Tag: អន្តរជាតិ »

ដោយ៖តុលា យោធាអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីបានបំផ្ទុះទំនប់ទឹកដ៏ធំមួយនៅភាគខាងត្បូង​អ៊ុយក្រែននៅថ្ងៃអង្គារនេះបណ្តាលឲ្យហៀរលិចជន់ជោរ ខណៈរុស្ស៊ីបែរជាប្រកែក និងស្តីបន្ទោសចោទអ៊ុយក្រែនបកវិញ។ លោក Oleksiy Danilov លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន បាននិយាយថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានកោះហៅកិច្ចប្រជុំបន្ទាន់មួយ នៃក្រុមប្រឹក្សាសន្តិសុខជាតិរបស់ប្រទេស បន្ទាប់ពីមានហេតុការណ៍នេះ។ យោធាអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីបានបំផ្ទុះទំនប់ទឹកឈ្មោះ Nova Kakhovka នៅភាគខាងត្បូងអ៊ុយក្រែន។ បញ្ជាការភាគខាងត្បូងនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន​បាននិយាយកាលពីថ្ងៃអង្គារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា “អាងស្តុកទឹក Kakhovka ត្រូវបានបំផ្ទុះដោយកងកម្លាំងកាន់កាប់របស់​រុស្ស៊ីពិតមែន”។ បញ្ជាការបាននិយាយនៅលើទំព័រ​ហ្វេសប៊ុករបស់ខ្លួនថា “ទំហំនៃការបំផ្លិចបំផ្លាញ ល្បឿន និងបរិមាណទឹក និងតំបន់នៅជិតខាងកំពុងតែត្រូវបានបញ្ជាក់ពីការជន់លិចដោយទឹកជំនន់”។ ដោយឡែកអភិបាលក្រុង Nova Kakhovka ដែលដំឡើងដោយទីក្រុងមូស្គូ លោក Vladimir Leontiev ក្នុងផ្នែកគ្រប់គ្រងដោយរុស្ស៊ីនៃតំបន់ Kherson បែរជាបានស្តីបន្ទោសការបំផ្លិចបំផ្លាញទំនប់នេះ​ចោទបកវិញទៅលើការបាញ់ផ្លោងរបស់អ៊ុយក្រែន។ Leontiev ថា ទំនប់នេះត្រូវបានវាយប្រហារ​ដោយការបាញ់ផ្លោងអ៊ុយក្រែនមិនមែនរុស្ស៊ីទេ៕ ប្រភព៖ REUTERS  

ដោយ៖តុលា រុស្ស៊ីបាននិយាយថា ខ្លួនបានបំផ្លាញរថក្រោះអ៊ុយក្រែនបាន ២៨ គ្រឿង និងរថពាសដែក ១០៩ គ្រឿងក្នុងការប្រយុទ្ធគ្នាចុងក្រោយនៅខេត្ត Donetskសមរភូមិក្តៅភាគខាងកើត។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅថ្ងៃអង្គារ (ម៉ោងក្នុងតំបន់) ថា កងកម្លាំងអ៊ុយក្រែនបានធ្វើប្រតិបត្តិការយោធានៅភាគខាងត្បូងទីក្រុង Donetsk ក្នុងការប៉ុនប៉ងឆ្ពោះទៅមុខ ប៉ុន្តែការឈានទៅមុខនេះត្រូវបានបញ្ឈប់ បន្ទាប់ពីជនជាតិអ៊ុយក្រែនរង “ការខាតបង់យ៉ាងធ្ងន់ធ្ងរ”។ ក្រសួងរុស្ស៊ីក៏បាននិយាយកាលពីថ្ងៃចន្ទថា កងទ័ពរបស់ខ្លួនបានវាយលុក “ការវាយលុកទ្រង់ទ្រាយធំ” ដោយកងកម្លាំងអ៊ុយក្រែននៅភាគខាងត្បូងខេត្ត Donetsk ។ ដោយថា “នៅថ្ងៃច័ន្ទ កងកម្លាំងអ៊ុយក្រែនត្រូវបានវាយប្រហារដោយអាវុធស្មុគស្មាញពីកងកម្លាំងទ័ព ការវាយប្រហារ និងប្រតិបត្តិការ-យុទ្ធសាស្ត្រ អាកាសចរណ៍ កងកម្លាំងមីស៊ីល និងកាំភ្លើងធំរុស្ស៊ី”។ ក្រសួងក៏បានអះអាងដែរថា កងកម្លាំងរុស្ស៊ីបានបំផ្លាញ “រថក្រោះចំនួន ២៨ គ្រឿង រួមទាំងរថក្រោះខ្លារខិន Leopard អាល្លឺម៉ង់សមរភូមិចំនួន ៨” និងរថពាសដែកចំនួន ១០៩ គ្រឿងផងដែរ។ យ៉ាងណាក៏ដោយចុះ ប្រភពCNN មិនអាចផ្ទៀងផ្ទាត់របាយការណ៍នេះដោយឯករាជ្យបានទេ CNNក៏ព្យាយាមទាក់ទងទៅក្រសួងការពារជាតិអ៊ុយក្រែន ដើម្បីសុំការអត្ថាធិប្បាយដែរ តែមិនទាន់ទទួលបានការឆ្លើយតបត្រឡប់មកវិញទេ៕ ប្រភព៖ REUTERS

