Tag: អន្តរជាតិ »

ដោយ៖តុលា នៅទីបំផុតរាជរដ្ឋាភិបាលប្រទេសជប៉ុន បានប្រកាសផ្តល់ជំនួយយោធារថយន្តប្រយុទ្ធ១០០គ្រឿង ព្រមទាំងកញ្ចប់ស្បៀងអាហារហូបចុក៣ម៉ឺនកញ្ចប់ដល់អ៊ុយក្រែន។ នេះបើតាមសម្ដីរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ដែលបាននិយាយកាលពីថ្ងៃទី២១ ខែឧសភា ក្នុងពេលជួបជាមួយលោកហ្សេឡិនស្គីមេដឹកនាំអ៊ុយក្រែន។ លោកថា ប្រទេសជប៉ុននឹងបញ្ជូនរថយន្តយោធាប្រហែល ១០០ គ្រឿង និងគ្រឿងបរិភោគហូបចុកអាហារ ៣០០០០កញ្ចប់ជូនដល់ប្រជាជនអ៊ុយក្រែនដែលកំពុងប្រយុទ្ធតស៊ូនឹងរុស្ស៊ី។ លោក Kishida សង្កត់ធ្ងន់ថា មេដឹកនាំ G7 រួបរួមគ្នាជាងពេលណាៗទាំងអស់ទាក់ទងនឹងសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ហើយជប៉ុននឹងគាំទ្រអ៊ុយក្រែនយ៉ាងខ្លាំងលើគ្រប់ទិដ្ឋភាពទាំងអស់ រួមទាំងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីផងដែរ។ បើតាមក្រសួងការបរទេសជប៉ុនបានរាយការណ៍ Kishida ក៏បានហៅការគំរាមកំហែងនុយក្លេអ៊ែររបស់រុស្ស៊ីថា“មិនអាចទទួលយកបាន”។ ធនាគារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នឹងធានានូវមូលបត្របំណុល  សាមូរ៉ៃតម្លៃ ៦៧៤លានដុល្លារសម្រាប់ប្រទេសប៉ូឡូញ ដើម្បីគាំទ្រជនភៀសខ្លួនអ៊ុយក្រែន។ លើសពីនេះ ជប៉ុនគ្រោងនឹង​​ផ្តល់ជំនួយ​សរុប​ចំនួន ៧,៦ ពាន់​លាន​ដុល្លារ​សម្រាប់​ការកសាង​ឡើងវិញ​របស់​អ៊ុយក្រែន។ ​ កាលពីពេលកន្លងទៅ ចុងខែមីនា ប្រទេសជប៉ុនបានប្រកាសផ្តល់ជំនួយចំនួន ៤០០ លានដុល្លារសម្រាប់ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែនដែលរងការខូចខាតយ៉ាងខ្លាំងដោយការវាយប្រហាររបស់រុស្ស៊ីជាបន្តបន្ទាប់៕ ប្រភព៖ AFP វីដេអូ៖ https://www.youtube.com/watch?v=IHa4uXHum7M

ដោយ៖តុលា ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡិនស្គី កាលពីចុងសប្តាហ៍ក្តៅៗនេះបានចាក់វោហារសាស្រ្តសំដែងក្តីទុក្ខសោកទៅកាន់កូរ៉េខាងត្បូងនិងជប៉ុន ដើម្បីអំពាវនាវសុំអាវុធសាហាវៗប្រឆាំងនឹងរុស្ស៊ី។ នៅក្នុងជំនួបក្រុមប្រទេសអ្នកមានទាំង៧ ឬហៅកាត់ថា G7 នៅក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុនកាលពីថ្ងៃអាទិត្យទី ២១ ខែឧសភា ឆ្នាំ២០២៣ លោកហ្សេឡិនស្គី មេដឹកនាំអ៊ុយក្រែនបានអំពាវនាវយ៉ាងពេញទំហឹងទៅកាន់គូកនជប៉ុន និងកូរ៉េខាងត្បូង សម្រាប់ការបញ្ជូននូវជំនួយអាវុធសាហាវៗមកឲ្យខ្លួន ខណៈចាប់តាំងពីសង្រ្គាមមករដ្ឋទំាងនេះបានគ្រាន់តែផ្តល់នូវជំនួយមនុស្សធម៌ប៉ុណ្ណោះ។ លោកបាននិយាយថា ទាក់ទងនឹងសម្ពាធការទូតលើប្រទេសរុស្ស៊ី និងទម្រង់មួយចំនួននៃដំណោះស្រាយ​ការទូតនៃសង្គ្រាមនៅអ៊ុយក្រែន លោកដឹងថាវាពិបាកនឹងបញ្ជូនអាវុធមកឲ្យអ៊ុយក្រែន ព្រោះតែធាតុសំខាន់ៗដូចជាការគោរពចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ”។ តែយ៉ាងណាលោកបានថ្លឹងថ្លែងរវាងការឈ្លានពានដ៏មហន្តរាយរបស់រុស្ស៊ីសម្រាប់ការមិនអាចឈរឱបដៃមើលបាន និងត្រូវតែរួបរួមគ្នាកម្ចាត់។ លោកស្គីថែមទាំងបានសំដែងក្តីទុក្ខសោកជាមួយជនជាតិជប៉ុនចំពោះសោកនាដកម្មហ៊ីរ៉ូស៊ីម៉ា ហើយប្រៀបធៀបនោះទៅនឹងការស្លាប់នៅបាក់មុតផងដែរ។ លោកបាននិយាយថា “រូបថតនៃទីក្រុងហ៊ីរ៉ូស៊ីម៉ា ធ្វើឱ្យខ្ញុំនឹកឃើញដល់ក្រុង Bakhmut ។ គ្មានអ្វីនៅរស់ទេ។ អគារទាំងអស់ត្រូវបានបំផ្លាញ”។ “យើងសង្ឃឹម និងសុបិនចង់ស្តារក្រុងយើងឡើងវិញ”៕ ប្រភព៖ CNN

