ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងសប្តាហ៍នេះមានទាំងរឿងថ្មី និងរឿងចាស់នៅលាយឡំគ្នា ម្ល៉ោះហើយគប្បីមានការប្រយ័ត្នប្រយែងទើបគ្មានបញ្ហាមិនល្អណាមួយឈានចូលកើត។

-កិច្ចការងារ៖ក្នុងថ្ងៃនេះវិញការប្រកបការងារជាក្រុមហ៊ុនឯកជន ឬមន្រ្តីរាជការក្តីឃើញថាមានភាពរលូនល្អ ហើយបើចង់ផ្លាស់ប្តូរការងារក៏តែងទទួលជោគជ័យដែរ។

ការធ្វើជំនួញ៖អ្នកធ្វើជំនួញទីជិតឆ្ងាយបើចង់ទិញរបស់ទុកគ្រាន់លក់យកចំណេញទៅថ្ងៃក្រោយ ឬចង់ចរចាដោះដូរទិញអ្វីមួយតែងសមដូចប្រកបគួរសម។

បញ្ហាស្នេហា៖សេចក្តីសេ្នហាកំលោះក្រមុំមានភាពស្រស់ស្រាយ និងកំពុងមានភាពផ្អែមល្ហែមគួរសមឡើងវិញ៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ហើយពិសេសលោកអ្នកអាចទទួលដំណឹងអ្វីមួយចូលមកគ្រាន់សប្បាយចិត្តទៀតផង។

-កិច្ចការងារ៖ក្រៅពីនេះការប្រកបការងារមានការជឿនលឿនទាំងកិច្ចការងារ និងបញ្ហាប្រាក់កាសក៏អាចមានហូរចូលខ្លះៗថែមទៀត។

ការធ្វើជំនួញ៖អ្នកធ្វើជំនួញមានភាពសុខដុម ហើយលោកអ្នកបើចង់សាកល្បងជួញទីជិតឆ្ងាយដែលជាមុខរបរថ្មីថ្មោងអាចសម្រេចជោគជ័យ តែយ៉ាងណាការធ្វើជំនួញរយៈពេលយូរអង្វែង តែងមិនសូវសមដូចប្រកបប៉ុន្មានទេ។

បញ្ហាស្នេហា៖          សម្ព័ន្ធស្នេហាកំលោះក្រមុំនាពេលនេះបើយល់ចិត្តថ្លើមគ្នាអស់ហើយ អាចនិយាយដល់ចាស់ទុំបានផងដែរ ពីព្រោះថាជាពេលវេលាល្អសម្រាប់ផ្សំផ្គុំគ្រួសារបំផុត៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ថ្ងៃនេះស្រ្តីចូរប្រយ័ត្នក្រុមមនុស្សតាមផ្ចាញ់ផ្ចាលកើតជម្លោះវិវាទ ហើយនាំជះឥទ្ធិពលអាក្រក់ទៅគ្រាខាងមុខ។

-កិច្ចការងារ៖ការប្រកបការងារងាយភ្លាំងភ្លាត់ខ្ពស់ ហេតុនេះត្រូវចេះចាត់ចែង និងប្រយ័ត្នប្រយែងការងារចាស់ៗក៏កាន់តែប្រសើរ។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ ជួបផលលំបាកក្នុងការប្រាក់កម្រៃបន្តិច ហើយបើមានការជួញឆ្ងាយទៀតសោតចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេ ។

បញ្ហាស្នេហា៖ទំនាក់ទំនងសេចក្តីស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ ពីព្រោះជួនផ្អែមល្ហែមជួនពាក់មុខយក្សដាក់គ្នា៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងរង្វង់គ្រួសារ ស្វាមីភរិយាមានភាពប្រទាំងប្រទើស ដូច្នេះត្រូវចេះអត់ឱនឱ្យគ្នាទៅវិញទៅមកទើបរក្សាភាពសុខដុមបានយូរអង្វែង។

-កិច្ចការងារ៖នៅថ្ងៃនេះការប្រកបការងាររបស់លោកអ្នកពុំសូវមានការរីកលូតលាស់ប៉ុន្មានទេ ពោលគឺមានភាពនឹងថ្កល់ជាប់មួយកន្លែង ហើយបើមានការរីកចម្រើននោះក៏តិចតួចបំផុត។

ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បណ្តាក់ទុនអ្វីមួយឃើញថាមិនទាស់ខុសអ្វីទេ ព្រោះតែងហុចផ្លែផ្កាគ្រាន់ជាទីកក់ក្តៅ។

បញ្ហាស្នេហា៖ទំនាក់ទំនងសេចក្តីស្នេហាកំលោះក្រមុំបើមានការជម្លោះវិវាទត្រូវតែប្រញាប់ផ្សះផ្សាទើបប្រសើរ៕