ដោយ៖តុលា វិបត្តិ​ប្រជាសាស្ត្រ​របស់​ប្រទេស​ជប៉ុន​កាន់តែ​ស៊ីជម្រៅ ​ខណៈ​អត្រា​កំណើត​ធ្លាក់​ចុះ​ទាប​បំផុត។​ ក្រសួងសុខាភិបាលបាននិយាយនៅថ្ងៃសុក្រទី ២ ខែមិថុនា ដែលត្រូវបានចុះផ្សាយដោយរ៉យទ័រថា – អត្រាកំណើតរបស់ប្រទេសជប៉ុនបានធ្លាក់ចុះជាលើកទី ៧ ជាប់ៗគ្នាក្នុងឆ្នាំ ២០២២ មកនៅត្រឹមកម្រិតទាបបំផុត ខណៈដែលចំនួនប្រជាជនធ្លាក់ចុះ និងអាយុចេះតែកើនឡើង។ នាយករដ្ឋមន្ត្រី Fumio Kishida បានចាត់ទុកអត្រាកំណើតធ្លាក់ចុះរបស់ប្រទេសជាអាទិភាពកំពូល ដែលរដ្ឋាភិបាលរបស់លោកត្រូវយកចិត្តទុកដាក់ជាងគេ ទោះបីជាមានបំណុលខ្ពស់ក៏ដោយ ក៏គ្រោងនឹងចំណាយប្រាក់ចំនួន ៣.៥ ពាន់ពាន់លានយ៉េន (២៥ ពាន់លានដុល្លារ) ក្នុងមួយឆ្នាំលើការថែទាំកុមារ និងវិធានការផ្សេងទៀតដើម្បីផ្គត់ផ្គង់ឪពុកម្តាយដែរ។ លោកបានមានប្រសាសន៍ថា“ចំនួនប្រជាជនវ័យក្មេងនឹងចាប់ផ្តើមថយចុះយ៉ាងខ្លាំងនៅក្នុងទសវត្សរ៍ឆ្នាំ ២០៣០ ។ រយៈពេលរហូតដល់ពេលនោះ គឺជាឱកាសចុងក្រោយរបស់យើងដើម្បីផ្លាស់ប្តូរនិន្នាការនៃការថយចុះនៃកំណើត”។ ជំងឺរាតត្បាតបានធ្វើឱ្យមានបញ្ហាប្រឈមផ្នែកប្រជាសាស្រ្តរបស់ប្រទេសជប៉ុនកាន់តែធ្ងន់ធ្ងរឡើង ដោយមានអាពាហ៍ពិពាហ៍តិចជាងមុនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ធ្វើឲ្យការសម្រាលកូនតិចជាងមុន។ ទិន្នន័យបានបង្ហាញថា ចំនួនទារកទើបនឹងកើតនៅក្នុងប្រទេសជប៉ុនបានធ្លាក់ចុះ ៥% មកនៅត្រឹម ៧៧០,៧៤៧ កាលពីឆ្នាំមុន ដែលជាកម្រិតទាបថ្មីមួយ ខណៈពេលដែលចំនួនអ្នកស្លាប់បានកើនឡើងខ្ពស់ ៩% ដល់ចំនួន ១.៥៧ លាននាក់។ ការស្លាប់ជាង ៤៧០០០ នាក់នៅក្នុងប្រទេសជប៉ុនកាលពីឆ្នាំមុនគឺបណ្តាលមកពីការរាតត្បាតនៃមេរោគឆ្លង៕ ប្រភព៖ REUTERS

ដោយ៖តុលា បែកធ្លាយព័ត៌មានរសើប រដ្ឋបាលវិមានក្រឹមឡាំងកំពុងសាងសង់ជម្រកការពារគ្រាប់បែកថ្មី ដែលមានលក្ខណៈពិសេសមិនធម្មតា តម្លៃប្រហែល៥០ម៉ឺនដុល្លារអាម៉េរិក។ នេះបើយោងតាមគេហទំព័រលទ្ធកម្មសាធារណៈរុស្ស៊ី Meduza ដែលជាប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីមានមូលដ្ឋាននៅឡាតវី។ ព័ត៌មានអំពីរឿងនេះបានលេចចេញនៅលើគេហទំព័រលទ្ធកម្មសាធារណៈរបស់រុស្ស៊ីនេះនៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៣  ជាមួយនឹងការប៉ាន់ស្មានការចំណាយដំបូងចំនួន ៣៥ លានរូប ស្មើនឹងប្រហែល ៥០០.០០០ ដុល្លារអាម៉េរិក។ ក្នុងនោះបាននិយាយថា រដ្ឋបាលលោកពូទីនកំពុងសាងសង់ “រចនាសម្ព័ន្ធលេណដ្ឋានការពារស៊ីវិល”ថ្មីរាប់សិបម៉ឺនដុល្លារ នៅអាសយដ្ឋានផ្លូវ ១៥ Marshala Timoshenko ជាកន្លែងដែលមន្ទីរពេទ្យគ្លីនិកកណ្តាលទីក្រុងមូស្គូស្ថិតនៅ ទុកសម្រាប់ព្យាបាលមន្ត្រីជាន់ខ្ពស់ និងអ្នកនយោបាយរុស្ស៊ី។ លទ្ធកម្មសំណង់គ្រោងនឹងបញ្ចប់នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៣។ ឯកសារមិនបានបញ្ជាក់លម្អិតពីទំហំនៃជម្រកនោះទេ គ្រាន់តែដឹងថា “ជម្រកការពារជនស៊ីវិល”នេះ ដាក់ជាមួយមន្ទីរពេទ្យ Central Clinical Clinic រុស្ស៊ី ដែលរួមមានដូចជា បន្ទប់ប្រតិបត្តិការ បន្ទប់វះកាត់ និងបង់រំរបួសដ៏មានសុវត្ថិភាពបំផុត ខណៈគ្រាប់បែកមិនអាចជ្រៀតចូលបានទេ។ សេចក្តីព្រាងក៏ចែងផងដែរថា ទីជម្រកគ្រាប់បែកនេះត្រូវតែផ្តល់សម្រាប់ប្រតិបត្តិការនៃប្រព័ន្ធទំនាក់ទំនងពិសេស “សម្រាប់មន្ត្រីដែលស្ថិតនៅក្រោមការការពាររបស់រដ្ឋ”៕ ប្រភព៖ Ukrainska Pravda

ដោយ៖តុលា ប្រធានាធិបតីអាម៉េរិកលោកចូបៃដិន បានជំពប់ជើងដួលជាថ្មីក្នុងពិធីបញ្ចប់ការសិក្សានៅបណ្ឌិតសភាទ័ពអាកាសអាម៉េរិកកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែមិនមានរបួស និងប៉ះពាល់សុខភាពអ្វីឡើយ។ យោងតាមបណ្តាញសារព័ត៌មានរ៉យទ័រចុះផ្សាយនៅថ្ងៃសុក្រទី ២ ខែមិថុនានេះ បានឲ្យដឹងថា លោកបៃដិន ប្រធានាធិបតីវ័យ៨០ឆ្នាំរបស់អាម៉េរិករូបនេះ ពិតជាបានដួលបោកលើវេទិកាទទួលសញ្ញាប័ត្របញ្ចប់ការសិក្សានៅបណ្ឌិតសភាទ័ពអាកាសអាម៉េរិកនៅរដ្ឋ Colorado កាលពីថ្ងៃព្រហស្បតិ៍មែន។ តាមវីដេអូ បានបង្ហាញថា លោកបៃដិនបានដួលបោកភ្លាមៗ ហើយអង្គរក្ស៣នាក់បានជួយលើកឡើងយ៉ាងប្រុងប្រយ័ត្ន។ ជាសំណាងល្អ បៃដិនមិនមានរបួស ឬត្រូវបានរាយការណ៍ពីបញ្ហាសុខភាពណាមួយឡើយ។ Biden ដែលជាមនុស្សចាស់ជាងគេដែលកាន់ការិយាល័យ Oval កំពុងឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញនៅឆ្នាំ ២០២៤ ។ គូប្រជែងនាំមុខគេខាងគណបក្សសាធារណរដ្ឋគឺ Donald Trump មានអាយុ ៧៧ ឆ្នាំក្នុងខែនេះ។ កាលពីខែមិថុនាឆ្នាំមុន លោក Biden បានដួលខណៈពេលដែលគាត់កំពុងឡើងលើកង់របស់គាត់ បន្ទាប់ពីបានខ្ទាស់ជើង ប៉ុន្តែមិនមានរបួសទេ។ នៅខែកុម្ភៈដើមឆ្នាំ២០២៣នេះ វេជ្ជបណ្ឌិតបានប្រកាសថា Biden មានសុខភាពល្អធម្មតា និងសមស្របសម្រាប់កាតព្វកិច្ចបន្ទាប់ពីការពិនិត្យរាងកាយ ដោយកត់សម្គាល់ថាប្រធានាធិបតីមិនផឹកស្រា ឬប្រើថ្នាំជក់ ពោលគឺធ្វើលំហាត់ប្រាណយ៉ាងខ្ជាប់ខ្ជួន “យ៉ាងហោចណាស់” ប្រាំដងក្នុងមួយសប្តាហ៍៕ ប្រភព៖ REUTERS