ដោយ៖តុលា មេក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៊ីបានបញ្ជាក់ចុងក្រោយថា នឹងដកទ័ពចាកចេញពីសមរភូមិជួរមុខជាមួយនឹងអ៊ុយក្រែននៅប៉ុន្មានថ្ងៃខាងមុខនេះ តែនឹងប្រគល់តំណែងឲ្យទៅក្រសួងការពារជាតិរុស្ស៊ី។ ប្រធានក្រុមយោធាឯកជន Wagner លោក Yevgeny Prigozhin បាននិយាយកាលពីថ្ងៃអាទិត្យនៅក្នុងសារជាសំឡេងនៅលើទំព័រ Telegram នៃសេវាសារព័ត៌មានរបស់គាត់ថា “ដូចដែលខ្ញុំបាននិយាយកាលពីម្សិលមិញ យើងកំពុងប្រគល់មុខតំណែងរបស់យើងទៅឱ្យក្រសួងការពារជាតិ (រុស្ស៊ី) ហើយនៅថ្ងៃទី ២៥ យើងនឹងចាកចេញពីតំបន់ប្រយុទ្ធ”។ ដោយបន្តថា ដូច្នេះ​រាល់​កិច្ចការ​ដែល​នឹង​បន្ត​អនុវត្ត​គឺ​ត្រូវ​អនុវត្ត​ដោយ​អង្គភាព​ក្លាហាន​របស់​ក្រសួងការពារជាតិ ហើយ​យើង​ចេញ​ទៅ​ជំរំ​នៅ​តាម​វាលស្រែ​”​។ លោក Prigozhin បានបន្ថែមថា “ចាប់ពីថ្ងៃទី ១ ខែមិថុនាតទៅ លែងមានកងចម្បាំង ស៊ីឈ្នួល Wagner PMC នៅជួរមុខទៀតហើយ រហូតដល់យើងឆ្លងកាត់ការរៀបចំ និងឧបករណ៍ ការបណ្តុះបណ្តាលជាថ្មីរួច”។ ជាមួយគ្នានេះ លោក Prigozhin បានសង្កត់ធ្ងន់ថា តំបន់បាក់មុតត្រូវបានទ័ពរបស់លោកកាន់កាប់ទាំងស្រុងហើយ ដោយច្រានចោលការអះអាងទាមទាររបស់ហ្សេឡិនស្គីថាជារឿងមិនពិត។ ហ្សេឡិនស្គីនិយាយថា កងកម្លាំងអ៊ុយក្រែនកំពុងឈរជើងយ៉ាងរឹងមាំនិងបណ្តេញទ័ពរុស្ស៊ីពីបាក់មុតគិតត្រឹមថ្ងៃអាទិត្យ៕ ប្រភព៖ CNN

ដោយ៖រតនា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នឹងជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលក្រុមទាំងប្រាំពីរ នេះបើយោងតាមក្រសួងការបរទេសរបស់ប្រទេសជប៉ុនបានប្រកាស។ ក្រសួងការបរទេសជប៉ុនបាននិយាយកាលពីថ្ងៃសៅរ៍ថា Zelenskyy ក៏នឹងចូលរួមកិច្ចប្រជុំស្តីពីសន្តិភាព និងសន្តិសុខជាមួយមេដឹកនាំ G7 និងអ្នកតំណាងប្រទេសផ្សេងទៀតក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនៅទីក្រុងហ៊ីរ៉ូស៊ីម៉ាផងដែរ។ មេដឹកនាំអ៊ុយក្រែនត្រូវបានគេរំពឹងថានឹងមកដល់ទីក្រុងហ៊ីរ៉ូស៊ីម៉ាបន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់កិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ជាកន្លែងដែលគាត់បានអំពាវនាវដល់មេដឹកនាំមជ្ឈិមបូព៌ាឱ្យ “ជួយការពារប្រជាជនរបស់យើង រួមទាំងសហគមន៍មូស្លីមអ៊ុយក្រែនផងដែរ” ។ កាលពីដើមសប្តាហ៍ លោក Zelenskyy ក៏បានធ្វើដំណើរទៅប្រទេសអ៊ីតាលី បុរីវ៉ាទីកង់ អាល្លឺម៉ង់ បារាំង និងចក្រភពអង់គ្លេស ដែលមេដឹកនាំនយោបាយនៃដែនដីទាំងនោះសុទ្ធបានសន្យាថា នឹងជួយស្តុកទុកឡើងវិញនូវការផ្គត់ផ្គង់មីស៊ីល រថក្រោះ និងយន្តហោះគ្មានមនុស្សបើករបដល់អ៊ុយក្រែន៕  

ដោយ៖តុលា រុស្ស៊ីប្រកាសទណ្ឌកម្មសងសឹកអាម៉េរិក ហាមពលរដ្ឋអាម៉េរិក​៥០០នាក់មិនឲ្យចូលស្រុកខ្លួន ដែលក្នុងនោះក៏រួមមានទាំងលោកបារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតីទៀត ផង។ ក្រសួងការបរទេសរុស្ស៊ីបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ពលរដ្ឋអាម៉េរិកចំនួន ៥០០ នាក់នឹងត្រូវបានហាមឃាត់មិនឱ្យចូលប្រទេសនេះ “ជាការឆ្លើយតបទៅនឹងទណ្ឌកម្មប្រឆាំងរុស្ស៊ីដែលដាក់ជាទៀងទាត់ដោយរដ្ឋបាលរបស់លោក Joe Biden” ។ ក្នុងនោះរួមមានអតីតប្រធានាធិបតីអាម៉េរិក លោក បារ៉ាក់ អូបាម៉ា “ដែលបច្ចុប្បន្នជាប្រមុខនៃអំណាចប្រតិបត្តិផ្សេងៗ” សមាជិកសភា អតីតមន្ត្រីសេតវិមាន និងបុគ្គលិកទីប្រឹក្សាផ្សេងៗ ដែលទីក្រុងមូស្គូចោទប្រកាន់ថាមិនរួសរាយរាក់ទាក់។ បញ្ជីនេះក៏រួមមានទាំងអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែន Nataliia Yaresko និងតារាកំប្លែង Jimmy Kimmel និង Stephen Colbert ។ ក្រសួងការបរទេសរុស្ស៊ីបានបន្ថែមថា “នេះជាមេរៀនសម្រាប់ទីក្រុងវ៉ាស៊ីនតោន ដើម្បីរៀនថា គ្មានការវាយប្រហារដោយអរិភាពប្រឆាំងនឹងរុស្ស៊ីណាមួយត្រូវបានព្រងើយកន្តើយឡើយ។ គោលការណ៍នៃទណ្ឌកម្មដែលជៀសមិនរួចនឹងត្រូវបានអនុវត្តជាប់លាប់”៕ ប្រភព៖ CNBC

