អន្តរជាតិ

នាវាហ្វឹកហាត់កងទ័ពជើងទឹកម៉ិកស៊ិកដឹកមនុស្សជាង ២០០ នាក់បុកផ្នែកខាងក្រោមនៃស្ពាន Brooklyn Bridge បណ្តាលឲ្យស្លាប់២,របួសជា១០នាក់

ប្រែសម្រួល៖ រតនា

មនុស្សពីរនាក់បានស្លាប់ និងមនុស្សជាងដប់នាក់បានរងរបួស បន្ទាប់ពីនាវាបណ្តុះបណ្តាលកងទ័ពជើងទឹកម៉ិកស៊ិកដ៏ធំមួយគ្រឿងបានបើកទៅបុកផ្នែកខាងក្រោមនៃស្ពានឈ្មោះថា Brooklyn Bridgeនៅថ្ងៃសៅរ៍ទី១៧ ឧសភា នេះបើតាមការថ្លែងរបស់លោក Eric Adams អភិបាលក្រុងញូវយ៉ក។

នាវាដែលមានឈ្មោះថា Cuauhtémoc បានដឹកមនុស្ស ២៧៧ នាក់ នៅពេលដែលវា “បាត់បង់ថាមពល” និងបានបុកស្ពាន នេះបើតាមការថ្លែងរបស់លោក Adams។ នាវានេះកំពុងធ្វើដំណើរកម្សាន្តជុំវិញពិភពលោក និងកំពុងឆ្ពោះទៅកាន់ប្រទេសអាយស្លង់នៅពេលកើតហេតុ នេះបើតាមមន្ត្រីបានឲ្យដឹង។

លោក Eric Adams អភិបាលក្រុងញូវយ៉ក

មន្ត្រីក្រុងបានថ្លែងកាលពីមុនថា “បញ្ហាផ្នែកមេកានិច” អាចបណ្តាលឱ្យនាវាបុកស្ពាន ប៉ុន្តែបានប្រុងប្រយ័ត្នថាព័ត៌មានដែលមានរហូតមកដល់ពេលនេះគឺជាព័ត៌មានបឋម។ មូលហេតុនៃការបុកនេះនៅតែស្ថិតក្នុងការស៊ើបអង្កេត។

ស្ពាន Brooklyn Bridge ត្រូវបានបើកឡើងវិញហើយ នេះបើតាមមន្ត្រីឲ្យដឹង បន្ទាប់ពីត្រូវបានបិទជាបណ្តោះអាសន្នខណៈពេលដែលមន្ត្រីសង្គ្រោះបន្ទាន់កំពុងឆ្លើយតបចំពោះឧប្បត្តិហេតុដ៏អាក្រក់មួយនេះ៕

ប្រភព៖ CNN