ដោយ៖តុលា ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានអំពាវនាវសុំអង្គការណាតូគួរតែផ្តល់សិទ្ធិសមាជិកភាពដល់អ៊ុយក្រែន សុំឲ្យប្រើទម្រង់យុទ្ធសាស្រ្តរារាំង។ ប្រធានគណៈកម្មការសហភាពអឺរ៉ុប Ursula von der Leyen បានស្នើសមាជិកណាតូគួរតែផ្តល់ការធានាសន្តិសុខអ៊ុយក្រែនក្នុងទម្រង់នៃ“ការរារាំងដោយការបដិសេធ” មានន័យជាមធ្យោបាយមួយជួយការពារខ្លួន ការពារសមាជិកភាពណាតូ ដែលរួមមានទាំងការដាក់ពង្រាយទ័ព និងអាវុធជាដើម។ លោកស្រីបាននិយាយនៅក្នុងសន្និសីទសន្តិសុខនៅទីក្រុង Bratislava ប្រទេសស្លូវ៉ាគីថា ទម្រង់នេះអាចត្រូវបានធ្វើដោយការផ្តល់នូវ “ឧបករណ៍យោធាដែលអាចពង្រឹងអ៊ុយក្រែនប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៊ីនាពេលអនាគត”។ លោកស្រី​បាន​សង្កត់​ធ្ងន់​ថា​ត្រូវ​តែ​ប្រាកដ​ថា “មិត្ត​របស់​អ៊ុយក្រែន​នឹង​នៅ​ទីនោះ​ក្នុង​រយៈពេល​វែង ដើម្បីធានាសន្តិសុខ”។ អ៊ុយក្រែនបានស្វែងរកសមាជិកភាពជាយូរយារណាស់មកហើយនៅក្នុងអង្គការ NATO ដែលតាមរយៈមាត្រា ៥ នៃសន្ធិសញ្ញារបស់ខ្លួនធានាការសងសឹកដោយរដ្ឋសមាជិកទាំងអស់ ប្រសិនបើប្រទេសសមាជិកណាមួយត្រូវបានវាយប្រហារដោយរដ្ឋមួយនៅខាងក្រៅសម្ព័ន្ធមិត្ត ៣១ ប្រទេស។ លោកស្រី Leyen បាននិយាយម្តងហើយម្តងទៀតនូវជំហរពីមុនរបស់លោកស្រីប្រឆាំងនឹងផែនការសន្តិភាពសម្រាប់អ៊ុយក្រែនដោយផ្អែកលើជម្លោះជាប់គាំងជាមួយរុស្ស៊ីដោយព្រមានថា ការគំរាមកំហែងនៃការឈ្លានពានម្តងទៀតរបស់រុស្ស៊ីនឹងនៅតែមានមិនចេះចប់ឡើយ រហូតទាល់តែកងទ័ពនិងឧបករណ៍រុស្ស៊ីទាំងអស់ត្រូវបានដកចេញពីដីអ៊ុយក្រែនទាំងស្រុងតែម្តង៕ ប្រភព៖ CNBC

ដោយ៖តុលា សហរដ្ឋអាម៉េរិកនឹងប្រកាសកញ្ចប់ជំនួយថ្មី ៣០០លានដុល្លារបន្ថែមទៀតសម្រាប់អ៊ុយក្រែននៅថ្ងៃពុធទី ៣១ ខែឧសភា ខណៈនឹងរួមបញ្ចូលគ្រាប់កាំជ្រួចសម្រាប់ប្រព័ន្ធការពារដែនអាកាសPatriot ។ នេះបើយោងទៅតាមមន្រ្តីអាម៉េរិកប្រាប់ទៅកាន់ប្រភពសំឡេងសហរដ្ឋអាម៉េរិក ឬហៅថាVoice of America។ កញ្ចប់ជំនួយនេះក៏រួមបញ្ចូលទាំងមីស៊ីលសម្រាប់ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តខ្ពស់ (HIMARS) និងគ្រាប់រំសេវ, រថក្រោះ និងអាវុធប្រឆាំងពាសដែកជាច្រើនទៀត ក្រៅតែកាំជ្រួចសម្រាប់ MIM-104 Patriot។ គ្រាប់បែកផ្សេងទៀតរួមមានគ្រាប់រ៉ុក្កែតយន្តហោះគ្មានអ្នកបើក Zuni និងកាំជ្រួច AIM-7 ដែលដឹកនាំដោយរ៉ាដាពីអាកាសទៅអាកាស។ លើសពីនេះសហរដ្ឋអាម៉េរិកក៏ត្រូវបានគេរំពឹងថា នឹងផ្តល់ឱ្យអ៊ុយក្រែននូវប្រព័ន្ធការពារដែនអាកាស Avenger និងប្រព័ន្ធមីស៊ីល Stinger ពីដីទៅអាកាសផងដែរ។ កញ្ចប់ជំនួយចុងក្រោយបង្អស់នេះគ្រោងប្រកាសនៅថ្ងៃពុធនេះ គឺជាលើកទី ៣៩ហើយចាប់តាំងពីការឈ្លានពានពេញលក្ខណៈរបស់រុស្ស៊ីនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ដែលរដ្ឋបាលសេតវិមានស្ថិតក្រោមបញ្ជាលោកបៃដិនបាននាំយកសម្ភារយោធាអាម៉េរិកចេញពីស្តុកអាវុធដ៏ក្រាស់ក្រែលរបស់ក្រសួងការពារជាតិអាម៉េរិក៕ ប្រភព៖ ALJAZEERA  