ដោយ៖តុលា នៅទីបំផុត សហរដ្ឋអាម៉េរិកបានប្រកាសគាំទ្រការបញ្ជូនយន្តហោះចម្បាំងF-16 ទៅអ៊ុយក្រែន ពិសេសនឹងបង្វឹកទាហានអ៊ុយក្រែនលើប្រព័ន្ធនេះថែមទៀតផង។ នេះបើតាមលោកប្រធានាធិបតីអាម៉េរិក ចូ បៃដិន បានប្រាប់មេដឹកនាំក្រុមប្រទេស G7 នៅប្រទេសជប៉ុនកាលពីថ្ងៃសុក្រទី ១៩ ខែឧសភា ឆ្នាំ២០២៣។ មន្ត្រីជាន់ខ្ពស់សេតវិមានបានបញ្ជាក់ឲ្យដឹងលម្អិតថា សហរដ្ឋអាម៉េរិកនឹងគាំទ្រកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួនក្នុងការបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែន លើយន្តហោះចម្បាំងជំនាន់ទី ៤ រួមទាំងយន្តហោះ F-16 ដើម្បីពង្រឹងសមត្ថភាពរបស់កងទ័ពអាកាសអ៊ុយក្រែនបន្ថែមទៀត។ យោងតាមសម្រង់សម្ដីដោយប្រភពស៊ី  អិនអិន “នៅពេលដែលការហ្វឹកហ្វឺនធ្វើឡើងក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ សម្ព័ន្ធប្រទេសរបស់យើងដែលចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនេះនឹងសម្រេចកំណត់ពេលផ្តល់យន្តហោះពិតប្រាកដ គួរតែផ្តល់ឲ្យប៉ុន្មានគ្រឿង និងត្រូវយកចេញពីប្រភពណា”។ ការយល់ព្រមរបស់សហរដ្ឋអាម៉េរិកសម្រាប់គម្រោងចុងក្រោយនេះមានន័យថាប្រទេសផ្សេងទៀតក៏អាចនាំចេញយន្តហោះ F-16 របស់ពួកគេបានទៅកាន់ប្រទេសអ៊ុយក្រែនដែរដោយមិនចាំបាច់ព្រួយបារម្ភអ្វីទាំងអស់។ អ៊ុយក្រែនបានបញ្ចុះបញ្ចូលម្តងហើយម្តងទៀតចំពោះសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនក្នុងការផ្តល់យន្តហោះចម្បាំងដើម្បីជួយក្នុងការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី ហើយលោក Zelensky បានស្វាគមន៍យ៉ាងពេញដៃជាមួយនឹងអារម្មណ៍រំភើបយ៉ាងខ្លាំង ដោយពិពណ៌នាថាជា “ការសម្រេចចិត្តជាប្រវត្តិសាស្ត្រ” ហើយលោកទន្ទឹងរង់ចាំ “ការពិភាក្សាអំពីការអនុវត្តជាក់ស្តែង” នៃផែនការនេះនៅក្នុងកិច្ចប្រជុំកំពូល G7៕ ប្រភព៖ CNN

ដោយ៖តុលា ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡិនស្គី ត្រូវបានគេរាយការណ៍ដោយសម្ងាត់មកថា នឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមប្រជុំជាមួយក្រុម G-7ដោយផ្ទាល់នៅថ្ងៃអាទិត្យ។ នេះបើយោងទៅតាមប្រភពកាសែត Financial Times ដែលបានរាយការណ៍មុនគេបង្អស់នៅថ្ងៃសុក្រទី ១៩ ខែឧសភា ឆ្នាំ២០២៣នេះ។ ដំបូងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា Zelensky គ្រោងនឹងចូលរួមប្រជុំបង្ហាញខ្លួនតាមប្រព័ន្ធវីដេអូអនឡាញប៉ុណ្ណោះនៅថ្ងៃអាទិត្យ ប៉ុន្តែមេដឹកនាំអ៊ុយក្រែនឥឡូវនេះគ្រោងនឹងមកទីក្រុងហ៊ីរ៉ូស៊ីម៉ាផ្ទាល់តែម្តងសម្រាប់កិច្ចប្រជុំកំពូល។ Zelenskiy នឹងជិះយន្តហោះយោធាអាម៉េរិកទៅកាន់ប្រទេសជប៉ុន បន្ទាប់ពីការឈប់សម្រាកនៅប្រទេសអារ៉ាប៊ីសាអូឌីតចូលរួមកិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់។ យ៉ាងណា ចំពោះដំណឹងច្បាស់ការជាងនេះ គេនៅមិនទាន់អាចបញ្ជាក់បានថាលោកហ្សេឡិនស្គីនឹងចូលរួមថ្ងៃណាឲ្យច្បាស់នោះទេ។ មន្ត្រីដែលដឹងពីបញ្ហានេះបានប្រាប់ប្រភពដដែលថា កិច្ចប្រជុំក្រុមប្រទេសទាំងប្រាំពីរនៅជប៉ុន នឹងការដាក់កម្រិតរុស្ស៊ីយ៉ាងធំធេងបន្ថែមទៀត ដាក់ទណ្ឌកម្មនូវប្រភេទទំនិញសំខាន់ៗដែលរុស្ស៊ីនាំទៅកាន់សមរភូមិ ហើយថែមទាំងកាត់ផ្តាច់អង្គភាពប្រហែល ៧០ ពីប្រទេសរុស្ស៊ី។ កញ្ចប់ថ្មីនេះក៏នឹងរួមបញ្ចូលផងដែរនូវទណ្ឌកម្មថ្មី ៣០០ ប្រឆាំងនឹងបុគ្គល អង្គភាព នាវា និងយន្តហោះរុស្ស៊ី៕ ប្រភព៖ Bloomberg

ដោយ៖តុលា មន្ទីរបញ្ចកោណចេញមុខទទួលស្គាល់កំហុសរបស់ខ្លួន ដែលបានធ្វើការគណនាខុសច្រឡំផ្តល់ជំនួយជាអាវុធលើសគោលការណ៍៣ពាន់លានដុល្លារដល់អ៊ុយក្រែន។ យោងតាមប្រភពស៊ីអិនអិន ក៏ដូចជារ៉យទ័រ ជំនួយការព្រឹទ្ធសភា និងមន្ត្រីការពារជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មន្ទីរបញ្ចកោណបានប៉ាន់ប្រមាណតម្លៃគ្រាប់រំសេវ កាំជ្រួច និងឧបករណ៍ផ្សេងទៀត ដែលខ្លួនបញ្ជូនលើសទៅកាន់ប្រទេសអ៊ុយក្រែន មានប្រមាណជា ៣ពាន់លានដុល្លារអាម៉េរិក។ មន្រ្តីទាំងនេះនិយាយថា កំហុសនេះគឺជាលទ្ធផលនៃការកំណត់តម្លៃខ្ពស់ជាងការធានាលើអាវុធ ដែលត្រូវបានយកចេញពីស្តុករបស់សហរដ្ឋអាម៉េរិក ហើយបន្ទាប់មកបានដឹកជញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន។ ហើយសភាកំពុងត្រូវបានជូនដំណឹងអំពីការកែតម្រូវគណនេយ្យឡើងវិញនៅថ្ងៃព្រហស្បតិ៍។ យ៉ាងណាគេនៅមិនច្បាស់ថាតើវាពិតជាលើសស្មើនឹង ៣ពាន់លានឬយ៉ាងណា ខណៈមន្រ្តីការពារខាងលើបានបន្តថា វាអាចទៅរួចដែលបរិមាណអាវុធដែលមានតម្លៃលើសកំណត់អាចកើនឡើងលើសពី ៣ ពាន់លានដុល្លារ បើមន្ទីរបញ្ចកោណពិនិត្យស្ថានការណ៍ឱ្យបានហ្មត់ចត់ជាងនេះ។ ចាប់តាំងពីខែសីហាឆ្នាំ២០២១មក សហរដ្ឋអាម៉េរិកបានបញ្ជូនអាវុធដែលមានតម្លៃប្រហែល ២១.១ ពាន់លានដុល្លារទៅឱ្យអ៊ុយក្រែនពីឃ្លាំងស្តុករបស់ខ្លួន។ សហរដ្ឋអាម៉េរិកបានបញ្ជូនឧបករណ៍ជាច្រើនប្រភេទទៅកាន់ប្រទេសអ៊ុយក្រែនក្នុងកញ្ចប់ប្រធានាធិបតីចំនួន ៣៧ រួមទាំងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចល័តខ្ពស់ (HIMARS) អាវុធបាញ់រថក្រោះ Javelin និងប្រព័ន្ធមីស៊ីលពីដីទៅអាកាស Patriot ៕ ប្រភព៖ CNN

