ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ការរស់នៅកើតមានភាពប្រទាំងប្រទើស និងរឿងរ៉ាវមិនល្អចូលយាយីច្រើននាំពិបាកក្នុងដំណើរជីវិត។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកមិនត្រូវធ្វើអ្វីមួយដែលសំខាន់ពេក និង មានការប្រយ័ត្នប្រយែងទើបមិនមានបញ្ហាអាក្រក់ចោទឡើង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះលាភហេងធំៗច្រើនបោលហួស និងចាប់ពុំសូវជាប់ទេ តែលាភតូចតាចមានហូរចូលហូរហែគ្រាន់បំពេញបំពង់ផងដែរ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំកើតមានការប្រទាំងប្រទើស ព្រោះតែការចង់ចាញ់ឈ្នះគ្នានិងការប្រកែប្រកាន់ច្រើនរៀងៗខ្លួន៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ដួងរាសីនៅតែស្រុតចុះដដែលទេ ហេតុនេះលោកអ្នកមិនគប្បីតបតជាមួយក្រុមមនុស្សដែលថាស្តីបន្ទោសឡើយ ដោយរក្សាសេចក្តីសុខវិញទើបបានសុខស្រួលខ្លួន។

-កិច្ចការងារ៖សម្រាប់ការប្រកបការងារក៏មិនអាចប្រមាថបានដែរ បើពុំនោះក៏ងាយទទួលរងការខូចខាតឬបាត់បង់ដូចគ្នា។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមិនត្រូវយកភាពឈ្នានីស ឬមាត់ឌឺដងដល់អ្នកដទៃឡើយ ព្រោះងាយកើតជម្លោះវិវាទណាស់ ហើយស្រួលមិនស្រួលកើតរឿងប្រកាប់ប្រចាក់គ្នាថែមទៀត។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាប្រុសស្រីមិនត្រូវប្រកាន់ភាពមោហៈទោសៈដាក់ខ្លួននាំតែជួបបញ្ហាល្អក់កករឥតឈប់ឈរតែប៉ុណ្ណោះ៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកទោះពុំសូវល្អប៉ុន្មានក្តី ប៉ុន្តែបើចេះខិតខំព្យាយាមក្នុងកិច្ចការបន្តិចទើបជាការប្រពៃបំផុត។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកមិនគួរបង្កទំនាស់ជាមួយក្រុមមនុស្សក្បែរខ្លួនទេ ព្រោះថាផលអាក្រក់នោះក៏មានច្រើនជាងល្អ ដូចនេះបើចេះធ្វើគធ្វើថ្លង់ខ្លះទើបរឿងរ៉ាវអាក្រក់មិនងាយកើតមាន។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកមានការខិតខំ ហើយរវៀសរវៃក្នុងមុខទំនិញខ្លះក៏អាចរកផលចំណូលចូលធូរគ្រាន់ស្រណុកចិត្ត។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំមានភាពសុខដុមល្អ តែយ៉ាងណាភាពប្រចែប្រចណ្ឌនៅតែលុកលុយយាយី៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ការរស់នៅថ្ងៃនេះមានភាពសុខដុមគួរសម ហើយបើចង់ពឹងពាក់អ្នកដទៃឃើញថាក៏តែងសម្រេចជោគជ័យភាគច្រើនត្រឡប់មកវិញ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។

-កិច្ចការងារ៖ការប្រកបការងារទោះលោកអ្នកធ្វើអ្វីក៏ដោយមានជោគមានជ័យ ហើយតែងហុចផ្លែផ្កាមកវិញដូចជាទីពេញចិត្ត។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយឃើញថាការរកផលកម្រៃមានហូរចូលខ្លះៗផង ហើយបើលោកអ្នកចង់បើកធ្វើជំនួញតូចធំតែងមានការចម្រើនលូតលាស់ទៅមុខជានិច្ច។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកំពុងមានភាពស្រស់ស្រាយ និងផ្អែមល្ហែមចំពោះគ្នាយ៉ាងប្រពៃ៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ការរស់នៅលោកអ្នកអាចមានទំនាស់ពាក្យសម្តីជាមួយអ្នកដទៃ គប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបរឿងតូចមិនរីកក្លាយជាធំ។

 -កិច្ចការងារ៖ការប្រកបការងារមានការតានតឹង និង ងាយទទួលរងគ្រោះដោយសារក្រុមមនុស្សទម្លាក់បញ្ហាមកឱ្យផង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់ច្រើនទ្បើយប្រយ័ត្នជួបរឿងដូចពាក្យចាស់ថាពេលឱ្យជំពាក់ធូរដូចទឹកហូរ ឯការសងមកវិញតឹងដូចអូសឫស្សីបញ្ច្រាសចុង ហើយស្រួលមិនស្រួលកើតមានជម្លោះវិវាទឈានដល់ការប្រកាប់ប្រចាក់គ្នាទៀតផង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំល្អទេគប្បីមានការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ ព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ថ្ងៃនេះការធ្វើដំណើរចេញក្រៅផ្ទះលោកអ្នកមានក្រុមមនុស្សបៀតបៀនយាយីច្រើនដូច្នេះគួរប្រយ័ត្នប្រយែង។

