ហោរាសាស្ត្រ

ឆ្នាំជូត

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ជួបលើកំណាត់ផ្លូវរដិបរដុបដែលធ្វើឱ្យលេចចេញជាបាតុភាពច្រើនបន្តិច ពិសេសទៅលើជីវភាពរស់នៅប្រចាំថ្ងៃ។

-កិច្ចការងារ៖ក្នុងរយៈពេលនេះទោះជាលោកអ្នកប្រកបកិច្ចការងារអ្វីក៏ដោយ​ ចូរចេះធ្វើដោយសន្សឹមៗកុំបំបោលទើបអាចឈានដល់គោលដៅបាន។

-ការធ្វើជំនួញ៖លោកអ្នកអាចជួបគូប្រជែងចេញមកតតាំង ដូច្នេះត្រូវត្រៀមរៀបចំជើងព្រួលទុកសម្រាប់ទប់ទល់ជាមុនទើបមិនបរាជ័យ។

បញ្ហាស្នេហា៖ក្នុងពេលនេះទាល់តែចេះអត់ឱនឱ្យគ្នាទៅវិញទៅមកទើបចំណងស្នេហ៍អាចគង់វង្ស៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងរយៈពេលនេះបើលោកអ្នកទៅចូលរួមពិធីអ្វីមួយ ឬជួបអ្នកតូចអ្នកធំ ចូរចេះរៀបចំឫកមារយាទឱ្យបានថ្លៃថ្នូរទើបមិនអាប់ឱនកិត្តិយស ឬខាតប្រយោជន៍អ្វីមួយមកវិញ។

-កិច្ចការងារ៖ នៅថ្ងៃនេះការប្រកបការងារហាក់មិនជឿនលឿនទៅមុខទេ ពោលគឺនៅទ្រឹងមួយកន្លែងច្រើនជាង ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវយកភាពឈ្នានីស ឬមាត់ឌឺដងដល់អ្នកដទៃឡើយព្រោះងាយកើតជម្លោះវិវាទណាស់ ហើយស្រួលមិនស្រួលកើតរឿងរ៉ាវប្រកាប់ប្រចាក់គ្នាថែមទៀត។

បញ្ហាស្នេហា៖ រីឯគូគ្រងប្តីប្រពន្ធ ឬគូស្នេហ៍ប្រុសស្រីមានការរកាំចិត្តព្រោះតែម្នាក់ៗចិត្តខ្លាំងរៀងៗខ្លួននិងមិនសូវចេះអត់ឱនឱ្យគ្នាឡើយ៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ក្នុងរយៈពេលនេះមុននឹងលោកអ្នកហានិយាយស្តីអ្វីត្រូវចេះប្រយ័ត្នមាត់ក បន្តិចព្រោះកាលបើមានពាក្យសម្តីនិយាយជ្រុលជ្រួសលើអ្នកដទៃតិច ឬច្រើន អាចបង្កជាទំនាសវិវាទឡើង។

-កិច្ចការងារ៖ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេ គឺដូចសព្វមួយដង។

-ការធ្វើជំនួញ៖ចំណែកការប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញបើលោកអ្នកចង់បើករបរថ្មីៗមិនទាស់ខុសអ្វីដែរ ពីព្រោះថាផលដែលជាផ្លែផ្កាតែងឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្តៅ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពនឹករលឹក និងប្រាស្រ័យទាក់ទងគ្នាល្អប្រពៃ៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ដោយសាររាល់ចង្រៃឧបទ្រព និងរាល់ឧបសគ្គនានាបានសាបរលាបបាត់ស្រមោលអស់រលីងទៅវិញនោះ ទើបលោកអ្នករស់នៅប្រកបដោយភាពសុខដុមគ្រាន់គាប់ប្រសើរឡើងវិញ។

-កិច្ចការងារ៖នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារតូចធំ និងបើចង់ផ្តើមការងារអ្វីក៏ជាពេលវេលាល្អផងដែរ។

-ការធ្វើជំនួញ៖ការប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខ និងអាចកើបផលកម្រៃត្រឡប់មកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។

បញ្ហាស្នេហា៖ សម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់ទំនាក់ទំនងស្នេហាថ្មីថ្មោងតែងសម្រេចជោគជ័យដូចគាប់បំណង៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ។

-ការរស់នៅ៖ចូរចេះសម្លឹងឱ្យឆ្ងាយ ហើយមិនត្រូវខ្ជះខ្ជាយពេលវេលាឡើយ ពិសេសត្រូវចេះងើបឡើងបន្តការងារទើបអ្វីៗនឹងចម្រុងចម្រើនឡើងវិញ។