ដោយ៖តុលា ការព្រមានពីរលកយក្សស៊ូណាមិបានប្រកាសឡើង ខណៈដែលរញ្ជួយដីក្រោមបាតទឹកកោះប៉ាស៊ីហ្វិកខាងត្បូងរង្គើក្នុងកម្រិត ៧.៧រិចឆ្ទ័រនៅថ្ងៃសុក្រទី ១៩ ខែឧសភា ឆ្នាំ២០២៣នេះ។ ទីភ្នាក់ងារឃ្លាំមើលគ្រោះអាសន្នបាននិយាយថា ការព្រមានអំពីរលកយក្សស៊ូណាមិ ត្រូវបានបកើតឡើងបន្ទាប់ពីការរញ្ជួយដីកម្រិត ៧.៧ រិចឆ្ទ័រ ដែលបានវាយប្រហារនៅខាងក្រោមមហាសមុទ្រប៉ាស៊ីហ្វិកភាគអាគ្នេយ៍នៃតំបន់កោះបារាំង New Caledonia ។ សេវាភូគព្ភសាស្ត្រអាម៉េរិកបាននិយាយថា ការរញ្ជួយដីនេះត្រូវបានគេរកឃើញនៅជម្រៅ ៣៧ គីឡូម៉ែត្រ ហើយបណ្តាប្រទេសនៅទូទាំងមហាសមុទ្រប៉ាស៊ីហ្វិកបានចេញការជូនដំណឹងសម្រាប់ការគំរាមកំហែងនៃរលកយក្សស៊ូណាមិ។ មជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមិប៉ាស៊ីហ្វិក (PTWC) បាននិយាយនៅក្នុងព្រឹត្តិបត្រមួយថា “ផ្អែកលើការវាស់កម្រិតការរញ្ជួយដីបឋម រលកយក្សស៊ូណាមិដែលមានគ្រោះថ្នាក់ អាចកើតឡើងនៅឆ្នេរសមុទ្រក្នុងចម្ងាយ ១០០០ គីឡូម៉ែត្រ នៃចំណុចកណ្តាលនៃការរញ្ជួយដី”។ រលកយក្សកម្ពស់រហូតដល់ ៣ ម៉ែត្រ អាចវាយប្រហារប្រទេសវ៉ានូអាទូរដ្ឋកោះនៅសមុទ្រអូសេអានី ដោយជំរុញឱ្យប្រជាជននៅតំបន់ឆ្នេរដែលរងការគំរាមកំហែងឱ្យមានការប្រុងប្រយ័ត្នឲ្យមែនទែន។ ក្រៅពីនេះ រលកតូចៗក៏អាចនឹងកើតមានលើប្រទេសហ្វីជី ញូកាលីដូនៀ គីរីបាទី និងនូវែលសេឡង់៕ ប្រភព៖ ALJAZEERA

ដោយ៖តុលា សហរដ្ឋអាម៉េរិកបានផ្តល់សញ្ញាភាគរយខ្ពស់អាចនឹងបញ្ជូនយន្តហោះចម្បាំង F-16ដល់អ៊ុយក្រែន ចំពេលមានការវាយប្រហារតាមអាកាសរបស់រុស្ស៊ីកាន់តែខ្លាំង។ តាមប្រភពដែលដឹងពីការពិភាក្សានេះបានបន្តប្រាប់ស៊ីអិនអិនថា សេតវិមានកំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងពីសមាជិកសភា និងសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងការសម្រេចចិត្តចង់ឲ្យបញ្ជូនយន្តហោះចម្បាំងស៊េរី F-16 នេះទៅអ៊ុយក្រែន។ សម្ព័ន្ធមិត្តជាច្រើនបានសំដែងការគាំទ្រដល់អ៊ុយក្រែនយល់ព្រមសម្រាប់ការបញ្ជូននូវគ្រឿងប្រយុទ្ធអាកាសដ៏សែនទំនើបនេះ ក៏ប៉ុន្តែពួកគេត្រូវបានការយល់ព្រមបើកភ្លើងខៀវពីអាម៉េរិកដែលជាម្ចាស់ផលិតកម្មជាមុនសិន។ តាមមន្រ្តីដែលមិនបញ្ចេញឈ្មោះដដែលនេះ បានប្រាប់ទៅស៊ីអិនអិន អាម៉េរិកអាចនឹងបញ្ជូនវា តែអាម៉េរិកនឹងបញ្ជូនតាមភាគីទី៣ ដោយសារតែភាពរសើបនៃបច្ចេកវិទ្យាយន្តហោះនេះ។ មានន័យថា អាម៉េរិកកំពុងប្រយ័ត្នប្រយែងខ្លាចបែកធ្លាយបច្ចេកវិទ្យារបស់ខ្លួន។ ព័ត៌មានលម្អិតយើងនឹងរង់ចាំមើលបន្តិចទៀត ខណៈដែលក្រសួងការបរទេសដែល ធម្មតាទទួលបន្ទុកនេះ  មិនបានផ្តល់តម្រុយឲ្យដឹងទេ ហើយអ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិសម្រាប់ទំនាក់ទំនងជាយុទ្ធសាស្ត្រ លោក John Kirby ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយដែរ៕ ប្រភព៖ CNN