ដោយ៖តុលា ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គី បានបញ្ជាក់ថា ពេលវេលាវាយបកផ្តួលរុស្ស៊ីដើម្បីរំដោះទឹកដីដែលរុស្ស៊ីលេបយកនោះវាបានមកដល់ហើយ ទាំងកម្លាំងទ័ព និងគ្រាប់រំសេវក៏បានរៀបចំរួចរាល់ហើយដែរ។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយបែបនេះកាលពីយប់ថ្ងៃចន្ទ ទី ២៩​ខែឧសភា ឆ្នាំ២០២៣។ យោងតាមប្រភពដកស្រង់ពីស៊ីអិនអិន ការសម្រេចចិត្តមួយនេះ ត្រូវបានធ្វើឡើងទៅលើពេលវេលានៃការវាយលុករបស់អ៊ុយក្រែន ខណៈដែលសម្រង់សម្ដីលោកស្គីបាននិយាយថា “ដូចធម្មតា អគ្គមេបញ្ជាការ និងមេបញ្ជាការនៃទិសដៅប្រតិបត្តិការបានរាយការណ៍ទៅបុគ្គលិកអស់ហើយ” ។ “មិនត្រឹមតែការផ្គត់ផ្គង់គ្រាប់រំសេវប៉ុណ្ណោះទេ មិនត្រឹមតែការហ្វឹកហ្វឺនកងពលតូចថ្មីប៉ុណ្ណោះទេ មិនត្រឹមតែយុទ្ធសាស្ត្ររបស់យើងប៉ុណ្ណោះទេ ថែមទាំងពេលវេលាផងដែរ។ នេះជាពេលវេលាដែលសំខាន់បំផុត។ ពេលវេលានៃរបៀបដែលយើងនឹងឆ្ពោះទៅមុខ”។ យ៉ាងណាក្តី គេពុំអាចលម្អិតបន្ថែមថាតើកាលបរិច្ឆេទថ្ងៃណា ខែណាឲ្យបានច្បាស់ពីលោក Zelensky នោះទេ។ បច្ចុប្បន្នស្ថានភាពសង្រ្គាម រុស្ស៊ីបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចមីស៊ីលមកលើរដ្ឋធានី និងទីក្រុងជាច្រើនរបស់អ៊ុយក្រែន។ ការប្រយុទ្ធគ្នាក៏ត្រូវបានរាយការណ៍មកហូរហែនៅតាមខ្សែបន្ទាត់ជួរមុខភាគខាងកើតនៃប្រទេស ពោលគឺតំបន់បាក់មុត​ ខេត្តដូណេត៕ ប្រភព៖ REUTERS

ដោយ៖តុលា អាជ្ញាធររុស្ស៊ីរាយការណ៍ថា អ៊ុយក្រែនបានបើកការវាយប្រហារសងសឹកវិញមកលើទីក្រុងមូស្គូនៅថ្ងៃអង្គារនេះ បណ្តាលឲ្យមនុស្ស២នាក់រងរបួស និងខូចខាតអគារជាច្រើនខ្នង។ អភិបាលក្រុងមូស្គូ លោក Sergei Sobyanin បាននិយាយថា មនុស្សពីរនាក់បានរងរបួស ដែលម្នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅក្នុងការវាយប្រហារកាលពីព្រឹកព្រលឹមថ្ងៃអង្គារទី ៣០ ខែឧសភា ឆ្នាំ២០២៣។ អ្នកស្រុកនៅផ្នែកជាច្រើននៃប្លុកផ្ទះល្វែងពីរត្រូវបានជម្លៀសចេញ ប៉ុន្តែក្រោយមកបានត្រឡប់មកវិញ។ លោក Sobyanin និយាយផ្ទាល់មាត់ថា “នៅព្រឹកព្រលឹមនេះ ជាលទ្ធផលនៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក មានការខូចខាតតិចតួច តែបានកើតឡើងនៅក្នុងអគារជាច្រើន” ។ “គ្មាន​នរណា​ម្នាក់​រង​របួស​ធ្ងន់​ធ្ងរដល់ជីវិតនោះ​ទេ”។ យោងតាមសារព័ត៌មានរ៉យទ័រ វីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីអ្វីដែលហាក់ដូចជាយន្តហោះគ្មានមនុស្សបើកត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសរុស្ស៊ី និងផ្សែងហុយពេញផ្ទៃមេឃនៃទីក្រុងមូស្គូ។ សមាជិកសភារុស្ស៊ី Maxim Ivanov បាននិយាយថា វាគឺជាការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុតលើទីក្រុងមូស្គូ ចាប់តាំងពីការវាយប្រហាររបស់ណាស៊ីក្នុងអំឡុងសង្គ្រាមលោកលើកទី ២។ ការវាយប្រហារនេះ កើតឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា រុស្ស៊ីបានបើកការវាយប្រហារដាក់ប្រទេសរបស់អ៊ុយក្រែនយ៉ាងចាស់ដៃរួចមក៕ ប្រភព៖ REUTERS

ដោយ៖តុលា នាវាចម្បាំងជប៉ុននឹងមកដល់កូរ៉េនៅថ្ងៃចន្ទទី ២៩ ខែឧសភានេះ  ដើម្បីចូលរួមជាមួយគ្នាធ្វើសមយុទ្ធទប់ស្កាត់អាវុធប្រល័យលោកកូរ៉េខាងជើង។ នាវាពិឃាត JS Hamagiri របស់ប្រទេសជប៉ុន គ្រោងនឹងមកដល់ទីក្រុងកំពង់ផែ Busan ភាគអាគ្នេយ៍កូរ៉េខាងត្បូងនៅថ្ងៃចន្ទទី ២៩ ខែឧសភា ឆ្នាំ២០២៣ ដើម្បីចូលរួមក្នុងសមយុទ្ធ Eastern Endeavor ២៣ នៅថ្ងៃពុធ ក្នុងដែនទឹកអន្តរជាតិភាគអាគ្នេយ៍នៃកោះ Jeju របស់កូរ៉េខាងត្បូង។ សហរដ្ឋអាម៉េរិក អូស្ត្រាលី ជប៉ុន កាណាដា និងសិង្ហបុរី នឹងចូលរួមសមយុទ្ធដែលដឹកនាំដោយ កងនាវាចរកូរ៉េខាងត្បូង នៃកងនាវាចរដែនទឹកកូរ៉េខាងត្បូង។ សមយុទ្ធនេះនឹងធ្វើឡើងមួយថ្ងៃបន្ទាប់ពីវេទិកាកម្រិតខ្ពស់នៃគំនិតផ្តួចផ្តើមសន្តិសុខមិនរីកសាយភាយអាវុធនុយក្លេអ៊ែរនៅថ្ងៃអង្គារ។ ប្រទេសដែលចូលរួមនឹងប្រមូលផ្តុំនាវាសរុបចំនួនប្រាំពីរគ្រឿង និងយន្តហោះចំនួនប្រាំមួយ ហើយពួកគេមានគម្រោងបង្កើត “មជ្ឈមណ្ឌលសម្របសម្រួលពហុជាតិ” សម្រាប់កិច្ចសហប្រតិបត្តិការក្នុងការចែករំលែកព័ត៌មាន និងនីតិវិធីដែនសមុទ្រផ្សេងទៀត។ យ៉ាងណា ក្រុមអ្នករិះគន់បានចង្អុលបង្ហាញថា ក្រោមរូបភាពនេះអាចបង្កឱ្យមានភាពចម្រូងចម្រាសជាប្រវត្តិសាស្ត្រ ខណៈដែលទង់ជាតិត្រូវបានគេមើលឃើញថាជានិមិត្តរូបនៃរបបយោធានិយមកាលពីអតីតកាលរបស់ប្រទេសជប៉ុន៕ ប្រភព៖ YONHAP NEWS AGENCY