-កិច្ចការងារ៖ការប្រកបការងារនៅថ្ងៃនេះឃើញថាជួបបញ្ហាស្មុគស្មាញច្រើនបន្តិច ហើយក្រុមមនុស្សក៏ទម្លាក់បញ្ហាឱ្យច្រើននាំពិបាករែកពន់។

-ការធ្វើជំនួញ៖ទោះជួបបញ្ហាខ្លះៗយាយីតែលោកអ្នកក៏នៅ អាចប្រមូលភោគផលចូលផ្ទះវិញគួរជាទីកក់ក្តៅ៕

បញ្ហាស្នេហា៖រីឯសេចក្តីស្នេហាប្រុសស្រីមានដំណើរថយក្រោយនិងមានបញ្ហារកាំចិត្តច្រើន ដូចនេះត្រូវចេះពូនជ្រោយសេចក្តីស្នេហាបន្តិចទើបប្រសើរ៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងថ្ងៃនេះឃើញថាផ្តល់ផលល្អច្រើនបន្តិចសម្រាប់លោកអ្នកសម្រេចចិត្តរឿងបញ្ហាប្រាក់កាសអ្វីមួយ ពីព្រោះថាផលល្អតែងហុចមកវិញជានិច្ច។

-កិច្ចការងារ៖ ដោយសារដួងរាសីឡើងខ្ពស់ ដូចនេះលោកអ្នកអាចសម្រុកការងារពេញទីបានហើយ ពីព្រោះថាផលល្អៗតែងឆ្លើយតបគ្រាន់ដូចគាប់បំណង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបរឿងប្រទាំងប្រទើសច្រើនបន្តិចតែយ៉ាងណាប្រាក់ចំណូលគ្រាន់នៅមួយទប់ទល់ផងដែរ។

​ –បញ្ហាស្នេហា៖ ចំពោះគូស្នេហាដែលស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយ ក្នុងរយៈពេលនេះអាចពិគ្រោះពិភាក្សារឿងរៀបអាពាហ៍ពិពាហ៍បានហើយ៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ។

-ការរស់នៅ៖ថ្ងៃនេះលោកអ្នកស្ថិតនៅលើកំណាត់ផ្លូវរដិបរដុប ម្ល៉ោះហើយធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែង ពីព្រោះថាងាយជះផលអាក្រក់មកវិញណាស់។

-កិច្ចការងារ៖ទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយ ចូរកុំធ្វេសប្រហែសឱ្យសោះ ជាពិសេសចំពោះអ្នកដែលប្រកបការងារនៅទីខ្ពស់ៗតោងតែប្រយ័ត្នប្រយែងក្រែងជួបគ្រោះរអិល របូតដៃជើងនាំឱ្យរងរបួស ឬរហូតដល់អាចក្ស័យអាយុសង្ខារទៀតផង។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនថាការជួញទីជិតឆ្ងាយជួបសេចក្តីសុខដុម ដោយអាចប្រមូលភោគផលចូលផ្ទះវិញគួរជាទីកក់ក្តៅ តែយ៉ាងណាឱ្យប្រយ័ត្នជួបគ្រោះបាត់របស់របរបន្តិច។

បញ្ហាស្នេហា៖សម្ព័ន្ធគូស្នេហ៍កំលោះក្រមុំកុំគប្បីយកភាពមោហៈទោសៈដាក់ខ្លួននាំតែកើតរឿងរ៉ាវរកាំរកូសឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ការរស់នៅលោកអ្នកគប្បីអត់ធ្មត់ និងដោះស្រាយរឿងរាវដែលកើតឡើងដោយប្រើបញ្ញាជាអាវុធទើបជាការល្អបំផុត។

-កិច្ចការងារ៖នៅថ្ងៃនេះ លោកអ្នកអាចដំណើរការងារទាក់ទងនឹងបញ្ហាប្រាក់កាសពីព្រោះនឹងផ្តល់ផលឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ ទោះលោកអ្នកជួញទីជិតឆ្ងាយមិនថា ផ្លូវគោក ផ្លូវទឹកក្តី តែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅ។

បញ្ហាស្នេហា៖រី​ឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពសោះកក្រោះបន្តិច ព្រោះតែម្នាក់ម្នាក់ៗប្រកាន់ចិត្តខ្លាំងរៀងៗខ្លួន៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ការរស់នៅមានភាពសុខដុមល្អប្រសើរ ហើយរាល់កិច្ចការអ្វីក៏លូតលាស់ឈានទៅមុខគួរសមដែរ។