ដោយ៖តុលា មន្ទីរបញ្ចកោណធ្វើបច្ចុប្បន្នថា ប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot ដែលរងការខូចខាតនៅប្រទេសអ៊ុយក្រែន ពេលនេះត្រូវបានជួសជុលរួចរាល់ហើយ។ នេះបើយោងតាមអ្នកនាង Sabrina Singh ជាអនុលេខាធិការសារព័ត៌មានមន្ទីរបញ្ចកោណ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ទី ១៨ ខែឧសភា ឆ្នាំ២០២៣។ តាមការដកស្រង់ដោយកាសែតប្រាវដាអឺរ៉ុប ប្រព័ន្ធការពារ Patriot  ពិតជាត្រូវបានជួសជុលជាស្ថាពរមែន។ អ្នកនាងបាន​និយាយ​ថា៖ “ខ្ញុំ​អាច​បញ្ជាក់​បាន​ថា ប្រព័ន្ធ Patriot មួយ​ត្រូវ​បាន​ខូចមែន ប៉ុន្តែ​ឥឡូវ​នេះ​វា​ត្រូវ​បាន​ជួស​ជុលឡើងវិញ​ហើយ​ វាគឺ​ស្ថិត​ក្នុង​លំដាប់​ប្រតិបត្តិការ​ពេញលេញ”។ ក្នុងការកត់សម្គាល់ទៅកាន់អ្នកយកព័ត៌មាន Sabrinaនៅតែប្រកាន់ជំហរថា ប្រព័ន្ធនេះរងការខូចខាតតិចតួចប៉ុណ្ណោះ បើទោះជារុស្ស៊ីបានអះអាងថាបានវាយប្រហារប្រព័ន្ធឲ្យខូចខាតដំណំក៏ដោយ។ Patriot ត្រូវបានគេចាត់ទុកថាជាប្រព័ន្ធការពារដែនអាកាសដ៏ទំនើបបំផុតរបស់សហរដ្ឋអាម៉េរិក រួមទាំងប្រឆាំងនឹងយន្តហោះ និងកាំជ្រួចផ្លោង។ ការវាយប្រហារធ្វើឲ្យ Patriot រងការប៉ះទង្គិចខូច បានធ្វើឲ្យមតិអ្នកលេងបណ្តាញសង្គមអន្តរជាតិមានការភ្ញាក់ផ្អើល និងសំដែងការមិនជឿទាល់តែសោះ។ គួរបញ្ជាក់បន្តិចឡើងវិញថា ប្រព័ន្ធនេះត្រូវបានមីស៊ីលល្បឿនលឿនជាងសំឡេងរបស់រុស្ស៊ី ហៅថា Kinzhal ជាអាវុធឈានមុខ និងតម្លៃថ្លៃវាយប្រហារកាលពីដើមសប្តាហ៍នេះ៕ ប្រភព៖ CNBC  

ដោយ៖តុលា អ៊ុយក្រែនបាននិយាយថា មានការប្រយុទ្ធគ្នាខ្លាំងណាស់នៅ Bakhmut ហើយរុស្ស៊ីបានបញ្ចេញទ័ពបម្រុងបន្ថែមនៅតំបន់នេះ។ អ៊ុយក្រែនរាយការណ៍ថា ការប្រយុទ្ធគ្នាកំពុងបន្តឡើងយ៉ាងក្តៅគគុកនៅសមរភូមិតំបន់បាក់មុត( Bakhmut ) ខណៈដែលទ័ពរុស្ស៊ីហាក់ដូចជាខិតខំពង្រឹងកម្លាំងយ៉ាងខ្លាំង។ អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន Hanna Maliar បាននិយាយនៅលើបណ្តាញ Telegram ផ្លូវការរបស់នាងកាលពីថ្ងៃព្រហស្បតិ៍ទី ១៨ ខែឧសភា ឆ្នាំ២០២៣ យ៉ាងដូច្នេះថា ការប្រយុទ្ធដ៏ខ្លាំងក្លានៃទីក្រុង Bakhmut ភាគខាងកើតអ៊ុយក្រែននៅតែបន្ត។ “ខ្មាំងបានវាយលុកស្រុកបាក់មុតពេញមួយថ្ងៃនេះ”។ នាងបាននិយាយថា ជនជាតិរុស្ស៊ីបាន “ចាប់ផ្តើមពង្រឹងទីតាំងឈរជើងយ៉ាងសំខាន់របស់កងកម្លាំងពួកគេនៅក្នុងតំបន់ និងបានដាក់នូវកងទ័ពបម្រុងបន្ថែម។ នាងបាននិយាយថា “សត្រូវបានបន្តការវាយលុក ហើយព្យាយាមដណ្តើមយកទឹកដីដែលបាត់បង់មកវិញ ប៉ុន្តែបានរងការខាតបង់ និងមិនអាចបំពេញភារកិច្ចរបស់ខ្លួនបានទេ” នាងបន្ថែមថា កងទ័ពអ៊ុយក្រែនអាចឈានទៅមុខបានប្រហែលកន្លះម៉ាយ។ ហើយ “សម្រាប់ពេលនេះ យើងកំពុងប្រញាប់បន្ថែមល្បឿន ធ្វើយ៉ាងណាឲ្យឆាប់បានបើកការវាយរំដោះទ្រង់ទ្រាយធំ សម្រាប់សកម្មភាពដែលបានគ្រោងទុកជាក់លាក់”។ សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ គេនៅពុំទាន់ដឹងពីកាលបរិចេ្ឆទច្បាស់លាស់ដ៏សម្ងាត់របស់អ៊ុយក្រែននៅឡើយទេក្នុងការវាយរំដោះទឹកដីពីរុស្ស៊ីមកវិញនោះ៕ ប្រភព៖ CNBC

ដោយ៖តុលា អង្គការសហប្រជាជាតិបានព្រមានថា ក្នុងរយៈពេល ៥ ឆ្នាំខាងមុខទៀត នឹងក្លាយជារយៈពេលដ៏ក្តៅបំផុតដែលមិនធ្លាប់មានពីមុនមក។ ឧស្ម័នផ្ទះកញ្ចក់ និង El Nino រួមបញ្ចូលគ្នាធ្វើឲ្យ សីតុណ្ហភាពកើនឡើងខ្លាំង។ អង្គការឧតុនិយមពិភពលោកបាននិយាយកាលពីថ្ងៃពុធថា ជាលើកដំបូង សីតុណ្ហភាពសកលឥឡូវនេះទំនងជាអាចឡើង ១.៥ អង្សាសេ (២.៧ អង្សាហ្វារិនហៃ) នៃការឡើងកម្តៅរហូតដល់ឆ្នាំ ២០២៧។ WMO បានរកឃើញថាគំរូអាកាសធាតុ El Nino ដែលរំពឹងថានឹងអភិវឌ្ឍន៍នៅប៉ុន្មានខែខាងមុខអាចមានឥទ្ធិពល។ លក្ខខណ្ឌត្រជាក់ La Nina ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះដែលបានបញ្ចប់ក្នុងខែមីនា ឆ្នាំ២០២៣ បានរឹតបន្តឹងការកើនឡើងនៃសីតុណ្ហភាពពិភពលោក។ បាតុភូត​ធម្មជាតិ El Nino នឹងធ្វើឲ្យទឹក​នៅ​តំបន់​ត្រូពិច​ប៉ាស៊ីហ្វិក​បង្កើន​កម្តៅ​បរិយាកាស​ខាងលើ ដោយ​ធ្វើ​ឲ្យ​សីតុណ្ហភាព​ពិភពលោក​កើនឡើង។ ​អគ្គលេខាធិការ WMO លោក Petteri Taalas​ថា “វានឹង​រួម​បញ្ចូល​គ្នា​ជាមួយ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ដែល​បណ្ដាល​មក​ពី​មនុស្ស “។ “​វា​នឹង​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សុខភាព សន្តិសុខ​ស្បៀង ការគ្រប់គ្រង​ទឹក និង​បរិស្ថាន យើង​ត្រូវ​តែ​ត្រៀម​ខ្លួន”៕ ប្រភព៖ REUTERS  

