សន្ដិសុខសង្គម »

ដោយ: ព្រះអង្គខ្មៅ បាត់ដំបង÷ ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់កាំភ្លើង និងគ្រាប់បែកដៃមិនទាន់ផ្ទះជិត ២៩គ្រាប់នៅក្នុងតំបន់អតីតសមរភូមិប្រយុទ្ធក្តៅ ខេត្តបាត់ដំបង។ សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ឲ្យដឹងថា÷ គ្រាប់យុទ្ធភ័ណ្ឌខាងលើត្រូវបានបងប្អូនប្រជាពករដ្ឋប្រទះឃើញនៅព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រង់ចំណុចក្បែរព្រៃសហគមន៍ឋិតក្នុងភូមិតាតោក ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង​។ គ្រាប់ទាំងដែលពលរដ្ឋប្រទះឃើញនេះមានចំនួន ២៩គ្រាប់ ក្នុងនោះមានគ្រាប់កាំភ្លើងត្បាល់ ៦០មីលីម៉ែត្រចំនួន ១៨គ្រាប់, គ្រាប់កាំភ្លើងត្បាល់ ៧២មីលីម៉ែត្រចំនួន ៥គ្រាប់, គ្រាប់បែកដៃ F១ មួយគ្រាប់ និងគ្រាប់ B៤០ ចំនួន ៥គ្រាប់ផងដែរ។ មន្ត្រីដដែលបានបន្តថា÷ គ្រាប់កាំភ្លើង និងគ្រាប់បែកនេះជាយុទ្ធភ័ណ្ឌនៅសេសសល់ពីសម័យសង្គ្រាម ដែលមួយចំនួននៅមានគុណភាពអាចបង្កការគ្រោះថ្នាក់បាន។ ក្រោយមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការមន្ត្រីជំនាញ Hallo trust បានចុះរំដោះយកទៅរក្សាទុករងចាំពេលវេលាកម្ទេចចោលពេលក្រោយ៕

ដោយ : បន្ទាយ បន្ទាយមានជ័យ : នគរបាលផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ក្រុងប៉ោយប៉ែតក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ទោបោន ភក្រ្តា អធិការរង ទទួលផែន បន្តចុះអប់រំពលរដ្ឋលើច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ នេះអនុវត្តតាមការណែនាំនិងបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យនឹង មានការយកចិត្តទុកដាក់របស់លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការដមកឋាននគរបាលក្រុងប៉ោយប៉ែត ។ ក្នុងនោះ លោកវរសេនីយ៍ទោ បោន ភក្រ្តា អធិការរងទទួលផែនបានចាត់ឲ្យលោកអនុសេនីយ៍ឯក សុិន ដូនី នាយផ្នែកទទួលផែនការងារសណ្ដាប់ធ្នាប់ចរាចរណ៍ ដឹកនាំកម្លាំងផែនចរាចរណ៍ ចុះធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋឲ្យបានកាន់តែជ្រួតជ្រាបអំពីច្បាប់ចរាចរណ៍ផ្លូវគោកដោយអនុលោមដោយអនុក្រឹត្យលេខ៣៩​។ បន្ថែមពីលេីនេះ លោកបានចាត់តាំង លោកនាយ-នាយរងផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍និងមន្រ្តីក៏បានចុះធ្វើកាណែនាំដល់បងប្អូនប្រជាពលរដ្ឋច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា។ បន្ថែមលើនោះ លោកវរសេនីយ៍ទោ បោន ភក្រ្តាអោយដឹងថា: នាយ នាយរងផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍និងមន្រ្តី សណ្ដាប់ធ្នាប់ចរាចរណ៍រួមទាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនឹងប្រជាការពារ បានចុះរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍និងចុៈណែនាំដល់បងប្អូនអាជីវករអ្នកលក់ដូរនៅចំណុចផ្សារ។ ដូចជា សមាគមដីថ្មីនិងផ្សារត្រីប៉ោយប៉ែត ផ្សារអគ្គថ្មី ផ្សារកណ្ដាលនិងតាមដងផ្លូវសំខាន់ៗមួយចំនួន អោយលក់ដូរឱ្យមានរបៀបរៀបរយ រៀបចំបានត្រឹមត្រូវដេីម្បីមិនអោយមានការកកស្ទះនៅតាមដងផ្លូវ សាធារណ:ជុំវិញផ្សារ នានា ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕

