ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះដោយសារដួងរាសីធ្លាក់ស្រុតចុះ ម្ល៉ោះហើយមិនផ្តល់ផលល្អក្នុងការធ្វើអ្វីមួយសំខាន់ឡើយ ពីព្រោះថាផលអាក្រក់នោះងាយកើតឡើងជាងសព្វមួយដង។

-កិច្ចការងារ៖ការប្រកបការងារត្រូវធ្វើរបស់តូចតាច ឬកិច្ចការងារមិនធំដុំទើបប្រសើរ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងរយៈពេលនេះមុននឹងចង់ចុះទនអ្វីមួយត្រូវចេះគិតគូរឱ្យបានច្បាស់លាស់សិនមុនអនុវត្តជាក្រោយទើបអាចទទួលផលសម្រេចល្អ។

​  –បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីងាយមានជម្លោះវិវាទ និងពាក់មុខយក្សដាក់គ្នាណាស់៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នាពេលនេះសម្រាប់បុរសកើតឆ្នាំគោជួបនូវបញ្ហាលំបាកខាងសុខភាព ហើយពិសេសការធ្វើអ្វីមួយតែងមិនសម្រេចដូចបំណងនោះដែរ។

-កិច្ចការងារ៖ក្រៅពីនេះបើលោកអ្នកចង់សម្រេចចិត្តធ្វើអ្វីមួយគប្បីចេះត្រិះរិះឱ្យបានគ្រប់ជ្រុងជ្រោយ បើពុំនោះទេអាចជះឥទ្ធិពលអាក្រក់ណាមួយជាក់ជាពុំខាន។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីជិតឆ្ងាយជួបការលំបាកក្នុងការរកផលចំណូល ហើយមានការរំលោភបំពានពីអ្នកមានមុខរបរដូចគ្នាទៀតផង។

បញ្ហាស្នេហា៖ បញ្ហាសេចក្តីស្នេហាប្រុសស្រីងាយទាំងឆាប់ប្រកែប្រកាន់ និងតានតឹងសម្តីដាក់គ្នា៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះមានការជឿនលឿនក្នុងដំណើរជីវិតគួរសម ហើយភាពសុខដុមក៏មានច្រើនជាងមុនបន្តិចដែរ។

-កិច្ចការងារ៖ថ្ងៃនេះដែរផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារសំខាន់ៗ ឬទំនាក់ទំនងកិច្ចការងារអ្វីមួយ ពីព្រោះថាផលល្អៗតែងហុចមកវិញ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។

បញ្ហាស្នេហា៖រីឯសេចក្តីស្នេហាប្រុសស្រី បើចង់ធ្វើការជ្រើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីបា្រថ្នា៕

ឆ្នាំថោះ

នៅថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះបញ្ហាជាច្រើនអាចចូលមកចោមរោម ហើយក្រុមមនុស្សក៏តែងចូលចិត្តទម្លាក់កំហុសមកទុកឱ្យផងដែរ។ទោះបីយ៉ាងណាសម្រាប់ពេលវេលាល្អក្នុងការលោកអ្នកសម្រេចចិត្តអ្វីមួយអាចជ្រើសរើសពេលវេលាម៉ោង ១,០០-២,៥៩ វិនាទីរសៀល។

-កិច្ចការងារ៖ចំពោះការប្រកបការងារឯកជន ឬរាជការក្តី បើមានឯកសារអ្វីគប្បីត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយទើបគ្មានបញ្ហាមិនល្អចោទឡើង។ទាំងស្រ្តីបុរសបើមានណាត់ជួបនរណាម្នាក់គប្បីទៅមុនពេលវេលាទើបប្រសើរ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃទោះមានភាពជឿនលឿនទៅមុខក្តី តែក៏មានភាពប្រទាំងប្រទើសមិនស្ទើរដែរទេ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំភាគីម្ខាងទៀតអាចកើតមានចិត្តរេនិងមានការប្រែក្រឡាស់ច្រើនគប្បីមានការប្រយ័ត្នប្រយែង៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ថ្ងៃនេះបើទោះធ្វើអ្វីក៏តែងជួបបញ្ហាសៅហ្មង និងកើតការរកាំចិត្តច្រើនផង។ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នបញ្ហាយាយីបន្តិច ពីព្រោះក្រុមមនុស្សងាយបង្កបញ្ហាដាក់ណាស់។