-កិច្ចការងារ៖ការប្រកបការងារឃើញថា ដំណើរជីវិតរបស់លោកអ្នកស្ថិតលើកំណាត់ផ្លូវរដិបរដុបនិងប្រទាំងប្រទើសច្រើន ហើយទាល់តែចេះប្រយ័ត្នប្រយែងក្រុមមនុស្សបន្តិចទើបគ្មានបញ្ហាអាក្រក់អ្វីយាយីកើត។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុនដោយលោកអ្នកអាចរកប្រាក់ចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយជានិច្ច។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហា ប្រុសស្រីមានភាពស្រស់ស្រាយព្រោះតែម្នាក់ៗ មានការយកចិត្តទុកដាក់ចំពោះគ្នាគ្រាន់បើជាងមុន៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ឃើញថាដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ម្ល៉ោះហើយលោកអ្នកអាចទទួលដំណឹងល្អ ឬទទួលបានផលប្រយោជន៍អ្វីមួយផង ។

-កិច្ចការងារ៖ការប្រកបការងារមានភាពសុខកាយបន្តិចពិតមែន តែបញ្ហាផ្លូវចិត្តហាក់មិនសូវសុខប៉ុន្មានសោះឡើយ។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនគប្បីជឿពាក្យញុះញង់ចាក់ដោយក្រុមមនុស្សពេកឡើយ ប្រយ័ត្នឥតការអ្វីសោះមានសត្រូវនៅជុំវិញខ្លួនកាន់តែច្រើន ហើយនាំជួបស្ថានភាពលំបាកនៅគ្រាខាងមុខ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយ ជាឱកាសល្អបំផុតក្នុងការផ្សំផ្គុំជាគ្រួសារហើយ៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតភ្លឺថ្លា ទោះលោកអ្នកប្រកបកិច្ចការអ្វីក៏ដោយក៏អាចទទួលផលសម្រេចតាមបំណងប្រាថ្នាសឹងទាំងអស់។

-កិច្ចការងារ៖ព្រោះតែដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយផ្តល់ផលល្អសម្រាប់ទំនាក់ទំនងការងារ ឬធ្វើពិធីអ្វីមួយផង។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសម ម៉្លោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មី ឬបណ្តាក់ទុនបន្ថែម ព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ការរស់នៅលោកអ្នកទទួលរងផលលំបាកបន្តិច ពិសេសបញ្ហាប្រាក់កាស ត្រូវរែកពន់ច្រើន ហើយបើមានជំពាក់អ្នកដទៃផង អាចទទួលរងគេទារមុខក្រោយថែមទៀត។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកនៅទទួលរងប៉ះទង្គិចជាមួយក្រុមមនុស្ស និង ធ្វើកិច្ចការងារអាចត្រូវគេចោទប្រកាន់អ្វីមួយផង។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរឃើញថាមានការរីកលូតលាស់ទៅមុខល្អគួរសម ហើយបើចង់ទិញទំនិញអ្វីមួយយូរមកហើយគ្រាន់ទុកជាការជួញដូរនៅថ្ងៃខាងមុខក៏ជាឱកាសល្អហើយ។

បញ្ហាស្នេហា៖រីឯបញ្ហាកំលោះក្រមុំបើលោកអ្នកពុំទាន់មានគូគាប់ពេលនេះអាចជួបដូចគាប់បំណង៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ថ្ងៃនេះការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នពេលយប់ព្រលប់ ព្រោះងាយរងគ្រោះដោយសារក្រុមមនុស្សបៀតបៀនយាយី។

-កិច្ចការងារ៖ លោកអ្នកបើមានគម្រោងចង់ធ្វើអ្វីមួយ ឬសម្រេចចិត្តចង់ប្រកបកិច្ចការអ្វីគប្បីប្រយ័ត្នប្រយែង ពីព្រោះងាយជួបគ្រោះចាញ់បោកគេណាស់។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ ហើយត្រូវទូទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការលូតលាស់ទៅមុខល្អ តែក៏ងាយថយក្រោយណាស់ដែរគួរប្រយ័ត្នប្រយែង៕

ឆ្នាំច

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នកើតបញ្ហាណាមួយដោយសារអ្នកដទៃបង្កឡើង ឬសូម្បីតែរោគជំងឺបៀតបៀនយាយី។

-កិច្ចការងារ៖នៅថ្ងៃនេះមានបញ្ហារាំងស្ទះខ្លះៗយាយី ហេតុនេះបើមានការប្រឹងប្រែងតែងទទួលជោគជ័យត្រឡប់មកវិញ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខតិចតួច ហើយបើថយក្រោយនោះក៏មានច្រើន។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការងាយទាំងផ្អែមល្ហែម ហើយក៏ងាយកើតរឿងទាស់ទែង៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកនៅតែល្អប្រសើរដដែលទេ ម្ល៉ោះហើយបើធ្វើអ្វីមួយគប្បីរួសរាន់ទាន់ឱកាសល្អៗនៅហុចឱ្យនៅឡើយ ។

-កិច្ចការងារ៖ការប្រកបការងារមានភាពល្អប្រសើរ ហើយធ្វើអ្វីតែងមានក្រុមមនុស្សជួយថែរក្សាការពារ។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនថាផ្លូវទឹក ផ្លូវគោកឬផ្លូវអាកាសក្តីតែងអាចប្រមូលភោគផលត្រឡប់ចូលផ្ទះវិញដូចជាទីគាប់ចិត្ត។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកំពុងជឿនលឿនទៅមុខ និងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