ដោយ៖តុលា ប្រធានាធិបតីបេឡារុសត្រូវបានគេរាយការណ៍មកថាបានចូលមន្ទីរពេទ្យបន្ទាន់ បន្ទាប់ពីជួបជាមួយលោកពូទីន ប្រធានាធិបតីរុស្ស៊ីកាលពីថ្ងៃអាទិត្យទី ២៨ ខែឧសភា ឆ្នាំ២០២៣។ Valery Tsepkalo មេដឹកនាំបក្សប្រឆាំងបេឡារុសបាននិយាយលើបណ្តាញតេលេក្រាមថា បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីបេឡារុស លោកAlexander Lukashenko ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Central Clinical Clinic of Moscow ដែលមានទីតាំងនៅក្នុងទីក្រុងមូស្គូប្រទេសរុស្ស៊ី ដោយវេជ្ជបណ្ឌិតថាមានស្ថានភាពធ្ងន់ធ្ងរ។ យោងតាមប្រភពដដែលនេះ ស្ថានភាពជំងឺលោក Lukashenko មិនត្រូវបានគេបញ្ជាក់ឲ្យដឹងច្បាស់នោះទេ គ្រាន់តែដឹងថា ឈាមត្រូវបានបន្សុទ្ធLukashenko ត្រូវបានប្រកាសថាមិនទាន់អាចដឹកទៅប្រទេសបេឡារុសភ្លាមៗឡើយ។ យ៉ាងណាក៏ដោយ ដើម្បីកុំឲ្យមានការសង្ស័យ និងជ្រួលច្របល់ យន្តហោះរបស់ Lukashenko ត្រូវបានគេបញ្ជូនទៅកាន់ទីក្រុង Minskវិញ។ មុនកើតហេតុ នៅថ្ងៃទី ២៤ ខែឧសភា Lukashenko បានចូលរួមក្នុងវេទិកាសេដ្ឋកិច្ច   អឺរ៉ាស៊ីនៅទីក្រុងមូស្គូ។ ជាពិសេសនៅទីនោះ លោកបាននិយាយថា អាវុធនុយក្លេអ៊ែររបស់រុស្ស៊ី បានចាប់ផ្តើមដឹកជញ្ជូនទៅកាន់ប្រទេសបេឡារុសរួចហើយ ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងទ្វេភាគី។ ស្ថានភាពសុខភាពរបស់ Lukashenko ត្រូវបានគេវិភាគយ៉ាងកក្រើកនាពេលថ្មីៗនេះ ដោយលើកឡើងថា […]

ដោយ៖តុលា មនុស្ស២នាក់បានស្លាប់, ៣១នាក់រងរបួស ក្រោយរុស្ស៊ីវាយប្រហារលើមន្ទីរពេទ្យទីក្រុង Dnipro ភាគកណ្តាលអ៊ុយក្រែនកាលពីថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣។ សារព័ត៌មានអាម៉េរិកស៊ីអិនអិនបានរាយការណ៍ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុងភាគកណ្តាលប្រទេសអ៊ុយក្រែនយ៉ាងពិតប្រាកដ ដោយរុស្ស៊ីបានបើកការវាយប្រហារទៅលើមន្ទីរពេទ្យ, គ្លីនិកសត្វ និងអគារពាក់ព័ន្ធ បណ្តាលឲ្យមនុស្ស២នាក់បានស្លាប់ និង ៣១នាក់ផ្សេងទៀតរងរបួស ដែលរួមមានកុមារអាយុចន្លោះពី ៣ ទៅ ៦ឆ្នាំ។ សម្រាប់ការអន្តរាគមន៍ភ្លាមៗ ភ្នាក់ងារសង្រ្គោះអ៊ុយក្រែនបានប្រញាប់ប្រញាល់បញ្ជូនជនរងគ្រោះទាំងអស់ទៅកាន់មណ្ឌលវេជ្ជសាស្ត្រផ្សេងទៀត ខណៈដែលបុគ្គលិកពេទ្យសត្វក៏បានជួយសង្គ្រោះសត្វពីអគារដែលកំពុងឆេះផងដែរ។ ជាក់ស្តែងយោងតាមម្ចាស់គ្លីនិក លោកវេជ្ជបណ្ឌិត Andrii Malyshko ថាគ្រាប់រ៉ុក្កែតមួយបានវាយប្រហារនៅម៉ោងប្រហែល ១០ និង៣០នាទីព្រឹក ម៉ោងក្នុងស្រុក បណ្តាលឱ្យមានអគ្គិភ័យឆាបឆេះសន្ធោសន្ធៅ។ លោកបន្តថា គ្លីនិកនេះមានសត្វឆ្កែ និងឆ្មាជាច្រើនក្បាលផ្អើលស្រែកឆ្លេឆ្លា តែចុងក្រោយត្រូវបានផ្ទេរទៅកាន់គ្លីនិកក្បែរគ្នាផ្សេងទៀត។ ជុំវិញដំណឹងនេះ រុស្ស៊ីមិនបានចេញមុខទទួលស្គាល់ឡើយ។ អ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីពីការកំណត់គោលដៅហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិលចាប់តាំងពីសង្រ្គាម បើទោះជារុស្ស៊ីប្រកាន់ថា ទីតាំងទាំងនោះគឺជាមូលដ្ឋានយោធាក៏ដោយ៕ ប្រភព៖ REUTERS

