ដោយ៖វិចិត្រ ស្វាយរៀង៖រហូតមកដល់ពេលនេះសមត្ថកិច្ចមិនទាន់រកឃើញម្ចាស់ម៉ូតូដែលគេយកមកប្លុងចោលក្នុងប្រឡាយទឹក ក្រោយអាហារដ្ឋាននីចាន់នីសា អាចជាអំពើចោរកម្ម។ ហេតុការណ៍នេះបានកើតឡើងនៅខាងក្រោយអាហារដ្ឋាន នីចាន់នីសា ស្ថិតក្នុងភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង កាលពីល្ងាចថ្ងៃទី៥ ខែមិថុនា។ មន្ត្រីនគរបាលក្រុងបានឱ្យដឹងថា ម៉ូតូដែលប្រទះឃើញក្នុងប្រឡាយទឹកនោះម៉ាកហុងដាវ៉េវ ពណ៌ក្រហម គ្មានផ្លាកលេខ រហូតពេលនេះសមត្ថកិច្ចស្វែងរកម្ចាស់ម៉ូតូមិនទាន់ឃើញនៅឡើយទេ។ មុនកើតការភ្ញាក់ផ្អើល មានក្មេងៗឃ្វាលក្របីនិងអ្នកភូមិបានប្រទះឃើញម៉ូតូមួយគ្រឿង​ក្នុងប្រឡាយទឹកសង្ស័យចោរលួចយកមកប្លុងចោល ហើយក៏ប្រញាប់រាយការណ៍ទៅសមត្ថកិច្ច។ បន្ទាប់មកកម្លាំងកងរាជអាវុធហត្ថក្រុងស្វាយរៀង ជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយតឿ បានចុះដល់កន្លែងប្រឡាយទឹកនោះឃើញម៉ូតូដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើស។បច្ចុប្បន្នសមត្ថកិច្ចបានយកមកទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីស្រាវជ្រាវ​រកម្ចាស់បន្តទៀត៕