ដោយ៖រតនា ទីក្រុងហ៊ីរ៉ូស៊ីម៉ា- ប្រទេសជប៉ុន ៖ ការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីបានធ្វើឱ្យប្រទេសនេះឯកោជាងពេលណាៗទាំងអស់ចាប់តាំងពីក្រោយបដិវត្ត Bolshevik ឆ្នាំ1917 នៅពេលដែលសម្ព័ន្ធមិត្តនៃសង្គ្រាមលោកលើកទី ១ បានដាក់ប្រទេសនៅក្រោមការបិទផ្លូវ។ នៅឯកិច្ចប្រជុំកំពូលនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរដែលធ្វើឡើងនៅទីក្រុងហ៊ីរ៉ូស៊ីម៉ារបស់ប្រទេសជប៉ុនចាប់ផ្តើមពីថ្ងៃសុក្រនេះ ប្រទេសទាំងនោះ ត្រូវបានគេរំពឹងថានឹងរឹតបន្តឹងវីសបន្ថែមទៀតលើទណ្ឌកម្មដែលបានដាក់កន្លងមកនិងទណ្ឌកម្មថ្មី ក្នុងគោលបំណងធ្វើយ៉ាងណាបង្ខំឲ្យទីក្រុងម៉ូស្គូបញ្ចប់សង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន។ វិធានការថ្មីនេះខណៈពេលទណ្ឌកម្មដែលមានស្រាប់លើរុស្ស៊ីគឺជាប្រទេសដ៏តឹងតែងបំផុតដែលមិនធ្លាប់មានលើសេដ្ឋកិច្ចធំមួយ។ G7មានវីធីសន្ធឹកសន្ធាប់ក្នុងការបង្កើនសម្ពាធ ទោះបីជាការបែងចែកលើវិស័យសំខាន់ៗដូចជាថាមពល និងកំណត់ត្រាបទដាក់ទណ្ឌកម្មចម្រុះ ជាទូទៅគម្រាមកំហែងបំផ្លាញកិច្ចខិតខំប្រឹងប្រែងដើម្បីនាំទីក្រុងម៉ូស្គូទៅដល់បាតក្រោម។ លោក Rachel Lukasz សមាជិកនៃក្រុមការងារអន្តរជាតិស្តីពីទណ្ឌកម្មរុស្ស៊ីនៅសាកលវិទ្យាល័យ Stanford បានប្រាប់ Al Jazeera ថា “ពិតជាមានកន្លែងទំនេរច្រើនសម្រាប់ G7 ដើម្បីដាក់កម្រិតបន្ថែមទៀត និងរឹតបន្តឹងដែលមានស្រាប់” ។ “ផ្នែកសំខាន់បំផុតរួមមានប្រេង និងថាមពលកាន់តែទូលំទូលាយ ទណ្ឌកម្មពាណិជ្ជកម្មមិនមែនថាមពល និងការបិទចន្លោះប្រហោងនៅក្នុងតំបន់នេះ និងទណ្ឌកម្មបច្ចេកវិទ្យា”។ ការផ្តោតសំខាន់នៃសមាជិក G7 រួមមានសហរដ្ឋអាមេរិក កាណាដា ជប៉ុន ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលី ត្រូវបានគេរំពឹងថា នឹងពង្រឹងការអនុវត្តទណ្ឌកម្មដែលមានស្រាប់ រួមទាំងការទប់ស្កាត់ការគេចវេសពីទណ្ឌកម្មពាក់ព័ន្ធនឹងប្រទេសទីបី៕

មេដឹកនាំប្រទេសអាហ្រ្វិកខាងត្បូងបាននិយាយថា ទាំងរុស្ស៊ី និងអ៊ុយក្រែនបានយល់ព្រមជួបជាមួយខ្លួន​សម្រាប់​ផែនការសន្តិភាពដ៏មានសក្តានុពល។ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បាននិយាយកាលពីថ្ងៃអង្គារទី ១៦ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរីនៅទីក្រុង Cape Townថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានយល់ព្រមជួបជាមួយគណៈប្រតិភូនៃមេដឹកនាំអាហ្រ្វិក​សម្រាប់ការពិភាក្សាអំពីផែនការសន្តិភាពដ៏មានសក្តានុពលមួយយ៉ាងពិតប្រាកដ។ លោក Putin និង Zelenskyy បានបង្ហាញពីឆន្ទៈរបស់ពួកគេក្នុងការទទួលបេសកកម្មរបស់ប្រមុខរដ្ឋអាហ្វ្រិកទាំងនៅទីក្រុងមូស្គូ និងទីក្រុង Kyiv។ នេះក៏នឹងរួមបញ្ចូលមេដឹកនាំនៃប្រទេស Zambia សេណេហ្គាល់ កុងហ្គោ អ៊ូហ្គង់ដា អេហ្ស៊ីប និងអាហ្វ្រិកខាងត្បូងផ្ទាល់។ លោក​បាន​បន្ថែម​ថា​៖ “តែយ៉ាងណាតើ​វា​នឹង​ជោគជ័យ​ឬ​អត់ ​វា​អាស្រ័យ​លើ​ការ​ពិភាក្សា​ដែល​នឹង​ធ្វើ​ឡើង​ជាក់ស្តែង”​។ ប្រទេសអាហ្រ្វិកខាងត្បូងបានទទួលរងការរិះគន់ចំពោះការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់ខ្លួនចំពោះអព្យាក្រឹតភាពលើសង្គ្រាមនៅអ៊ុយក្រែន ដោយបានធ្វើជាម្ចាស់ផ្ទះទទួលរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov យ៉ាងពេញមុខក្នុងខែមករា មិនប្រកាន់ទិន្នាការលោកខាងលិច និងបានធ្វើប្រតិបត្តិការយោធារួមគ្នាជាមួយរុស្ស៊ី និងចិនក្នុងខែកុម្ភៈផងដែរ៕ ប្រភព៖ ALJAZEERA ប្រភពរូប៖ALJAZEERA ប្រែសម្រួល៖សុខ តុលា