ដោយ៖សហការី ភ្នំពេញ៖ក្មេងជំទង់២នាក់បានស្លាប់នៅ​នឹង​កន្លែងបន្ទាប់ពីជិះម៉ូតូឌុបគ្នាវ៉ាជែងជ្រុលទៅទាក់ដៃចង្កូតជាមួយនឹងម៉ូតូមួយគ្រឿងទៀតបណ្តាលឲ្យដួលខ្ទាតចូលក្រោមកង់រថយន្តកុងតឺន័រ កិនស្លាប់ទាំងអស់គ្នា។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៤ខែវិច្ចិកា ឆ្នាំ២០២៤ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវវេងស្រេង ទល់​មុខ​​ផ្សារ​ត្រពាំង​ថ្លឹង​ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ អ្នកស្លាប់​ទី​១ឈ្មោះ​ បាត់​ សំបូរ​ ភេទ​ប្រុស​ អាយុ​១៩ឆ្នាំ​ មុខរបរ​ ធ្វើ​ការ​ងារ​រោងចក្រ​ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ទ្រាបួន​ សង្កាត់​ស្ទឹងមានជ័យ​ មាន​ស្រុក​កំណើតនៅ​ស្រុង​បាភ្នំ​ខេត្ត​ព្រៃវែង​។ អ្នកស្លាប់ទី​២ឈ្មោះ​ ហ៊ឹម​ រតនា​ ភេទ​ប្រុស ​អាយុ​១៧ឆ្នាំ​  មាន​ស្រុក​កំណើត​នៅស្រុក​ស្ទឹង​សែន​ ខេត្ត​កំពង់​ធំ​។ ​ សាក្សីនិយាយថា នៅមុនពេលកើតហេតុគេឃើញយុវជន២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់​ ពណ៌ខ្មៅ  ឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេងក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ។ខណៈពេលជិះមកដល់ចំណុចកើតហេតុខាងលើទល់មុខផ្សារត្រពាំងថ្លឹងស្រាប់តែបើកវ៉ាជែងទៅទាក់ដៃចង្កូតនិងម៉ូតូមួយគ្រឿងទៀតមិនស្គាល់ម៉ាកបណ្តាលឲ្យរេចង្កូតជ្រុលទៅខាងឆ្វេងដៃបុកកាងរថយន្តកុងតឺន័រពណ៌ត្រេអ៊ី ពាក់ផ្លាកលេខ  ខេមរភូមិន្ទ 02 3-0674 បើកបរដោយបុរសម្នាក់ធ្វើដំណើរនៅផ្លូវម្ខាងទៀតក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន ចំពាក់កណ្តាលចំហៀងខាងឆ្វេងពេញទំហឹងបណ្តាលឲ្យដួលចូលក្រោមកង់រថយន្តកិនទាំងម៉ូតូកិនទាំងមនុស្សបណ្ដាលឲ្យ​ស្លាប់ទាំង២នាក់​នៅកន្លែងយ៉ាងអាណោចអាធ័មបំផុត។ បន្ទាប់ពីកើតហេតុខាងសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ចុះមកដល់ធ្វើការវាស់វែងយករថយន្តនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅថ្ងៃក្រោយ។ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាម​ប្រពៃណី​នៅ​ឯស្រុក​កំណើត​រៀងៗ​ខ្លួន​៕

ដោយ : បន្ទាយ បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះ ឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ ដល់កងកម្លាំងនគរបាលគ្រប់អង្គភាពចំណុះ។   កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក លោកស្រី នាយការិយាល័យជំនាញទាំង៣១ លោកអធិការនគរបាលក្រុងស្រុកទាំង៩ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញនូវផែនការយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងនគរបាលគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវមានភារកិច្ចធ្វើយ៉ាងណាត្រូវធានាឲ្យបាននូវការការពារ សន្តិសុខ រក្សាសុវត្ថិភាពជូនថ្នាក់ដឹកនាំ ប្រតិភូអមដំណើរ ភ្ញៀវជាតិ អន្តរជាតិ ដែលអញ្ជើញមកចូលរួមប្រកបដោយប្រសិទ្ធភាព។ ក្រៅពីនេះកម្លាំងនគរបាលចរាចរណ៍ ត្រូវរៀបចំសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ ជូនក្បួនរថយន្តថ្នាក់ដឹកនាំ ប្រតិភូអមដំណើរ មន្ត្រីរាជការ ប្រជាពលរដ្ឋឲ្យបានល្អ និងកុំឲ្យមានការកកស្ទះដល់ដំណើរការប្រារព្ធពិធី៕

