជនវិញមានភាពផុយស្រួយប្រទាំងប្រទើសជាមួយមិត្តភក្តិណាស់ចូរប្រយ័ត្នកើតជម្លោះវិវាទ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខយ៉ាងឆាប់រហ័ស ហើយរឿងរ៉ាវអាក្រក់ទាំងឡាយដែលធ្លាប់មានកាលពីមុនមកក៏ត្រូវបានរលត់រលាយទៅឆ្ងាយតាមកាលវេលាដែរ។

បញ្ហាស្នេហា៖បញ្ហាសេចក្តីស្នេហាកំលោះក្រមុំកំពុងមានការខ្វាយខ្វល់ ព្រោះតែម្នាក់ៗមានការគិតហួសព្រំដែនច្រើន៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ដំណើរជីវិតរបស់មនុស្សយើងនោះតែងមានការផ្លាស់ប្តូរច្រើន ដូចជាថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយមិនអាចប្រមាថបានទេបើពុំនោះ ពេលខ្លះ ផលល្អសោះអាចប្រែមកអាក្រក់វិញផង។

-កិច្ចការងារ៖នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរការទាំងកិច្ចការងារ និងដំណើរការទាក់ទងនឹងបញ្ហាប្រាក់កាស។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បើកហាងថ្មី ឬប្តូរមុខរបរថ្មីជាឱកាសប្រពៃមួយដែរ ព្រោះអាចមានការជឿនលឿនគ្រាន់គាប់ប្រសើរ។

បញ្ហាស្នេហា៖ សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកមិនទាន់មានគូគាប់អាចមានក្រុមមនុស្សភេទផ្ទុយគ្នាចាប់អារម្មណ៍ពិសេសអាចក្លាយជាគូគាប់ទៀតផង៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ការរស់នៅថ្ងៃនេះមានភាពសុខដុមគួរសម ហើយបើចង់ពឹងពាក់អ្នកដទៃឃើញថាក៏តែងសម្រេចជោគជ័យភាគច្រើនត្រឡប់មកវិញ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។

-កិច្ចការងារ៖ក្នុងថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយមានជោគមានជ័យ ហើយតែងហុចផ្លែផ្កាមកវិញដូចជាទីពេញចិត្ត។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយឃើញថាការរកផលកម្រៃមានហូរចូលខ្លះៗផង ហើយបើលោកអ្នកចង់បើកធ្វើជំនួញតូចធំតែងមានការចម្រើនលូតលាស់ទៅមុខជានិច្ច។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកំពុងមានភាពស្រស់ស្រាយ និងផ្អែមល្ហែមចំពោះគ្នាយ៉ាងប្រពៃ៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ថ្ងៃនេះការធ្វើដំណើរចេញក្រៅផ្ទះលោកអ្នកមានក្រុមមនុស្សបៀតបៀនយាយីច្រើន ដូច្នេះគួរប្រយ័ត្នប្រយែង។

-កិច្ចការងារ៖ការប្រកបការងារឃើញថា ដំណើរជីវិតរបស់លោកអ្នកស្ថិតលើកំណាត់ផ្លូវរដិបរដុបនិងប្រទាំងប្រទើសច្រើន ហើយទាល់តែចេះប្រយ័ត្នប្រយែងក្រុមមនុស្សបន្តិចទើបគ្មានបញ្ហាអាក្រក់អ្វីយាយីកើត។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុន ដោយលោកអ្នកអាចរកប្រាក់ចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយអ៊ីចឹងដែរ។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហា ប្រុសស្រីមានភាពស្រស់ស្រាយព្រោះតែម្នាក់ៗ មានការយកចិត្តទុកដាក់ចំពោះគ្នាគ្រាន់បើជាងមុន៕

ឆ្នាំច

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ថ្ងៃនេះក្រុមមនុស្សអាចកើតការថ្នាំងថ្នាក់ និងបង្កបញ្ហាដោយប្រការណាមួយ ម្ល៉ោះហើយគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។

-កិច្ចការងារ៖ការប្រកបការងារ ទោះធ្វើអ្វីមួយក៏ដោយលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងបន្តិច ហើយត្រូវចងចាំថាទោះលោកអ្នកប្រកបកិច្ចការអ្វីផ្លែផ្កាឆ្លើយតបមកវិញមិនដូចជាទីគាប់ចិត្តនោះឡើយ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរពេលព្រឹកមានភាពរកាំរកូសច្រើន ប៉ុន្តែថ្ងៃបន្តិចពេលព្រះអាទិត្យរះពេញអាកាសវេហាឧបទ្រពចង្រៃទាំងពួងនឹងវិនាសជាអហោសិកម្មអស់។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកស៊ីញេ ឬចរចារឿងសំខាន់អ្វីមួយឡើយពីព្រោះថាផលតែងកើតឡើងតាមក្រោយជានិច្ច។

-កិច្ចការងារ៖នាថ្ងៃនេះដោយសារដំណើរជីវិតជួបភាពរដិបរដុប ដូចនេះចូរប្រយ័ត្នការត្រូវរិះគន់ ឬត្រូវគេថាស្តីបន្ទោសដោយប្រការណាមួយ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរ ក្នុងថ្ងៃនេះដែរទោះធ្វើអ្វីលោកអ្នកគួរធ្វើសន្សឹមៗ កុំបំបោលប្រយ័ត្នដូចពាក្យចាស់ថា ” កាន់តែលឿនកាន់តែខុស ហើយក្រែងមិនបានដូចសេចក្តីប្រាថ្នា”។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីឲ្យប្រយ័ត្នភាពផ្អែមល្ហែមប្រែជាជូរចត់វិញ ព្រោះតែការប្រចែប្រចណ្ឌច្រើន៕