ពិតជាមិនគួរឲ្យជឿ ប្រព័ន្ធការពារដែនអាកាសអាម៉េរិកដ៏សែនខ្លាំង ស្គាល់ថាជា Patriot នៅទីបំផុតត្រូវបានរុស្ស៊ី​ប្រើកាំជ្រួចល្បឿនលឿនជាងសំឡេងវាយប្រហារឲ្យខូចខាត។ នេះបើតាមមន្ត្រីសហរដ្ឋអាម៉េរិកពីរនាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃអង្គារទី ១៦ ខែឧសភា។ ប្រព័ន្ធការពារកាំជ្រួច Patriot ដែលផលិតដោយសហរដ្ឋអាម៉េរិក កំពុងប្រើប្រាស់ដោយកងកម្លាំងអ៊ុយក្រែនធ្វើជាសំណាញ់មេឃចាប់គ្រាប់រុស្ស៊ី ទំនងជាបានរងការខូចខាតខ្លះៗពីការវាយប្រហារតាមអាកាសរបស់រុស្ស៊ី។ មន្រ្តីទាំងនេះបានសង្កត់ធ្ងន់ថា វាត្រូវបានរងការខូចខាត តែមិនមែនត្រូវបំផ្លាញទាំងស្រុងនោះទេ។ ការរាយការណ៍ពីការខូចខាតនេះ កើតឡើងក្រោយគ្នាបន្តិចបន្ទាប់ពីក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា បានប្រើកាំជ្រួច Kinzhal លឿនជាងសំឡេងកំណត់គោលដៅបំផ្លាញបានថ្មមីស៊ីល Patriot នៅក្នុងទីក្រុង Kyiv ។ ទោះបីជាយ៉ាងណាមន្ត្រីអាម៉េរិកម្នាក់ក្នុងចំណោមនោះ ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុង Kyiv កំពុងលៃលកគ្នាក្នុងការជួសជុលប្រព័ន្ធ Patriotនេះ ខណៈជាបឋមវាមិនត្រូវបានដកចេញពីអ៊ុយក្រែននោះទេ។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby សុំមិនបញ្ជាក់ច្បាស់ការណ៍លើព័ត៌មានរសើបនេះ តែបានអះអាងថា ប្រសិនបើជាក់ស្តែង ប្រសិនបើមានការខូចខាតទៅលើប្រព័ន្ធ Patriot និងត្រូវការជួសជុលនៅអ៊ុយក្រែនមែន អាម៉េរិកនឹងមិនឈរឱបដៃមើលឡើយ អាម៉េរិកនឹងជួយក្នុងរឿងនេះ៕ ប្រភព៖ ALJAZEERA ប្រភពរូប៖ALJAZEERA ប្រែសម្រួល៖សុខ តុលា     […]

អ៊ុយក្រែនត្រូវបានគេរាយការណ៍ថា បានទទួលដល់ដៃនូវប្រព័ន្ធការពារដែនអាកាសកូនកាត់អ៊ីតាលី-បារាំង SAMP/T ជាលើកដំបូងនៅសប្តាហ៍នេះដើម្បីដាក់ចូលប្រយុទ្ធបន្ថែមក្នុងសមរភូមិ។ សារព័ត៌មានអ៊ីតាលី La Stampa បាននិយាយថា ប្រព័ន្ធកាំជ្រួចប្រឆាំងយន្តហោះ អ៊ីតាលី-បារាំង នៅទីបំផុតបានមកដល់ប្រទេសអ៊ុយក្រែនហើយ ហើយអ្នកឯកទេសក្នុងតំបន់ចំនួន ២០ នាក់ នឹងត្រូវបានចូលរួមនៅក្នុងការថែទាំនេះ”។ ប្រព័ន្ធការពារផ្ទៃមេឃប្រឆាំងមីស៊ីល SAMP/T ត្រូវបានរចនាឡើងដើម្បីការពារសមរភូមិ និងគោលដៅសំខាន់ៗពីកាំជ្រួច យន្តហោះគ្មានមនុស្សបើក និងមីស៊ីលផ្លោងយុទ្ធសាស្ត្រសាហាវៗ។ SAMP/T អាចបំផ្លាញយន្តហោះអរិភាពនៅចម្ងាយពី ៣ គីឡូម៉ែត្រទៅ ១០០ គីឡូម៉ែត្រ និងកាំជ្រួចផ្លោងនៅចម្ងាយពី ៣ គីឡូម៉ែត្រទៅ ២៥ គីឡូម៉ែត្រដែលមានកម្ពស់រហូតដល់ ២៥ គីឡូម៉ែត្រ។ SAMP/T ត្រូវបានបង្កើតឡើងដោយសម្ព័ន្ធអឺរ៉ុប Eurosam (MBDA Italy, MBDA France និង Thales)។ ទម្ងន់នៃក្បាលគ្រាប់របស់វាគឺ ២០ គីឡូក្រាមជាមួយនឹងទម្ងន់នៃពេលបាញ់គឺ ៤៥០ គីឡូក្រាម។ ប្រព័ន្ធ​នេះ​កំពុង​ដំណើរការ​ក្នុង​ប្រទេស​អ៊ីតាលី បារាំង និង​សិង្ហបុរីយ៉ាងពេញនិយម៕ ប្រភព៖ Ukrainska Pravda ប្រភពរូប៖Ukrainska […]

ក្រសួងស៊ើបការណ៍សម្ងាត់ការពារជាតិអ៊ុយក្រែនបានអះអាងថា ទាហានរុស្ស៊ីជាង ១៥០.០០០នាក់នៅភាគខាងត្បូង​អ៊ុយក្រែន បានកំពុងត្រៀមខ្លួនទប់នឹងប្រតិបត្តិការរំដោះអ៊ុយក្រែននាពេលខាងមុខ។ Andrii Cherniak អ្នក​នាំពាក្យ​សម្រាប់​ក្រសួងស៊ើបការណ៍​ការពារ​ជាតិ​អ៊ុយក្រែន បានជម្រាបជូនយ៉ាងដូច្នេះ​ក្នុង​ការ​អត្ថាធិប្បាយ​ជាមួយប្រភព RBC-Ukraineថា កងទ័ពរុស្ស៊ីពិតជាកំពុងរៀបចំការពារ ពង្រឹងបន្ទាយការពារដែលមានស្រាប់ និងសាងសង់ថ្មីយ៉ាងប្រាកដមែន ពីព្រោះពួកគេដឹងថា ពួកគេមិនមានកម្លាំងគ្រប់គ្រាន់ដើម្បីបន្តការវាយលុកចូល​អ៊ុយក្រែននោះទេ។ លោក​បាន​បន្ថែម​ថា គោលដៅ​សំខាន់​របស់​កងកម្លាំង​កាន់កាប់​រុស្ស៊ី ​គឺ​មិនមែនវាយរុលចូលអ៊ុយក្រែនដូចពេលមុនទេ តែគឺដើម្បីតែរក្សាទីតាំងឈរជើងរបស់ពួកគេប៉ុណ្ណោះ។ កងទ័ពរុស្ស៊ីប្រហែល ១៥២.០០០ នាក់បច្ចុប្បន្នកំពុងឈរជើងនៅក្នុងទឹកដីកាន់កាប់បណ្តោះអាសន្ននៅភាគខាងត្បូងអ៊ុយក្រែននៅតំបន់ Zaporizhzhia និងតំបន់ Kherson ដោយត្រៀមការពារទីតាំងរបស់ពួកគេប្រឆាំងនឹងការវាយលុករបស់អ៊ុយក្រែនដែល​រំពឹងទុកឆាប់ៗនេះហើយ។​​ លោកក៏បានបញ្ជាក់ឲ្យដឹងទៀតថា ជនជាតិរុស្ស៊ីកំពុងចលាចល និងភិតភ័យ ហើយបានកំពុងរៀបចំ “ការជម្លៀស” ជាបន្ទបន្ទាប់ពីទឹកដីដែលកាន់កាប់នៅភាគខាងត្បូងអ៊ុយក្រែន។ ពួកគេ​ក៏​កំពុង​និរទេស​អ្នក​គាំទ្រ​អ៊ុយក្រែន​ដោយ​បង្ខំ ដោយសារ​ពួកគេ​បារម្ភ​ថា​ចលនា​បក្ខពួក​អាច​នឹង​កើតឡើង។ ជុំវិញការអះអាងថារុស្ស៊ីជម្លៀសខ្លួនពីតំបន់ភាគខាងត្បូង​អ៊ុយក្រែន មានប្រភពឯករាជ្យអឺរ៉ុបមួយចំនួនក៏បានគាំទ្រដូចគ្នានេះដែរ៕ ប្រភព៖ Ukrainska Pravda ប្រភពរូប៖Ukrainska Pravda ប្រែសម្រួល៖សុខ តុលា