ឆ្នាំរោង

យីអ៊ុនថ្ងៃនេះស្រុតចុះ។

-ការរស់នៅ៖ ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកបើទោះបីដួងរាសីស្រុតចុះពិតមែន ប៉ុន្តែនៅតែអាចធ្វើអ្វីបានផងដែរ គ្រាន់តែមានភាពប្រទាំងប្រទើស និងបញ្ហាច្រើនប៉ុណ្ណោះ។ការធ្វើដំណើរគ្រប់ទិសទីពិសេសបុរសមិនត្រូវសេពគប់បនល្បែងស្រីស្រាឡើយប្រយ័ត្នឥតការអ្វីសោះនាំឧបទ្រពចង្រៃដាក់ខ្លួន។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកជួបនូវឧបសគ្គចំពោះមុខច្រើនបន្តិច ដូចនេះបើទោះបីធ្វើអ្វីក៏ដោយត្រូវធ្វើសន្សឹមៗបានហើយ បើពុំនោះផលលំបាកអាចនឹងចូលយាយីពិបាកក្នុងការទប់ទល់។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរគឺពុំសូវដំណើរការទៅមុខបានស្រួលទេ គឺជារឿយៗតែងកើតមានភាពរកាំរកូសជាប់ជានិច្ច។ដូច្នេះទោះបីធ្វើអ្វីក៏ដោយបើពុំដោះស្រាយទៅតាមការអត់ធ្មត់ទេ វានឹងបង្កជាផលលំបាកនៅពេលខាងមុខវិញ។

បញ្ហាស្នេហា៖ រីឯបញ្ហាគូស្នេហ៍ប្រុសស្រីមួយចំនួនមានការប្រឆាំង និងចង់ចាញ់ឈ្នះគ្នាមិនស្ទើរសោះឡើយ៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖នៅថ្ងៃនេះផ្តល់ផលល្អក្នុងការសម្រេចចិត្តធ្វើអ្វីមួយ ពីព្រោះថាតែងទទួលផ្លែផ្កា គ្រាន់កក់ក្តៅនាគ្រាក្រោយ។

-កិច្ចការងារ៖ក្នុងថ្ងៃនេះដែរផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារបណ្តាក់ទុនចរចា ឬធ្វើកិច្ចសន្យាអ្វីមួយផង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើន និងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផង ដូចនេះគួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខ និងផ្អែមល្ហែមប្រពៃ៕

ឆ្នាំមមី

ថ្ងៃនេះរាសីស្រុតចុះ។

-ការរស់នៅ៖ ជីវិត និងការរស់នៅថ្ងៃនេះលោកអ្នកអាចមានក្រុមមនុស្សចូលមកអុកឡុកយាយីនាំរំខានផ្លូវចិត្ត ហេតុនេះហើយត្រូវធ្វើគធ្វើថ្លង់ខ្លះទើបគ្មានរឿងរ៉ាវមិនល្អកើតឡើងនាំពិបាកទៅគ្រាក្រោយ។

-កិច្ចការងារ៖ការប្រកបការងារមានការរាំងស្ទះ និងពិសេសក្រុមមនុស្សតែបង្កការរំខានផ្លូវចិត្តនោះក៏ច្រើនដែរ។បើមានកិច្ចការងារអ្វីបង្កមានកំហុស ឬភ្លាំងភ្លាត់លោកអ្នកមិនត្រូវប្រើចិត្តក្តៅទេ ត្រូវយកភាពត្រជាក់ដាក់ខ្លួនទើបរឿងរ៉ាវខ្លះអាក្រក់សោះប្រែជាល្អវិញ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេ ប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមានការចង់ចាញ់ឈ្នះនិងប្រចែប្រចណ្ឌច្រើន ដូចនេះបញ្ហារកាំចិត្តក៏កើតមានច្រើន៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេ ហើយត្រូវចងចាំថាមិនត្រូវទុកចិត្តក្រុមមនុស្សពេកឡើយ ប្រយ័ត្នគេនាំទុក្ខមកឱ្យ។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។

-កិច្ចការងារ៖ពុំមានឃើញអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេ គឺរាល់កិច្ចការងារតូចធំដំណើរទៅមុខសន្សឹមៗជានិច្ច។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពុំសូវកាក់កបទេ គឺលាភហេងច្រើនបោលហួស ឬហោះរំលងជានិច្ច។

បញ្ហាស្នេហា៖សេចក្តីស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕

ឆ្នាំវក

ថ្ងៃនេះរាសីល្អជាមធ្យម។

-ការរស់នៅ៖ក្នុងថ្ងៃនេះមនុស្សល្អអាចប្រែជាអាក្រក់ ហើយមនុស្សអាក្រក់អាចនឹងអាក្រក់ថែមទៀតដូចនេះធ្វើអ្វីក៏ដោយត្រូវប្រយ័ត្នប្រយែងទើបចៀសផុតបញ្ហាចំពោះមុខ។ការធ្វើដំណើរទីជិតឆ្ងាយទាំងពេលទៅនិងត្រឡប់មកវិញពុំសូវមានសុវត្ថិភាពទេ គប្បីមានការប្រយ័ត្នប្រយែងពិសេសអ្នកបើកបរមិនត្រូវសេពគប់គ្រឿងស្រវឹងដាច់ខាត។