ដោយ៖ សុខុម ស្ទឹងត្រែងៈ សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃសហការជាមួយនគរបាលខេត្តព្រះវិហារ និងស្ទឹងត្រែង បានស្ទាក់បង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ រួមជាមួយគ្រឿងញៀនចំនួន៣០បេ រថយន្តមួយគ្រឿង កាលពីថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២៤ ករណីនេះមន្រ្តីជំនាញបានបញ្ជូនបន្តបន្តនីតិវិធីទៅក្រសួង។ តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា៖ កាលពីថ្ងៃទី២០វិច្ឆិកា កម្លាំងរបស់មន្ទីរប្រឆាំងគ្រឿងញៀន(ក៧)ចុះស្រាវជ្រាវ និងបង្រ្កាបករណីដឹកជញ្ជូនជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន៣០បេ នៅលើរថយន្តមួយគ្រឿងត្រង់ចំណុចខ្ទមអ្នកតា ភូមិកំពង់ពោធិ៍ ឃុំកំពង់ស្រឡៅ ស្រុកឆែបខេត្តព្រះវិហារ។ សមត្ថកិច្ចបានតាមមុខសញ្ញារហូតមកដល់ភូមិសាស្រ្តចំណុចមុខស្ថានីយប្រេងឥន្ធនៈតេលាមេគង្គ តាមបណ្តោយផ្លូវជាតិលេខ៩ ស្ថិតក្នុងភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងនៅយប់ថ្ងៃទី២១វិច្ឆិកា។ សមត្ថកិច្ចបានឱ្យដឹងទៀតថា៖ ជាក់ស្តែងឃាត់ខ្លួនបានជនសង្ស័យ២នាក់ទី១.ឈ្មោះខាំ ឡេហឺ ភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិឡាវ។ទី២.ឈ្មោះសា ឡាំផុន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិថៃ។វត្ថុតាងសង្ស័យជាសារធាតុញៀនចំនួន៣០បេ, រថយន្តមួយគ្រឿង, ទូរសព្ទនិងលិខិតឆ្លងដែន។នៅថ្ងៃដដែលបន្តចូលឆែកបន្ទប់ផ្ទះសំណាក់មួយកន្លែង ស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែង ឃាត់ខ្លួនជនសង្ស័យ២នាក់ទៀតក្នុងនោះមានស្រ្តីម្នាក់ផង(ជនជាតិថៃនិងឡាវ)៕

ដោយ៖ គង់ហេង ត្បូងឃ្មុំ៖ បុរសអាយុ ២១ ឆ្នាំម្នាក់បានបើកម៉ូតូបុកពីខាងក្រោយគោយន្តសណ្តោងរ៉ឺម៉កមួយគ្រឿងបានឈប់ចតលើផ្លូវសាធារណៈពេលយប់មិនបានប្រើប្រាស់ភ្លើងសញ្ញាសម្គាល់ បណ្តាលឱ្យបុរសរងគ្រោះម្នាក់នេះស្លាប់នៅនឹងកន្លែងកើតហេតុ កាលពីក្បាលព្រលប់ថ្ងៃទី២១វិច្ឆិកា។ ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ ៧១ C ស្ថិតក្នុងភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ។ ប៉ុន្តែក្រោយកើតហេតុអ្នកបើកបរគោយន្តបានគេចខ្លួនបាត់នោះជាបុរសឈ្មោះ លីហួង តុលា អាយុ ៣៨ ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា៖ បុរសជាអ្នកបើកម៉ូតូដែលបានស្លាប់ឈ្មោះថេង វត្ថា   មានទីលំនៅភូមិទី៣ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ បានបើកម៉ូតូម៉ាកហុងដាឌ្រីម ពាក់ផ្លាកលេខព្រៃវែង 1T-8679 ៕

ដោយ៖ព្រះអង្គខ្មៅ បាត់ដំបង÷ គ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកទំនិញបញ្ញើបុករថយន្តធុនធំមួយគ្រឿងទៀតពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យស្លា.ប់អ្នកបើកបរម្នាក់ និងអ្នករួមដំណើរម្នាក់របួស។ ព័ត៌មានបឋមពីប្រជាពលរដ្ឋនៅទីតាំងកើតហេតុបានអះអាងថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង ៤:០០នាទីទៀបភ្លឺ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ តាមបណ្តោយផ្លូវហាយវេវាងក្រុង ឋិតក្នុងភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។ ប្រភពដដែលបន្តថា÷ មុនពេលកើតហេតុគេបានឃើញរថយន្តដឹកទំនិញបញ្ញើ ពណ៌សលាយលឿង ពាក់ផ្លាកលេខ ភ្នំពេញ៣F-៨៦០១ មិនស្គាល់ម៉ាក និងក្រុមហ៊ុនមួយគ្រឿងបានធ្វើដំណើរយ៉ាងលឿនក្នុងទិសដៅស្របគ្នាពីកើតទៅលិចឆ្ពោះទៅកាន់ក្រុងបាត់ដំបង លុះដល់ចំណុចកើតហេតុសង្ស័យអ្នកបើកបរងងុយដេកភាគីរថយន្តបញ្ញើទំនិញបានបុករថយន្តធុនធំពាក់ផ្លាកលេខ ភ្នំពេញ៤A-១៥១៧ មួយគ្រឿងទៀតពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យក្បាលនិងម៉ាស៊ីនរថយន្តរួញចូលគ្នាខ្ទេចទាំងស្រុង។ ក្នុងហេតុការណ៍ដ៏អាក្រក់នេះដែរបានធ្វើឲ្យអ្នកបើកបរខាងរថយន្តបញ្ញើទំនិញស្លាប់នៅនឹងកន្លែងម្នាក់ និងអ្នករួមដំណើរម្នាក់ទៀតរងរបួសធ្ងន់មិនស្គាល់អត្តសញ្ញាណ៕    

