បទវិភាគ

វិភាគអន្តរជាតិ៖ តើអ្នកណានៅពីក្រោយការសម្លាប់អតីតមេដឹកនាំដ៏សំខាន់របស់អ៊ុយក្រែនដែលប្រព្រឹត្តអំពើពុករលួយ,កែប្រែប្រព័ន្ធយុត្តិធម៌និងគាំទ្ររុស្ស៊ីកំពុងរស់នៅនិរទេស

ប្រែសម្រួល៖ ស-សម្បតិ្ត

លោក អង់ឌ្រី ផតណូវ(Andriy Portnov) ជាអតីតមន្ត្រីអ៊ុយក្រែនដ៏ចម្រូងចម្រាសមួយរូប និងជាស្ថាបនិកនៃប្រព័ន្ធយុត្តិធម៌ពុករលួយរបស់ប្រទេសនេះក្រោមការដឹកនាំរបស់ប្រធានាធិបតី វីកទ័រ យ៉ានុកូវីច ដែលរត់ទៅចុះចូលជាមួយរុស្ស៊ី ត្រូវបានបាញ់សម្លាប់នៅប្រទេសអេស្ប៉ាញ។

ករណីបាញ់សម្លាប់នេះត្រូវបានគេមើលឃើញថាបានបញ្ចប់ជីវិតមួយដែលពោរពេញទៅដោយការចោទប្រកាន់ចម្រុះពីសកម្មភាពគាំទ្ររុស្សី និងជាប់ពាក់ព័ន្ធនឹងអំពើពុករលួយជាប្រព័ន្ធ។

លោកអង់ឌ្រី ផតណូវ គាត់កើតនៅឆ្នាំ ១៩៧៣ នៅទីក្រុង លុហាន ដែលបច្ចុប្បន្នស្ថិតក្រោមការកាន់កាប់ដោយរុស្ស៊ី។ ផតណូវបានអនុវត្តឥទ្ធិពលរបស់ខ្លួនបានកែទម្រង់យ៉ាងខ្លាំងទៅលើប្រព័ន្ធយុត្តិធម៌របស់ប្រទេសអ៊ុយក្រែនអស់រយៈពេលជាច្រើនឆ្នាំមុនពេលដែលរុស្ស៊ីបានលើកទ័ពចូលឈ្លានពានអ៊ុយក្រែនឆ្នាំ២០២២។

ក្នុងរយៈពេលប៉ុន្មានឆ្នាំមកហើយបើទោះជាគាត់បាននិរទេសខ្លួនទៅរស់នៅក្រៅប្រទេសបានសុខស្រួលជាមួយនឹងទ្រព្យសម្បត្តិយ៉ាងច្រើនយ៉ាងណាក៏ដោយ ឥឡូវនេះគាត់ត្រូវបានគេលួចសម្លាប់ចោលឆ្អឹងនៅស្រុកគេ។

អាជីពសំខាន់ៗរបស់គាត់ ផតណូវ ត្រូវបានកំណត់ដោយការផ្លាស់ប្តូររបត់នយោបាយដ៏ធំធេង និងការចោទប្រកាន់ជាច្រើនជាពិសេសពីការពុករលួយក្នុងការចូលរួមកាន់អំណាចនៅប្រទេសអ៊ុយក្រែនមុនរជ្ជកាលដឹកនាំប្រទេសរបស់លោក volodymyr zelenskyy ។

ដំបូងគាត់បានបម្រើជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធជាមួយអតីតនាយករដ្ឋមន្ត្រី លោកស្រី យូលីយ៉ា ទីមូសិនកូ ពីឆ្នាំ ២០០៥-២០១០ បន្ទាប់មកគាត់បានប្តូរភក្តីភាពបន្ទាប់ពីការបរាជ័យក្នុងការបោះឆ្នោត ហើយបានក្លាយជានាយករងការិយាល័យប្រធានាធិបតី យ៉ានុកូវីច ដែលត្រូវបានគេស្គាល់ថាជាអាយ៉ងរបស់មេដឹកនាំរុស្ស៊ីលោក Vladimir Putin ទទួលបន្ទុកផ្នែកយុត្តិធម៌។

នៅក្នុងតួនាទីដ៏សំខាន់នេះ គាត់បានដឹកនាំការគាបសង្កត់, រកវិធីសាស្រ្តកែប្រែប្រព័ន្ធយុត្តិធម៌របស់ប្រទេសអ៊ុយក្រែនគឺធ្វើយ៉ាងណាឱ្យស្ថិតក្រោមការគ្រប់គ្រងទាំងស្រុងរបស់ប្រធានាធិបតី និងបានជួយបង្កើតក្រមសីលធម៌នីតិវិធីព្រហ្មទណ្ឌឆ្នាំ ២០១២ ដ៏ចម្រូងចម្រាស ដែលអ្នកវិភាគអន្តរជាតិបានលើកឡើងថាបានបង្កើតឧបសគ្គរារាំងដល់ការជំនុំជម្រះយុត្តិធម៌ និងការស៊ើបអង្កេតទៅលើសំណុំរឿងពុករលួយ។