-កិច្ចការងារ៖អ្នកប្រកបកាងារតូចធំជួបភាពសុខដុមនិងកិច្ចការងាររីកលូតលាស់សន្សឹមៗទៅមុខជានិច្ច។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខគ្រាន់បើ ហើយបើចង់ទិញកន្លែងលក់ដូរ ឬចង់រើទីកន្លែងលក់ដូរក៏តែងសមដូចប្រកបជានិច្ច។

បញ្ហាស្នេហា៖រី​ឯបញ្ហាស្នេហាប្រុសស្រីបើចង់ចូលស្តីដណ្តឹង ឬជួបចាស់ទុំក៏ជាឱកាសល្អប្រពៃផងដែរ៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ថ្ងៃនេះបើលោកអ្នកសម្រេចចិត្តអ្វីមួយហើយ នាំឱ្យអូសបន្លាយពេលយូរ ឬជួបបញ្ហាលំបាកនាពេលក្រោយថែមទៀត។

 -កិច្ចការងារ៖នៅថ្ងៃនេះវិញការប្រកបការងារបើចង់ធ្វើអ្វីក៏តែងជួបផលលំបាកច្រើន ម្ល៉ោះហើយគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាមិនល្អណាមួយឈានចូលរួច។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកជួញទីជិតឆ្ងាយមិនថា ផ្លូវគោក ផ្លូវទឹក ក្តី ចំណូលមិនច្រើនតែក៏មានភាពសុខដុមល្អ។

បញ្ហាស្នេហា៖ សេចក្តីស្នេហាកំលោះក្រមុំជួនត្រូវរ៉ូវ ជួនរកាំចិត្ត មិនសូវទៀងទាត់សោះឡើយ៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ការរស់នៅលោកអ្នកអាចទទួលដំណឹងល្អអ្វីមួយគួរឱ្យសប្បាយចិត្តនិងមានការជួបជុំសប្បាយផង។

-កិច្ចការងារ៖នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ដូចនេះផ្តល់ផលល្អក្នុងការធ្វើកិច្ចការងារអ្វីដែលសំខាន់ ឬចុះបំពេញកិច្ចការងារអ្វីមួយដែលថ្មីផងដែរ។

-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់ទៅមុខគួរសម ម្ល៉ោះហើយជាឱកាសការបណ្តាក់ទុន ឬធ្វើអ្វីមួយព្រោះតែងហុចផ្លែផ្កាគួរជាទីពេញចិត្តដែរ។

បញ្ហាស្នេហា៖រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារជាពេលវេលាល្អប្រពៃ៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ការរស់នៅលោកអ្នកបើជួបបញ្ហាលំបាកនឹងបានធូរស្រាល ហើយរឿងរ៉ាវខ្លះដែលអាក្រក់អាចប្រែមកល្អវិញផង។

-កិច្ចការងារ៖ថ្ងៃនេះបើលោកអ្នកសម្លឹងលើកិច្ចការងារ ឬចុះធ្វើអ្វីមួយនោះនឹងឆ្លើយតបជាផ្លែផ្កាគ្រាន់កក់ក្តៅពុំខាន។

-ការធ្វើជំនួញ៖បើជាអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរ មិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយ ប្រយ័ត្នឥតការអ្វីសោះនាំរឿងរ៉ាវដាក់ខ្លួន ហើយនាំឱ្យជះឥទ្ធិពលអាក្រក់នៅពេលក្រោយ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយនិងផ្អែមល្ហែមចំពោះគ្នាប្រពៃ៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ការរស់នៅលោកអ្នកគប្បីរក្សាភាពស្ងប់ស្ងាត់ ហើយយកល្អមិនត្រូវតបតជាមួយក្រុមមនុស្សដែលថាស្តីបន្ទោសយើងអាក្រក់ឡើយ បើពុំនោះទេនឹងអាចកើតរឿងរ៉ាវមិនល្អណាមួយឡើងជាក់ជាពុំខាន។