ដោយ៖ សុខុម ក្រចេះ៖ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការករណីគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិតមនុស្សចំនួន២នាក់ កាលពីថ្ងៃទី២០វិច្ឆិកា២០២៤ នៅលើដងផ្លូវភូមិអូរឫស្សី៣ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ សមត្ថកិច្ចបាននិយាយថា៖ នៅពេលកើតហេតុ រថយន្តម៉ាកហ៊ីយ៉ាន់ដាយប្រភេទដឹកទំនិញមួយគ្រឿងបើកបរក្នុងទិសដៅពីជើងទៅត្បូង។ពេលមកដល់កន្លែងគ្រោះថ្នាក់ រថយន្តបត់ទៅទិសខាងលិចចូលផ្លូវលំក៏បុកអ្នកជិះម៉ូតូមានគ្នា២នាក់ស្លាប់ភ្លាមៗតែម្តង។ សមត្ថកិច្ចបានចុះទៅដល់កន្លែងរថយន្តបុកម៉ូតូ បានបញ្ជាក់ថា៖ ជនរងគ្រោះឈ្មោះ ណេង កុសល ភេទប្រុសអាយុ៦២ឆ្នាំ និងអ្នករួមដំណើរឈ្មោះអ៊ូមុំភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បាត់បង់ជីវិតទាំងពីរនាក់។ ចំណែកអ្នកបើកបររថយន្តឈ្មោះស្នាទី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ១០៥ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ និងអ្នករួមដំណើរសមត្ថកិច្ចចាប់ខ្លួនយកទៅសាកសួរដើម្បីបន្តតាមនីតិវិធីច្បាប់៕

ដោយ៖ សុខុម ស្ទឹងត្រែង៖កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនស្នងការដ្ឋានខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២៤ បានបញ្ជូនជនសង្ស័យចំនួន២នាក់រួមជាមួយគ្រឿងញៀន២០គីឡូក្រាមទៅតុលាការក្រោយចាប់ខ្លួនកាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា។ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យចំនួន២នាក់ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ សហការជាមួយកម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន និងកម្លាំងវរសេនាតូចការពារព្រំដែនគោក៧០១ ឃាត់ខ្លួននៅចំណុចគោលដៅព្រៃសហគមន៍ ស្ថិតនៅក្នុងភូមិសំអាង ឃុំសំអាង ខេត្តស្ទឹងត្រែង។នៅពេលធ្វើប្រតិបត្តិការនោះ រកឃើញវត្ថុតាងជាគ្រឿងញៀន ចំនួន ២០ដុំ ក្រោមការដឹកនាំសម្របសម្រួលពីលោក ស៊ិន សុហឹង ព្រះរាជអាជ្ញារង សាលាដំបូងខេត្តស្ទឹងត្រែង។ សមត្ថកិច្ចបាននិយាយថា ជនសង្ស័យ១.ឈ្មោះ វ៉ា ចិន្តា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងបច្ចុប្បន្នភូមិថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។២- ឈ្មោះ នឿន ចាន់រ៉ុង ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងបច្ចុប្បន្នភូមិថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ដកហូតបានវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ២០ដុំ ប្រមាណជា២០គីឡូក្រាម និង ម៉ូតូ ០១គ្រឿង,ទូរសព្ទដៃចំនួន ០២គ្រឿង៕

ដោយ៖ គង់ហេង ត្បូងឃ្មុំ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូចំនួនពីរគ្រឿង និងរថយន្តមួយគ្រឿងបណ្តាលឱ្យក្មេងប្រុសវ័យជំទង់ម្នាក់ស្លាប់នៅនឹងកន្លែង ហើយបុរសម្នាក់ទៀតបានរបួសជាទម្ងន់ នៅកំណាត់ផ្លូវជាតិលេខ ៧២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១១-១២ ស្ថិតក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក កាលពីម៉ោងប្រមាណ ១០យប់ថ្ងៃទី ១៩ វិច្ឆិកានេះ។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា៖ ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចមិនទាន់ទៅដល់ ភាគីខាងម៉ូតូម៉ាកCBR ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1CL-0862 មានសាច់ញាតិមកដឹកជម្លៀសចេញបាត់ពីកន្លែងកើតហេតុ ខណៈគ្រោះថ្នាក់បង្កឱ្យមានអ្នកស្លាប់និងរបួស ដោយសារតែការបើកបរវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ពីសំណាក់ម៉ូតូមួយគ្រឿងនេះ។ ប្រភពព័ត៌មាននោះបានបន្ថែមថា៖ ជនរងគ្រោះជាក្មេងប្រុសអាយុ ១៧ ឆ្នាំដែលបានស្លាប់នៅនឹងកន្លែងកើតហេតុឈ្មោះ អុល ឈិន មានទីលំនៅភូមិបើន ឃុំស្អាង ស្រុកដងទង់ ខេត្តកំពត ជាអ្នកបើកបរម៉ូតូម៉ាកហុងដា ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខឧត្តរមានជ័យ 1B-2273និងបុរសរួមដំណើររងរបួសធ្ងន់ឈ្មោះ សុ គា អាយុ ២៧ ឆ្នាំ មានទីលំនៅស្រុកស្ទោង ខេត្តកំពង់ធំ។ ប្រភពព័ត៌មានបានបន្តថា៖ រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ស្តារិច (Starex) […]