ដោយ៖តុលា ហ្វូងត្រីបាឡែនពិឃាតបើកការវាយប្រហារទូកក្តោងមួយនៅឆ្នេរសមុទ្រភាគខាងត្បូងប្រទេសអេស្ប៉ាញនៅចុងសប្តាហ៍នេះ បណ្ដាលឲ្យមនុស្សនៅលើទូកមានការចលាចលភ័យព្រលឹងចុងសក់។ យោងតាមសារព័ត៌មានរ៉យទ័រ អ្នកនាំពាក្យសេវាសង្គ្រោះដែនសមុទ្រអេស្ប៉ាញបាននិយាយថា នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ទី ២៥ ខែឧសភា ហ្វូងត្រីបាឡែន Orcas ជាច្រើនក្បាលបានអណ្ដែតខ្លួន វាយប្រហារទៅក្នុងសមុទ្រ Mustique ខ្សែទឹក Gibraltar   ដោយបានធ្វើឱ្យនាវិកដែលស្ថិតនៅលើទូកនោះចំនួន ៤ នាក់ ភ័យស្លន់ស្លោទាក់ទងអាជ្ញាធរអេស្ប៉ាញដើម្បីសុំជំនួយ។ ជាសំណាងល្អមិនមាននរណាម្នាក់បាត់បង់ជីវិត ឬរងរបួសឡើយ បន្ទាប់ពីសេវាសង្រ្គោះបានដាក់ពង្រាយកម្លាំងអន្តរាគមន៍ទាន់ពេលវេលា។ អ្នកនាំពាក្យនិយាយថា សេវាកម្មនេះបានដាក់ពង្រាយនាវាឆ្លើយតបរហ័ស និងឧទ្ធម្ភាគចក្រ ដឹកម៉ាស៊ីនបូមទឹកផងដែរ ដើម្បីជួយដល់នាវាប្រវែង ២០ ម៉ែត្រ ដែលកំពុងរងគ្រោះនោះ។   យោងតាមក្រុមស្រាវជ្រាវ GTOA ដែលតាមដានចំនួននៃសត្វត្រីបាឡែន​ប្រភេទOrca ការវាយប្រហារនេះគឺជាលើកចុងក្រោយបង្អស់ហើយ បន្ទាប់ពីការវាយប្រហារនៅដើមខែឧសភាធ្វើឲ្យទូកក្តោង Alboran Champagne លិចចូលសមុទ្រទាំងស្រុង។ យ៉ាងណាកដ៏ដោយ អ័រកាត្រូវបានគេទទួលស្គាល់ថាជិតផុតពូជហើយ ខណៈវាគឺជាផ្នែកមួយនៃអម្បូរត្រីផ្សោត៕ ប្រភព៖ REUTERS

ដោយ៖រតនា អ៊ុយក្រែនបាញ់ទម្លាក់មីស៊ីល១០គ្រាប់, យន្តហោះគ្មានមនុស្សបើកជាង២០គ្រឿង ក្នុងការវាយប្រហាររបស់រុស្ស៊ីលើសរដ្ឋធានី Kyiv ទីក្រុង Dnipro និងតំបន់ភាគខាងកើត។ កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលចំនួន ១០ គ្រាប់ដែលបាញ់ចេញពីសមុទ្រកាសព្យែន, យន្តហោះគ្មានមនុស្សបើក Shahed ផលិតដោយអ៊ីរ៉ង់ចំនួន ២៣ គ្រឿង និងយន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍ចំនួន ២ គ្រឿង។ កាំជ្រួចសរុបចំនួន ១៧ គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន ៣១គ្រឿងត្រូវបានបាញ់បង្ហោះក្នុងអំឡុងពេលនៃការវាយប្រហារ ដែលបានចាប់ផ្តើមនៅម៉ោងប្រហែល ១០ និង០០នាទីយប់ម៉ោងក្នុងស្រុកនៅថ្ងៃព្រហស្បតិ៍ និងបន្តរហូតដល់ម៉ោង ៥ និង០០នាទីព្រឹកថ្ងៃសុក្រ។ លោក Serhiy Lysak អភិបាលតំបន់ Dnipropetrovsk បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា “វាជាយប់ដ៏លំបាកមួយ។ វាមានសំឡេងខ្លាំង – សត្រូវបានបើកការវាយប្រហារទ្រង់ទ្រាយធំលើតំបន់ដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក”។ “Dnipro បានរងទុក្ខ”។​ផ្ទះ, រថយន្ត និង​ក្រុមហ៊ុន​ឯកជន​ជា​ច្រើន​ រួម​ទាំង​ក្រុមហ៊ុន​ដឹក​ជញ្ជូន និង​ស្ថានីយ​ប្រេង​មួយបាន​រង​ការ​ខូច​ខាត។ មន្ត្រីក្នុងទីក្រុង Kyiv បាននិយាយថា ដំបូលផ្សារទំនើប, ផ្ទះឯកជនមួយ […]

ដោយ៖តុលា ភ្នាក់ងារចារកម្មរុស្ស៊ីនិយាយថាបានចាប់ខ្លួនបានជនជាតិអ៊ុយក្រែនចំនួន២នាក់នៅថ្ងៃព្រហស្បតិ៍ទី ២៥ ខែឧសភា បន្ទាប់ពីពួកគេបានរៀបចំផែនការប្រុងវាយប្រហាររោងចក្រថាមពលនុយក្លេអ៊ែរ។ សេវាសន្តិសុខរបស់ប្រទេសរុស្ស៊ីដែលហៅកាត់ថា FSB កាលពីថ្ងៃព្រហស្បតិ៍ទី ២៥ ខែឧសភា ឆ្នាំ២០២៣ បានប្រកាសពីការចាប់ខ្លួនជនជាតិអ៊ុយក្រែនចំនួនពីរនាក់ សង្ស័យជាចារកម្មបរទេស។ ភ្នាក់ងារបានតាមដាន រកឃើញថា ពួកគេមានគម្រោងកំណត់គោលដៅរោងចក្រថាមពលនុយក្លេអ៊ែរនៅក្នុងប្រទេស។ យោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានដកស្រង់សម្តី “ក្រុមបំផ្លិចបំផ្លាញពីសេវាចារកម្មបរទេសរបស់អ៊ុយក្រែន… បានព្យាយាមបំផ្ទុះខ្សែថាមពលចំនួន ៣០ កាលពីដើមខែឧសភាមកលើរោងចក្រថាមពលនុយក្លេអ៊ែរនៅ Leningrad និង Kalinin របស់រុស្ស៊ី” ក្នុងគោលបំណងចង់បញ្ឈប់ម៉ាស៊ីនរ៉េអាក់ទ័រកុំឲ្យដើរ។ ព័ត៌មានលម្អិត គេពុំទាន់អាចផ្ទៀងផ្ទាត់សាកសួរពីខាងទីក្រុងកៀវសម្រាប់ការបកស្រាយនោះទេ៕ ប្រភព៖  AFP