ឥទ្ធិពលរបស់គាត់ជាបណ្តើរៗបានពង្រីកដល់ការរៀបចំសាលក្រមរដ្ឋធម្មនុញ្ញដែលបានអនុញ្ញាតបើកផ្លូវឱ្យសមាជិកសភាអាចប្តូរគណបក្សបាន ដែលនៅទីបំផុតទៅបានផ្តល់ឱ្យលោកយ៉ានុកូវីចនូវការគ្រប់គ្រងលើសភាយ៉ាងពេញលេញ។

ផតណូវបានក្លាយជាបុគ្គលដើរតួនាទីយ៉ាងសំខាន់ក្នុងការចាប់មនុស្សដាក់គុកដោយសារតែមានបំណងរើបម្រះនិងតស៊ូនយោបាយចំពោះលោកស្រីទីមូសិនកូ ដែលជាគូប្រឆាំងចម្បងរបស់យ៉ានុកូវីច ខណៈពេលដែលគាត់ក៏កំពុងដំណើរការប្រព័ន្ធយុត្តិធម៌ដើម្បីផលប្រយោជន៍ប្រធានាធិបតីផងដែរ។

បន្ទាប់ពីការបណ្តេញលោកយ៉ានុកូវីចចេញអំណាចនៅក្នុងអំឡុងពេលបដិវត្តដែលហៅថា អឺរ៉ូម៉ៃដាន់ ឆ្នាំ ២០១៤ លោកផតណូវបានភៀសខ្លួនទៅវីយេណា និងមានរបាយការណ៍ថាបានទិញអចលនទ្រព្យនៅមូស្គូ។ អាជ្ញាធរអ៊ុយក្រែនក្រោមការដឹកនាំរបស់លោក volodymyr zelenskyy បានចោទប្រកាន់រូបគាត់ពីបទលួចប្លន់យកទ្រព្យសម្បត្តិជាតិ និងការបម្រើមិនត្រឹមត្រូវក្នុងការកាន់អំណាចនៅឆ្នាំ ២០១៤ ហើយក្រោយមកបានបើកបុព្វហេតុក្បត់ជាតិទាក់ទងនឹងតួនាទីដែលគាត់ត្រូវបានចោទប្រកាន់ក្នុងការគាំទ្រទៅដល់សកម្មភាពចូលឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន។

ទោះបីជាគាត់បានរស់នៅឯបរទេសក៏ដោយ ផតណូវ រូបគាត់នៅតែបានបន្តអនុវត្តឥទ្ធិពលរបស់គាត់លើប្រព័ន្ធយុត្តិធម៌អ៊ុយក្រែន និងជាម្ចាស់ប៉ុស្តិ៍ទូរទស្សន៍គាំទ្ររុស្សីដ៏សំខាន់មួយឈ្មោះថា NewsOne។

អ្នកវិភាគរួមទាំងសមាជិកសភាអ៊ុយក្រែន និងអ្នកតាមដានយុត្តិធម៌ បានមើលឃើញគាត់ថាជា “មនុស្សល្ងីល្ងើមានប្រយោជន៍” ឬភ្នាក់ងាររុស្សីដែលបានចំណាយប្រាក់ ដែលបានធ្វើសកម្មភាពប្រឆាំងនឹងផលប្រយោជន៍អ៊ុយក្រែនជាប្រចាំ។

បញ្ជីដែលជាប់ឈ្មោះជាសត្រូវដ៏ទូលំទូលាយរបស់គាត់ដែលរាប់បញ្ចូលទាំងអ្នកសារព័ត៌មាន អ្នកជំនួញ និងអ្នកនយោបាយ។ ករណីទាំងអស់នេះនឹងទំនងជាធ្វើឱ្យមានភាពស្មុគស្មាញបន្តិចទៅដល់ការស៊ើបអង្កេតពីមរណភាពរបស់គាត់ក្រោយមានគេលួចបាញ់ប្រហារបណ្តាលឲ្យស្លាប់ក្នុងទឹកដីប្រទេសអេស្ប៉ាញនៅពេលថ្មីៗនេះ។

ប៉ុន្តែបើទោះជាយ៉ាងណា ក៏ដោយករណីឃាតកម្មឆ្លងដែនដ៏អាថ៌កំបាំងមួយនេះគឺមានតែអាជ្ញាធរមានសមត្ថកិច្ចរបស់ប្រទេសអេស្ប៉ាញទេដែលអាចនឹងបកស្រាយបញ្ជាក់ពីការពិតបាន៕