ដោយ ៖បន្ទាយ សៀមរាប៖ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបចូលរួមសហការការពារសន្តិសុខអំឡុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ ( IDC-CDI ) ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ Raffle Royal d’ Angkor សៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។នេះបើតាមមន្ត្រីសមត្ថកិច្ចខាងលើបានឲ្យដឹងកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ កម្លាំងទាំងនោះ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ។ គឺកងកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានចូលរួមសហការជាមួយសមកងកម្លាំងចម្រុះ ធ្វើការល្បាត ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់និងសង្គ្រោះបន្ទាន់នៅតាមបណ្តាគោលដៅក្នុងអំឡុងរៀបចំកិច្ចប្រជុំដូចខាងលើ៕

ដោយ៖ គង់ហេង កំពង់ចាម៖ សត្វផ្សោតទន្លេមេគង្គ ដែលត្រូវបានចាត់ទុកជារតនសម្បត្តិធម្មជាតិមានជីវិត បានងាប់ដោយសារវ័យចំណាស់អាយុ ២៨ ឆ្នាំ ដែលមានលេខកូដសម្គាល់ ០៤៣ នៅក្នុងភូមិសាស្រ្តភូមិព្រែកបាក់២ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ កាលពីសប្តាហ៍កន្លងទៅ។ នេះបើតាមការបញ្ជាក់ឱ្យដឹងក្នុងផេកហ្វេសបុករបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពី ៥ថ្ងៃមុននេះ។ ដោយកាលពីថ្ងៃទី ១៣ វិច្ឆិកាកន្លងទៅ ការពិនិត្យរបស់ក្រុមការងាររដ្ឋបាលជលផល និងអង្គការ WWF បង្ហាញថា ផ្សោតនេះមានលេខកូដសម្គាល់ ០៤៣ មានប្រភពពីតំបន់អន្លង់កាំពី ខេត្តក្រចេះ អាយុប្រមាណ ២៨ ឆ្នាំ ភេទញី ប្រវែង២,៣៥ម៉ែត្រ ទម្ងន់ ១១៥ គីឡូក្រាម គ្មានធ្មេញ និងពុំមានស្លាកស្នាមលើដងខ្លួន។ ក្រុមការងារបានវះពិនិត្យក្រពះ ឃើញថាពុំមានអាហារ និងមានដំបៅក្នុងក្រពះ។ ផ្អែកលើទិន្នន័យខាងលើ ក្រុមការងារបានសន្និដ្ឋានថា ផ្សោតនេះស្លាប់ដោយវ័យចាស់ជរា។ គួរកត់សម្គាល់ថា ចាប់ពីខែមករា ដល់ ខែវិច្ឆិកា ឆ្នាំ២០២៤ មានកូនផ្សោត ៩ក្បាល បានកើតថ្មី និងផ្សោត ៤ក្បាលបានស្លាប់។ […]

ដោយ : បន្ទាយ កំពង់ធំ៖ យុវតី៣នាក់លង់ទឹកស្លាប់ ខណៈនាំគ្នាចុះលេងទឹកស្រះ។ ករណីនេះនៅម៉ោងប្រមាណ១៤និង២៥នាទី រសៀលថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០២៤ នៅស្រះទឹកមួយកន្លែងក្បែរសាលារៀន ស្ថិតក្នុងភូមិសែនសិរីមង្គល ឃុំក្រយៀរ ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ប្រភពពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំក្រយៀរបានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់មាន៖ ១- ឈ្មោះ សុវណ្ណ ចានិកា ភេទស្រី អាយុ ១២ឆ្នាំ, ២ – ឈ្មោះ ឌី ណែត ភេទស្រី អាយុ ១៣ឆ្នាំនិងឈ្មោះ ធុន ធារ៉ា ភេទ ស្រី អាយុ ១៣ឆ្នាំ ។ ទាំង៣នាក់មានលំនៅភូមិ/ឃុំកើតហេតុខាងលើ។ មូលហេតុនេះគឺយុវតីជាសិស្សបានចេញពីសាលារៀនវិញ មិនទាន់សំដៅទៅផ្ទះវិញទេ គឺបាននាំគ្នាចុះលេងទឹកក្នុងស្រះ ក៏បណ្ដាលឱ្យលង់ស្លាប់តែម្ដង៕

