ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ការរស់នៅទាំងស្រ្តីបុរសលោកអ្នកងាយកើតនូវបញ្ហាផ្លាស់ប្តូរខាងអារម្មណ៍ និងបើលោកអ្នកធ្វើអ្វីក៏ងាយរាំងស្ទះច្រើន។

-កិច្ចការងារ៖ការប្រកបការងារឱ្យប្រយ័ត្នប្រយែងរឿងប្រាក់កាស និងបញ្ហាចាញ់ប្រៀបគេដោយប្រការណាមួយ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញ និង ហូរចូលមិនទៀងទាត់ ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនអ្វីមួយដោយមិនបានមើលមុខក្រោយឡើយ ប្រយ័ត្នត្រូវខាតបង់អស់ទ្រព្យអស់ពីខ្លួន។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមិនត្រូវយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើនឡើយ នាំកើតតែបញ្ហាល្អក់កករដាក់គ្នាប៉ុណ្ណោះ៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ទាំងស្រ្តីបុរសផ្តល់ផលល្អក្នុងការចរចា ឬទំនាក់ទំនងអ្វីមួយ ពីព្រោះថាតែងទទួលជោគ័យត្រឡប់មកវិញ ។

-កិច្ចការងារ៖ថ្ងៃនេះបើលោកអ្នកសម្លឹងលើកិច្ចការងារ ឬចុះធ្វើអ្វីមួយនោះនឹងឆ្លើយតបជាផ្លែផ្កាគ្រាន់កក់ក្តៅ។

-ការធ្វើជំនួញ៖បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយ ប្រយ័ត្នឥតការអ្វីសោះនាំរឿងដាក់ខ្លួន ហើយនាំឱ្យជះឥទ្ធិពលអាក្រក់នៅពេលក្រោយ។

បញ្ហាស្នេហា៖ ស្វាមីភរិយាមានការយល់ចិត្ត និងភាពសុខដុមរម្យនា៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ស្រ្តីបុរសឱ្យប្រយ័ត្នអារម្មណ៍ និងបញ្ហាត្រចៀកស្រាល ឆាប់ជឿពាក្យញុះញង់ពាក្យសម្តីអ្នកដទៃបង្កើតជារឿងជម្លោះវិវាទ ដោយប្រការណាមួយ។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកគប្បីប្រយ័ត្នប្រយែងក្រុមមនុស្ស ពីព្រោះថាងាយបង្កបញ្ហាមកឱ្យណាស់។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ ត្រូវប្រុងប្រយ័ត្នក្រុមមនុស្សសម្តីផ្អែមល្ហែមបន្តិច ព្រោះងាយធ្លាក់ក្នុងកលឧបាយគេណាស់។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីពុំត្រូវផ្តោះផ្តងដោយសម្តីផ្លែផ្កាដាក់គ្នាឡើយ ប្រយ័ត្នកើតជម្លោះវិវាទឈានដល់ការបែកបាក់៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖លោកអ្នកគប្បីរក្សាភាពស្ងប់ស្ងាត់ ហើយយកល្អមិនត្រូវតបតជាមួយក្រុមមនុស្សដែលថាស្តីបន្ទោសយើងអាក្រក់ឡើយ បើពុំនោះទេនឹងអាចកើតរឿងរ៉ាវមិនល្អណាមួយចៀសមិនរួច។

-កិច្ចការងារ៖ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ពិសេសមិនត្រូវប្រកបកិច្ចការងារណាដែលសំខាន់ពេកឡើយ ពីព្រោះថាផលជាផ្លែផ្កានោះពុំសូវឆ្លើយតបច្រើនទេ។

ការធ្វើជំនួញ៖ការប្រកបជំនួញពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេ គឺដូចសព្វមួយដង។

បញ្ហាស្នេហា៖-រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមិនមានការជឿនលឿនទៅមុខទេ ពិសេសងាយមានជម្លោះវិវាទជាមួយគ្នាទៀតផង៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នប្រយែងបញ្ហាឧប្បត្តិហេតុ និងរោគជំងឺបៀតបៀនយាយីតែម្តង។

-កិច្ចការងារ៖ការប្រកបការងារ មានភាពរកាំចិត្ត និងពិសេសមនុស្សនៅជុំវិញខ្លួនតែងងាយឆាប់ប្រកាន់ ខឹង ឬមិនដូច្នេះតែងចាប់ថ្នាំងថ្នាក់ច្រើនជាងសព្វមួយដង។

-ការធ្វើជំនួញ៖ការប្រកបរបររកស៊ីជួញដូរ មុជមិនជ្រៅទៅមិនឆ្ងាយទេ ហើយពិសេសថ្ងៃនេះឱ្យប្រយ័ត្នជួបគ្រោះចាញ់បោកគេ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំ ហាក់មានដំណើរថយក្រោយ ហើយអាចមានក្រុមមនុស្សទី៣ចូលមកជ្រៀតជ្រែក៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ទាំងស្រ្តី បុរស ការរស់នៅទោះមានកិច្ចការច្រើនត្រូវបំពេញពិតមែនតែក៏មានភាពសុខដុមនិងក្រុមមនុស្សមានការអាណិតស្រឡាញ់ច្រើន ។

-កិច្ចការងារ៖នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ម្ល៉ោះហើយផ្តល់ផលល្អក្នុងការធ្វើកិច្ចការងារអ្វីដែលសំខាន់ ឬចុះបំពេញកិច្ចការងារអ្វីមួយដែលថ្មីផងដែរ។

-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់ទៅមុខគួរសម ម្ល៉ោះហើយជាឱកាសការបណ្តាក់ទុន ឬធ្វើអ្វីមួយ ព្រោះតែងហុចផ្លែផ្កាគួរជាទីពេញចិត្ត។