-កិច្ចការងារ៖នៅថ្ងៃនេះយីអ៊ុនងើបឡើងខ្ពស់ ម្ល៉ោះហើយទោះលោកអ្នកធ្វើអ្វីក៏ដោយតែងផ្តល់ផលល្អសម្រាប់ក្នុងការសម្រុកការងារ ឬធ្វើអ្វីមួយផង។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ បើចង់បើករបរថ្មី ឬបើកហាងថ្មីក៏ជាពេលវេលាល្អប្រពៃណាស់។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តី កើតមានការប្រចែប្រចណ្ឌច្រើន ម្ល៉ោះហើយបើមិនចេះកាត់បន្ថយទេពិតជាមានរឿងបែកបាក់រង់ចាំនាថ្ងៃខាងមុខពុំខាន៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅលោកអ្នកតោងតែចងចាំថាកុំរកបានដោយតានតឹង តែចាយធូរឱ្យសោះប្រយ័ត្នជួបបញ្ហាខ្វះថវិកាទៅពឹងពាក់អ្នកដទៃគេប្រមាថមើលងាយ និងស្រួលមិនស្រួលកើតជាទំនាស់វិវាទថែមទៀត។

-កិច្ចការងារ៖ការប្រកបការងារ បើលោកអ្នកមានបញ្ហាអ្វីតែងចាប់ផ្តើមធូរស្បើយពីទុក្ខលំបាកមួយចំនួនបន្តិចវិញ ហើយបើចង់ដោះស្រាយអ្វីមួយតែងជោគជ័យដូចគាប់បំណង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួយដូរបើចង់បោះទុនតូចធំមិនមានអ្វីទាស់ខុសទេ ព្រោះផ្លែផ្កាដែលទទួលបានមកវិញក៏សមដូចប្រកប។

បញ្ហាស្នេហា៖ សេចក្តីស្នេហាកំលោះក្រមុំចូរប្រយ័ត្នអ្នកទីបីចូលមកឡូកឡំ នាំកើតរឿងប្រេះឆាដោយប្រការណាមួយ៕

ឆ្នាំច

ថ្ងៃនេះរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះទោះមានរឿងអ្វីក៏ដោយចូរលោកអ្នកចេះរម្ងាប់ចិត្តឱ្យត្រជាក់ ដាច់ខាតមិនត្រូវតបតដោយកំហឹងទល់នឹងកំហល់ឡើយ ទើបរឿងតូចមិនក្លាយជារឿងធំ។

-កិច្ចការងារ៖ចំពោះបុគ្គលិក កម្មករ ដែលបម្រើការងារតាមបណ្តាក្រុមហ៊ុន ឬរោងចក្រនានា ចូរកុំបង្ករឿងឈ្លោះប្រកែកជាមួយចៅហ្វាយនាយឱ្យសោះ ។ប្រយ័ត្នបាត់បង់តួនាទី និងកន្លែងការងារ។

-ការធ្វើជំនួញ៖ ចូរអ្នកកុំរកបានដោយតានតឹង តែចាយធូរឱ្យសោះ ប្រយ័ត្នពេលខ្វះមុខខ្វះក្រោយមិនងាយរត់ទៅរកគេសោះឡើយ។

បញ្ហាស្នេហា៖ គូរស្នេហ៍ប្រុសស្រីកើតមានការរកាំរកូសចំពោះគ្នាច្រើន៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកស្ថិតនៅលើកំណាត់ផ្លូវរលូនល្អ ដូច្នេះលោកអ្នកត្រូវចេះរវៀសរវៃញាប់ដៃញាប់ជើងបន្តិច ព្រោះពេលវេលាជាមាសប្រាក់ ធ្វើច្រើនបានច្រើន។

-កិច្ចការងារ៖ចូរកុំមានចិត្តលោភលន់ដោយចង់មាន ចង់បានឱ្យហួសប្រមាណពេក ប្រយ័ត្នបែរជាកើតរឿងអាចខាតបង់លាភសក្ការៈវិញ។

-ការធ្វើជំនួញ៖មានការចម្រើនលូតលាស់ទៅមុខជាលំដាប់ ហើយបើមានបើករបរថ្មីៗផងគឺប្រៀបដូចជាដាក់ចុះដុះតាមដៃ។

បញ្ហាស្នេហា៖គូស្នេហាប្តីប្រពន្ធរយៈពេលនេះមានភាពល្អូកល្អិនគ្រាន់គាប់ប្រសើរ និងមានសុភមង្គលក្នុងក្រុមគ្រួសារទៀតផង៕