ដោយ៖ បន្ទាយ កំពង់ធំ៖ មានហេតុការណ៍ដ៏អាណោចអាធ័មនៃគ្រោះចៃដន្យ មិនសមនឹងកើតមួយបានកើតឡើង ស្របពេលឪពុកម្តាយកំពុងអង្គុយហូបបាយ ក្មេងប្រុសម្នាក់ត្រូវបានគ្រែបាក់សង្កត់បណ្តាលឲ្យស្លាប់។ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅភូមិស្លែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ តាមសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃុំក្តីដូងបានឲ្យដឹងថា : ក្មេងរងគ្រោះឈ្មោះ ធា ដាវីត ភេទប្រុស អាយុ ១ឆ្នាំ៨ខែ រស់នៅភូមិ/ឃុំខាងលើ។ មុនពេលកើតហេតុ កូនបានចុះវារលេងក្រោមគ្រែ ខណៈឪពុកម្តាយកំពុងអង្គុយហូបបាយនៅលើគ្រែ។ ដោយចៃដន្យ គ្រែបានបាក់សង្កត់លើកូននៅក្រោមគ្រែ បណ្តាលឲ្យស្លាប់ភ្លាមៗ។ ហេតុការណ៍ដ៏អកុសលនេះស្ទើរតែមិនធ្លាប់បានកើតមានឡើងទេ។ករណីនេះជាបទពិសោធអាក្រក់មួយ។ សូមឪពុកម្តាយគ្រប់រូប បង្កើនការយកចិត្តទុកដាក់ និងមើលថែទាំកូនតូចៗឲ្យបានប្រុងប្រយ័ត្នកាន់តែមានប្រសិទ្ធភាព៕

ដោយ : បន្ទាយ បន្ទាយមានជ័យ :នគរបាលធិការដ្ឋានក្រុងប៉ោយប៉ែត១ក្រុមចុះបង្ក្រាបទីតាំងផលិត ច្នៃទឹកពីស្លឹកក្រាធំដែលអាជ្ញាធរនិងសមត្ថកិច្ចកម្ពុជាហាមប្រាម ប៉ុន្តែមិនទានចែងក្នុងច្បាប់។ក្នុងនោះឃាតំនាំមកបំភ្លឺនូវជនជាតិខ្មែរ ម្នាក់និងថៃម្នាក់ ប៉ុន្តែមិនបានកសាងសំណុំរឿងនិងបញ្ជូនជនសង្ស័ទៅតុលាការទេ ព្រោះពុំទាន់មានច្បាប់។ ក៏ដកហូតវត្ថតាងរួម ធាតុផ្សំស្លឹកក្រាធំនិងផលិតចេញជាគ្រឿងញៀនដបបានមួយចំនួនធំ។ ក្នុងនោះនគរបាលបានធ្វើការសម្រេចបិទទីតាំងផលិតផងដែរ ។នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថ្ងៃទី១៥ខែវិច្ឆិកាថា : ទទួលតាមការណែនាំបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីលុបបំបាត់គ្រឿងញៀន និងក្រោយពីទទួលបានព័ត៍មានសម្ងាត់រួចមក លោកបានបញ្ជាឲ្យ លោកវរសេនីយ៍ទោ កែវ ដូល អធិការរងផ្នែកប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែតចុះធ្វើការស្រាវជ្រាវហើយកំណត់មុខសញ្ញានិងឈានដល់ការបង្ក្រាបទីតាំងផលិតភេសជ្ជៈទឹកក្រាធំដែលផលិតពីស្លឹកក្រៈថុម១កន្លែងនៅចំណុចដូចខាងលើ។ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុ រួមមានស្លឹកក្រាធំសម្ភារៈផលិត ចាក់ទឹកក្រៈថុមដែលផលិតហើយជិត១០០ដប និង៧ឆ្នាំងធំ។ នគរបាលក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ម្នាក់ជនជាតិថៃ ម្នាក់ជាជនជាតិខ្មែរ នៅក្នុងភូមិ សង្កាត់ខាងលើបានបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីសាកសួរបន្ត បំភ្លឺនិងធ្វើកិច្ចសន្យាបញ្ឈប់ ។ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋបានប្រាប់ឲ្យដឹងបន្តទៀតថាការចុះបង្ក្រាបទីតាំងផលិតភេសជ្ជៈស្លឹកក្រាធំនេះ តាមគោលការណ៍ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ គឺបិទជាបណ្តោះអាសន្នទីតាំង និងរឹមអូសសម្ភារៈផលិតទឹកយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត៕