បញ្ហាស្នេហា៖គូស្នេហ៍កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តី បើលោកអ្នកចង់ផ្សំផ្គុំគ្រួសារជាពេលវេលាល្អប្រពៃ៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នាពេលនេះលោកអ្នកមានអារម្មណ៍ភ្លឺថ្លា ប្រាជ្ញាឈ្លាសវៃ ម្ល៉ោះហើយបើចង់ធ្វើអ្វីមួយតែងលូតលាស់បោះជំហ៊ានទៅមុខជានិច្ច។

-កិច្ចការងារ៖នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ហេតុនេះផ្តល់ផលល្អសម្រាប់លោកអ្នករៀបចំគម្រោងការងារថ្មីៗដើម្បីជោគជ័យដល់គ្រាខាងមុខ។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ ប្រាក់កាសដែលធ្លាប់តែបោលហួសឬហោះរំលងពេលនេះអាចឈោងចាប់បានខ្លះៗវិញហើយ។ ​

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែម និង ស្រស់ស្រាយប្រពៃ៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ថ្ងៃនេះបើធ្វើអ្វីមួយចូរប្រយ័ត្នធ្លាក់ចូលក្នុងឧបាយកលរបស់ក្រុមមនុស្សអមិត្ត ហើយដាច់ខាតមិនត្រូវខឹងច្រឡោតឡើយត្រូវដោះស្រាយតាមសន្តិវិធីទើបប្រសើរ។

-កិច្ចការងារ៖ការប្រកបការងារវិញឃើញថាមិនមានអ្វីប៉ះពាល់គួរជាទីកត់សម្គាល់ទេគឺមានការរីកលូតលាស់សន្សឹមៗដូចសព្វមួយដង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការរកប្រាក់កម្រៃបន្តិច ហើយបើមានការជួញឆ្ងាយទៀតសោតចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេ ។

បញ្ហាស្នេហា៖ ស្វាមីភរិយាមានការប្តូរផ្លាស់ពីព្រោះជួនផ្អែមល្ហែមជួនពាក់មុខយក្សដាក់គ្នា៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែង និងត្រូវមានចិត្តត្រជាក់ដោយមិនត្រូវយកកំហឹងទល់កំហល់ជាដាច់ខាត។

 -កិច្ចការងារ៖ការប្រកបការងារ បើទោះបីដួងរាសីស្រុតចុះ ប៉ុន្តែលោកអ្នកនៅតែអាចធ្វើអ្វីបានដែរគ្រាន់តែងាយទទួលរងប៉ះទង្គិច និងជួបបញ្ហាច្រើនប៉ុណ្ណោះ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើន ដូច្នេះគួរមានការប្រយ័ត្តប្រយែងឱ្យបានខ្លាំងក្លាពិសេសគ្រោះចាញ់បោកគេតែម្តង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំជួបភាពប្រទាំងប្រទើសនិងប្រឆាំងគ្នាច្រើនព្រោះម្នាក់ៗយកភាពមានះដាក់ខ្លួន៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នក បានផ្លាស់ប្តូរមកល្អប្រសើរ ម្ល៉ោះហើយធ្វើឱ្យការរស់នៅមានភាពសុខដុម និង មានតែក្រុមមនុស្សចាប់អារម្មណ៍ជួយជ្រោមជ្រែង។

-កិច្ចការងារ៖ការប្រកបការងារមានការប្រែប្រួលពីអាក្រក់មកល្អវិញដែរ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើមានញាតិមិត្តបបួលធ្វើអ្វីមួយឬត្រួសត្រាយឱ្យប្រកបរបររកស៊ីជួញដូរតែងហុចផ្លែផ្កាគួរជាទីពេញចិត្ត តែយ៉ាងណាក៏ត្រូវប្រុងប្រយ័ត្នព្រោះយីអ៊ុនរបស់អ្នកក៏ស្ថិតនៅក្នុងគ្រោះចាញ់បោកគេដែរ។

បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែម និងបើមានជម្លោះវិវាទជាពេលវេលាត្រូវដោះស្រាយជាមួយគ្នាឱ្យដាច់ស្រេចហើយ៕

ឆ្នាំច

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ នៅក្នុងផ្ទះសម្បែងតែងលេចកើតនូវរឿងរាវរកាំរកូសច្រើន ម្ល៉ោះហើយត្រូវមានការប្រយ័ត្នប្រយែងពាក្យសម្តីពីព្រោះថាងាយផ្ទុះជារឿងរាវណាស់។

-កិច្ចការងារ៖ដោយឡែកនៅថ្ងៃនេះការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញចូរប្រយ័ត្នគ្រោះចាញ់បោកគេនិងគ្រោះបាត់របស់របរ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីជួបរឿងការយល់ខុសនិងភាពប្រចែប្រច័ណ្ឌចូលលុកលុយ៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកធ្វើអ្វីងាយកើតការតប់ប្រម៉ល់ និងកើតរឿងរាវជាមួយអ្នកដទៃណាស់គប្បីប្រយ័ត្នប្រយែង ។

-កិច្ចការងារ៖ការប្រកបការងារពុំសូវជឿនលឿនទៅមុខទេ ហើយពិសេសងាយទទួលរងការស្តីបន្ទោសពីចៅហ្វាយនាយថែមទៀត ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញរស់រវើកគ្រាន់ប្រសើរជាងមុន ហើយផលកម្រៃមានចូលគ្រាន់កក់ក្តៅផ្លូវចិត្ត។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយ ហើយប្រឆាំងគ្នាច្រើនចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយនាំត្រូវឈឺផ្សាផ្លូវចិត្ត៕