ដោយ៖តុលា អ៊ីរ៉ង់និយាយថា បានបាញ់សាកល្បងដោយជោគជ័យនូវកាំជ្រួចផ្លោងដែលមានរយៈចម្ងាយ ២.០០០ គីឡូម៉ែត្រកាលពីថ្ងៃព្រហស្បតិ៍ ពីរថ្ងៃបន្ទាប់ពីអ៊ីស្រាអែលទើបតែ    ប្តេជ្ញាតាមប្រមាញ់។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា អ៊ីរ៉ង់បានបាញ់សាកល្បងដោយជោគជ័យនូវកាំជ្រួចផ្លោងដែលមានរយៈចម្ងាយ ២.០០០ គីឡូម៉ែត្រកាលពីថ្ងៃព្រហស្បតិ៍ ទី ២៥ ខែឧសភា ឆ្នាំ២០២៣។ ទូរទស្សន៍រដ្ឋបានចាក់ផ្សាយវីដេអូពីរបីវិនាទីនៃអ្វីដែលខ្លួនបាននិយាយថា គឺជាការបាញ់បង្ហោះមីស៊ីលផ្លោង Khoramshahr 4 (ខូរាំសា)របស់អ៊ីរ៉ង់ដែលមានរយៈចម្ងាយ ២០០០ គីឡូម៉ែត្រ និងអាចផ្ទុកក្បាលគ្រាប់ទម្ងន់ ១៥០០ គីឡូក្រាម ។ មីស៊ីលនេះត្រូវបានគេស្គាល់ឈ្មោះផ្សេងទៀតថាជា Kheibar (ខីបា)  លក្ខណៈពិសេសដ៏អស្ចារ្យរបស់វា ដែលផលិតក្នុងស្រុក គឺថាងាយស្រួលរៀបចំ មានភាពរហ័សសម្រាប់ពេលវេលាបាញ់បង្ហោះ ដែលធ្វើឱ្យវាក្លាយជាអាវុធយុទ្ធសាស្ត្រ បន្ថែមពីលើយុទ្ធសាស្ត្រក្នុងឃ្លាំងអ៊ីរ៉ង់។ អ៊ីរ៉ង់និយាយថា មីស៊ីលផ្លោងរបស់ខ្លួនគឺជាកម្លាំងរារាំង និងសងសឹកដ៏សំខាន់ប្រឆាំងនឹងសហរដ្ឋអាម៉េរិក, អ៊ីស្រាអែល និងសត្រូវក្នុងតំបន់ដ៏មានសក្តានុពលផ្សេងទៀត។ តាមប្រភពរ៉យទ័រ មន្ត្រី​អ៊ីស្រាអែល​មិន​អាច​ទាក់ទង​ភ្លាមៗ​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​អំពី​ការ​បាញ់​មីស៊ីល​របស់​អ៊ីរ៉ង់នេះ​បាន​ទេ។ តែកាលពីថ្ងៃអង្គារមុនគ្នា២ថ្ងៃ ឧត្តមសេនីយ៍កំពូលរបស់អ៊ីស្រាអែលបានរិះគន់សកម្មភាពយោធាដែលអាចកើតមានប្រឆាំងនឹង    ទីក្រុងតេអេរ៉ង់៕ ប្រភព៖  REUTERS

ដោយ៖តុលា មេដឹកនាំក្រុមផ្តាច់ខ្លួនរុស្ស៊ី បានប្រកាសបើកការវាយប្រហារតំបន់ព្រំដែនក្នុងដីរុស្ស៊ីបន្ថែមទៀតនាពេលឆាប់ៗនេះ បន្ទាប់ពីបានវាយប្រហារធ្វើឲ្យរដ្ឋាភិបាលពូទីនចលាចល។ យោងតាមបណ្តាញសារព័ត៌មានអាល់ចាហ្សេរ៉ា នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៣នេះបានឲ្យដឹងថា៖ មេបញ្ជាការក្រុមយុទ្ធជនរុស្ស៊ីដែលមានទំនោរគាំទ្រអ៊ុយក្រែនជាខ្សែបណ្តាញអ៊ុយក្រែនឈ្មោះ Denis Kapustin បានប្រកាសនឹងបើកការវាយប្រហារដី រុស្ស៊ីបន្ថែមទៀតក្នុងពេលដ៏ឆាប់ៗខាងមុខនេះ។ ក្រុមនេះត្រូវបានគេស្គាល់ឈ្មោះកាត់ថា (RVC) បានវាយលុកម្តងហើយលើតំបន់ Belgorod របស់ប្រទេសរុស្ស៊ីដែលមានទីតាំងស្ថិតនៅជាប់ព្រំដែនអ៊ុយក្រែននៅថ្ងៃចន្ទ និងអង្គារ ដែលមានរយៈពេលជិត ២៤ម៉ោង ធ្វើឲ្យអាជ្ញាធររុស្ស៊ីនៃរដ្ឋបាលលោកពូទីនហាក់មានការស្រឡាំងកាំង និងធ្វើអ្វីសឹងមិនទាន់។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា មនុស្ស១២នាក់រងរបួស ផ្ទះប្រមាណ ៥០០ ខ្នងបានរងការខូចខាត ខណៈ២០០ខ្នងត្រូវបានបំផ្លាញស្ទើរទាំងស្រុង ព្រមទាំងមានការដាច់អគ្គិសនីខ្នាតធំទៀតផង។ អ្នកស្រុកដែលបានភៀសខ្លួនចេញពីផ្ទះនៅ Belgorodនេះ មិនទាន់បានត្រលប់ទៅវិញទេនៅតាមតំបន់មួយចំនួន។ អាជ្ញាធររុស្ស៊ីថា ខ្លួនបានបញ្ជូនក្រុមវាយឆ្មក់ដោយកាំភ្លើងធំ និងការវាយប្រហារតាមអាកាស ដើម្បីធ្វើអន្តរាគមន៍ទប់ទល់៕ ប្រភព៖  ALJAZEERA

