ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖នៅខែតុលានេះដួងរាសីរបស់លោកអ្នកបានឆ្លងផុតដួងរាសីស្រុតចុះ ហើយឈានដល់ខែថ្មីនេះដែរ ដំណើរជីវិតបានល្អប្រសើរឡើងវិញ ម្ល៉ោះហើយធ្វើអ្វីៗក៏ជឿនលឿនទៅមុខគ្រាន់ជាទីគាប់បំណង។

-កិច្ចការងារ៖សម្រាប់ថ្ងៃនេះវិញការប្រកបការងារមានភាពរលូនល្អ និងផលសម្រេចឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្តៅផ្លូវចិត្ត។

 -ការធ្វើជំនួញ៖អាជីវករទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តី មានភាពផ្អែមល្ហែម និងស្រស់ស្រាយចំពោះគ្នាប្រពៃណាស់៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ចាប់តាំងតែពីដើមខែកញ្ញាមកដល់ចុងខែនេះ ដំណើរជីវិតរបស់លោកអ្នករលូនល្អ និងមានការជឿនលឿនទៅមុខច្រើនរឿង មិនថាជាការរកស៊ីជួញដូរ ប្រាក់កាស និងរឿងផ្ទាល់ខ្លួនជាដើម។

-កិច្ចការងារ៖ថ្ងៃនេះវិញដំណើរជីវិតរបស់មនុស្សយើងនោះបើធ្វើអ្វីក៏ដោយតែងឆ្លងកាត់ផលលំបាកមុនទើបផលល្អៗនឹងហុចមកវិញនៅពេលក្រោយ។ដូចជានៅពេលនេះលោកអ្នកជួបបញ្ហាខ្លះៗយាយីដំណើរជីវិតបន្តិចពិតមែន តែនៅពេលឆ្លងផុតបញ្ហានេះទៅផ្លែផ្កានឹងហុចមកវិញនៅពេលក្រោយជាក់ជាពុំខាន។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ ការរកផលកម្រៃមិនត្រូវលោភលន់ឡើយ បើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមានដំណើរថយក្រោយ និងងាយមានជម្លោះឈានដល់ការបាក់បែកណាស់ គួរប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ។

-ការរស់នៅ៖អំឡុងពេលនេះបើឃើញមានរឿងរ៉ាវឬបញ្ហាមិនល្អចូលមក លោកអ្នកមិនត្រូវយកខ្លួនបៀតឡើយ ពិសេសរឿងរ៉ាវអ្នកដទៃតែម្តង។

-កិច្ចការងារ៖ការប្រកបការងារមិនផ្តល់ផលល្អសម្រាប់លោកអ្នកសម្រចចិត្តធ្វើអ្វីដែលជារឿងសំខាន់ ឬមិនផ្តល់ផលល្អក្នុងការទំនាក់ទំនងកិច្ចការផ្នែកខាងក្រៅឡើយ ពីព្រោះថាងាយរាំងស្ទះ និងជួបបញ្ហាច្រើន។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញ ការចេញធ្វើជំនួញទោះទីជិតឆ្ងាយពុំសូវសុខស្រួលខ្លួនប៉ុន្មានទេ ព្រោះជារឿយៗតែងមានក្រុមមនុស្សអុកឡុកយាយីជានិច្ច។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការល្អក់កករ និងប្រឆាំងគ្នាធ្វើឱ្យកើតបញ្ហាមិនសូវចេះចប់ទេ៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ទាំងស្រ្តីបុរសទោះធ្វើអ្វីក៏ដោយមិនអាចយកកំហឹងទល់កំហល់បានទេ ហើយត្រូវចងចាំពាក្យចាស់ថា៖” ការសន្សំសេចក្តីសុខគឺជាទ្រព្យធន ”។

-កិច្ចការងារ៖នៅថ្ងៃនេះលោកអ្នកគប្បីធ្វើការងារសំខាន់ៗមុន ហើយធ្វើការងារចាស់ឱ្យបានរួចរាល់ ព្រោះថាអាចផ្តល់ផលល្អមកដល់លោកអ្នកយ៉ាងច្រើនមកវិញជាក់ជាពុំខាន។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបររបររកស៊ីជួញដូរការជួញទីជិតឆ្ងាយមានការថយចុះច្រើន ហើយបើមានបើករបរថ្មីផងតែងមិនសូវដូចបំណងប៉ុន្មានទេ។