ដោយ៖ គង់ហេង ត្បូងឃ្មុំ៖ ម៉ូតូមួយគ្រឿងបានបើកបុក ជាមួយរថយន្តធុនធំយ៉ាងពេញទំហឹង បណ្តាលឱ្យបុរសចំនួនពីរនាក់ដែលធ្វើដំណើរតាមម៉ូតូ បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ ករណីនេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១៩/២២០ ស្ថិតក្នុងភូមិខ្ជាយ ឃុំជាំក្រវៀន ស្រុកមេមត់ កាលពីម៉ោងជាង ២ រំលងអធ្រាត្រឈានចូលថ្ងៃទី ១៦ វិច្ឆិកានេះ។ ខាងរថយន្តធំបានបើកគេចបាត់ពីកន្លែងកើតហេតុ។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ CFN (Cambodia Flash News)ថា៖ ជុំករណីនេះខាងសមត្ថកិច្ចក៏នៅមិនទាន់ស្គាល់អត្តសញ្ញាណសាកសពបុរសរងគ្រោះ និងជាអ្នកបើកបរម៉ូតូម៉ាកយ៉ាម៉ាហាអិចសិនធ័រ ពណ៌ខ្មៅ ដោយបានកម្កល់ទុកសាកសពនៅវត្តមេមត់ រង់ចាំសាច់ញាតិមកទទួលយក ហើយបុរសម្នាក់ទៀតដែលរួមដំណើរមានអត្តសញ្ញាណបប័ណ្ណជាប់ខ្លួនឈ្មោះ ផន យ៉ន អាយុ ២១ ឆ្នាំនៅភូមិប្រហួត ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ ប្រភពព័ត៌មានបានបន្តថា៖ ទិសដៅបើកបរបញ្ច្រាស់ទិសគ្នា ដោយខាងម៉ូតូបានបើកបរពីទិសខាងលិចទៅទិសខាងកើត បើកបរក្នុងល្បឿនលឿន បណ្ដាលឲ្យជ្រុលចូលចំណែកផ្លូវម្ខាងទៀត បានបុកជាមួយរថយន្តធុនធំ មិនស្គាល់ម៉ាក បើកបរពីទិសខាងកើតទៅទិសខាងលិចតែម្ដង៕

ដោយ : បន្ទាយ ភ្នំពេញ :នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ ត្រួតពិនិត្យកម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីធានាឲ្យបាននូវប្រសិទ្ធិភាព ក្នុងបេសកកម្ម ចូលរួមជាមួយកម្លាំងចម្រុះក្នុងការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនដល់ ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេស ដែលនឹងអញ្ជើញមកកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក  ឲ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។នេះបើតាមមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញអោយដឹងកាលពីថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ប្រភពអោយដឹងបន្តថា: លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ណែនាំដល់ នាយ-នាយរងអាវុធហត្ថ ដែលទទួល ការងារតាមបណ្តាគោលដៅទាំងអស់ ត្រូវតែមានស្មារតីទទួលខុសត្រូវខ្ពស់ ធានាឲ្យបានដាច់ខាត នូវការអនុវត្តភារកិច្ចរបស់ខ្លួន ប្រកបដោយក្រមសីលធម៌ គោរពច្បាប់ គោរពសិទ្ធិមនុស្ស រក្សាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ ផ្តល់នូវភាពកក់ក្តៅជូនប្រជាពលរដ្ឋ ដោយឈរលើស្មារតីជាអ្នកបម្រើរាស្ត្រ ស្របតាមទិសស្លោកដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង […]

ដោយ៖ សុខុម ស្ទឹងត្រែង៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តស្ទឹងត្រែងបានឱ្យដឹងនៅថ្ងៃទី១៣វិច្ឆិកាថា កាលពីថ្ងៃទី១១ខែវិច្ឆិកា ឆ្នាំ២០២៤ ឃាត់ខ្លួនជនជាតិចិនម្នាក់ រួមទាំងវត្ថុតាងគ្រឿងញៀន មានទម្ងន់២គីឡូក្រាមនៅចំណុចគោលដៅត្រួតពិនិត្យផ្លូវបំបែកចូលភូមិអូរស្វាយ ស្ថិតនៅក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។ សមត្ថកិច្ចឱ្យដឹងទៀតថា ជនសង្ស័យឈ្មោះ PAN ZHENGJiAN ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ២២.០៤.១៩៩១ ជនជាតិចិន ទីកន្លែងបច្ចុប្បន្នប្រទេសចិន ប្រើលិខិតឆ្លងដែនលេខ EH7295636 ។សមត្ថកិច្ចឃាត់ឆែកឆេរអីវ៉ាន់លើម៉ូតូរកឃើញវត្ថុតាងជាគ្រឿងញៀន ចំនួន ១២ដុំ និងសារធាតុមិនទាន់ច្បាស់មួយចំនួនទៀត។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនចិននោះមកស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដោយមានការដឹកនាំ សម្របសម្រួលពីលោក ស៊ិន សុហឹង ព្រះរាជអាជ្ញារង សាលាដំបូងខេត្តស្ទឹងត្រែង ។មន្ត្រីជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនស្នងការដ្ឋានបានធ្វើតេស្តបញ្ជាក់ថាវត្ថុតាងខាងលើជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ (WY) ។ តាមការពិនិត្យវត្ថុតាងនិងសម្ភារចាប់យករួមមាន៖ មេតំហ្វេតាមីនគ្រាប់ (WY) ចំនួន១២ដុំ ទម្ងន់សុទ្ធ ២គីឡូនិង២៣១.៥៩ក្រាម, សារធាតុមិនច្បាស់ ប្រភេទទឹកខ្មៅចំនួន ២១ដប, សារធាតុមិនច្បាស់ប្រភេទពណ៌ទឹកតែ ០១ដប, សារធាតុមិនច្បាស់ប្រភេទម្សៅម៉ដ្ឋស ០១ធុង, ម៉ូតូ ០១គ្រឿង,​ទូរសព្ទដៃចំនួន០២គ្រឿងនិងលិខិតឆ្លងដែន០១ក្បាល៕