ដោយ៖តុលា រដ្ឋបាលសេតវិមានលោកចូបៃដិន បាននិយាយថា បានយល់ព្រមលក់ប្រព័ន្ធការពារដែនអាកាសដែលមានតម្លៃលុយ ២៨៥លានដុល្លារទៅដល់អ៊ុយក្រែន។ ក្រសួងការបរទេសអាម៉េរិកបានប្រកាសនៅថ្ងៃពុធថា រដ្ឋបាលលោក Biden បានយល់ព្រមលើការលក់នូវប្រព័ន្ធកាំជ្រួចលើផ្ទៃដីទៅអាកាសកម្រិតខ្ពស់ថ្នាក់ជាតិក្នុងទំហំទឹកប្រាក់ ២៨៥ លានដុល្លារទៅឱ្យប្រទេសអ៊ុយក្រែន។ ប្រព័ន្ធនេះមានឈ្មោះថា NASAMS ជាប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយមធ្យមកម្រិតខ្ពស់ ដែលអ៊ុយក្រែនបានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាព ដើម្បីវាយប្រហារ និងស្ទាក់ចាប់ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីរាល់ដង។ អ៊ុយក្រែនមានប្រព័ន្ធនេះពីររួចហើយ ហើយអាម៉េរិកបានប្តេជ្ញាផ្តល់ប្រាំមួយផ្សេងទៀត ក្រោមគំនិតផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែន។ ការទិញចុងក្រោយនេះនឹងផ្តល់ឱ្យអ៊ុយក្រែននូវ NASAMS សរុបចំនួន ៩ នៅពេលដែលការដឹកជញ្ជូនត្រូវបានបញ្ចប់។ កាលពីខែវិច្ឆិកា រដ្ឋមន្ត្រីការពារជាតិ Lloyd Austin បាននិយាយថា NASAMS មានអត្រាជោគជ័យ ១០០ភាគរយក្នុងការស្ទាក់ចាប់មីស៊ីលរុស្ស៊ី។ កិច្ចព្រមព្រៀងនេះហាក់ខុសប្លែកនឹងសព្វមួយដង ខណៈដែលកន្លងមកគឺសុទ្ធតែអាម៉េរិកផ្តល់ជូនដោយឥតគិតថ្លៃសឹងទាំងអស់៕ ប្រភព៖  REUTERS

ដោយ៖តុលា ប្រទេសចិនបានចេញមុខប្រកាសប្រឆាំងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសតវត្សរ៍ទី២១ថ្មីរវាងសហរដ្ឋអាម៉េរិក និងតៃវ៉ាន់ ជំរុញឲ្យសហរដ្ឋអាម៉េរិកគិតគូរឡើងវិញយ៉ាងប្រុងប្រយ័ត្ន។ យោងតាមការចុះផ្សាយដោយបណ្តាញសារព័ត៌មានរ៉យទ័រ ក្រសួងពាណិជ្ជកម្មចិនបាននិយាយបែបនេះកាលពីថ្ងៃអង្គារ ទី ២៣ ខែឧសភា។ ប្រទេសចិនបានជំទាស់យ៉ាងដាច់អហង្ការចំពោះកិច្ចព្រមព្រៀងដែលសម្រេចបានរវាងសហរដ្ឋអាម៉េរិកនិងតៃវ៉ាន់ចុងក្រោយ ដោយជំរុញយ៉ាងម៉ឺងម៉ាត់ដល់សហរដ្ឋអាម៉េរិក ប្រញាប់ចេញមុខដោះស្រាយដោយប្រុងប្រយ័ត្ននូវទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយតៃវ៉ាន់ គោរពតាមគោលនយោបាយចិនតែមួយ។ ការិយាល័យតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិកបានប្រកាសកាលពីសប្តាហ៍មុនថា សហរដ្ឋអាម៉េរិក និងតៃវ៉ាន់បានឈានដល់កិច្ចព្រមព្រៀងលើផ្នែកដំបូងនៃគំនិតផ្តួចផ្តើមពាណិជ្ជកម្ម “សតវត្សរ៍ទី ២១” របស់ពួកគេ ដែលគ្របដណ្តប់លើការសម្របសម្រួលផ្នែកគយ និងពាណិជ្ជកម្ម ការអនុវត្តបទប្បញ្ញត្តិ និងអាជីវកម្មខ្នាតតូច។ ចំពោះការអំពាវនាវពីសំណាក់ក្រុងប៉េកាំង ទីក្រុងវ៉ាស៊ីនតោនមិនទាន់បានឆ្លើយតបទេ៕ ប្រភព៖ REUTERS

ដោយ៖តុលា អ៊ុយក្រែនបង្ហាញក្តីរំពឹងនឹងទទួលបានយន្តហោះចម្បាំង F-16 រាប់សិបគ្រឿងឆាប់ៗនេះ ខណៈដែលរុស្ស៊ីប្រកាសគំរាមប្រើធម៌ក្តៅដាក់លោកខាងលិច។ អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន លោកវរសេនីយ៍ឯក Yuri Ignat បានប្រាប់ទូរទស្សន៍ Espreso ដែលជាប្រភពឃ្លាំមើលសង្រ្គាមយ៉ាងជាប់លាប់កាលពីថ្មីៗនេះថា “យើងនឹងឈ្នះសង្គ្រាមនេះ” នៅពេលដែលមានដាក់ពង្រាយយន្តហោះចម្បាំង F-16  ផ្តល់ការការពារនៅក្នុងតំបន់យើង។ អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែនរូបនេះ បានបន្តទៀតថា អ៊ុយក្រែននឹងទទួលបានយន្តហោះ F-16 ជាច្រើនគ្រឿង។ វានឹងត្រូវផ្ទេរមកអ៊ុយក្រែនជាក្រុម ហើយក្នុងពេលតែមួយទៀត។ អ៊ុយក្រែនចង់ទទួលបានយន្តហោះចម្បាំង F-16 ដើម្បីបង្កើតកងរវសេនាធំក្រុមបី ឬបួន ចន្លោះពី ៤០ ទៅ ៥០ គ្រឿង។ បែបនេះក្តី ទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ីបានដកស្រង់សម្តីអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Alexander Grushko បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសលោកខាងលិចនឹងដំណើរការ “ហានិភ័យដ៏ធំហើយ” ប្រសិនបើពួកគេពិតជាហ៊ានផ្គត់ផ្គង់អ៊ុយក្រែនជាមួយនឹងយន្តហោះចម្បាំង F-16 មែននោះ។ “ក្នុងករណីណាក៏ដោយ នេះនឹងត្រូវយកមកពិចារណានៅក្នុងផែនការរបស់យើងទាំងអស់ ហើយយើងមានមធ្យោបាយចាំបាច់ទាំងអស់ដើម្បីសម្រេចបាននូវគោលដៅដែលយើងបានកំណត់”។ ការកត់សម្គាល់ទាំងអស់នេះ កើតឡើងក្រោយរដ្ឋបាលសេតវិមានចូបៃដិន បានប្រកាសគាំទ្រសម្រាប់ការផ្តល់ និងការបង្ហាត់បង្រៀនទាហានអ៊ុយក្រែនលើយន្តហោះចម្បាំងក្នុងអំឡុងកិច្ចប្រជុំប្រទេសG7 នាប្រទេសជប៉ុន៕ ប្រភព៖ REUTERS