បញ្ហាស្នេហា៖ សេចក្តីស្នេហាប្រុសស្រីមានការរីកលូតលាស់សន្សឹមៗ តែបើថយក្រោយវិញឆាប់រហ័សណាស់និងពិសេសងាយបាក់បែកទៀតផង៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ការរស់នៅថ្ងៃនេះមានភាពសុខដុមគួរសម ហើយបើចង់ពឹងពាក់អ្នកដទៃឃើញថាក៏តែងសម្រេចជោគជ័យភាគច្រើនត្រឡប់មកវិញ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។

-កិច្ចការងារ៖ក្នុងថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយមានជោគមានជ័យ ហើយតែងហុចផ្លែផ្កាមកវិញដូចជាទីពេញចិត្ត។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយឃើញថាការរកផលកម្រៃមានហូរចូលខ្លះៗផង ហើយបើលោកអ្នកចង់បើកធ្វើជំនួញតូចធំតែងមានការចម្រើនលូតលាស់ទៅមុខជានិច្ច។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកំពុងមានភាពស្រស់ស្រាយ និងផ្អែមល្ហែមចំពោះគ្នាយ៉ាងប្រពៃ៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកមានដំណើរជីវិតគ្រាន់គាប់ប្រសើរ ហើយទោះធ្វើអ្វីក៏តែងទទួលលទ្ធផលគ្រាន់ជាទីកក់ក្តៅមកវិញ។

-កិច្ចការងារ៖ចំពោះការបំពេញការងារទោះតិចច្រើនក៏តែងមានភាពរលូនល្អគួរជាទីពេញចិត្ត។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ឯផលកម្រៃទៀតសោតគ្រាន់ជាទីកក់ក្តៅ។

បញ្ហាស្នេហា៖រីឯគូគ្រងប្តីប្រពន្ធនិងគូស្នេហ៍ប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹក៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅថ្ងៃនេះមិនមានអ្វីប្រទាំងប្រទើសគួរកត់សម្គាល់ទេ ហើយបើមានការប្រយ័ត្នប្រយែងនោះដំណើរជីវិតមានភាពរលូនល្អដូចសព្វមួយដង។

-កិច្ចការងារ៖ការប្រកបការងារ របស់លោកអ្នកគាប់ប្រសើរគួរសម ហើយបើទោះបីធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់សន្សឹមៗទៅមុខជានិច្ច។

-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរ បើចង់សាកល្បងជួញឆ្ងាយក៏តែងផ្តល់ផលល្អៗមកវិញផងដែរ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខ និងមានភាពស្រស់ស្រាយប្រពៃ៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងខែកញ្ញានេះ ស្រ្តីទទួលរងការហត់នឿយ តែបុរសបែរជាមិនទទួលផលលំបាកនោះច្រើនឡើយ។សម្រាប់ឆ្លងចូលខែតុលានេះដួងរាសីខែធ្លាក់ស្រុតចុះ ធ្វើឱ្យដំណើរជីវិតជួបការរកាំរកូសយាយីច្រើនចំពោះមុខ។

-កិច្ចការងារ៖នៅថ្ងៃនេះអ្វីដែលមិនល្អនឹងប្រែប្រួលមកគាប់ប្រសើរវិញជាបណ្តើរៗ តែយ៉ាងណាបញ្ហាប្រាក់កាសលោកអ្នកតោងតែប្រយ័ត្នប្រយែងបន្តិច ពីព្រោះថាងាយទទួលរងខាតបង់ច្រើន។