ដោយ :បន្ទាយ កំពង់ឆ្នាំង ៖កម្លាំងនគរបាលខេត្តកំពង់ឆ្នាំងបង្ក្រាបមិនបានសម្រេចជនសង្ស័យ២នាក់ ក្រោយជិះម៉ូតូធ្វើសកម្មភាពឆក់ទូរសព្ទពីយុវតីម្នាក់បានសម្រេច ។ ប៉ុន្តែដោយសារពួកគេមានការភិតភ័យខ្លាំងពេក បានបានបើកម៉ូតូទៅដល់កន្លែងមួយក៏ទុកម៉ូតូចោល ហើយនាំគ្នារត់គចខ្លួនបាត់។ ហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ចំណុចសរសរតាឡង់បណ្តោយផ្លូវលេខ១៥៣ ស្ថិតនៅភូមិពានី ឃុំពានី ស្រុកកំពង់ត្រឡាច។ យោងតាមអធិការរងនគរបាលស្រុកកំពង់ត្រកំពង់ត្រឡាច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហេង សុបិន្ត អាយុ១៩ឆ្នាំ រស់នៅភូមិស្ពានដែក ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ។ សម្ភារដែលបាត់បង់  ទូរសព្ទដៃម៉ាកអាយហ្វូន១១ ចំនួន០១ គ្រឿង។ ក្រោយទទួលបានបណ្តឹង លោកវរសេនីយ៍ឯក នន ស៊ីណាត អធិការនគរបាលស្រុកបានដឹកនាំបញ្ជាកម្លាំងផ្ទាល់ សហការជាមួយជំនាញព្រហ្មទណ្ឌស្រុកពញាឮខេត្តកណ្ដាល បានធ្វើការពួនស្ទាក់ឃាត់បានម៉ូតូមួយគ្រឿងពណ៌ខ្មៅ ។ចំណែកជនសង្ស័យមានគ្នាចំនួនពីរនាក់បានរត់គេចខ្លួន៕

ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ ក្រោយពីបែកធ្លាយរឿងអាស្រូវពុករលួយយកលុយគេឲ្យចូលក្របខ័ណនគរបាលជាតិកាលពីដើមឆ្នាំ២០២៤  មកទល់ដើមខែវិច្ឆិកាឆ្នាំ២០២៤ នេះ  ទើបមានតម្រុយថា  ស្នងការដ្ឋាននិងថ្នាក់លើពិតជាបាននឹងកំពុងស្នើដកហូតតំណែងលោកផ្កាយ១វ័យក្មេង លោកសម្បត្តិ កុសល ជាស្នងការរងម្នាក់នៃនគរបាលខេត្តបន្ទាយមានជ័យ ។ ការស្នើដកនេះ បន្ទាប់ពីមានផ្ទុះរឿងមិនប្រក្រតីថ្មីផ្សេងទៀត កាលពីថ្មីៗនេះ ។ នេះបើតាមមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបង្ហើបប្រាប់់សារព័ត៌មានកាលពីថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២៤ ។ ប្រភពខាងលើបានឲ្យដឹងថា៖ ករណីបែកធ្លាយសំឡេងលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យកាលពីចុងខែមីនាឆ្នាំ២០២៤ ដែលថា លោកបានរត់ការមនុស្សចូលក្របខ័ណនគរបាលជាតិក្នុងម្នាក់ៗតម្លៃដល់ទៅដល់រាប់ម៉ឺនដុល្លារ កន្លងមកត្រូវបានសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយខ្លឹមសារ សារសំឡេងនិងរូបថត។ ទាំងលោកផ្កាយ១ សម្បត្តិ កុសល ទាំង លោកស្រី រ៉ាំង ភីរម្យ ជាភរិយា សុទ្ធតែបន្ទរគ្នាស្មើដៃ ធ្វើម៉ាឃីតធីងទីង(Marketing) ជ្រែនិងផ្សាយឃោសនាទាក់ទាញម៉ូយឲ្យចូលក្របខ័ណប៉ូលិស។ ក្នុងនោះ ប្រពន្ធបានបញ្ចេញអំនួតថា ប្តីខ្លួន មានសមត្ថភាពប៉ុនណា អាចដឹងហើយ ? ទើបអាយុ៣៨ឆ្នាំសោះតែបានឡើងផ្កាយ១ គឺវ័យក្មេងជាងគេក្នុងចំណោមស្នងការរងដទៃទៀតនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។ ស្នងការរងផ្សេង យ៉ាងតិចក៏អាយុ៥០ឆ្នាំដែរ ទើបបានផ្កាយ១។ អ៊ីចឹងសូម(ម៉ូយ) រួសរាន់ចូលប៉ូលិសទៅ  ។ […]