-កិច្ចការងារ៖ការប្រកបការងារមានការជឿនលឿនតិច ហើយពិសេសកិច្ចការងារមិនអាចធ្វេសប្រហែសឡើយនាំជួបស្ថានភាពលំបាកណាមួយស្មានមិនដល់។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរចូរប្រយ័ត្នក្រុមមនុស្សអុជអាលអ្វីមួយនាំឱ្យកើតការក្តៅក្រហាយបង្កជាជម្លោះជាមួយអ្នកដទៃឡើង។

បញ្ហាស្នេហា៖   រីឯបញ្ហាស្នេហាកំលោះក្រមុំចូរប្រយ័ត្នក្រុមមនុស្សទី៣ ចូលមកអុកឡុកនាំកើតជម្លោះវិវាទឈានដល់ការបែកប្រេះស្រាំធ្ងន់ធ្ងរណាមួយកើតឡើង៕

ឆ្នាំរកា

ថ្ងៃនេះរាសីល្អជាមធ្យម។

-ការរស់នៅ៖នៅថ្ងៃនេះយីអ៊ុនរបស់លោកអ្នកមានបញ្ហាអាក្រក់ខ្លះៗចូលមកយាយីផង ដូចនេះទោះធ្វើអ្វីក៏ដោយត្រូវចេះត្រួតពិនិត្យឱ្យបានច្បាស់លាស់ទើបមិនមានបញ្ហាអាក្រក់ណាមួយចោទឡើងត្រូវពិបាកក្នុងការដោះស្រាយនាពេលក្រោយ។

-កិច្ចការងារ៖ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរកត់សម្គាល់ទេ គឺដូចសព្វមួយដង។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវមានទំនាក់ទំនងល្អជាមួយក្រុមមនុស្សជុំវិញខ្លួនឱ្យបានច្រើន ព្រោះអាចទាញផលប្រយោជន៍អ្វីមួយមកវិញនៅថ្ងៃខាងមុខជាក់ជាពុំខាន។

បញ្ហាស្នេហា៖បញ្ហាគូស្នេហ៍កំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីមានការលូតលាស់ទៅមុខយឺតៗហើយងាយថយក្រោយណាស់៕

ឆ្នាំច

ថ្ងៃនេះរាសីស្រុតចុះ។

-ការរស់នៅ៖ការរស់នៅលោកអ្នកតោងចងចាំពាក្យចាស់ថា”ជីវិតគឺជាអ្នកកំណត់ទិសដៅ ហើយកាលពេលវេលានោះគឺជាអ្នកកំណត់ជីវិតរបស់យើងវិញ” ហេតុនេះហើយការរស់នៅយើងគប្បីមានទិដៅជីវិតឱ្យបានត្រឹមត្រូវបើពុំនោះទេនឹងជួបផលលំបាករហូតដល់ការបញ្ចប់ជីវិតទៅវិញពុំខាន។

-កិច្ចការងារ៖ដោយឡែកការប្រកបការងារបើទោះបីជួបការលំបាកម្តេចម្តា ប៉ុន្តែបើខិតខំពុះពារតែងសម្រេចមួយកម្រិតដែរ។

-ការធ្វើជំនួញ៖ការធ្វើដំណើរជួញដូរទីជិតឆ្ងាយមានភាពសុខដុមល្អតែយ៉ាងណាមិនត្រូវមានចិត្តប្រកែប្រកាន់ច្រើននោះឡើយប្រយ័ត្នឥតការអ្វីសោះនាំរឿងរ៉ាវចូលផ្ទះ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីចូរប្រយ័ត្នអ្នកក្រៅញុះញង់ចាក់ដោតនាំកើតជម្លោះវិវាទ ហើយឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ក្នុងថ្ងៃនេះសម្រាប់បើទោះបីធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងព្រោះថាអាចមានការប្រែក្រឡាស់ពីល្អមកអាក្រក់បានទាំងអស់។ការធ្វើដំណើរពេលព្រឹកងាយជួបបញ្ហាចូលយាយីណាស់គប្បីប្រយ័ត្នប្រយែង។

-កិច្ចការងារ៖ក្រៅពីនេះការបំពេញការងារមិនត្រូវធ្វេសប្រហែសឬធ្វើដោយរួចៗពីដៃបានដែរបើពុំនោះទេនឹងជះឥទ្ធិពលមិនល្អណាមួយនៅពេលក្រោយនាំពិបាកដោះស្រាយថែមទៀត។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះជួបការលំបាកក្នុងការរកផលកម្រៃណាស់ ឯការជួញទីជិតឆ្ងាយទៀតសោតកើតមានភាពរកាំរកូសច្រើន។

បញ្ហាស្នេហា៖បញ្ហាគូស្នេហាប្រុសស្រីមានការហួងហែងនិងម្នាក់ៗយកភាពប្រចែប្រច័ណ្ឌដឹកមុខមិនតិចនោះទេ ៕