-កិច្ចការងារ៖នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ពិសេសមិនត្រូវប្រកបកិច្ចការងារណាដែលសំខាន់ពេកឡើយ ពីព្រោះថាផលជាផ្លែផ្កានោះពុំសូវឆ្លើយតបប៉ុន្មានឡើយ។

ការធ្វើជំនួញ៖ការប្រកបជំនួញពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។

បញ្ហាស្នេហា៖-រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមិនមានការជឿនលឿនទៅមុខទេ ពិសេសងាយមានជម្លោះវិវាទជាមួយគ្នាទៀតផង៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ការរស់នៅក្នុងផ្ទះសំបែងស្រ្តីមេផ្ទះមិនត្រូវមាត់រអ៊ូរទាំច្រើនឡើយ ព្រោះងាយកើតបញ្ហាចម្រូងចម្រាសជាមួយស្វាមីនាំមានរឿងរ៉ាវមិនចេះចប់ មិនចេះហើយ ។

-កិច្ចការងារ៖នៅថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារណាដែលសំខាន់ ឬបើប្រកបការងារខាងក្រៅ ព្រោះតែងតែងរាំងស្ទះ និងពិសេសងាយបាត់បង់ប្រាក់កាសថែមទៀត។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញរស់រវើកគ្រាន់ប្រសើរជាងមុន ហើយផលកម្រៃមានចូលគ្រាន់កក់ក្តៅផ្លូវចិត្ត។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយ ហើយប្រឆាំងគ្នាច្រើន ចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយនាំត្រូវឈឺផ្សាផ្លូវចិត្ត៕

ឆ្នាំច

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖នៅថ្ងៃនេះបើលោកអ្នកចង់ពឹងពាក់ ឬខ្ចីរបស់អ្វីមួយពីអ្នកដទៃឃើញថាតែងសម្រេចជោគជ័យ ឬមនុសុ្សភាគច្រើនអាណិតអាសូរជានិច្ច។

-កិច្ចការងារ៖ការប្រកបការងារមានភាពសុខដុម និងក្រុមមនុស្សក៏ជួយជ្រោមជ្រែងច្រើនផង។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេ តែយ៉ាងណាត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ ទើបមិនត្រូវអសារបង់ប្រាក់កាសដោយប្រការណាមួយ។

បញ្ហាស្នេហា៖  រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការស្រុះស្រួលនិងផ្អែមល្ហែមប្រពៃ៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ គឺទទួលរងការប៉ះទង្គិចពាក្យសម្តីជាមួយក្រុមមនុស្សទាំងនៅក្បែរខ្លួន ឬសូម្បីតែពីចម្ងាយក្តី។

-កិច្ចការងារ៖សម្រាប់ការប្រកបការងារវិញមានការរកាំចិត្តច្រើន ម្ល៉ោះហើយទាល់តែចេះអត់ធ្មត់ក្នុងកិច្ចការងារបន្តិចទើបឆ្លងផុតផលលំបាកទាំងពួងទៅរួច។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនគប្បីមានចិត្តឆាប់ប្រកែប្រកាន់ ឬចិត្តច្រណែនឈ្នានីសលោភលន់ច្រើន ប្រយ័ត្នឥតការអ្វីសោះយករឿងរ៉ាវក្តៅក្រហាយដាក់ខ្លួន។

បញ្ហាស្នេហា៖រីឯសេចក្តីស្នេហាប្រុសស្រីកុំមានចិត្តចង់ងាករេ ប្រយ័ត្នកើតជាជម្លោះវិវាទហើយនាំសោកស្តាយនៅពេលក្រោយ៕