អតីតប្រធានាធិបតីអាម៉េរិកលោកដូណាល់ត្រាំ បានដាក់ការប្តឹងឧទ្ធរណ៍បកលើសាលក្រមចោទប្រកាន់ថា​បានរំលោភបំពានផ្លូវភេទថ្មីមួយទៀតលើអ្នកសរសេរអត្ថបទទស្សនាវដ្តីអំឡុងទសវត្ស៩០។ ការជូនដំណឹងអំពីការប្តឹងឧទ្ធរណ៍នេះ ត្រូវបានដាក់នៅថ្ងៃព្រហស្បតិ៍កន្លងទៅនៅក្នុងតុលាការសហព័ន្ធ Manhattan ដែលជាជំហានដំបូងក្នុងដំណើរការដែលនឹងផ្លាស់ប្តូរសំណុំរឿងរដ្ឋប្បវេណីថ្មីប្តឹងលោក Trump អតីតប្រធានាធិបតីអាម៉េរិក ដោយអ្នកនិពន្ធ E Jean Carroll តាមរយៈកាន់ក្រុមចៅក្រមបីនៃតុលាការឧទ្ធរណ៍ទី ២ របស់សហរដ្ឋអាម៉េរិក។ ការជូនដំណឹងនេះត្រូវបានចុះហត្ថលេខាដោយមេធាវីរបស់លោក Trump គឺលោក Joe Tacopina ដែលបាននិយាយបន្ទាប់ពីសាលក្រមកាលពីថ្ងៃអង្គារថា គាត់ជឿថាមានហេតុផលរឹងមាំជាច្រើនសម្រាប់ការ​ប្តឹងឧទ្ធរណ៍ឲ្យលោកត្រាំ។ គណៈវិនិច្ឆ័យដែលមានមនុស្សប្រាំបួននាក់បានសន្និដ្ឋានបន្ទាប់ពីការពិភាក្សាតិចជាង ៣ ម៉ោងដែល Carroll បានបរាជ័យក្នុងការបង្ហាញថាវាទំនងជាមិនមែនលោក Trump បានរំលោភនាងនៅក្នុងបន្ទប់សម្លៀកបំពាក់នៃហាង Bergdorf Goodman នៅដើមនិទាឃរដូវឆ្នាំ ១៩៩៦ ។ ទោះជាយ៉ាងណាក៏ដោយ Carroll ក៏កំពុងពិចារណាលើការទាមទារថ្មីប្រឆាំងនឹង Trump បន្ទាប់ពីគាត់បានបង្ខូចកេរ្តិ៍ឈ្មោះនាងម្តងទៀតនៅលើទូរទស្សន៍ prime time ក្នុងសប្តាហ៍នេះ។ សាលក្រមក៏បាននិយាយថា Trump បានបរិហារកេរ្តិ៍ Carroll នៅក្នុងសេចក្តីថ្លែងការណ៍ប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីខែតុលាឆ្នាំមុនផងដែរ៕ ប្រភព៖ REUTERS ប្រភពរូប៖REUTERS ប្រែសម្រួល៖សុខ តុលា    

ប្រែសម្រួល៖សហការី បាងកក៖ គណបក្សចលនាឆ្ពោះទៅមុខ របស់ថៃ កំពុងស្វែងរកការបង្កើតរដ្ឋាភិបាលចម្រុះ ជាមួយគណបក្សប្រឆាំងផ្សេងទៀត ខណៈដែលលទ្ធផលរាប់សន្លឹកឆ្នោតមិនផ្លូវការបានបង្ហាញថា បានទទួលអាសនៈភាគច្រើនក្នុងសភាជាន់ទាប។ គណបក្សឆ្ពោះទៅមុខ ដែលមានមូលដ្ឋានរឹងមាំក្នុងចំណោមអ្នកបោះឆ្នោតវ័យក្មេង បានលេចចេញជាគណបក្សធំជាងគេនៅក្នុងសភាតំណាងរាស្រ្តដែលមាន 151 អាសនៈ នាំមុខគណបក្សប្រឆាំងធំៗផ្សេងទៀត និងគណបក្សភឿថៃដែលដែលទទួលបាន 141 អាសនៈ។ លោក Ittiporn Boonpracong ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតបាននិយាយកាលពីថ្ងៃចន្ទថា គិតត្រឹមការរាប់សន្លឹកឆ្នោត 99.18 ភាគរយដែលត្រូវបានបញ្ចប់រហូតមកដល់ពេលនេះ គណបក្ស Move Forward និងគណបក្សភឿថៃនីមួយៗដណ្តើមបានអាសនៈចំនួន 112 ក្នុងចំណោមអាសនៈចំនួន 400 នៅក្នុងសភា។ គណបក្ស Move Forward និងគណបក្សភឿថៃ ក៏ទទួលបានអាសនៈក្នុងបញ្ជីគណបក្សចំនួន 2/3 នៃចំនួន 100 អាសនៈដែលបានសម្រេចចិត្តនៅក្នុងការស្ទង់មតិដាច់ដោយឡែកមួយ ដែលធ្វើឲ្យគណបក្សប្រឆាំងទាំងពីរទទួលបានអាសនៈលើសពីកម្រិត 250 សម្រាប់សំឡេងភាគច្រើននៅក្នុងសភាជាន់ទាប។ ច្រើនជាង 75 ភាគរយនៃអ្នកបោះឆ្នោតដែលមានសិទ្ធិបោះឆ្នោតចំនួន 52 លាននាក់បានបោះឆ្នោតរបស់ពួកគេនៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ នេះបើយោងតាមគណៈកម្មាធិការរៀបចំការបោះឆ្នោត។ នៅក្រោមប្រព័ន្ធសន្លឹកឆ្នោតពីរជាមួយនឹងការបោះឆ្នោតមួយសម្រាប់សមាជិកសភាចំនួន 400 នាក់ (សមាជិកសភា) និងមួយទៀតសម្រាប់គណបក្សដែលខ្លួនពេញចិត្តក្នុងការប្រជែងយកសមាជិកសភាក្នុងបញ្ជីគណបក្សចំនួន […]