-ការធ្វើជំនួញ៖ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក៏ដូច្នេះដែរការចង់បោះទុនទៅលើអ្វីមួយត្រូវមើលមុខមើលក្រោយ ព្រោះផ្លែផ្កាទទួលបានមកវិញមានភាពយ៉ាប់យ៉ឺនណាស់។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំពុំមានការចុះសម្រុងគ្នាប៉ុន្មានទេ ពិសេសងាយកើតទំនាស់សម្តីព្រោះតែការមិនយល់ចិត្តគ្នា៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នាពេលនេះលោកអ្នកបានសុខកាយបន្តិច ប៉ុន្តែផ្លូវចិត្តជួបការលំបាកច្រើន ហេតុនេះត្រូវអត់ធ្មត់ទើបជាការប្រសើរបំផុត ។ក្នុងរង្វង់គ្រួសារបើលោកអ្នកមានជម្លោះវិវាទជាឱកាសល្អក្នុងការផ្សះផ្សាហើយ។

-កិច្ចការងារ៖ការប្រកបការងារវិញទោះដួងរាសីថ្ងៃល្អប្រសើរក្តី ប៉ុន្តែលោកអ្នកមិនអាចធ្វើអ្វីដោយការមិនប្រយ័ត្នប្រយែងបាននោះឡើយ បើពុំនោះផលលំបាកងាយធ្លាក់មកឱ្យរែកពន់ណាស់។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះ ជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរ ឬបើកធ្វើជំនួញតូចធំបំផុត។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីមានការយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាគ្រាន់បើ៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅសប្តាហ៍នេះឆ្លងចូលខែតុលា ដួងរាសីរបស់លោកអ្នកដែលធ្លាប់តែឡើងខ្ពស់ បានត្រឡប់មកធ្លាក់ស្រុតចុះវិញ ធ្វើឱ្យដំណើរជីវិតជួបស្ថានភាពរកាំរកូសច្រើនយាយី។

-កិច្ចការងារ៖ការប្រកបការងារមានបញ្ហាប្រទាំងប្រទើស ចូរប្រយ័ត្នកើតបញ្ហាជម្លោះវិវាទណាមួយកើតឡើង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបង្កជម្លោះ ឬលោភលន់អ្វីឡើយ បើពុំនោះទេផលអាក្រក់ៗអាចនឹងកើតមានបានគ្រប់ពេលទាំងអស់។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខយឺត ហើយ ងាយថយក្រោយណាស់៕

ឆ្នាំច

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ថ្ងៃនេះការប្រកបការងារលោកអ្នកជួបភាពតានតឹងផ្លូវចិត្តច្រើន ធ្វើឱ្យមិនសូវសុខស្រួលខ្លួនប៉ុន្មានទេ។

-កិច្ចការងារ៖ការប្រកបការងារក៏ដូច្នេះដែរ លោកអ្នកតោងតែប្រយ័ត្នប្រយែង ហើយឱ្យគិតដល់ផលប៉ះពាល់ដល់ខែក្រោយបន្តទៀត។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំតែងហុចផ្លែផ្កាមកវិញគ្រាន់គាប់ប្រសើរគួរសម ហើយក៏មានការរីកលូតលាស់ទៅមុខឥតមានព្រួយបារម្ភនោះដែរ។

បញ្ហាស្នេហា៖ បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំ កំពុងមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖លោកអ្នកកើតឆ្នាំជ្រូកនៅថ្ងៃនេះដួងរាសីស្រុតចុះ ហេតុនេះឱ្យប្រយ័តុ្នពេលវេលាម៉ោង ៩,០០-១០,៥៩ វិនាទីព្រឹក។ការធ្វើដំណើរទីជិតឆ្ងាយពុំសូវមានសុវត្ថិភាពឡើយ ចូរប្រយ័ត្នឧប្បតិ្តហេតុយាយី។

-កិច្ចការងារ៖ចំពោះការប្រកបការងារច្រើនតែពុំសូវមានការចុះសម្រុងជាមួយអ្នកដទៃឡើយ ហើយពិសេសឱ្យប្រយ័ត្នគេទម្លាក់កំហុសឱ្យថែមទៀត។

-ការធ្វើជំនួញ៖សម្រាប់ថ្ងៃនេះដែរ ដោយសារដួងរាសីដាំក្បាលចុះ ដូចនេះការប្រកបរបររកស៊ីជួញដូរមានការថយចុះច្រើនបន្តិច ហើយបើមានបើករបរថ្មីផងតែងមិនសូវសមដូចបំណងប៉ុន្មានទេ។

បញ្ហាស្នេហា៖រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