ប្រែសម្រួល៖ស-សម្បត្តិ

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ប៊ូទីន បានតែងតាំងឧត្តមសេនីយ៍ឯក អាន់ដ្រេ ម៉ដវីចេវ ដែលបានដឹកនាំការវាយប្រហារលើក្រុងម៉ារីអូផុលក្នុងឆ្នាំ២០២២ ឲ្យធ្វើជាមេបញ្ជាការកងទ័ពជើងគោករុស្ស៊ី ដោយយោងតាមប្រភពព័ត៌មានរដ្ឋរុស្ស៊ីបានរាយការណ៍នៅថ្ងៃទី១៥ ខែឧសភា។

ការតែងតាំងនេះកើតឡើងក្នុងពេលដែលប្រភពព័ត៌មានអះអាងថា រុស្ស៊ីកំពុងត្រៀមធ្វើការវាយប្រហារធំថ្មីមួយទៀតនៅក្នុងប្រទេសអ៊ុយក្រែន ទោះបីជាមានកិច្ចខិតខំរកសន្តិភាពដែលដឹកនាំដោយសហរដ្ឋអាមេរិកកំពុងបន្តក៏ដោយ។
ម៉ដវីចេវ គឺជាមេបញ្ជាការនៃកងទ័ពចម្រុះលើកទី៨ នៃតំបន់យោធាភាគខាងត្បូងរុស្ស៊ី ដែលបានចូលរួមយ៉ាងសកម្មក្នុងការឡោមព័ទ្ធដ៏ធ្ងន់ធ្ងរនៅក្រុងម៉ារីអូផុលក្នុងឆ្នាំ២០២២ ដែលបានសម្លាប់ពលរដ្ឋស៊ីវិលអ៊ុយក្រែនរាប់ម៉ឺននាក់ យោងតាមរដ្ឋាភិបាលគីវ។
សេវាសន្តិសុខអ៊ុយក្រែន (SBU) បានថ្លែងក្នុងខែកញ្ញា ឆ្នាំ២០២២ ថា ពេលប្រចាំការនៅក្រុងម៉ារីអូផុល ម៉ដវីចេវ ត្រូវបានរាយការណ៍ថាបានជួបជាមួយមេដឹកនាំឆេឆេន រ៉ាមហ្សាន កាឌីរ៉ូវ ដើម្បីអនុម័តផែនការវាយប្រហារចុងក្រោយលើទីក្រុង រួមទាំងការឡោមព័ទ្ធនិងការវាយលុកលើរោងចក្រអាហ្សូវស្តាល់ ដែលជាកន្លែងកងទ័ពអ៊ុយក្រែននិងពលរដ្ឋស៊ីវិលកំពុងជ្រកកោន។
ក្រោមការបញ្ជាការរបស់ម៉ដវីចេវ កងទ័ពរុស្ស៊ីបានអនុវត្តការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងប្រព្រឹត្តអំពើឃោរឃៅប្រឆាំងនឹងទាំងពលរដ្ឋស៊ីវិលនិងកងទ័ពអ៊ុយក្រែន ដោយយោងតាមសេវាសន្តិសុខអ៊ុយក្រែន។
សេវាសន្តិសុខក៏បានរកឃើញថា ម៉ដវីចេវ បានចូលរួមដោយផ្ទាល់ក្នុងតំបន់ផ្សេងទៀតនៃការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ី រួមទាំងការសម្របសម្រួលកងកម្លាំងរុស្ស៊ីនៅក្នុងតំបន់ដូនេតស្ក។
ព័ត៌មានក៏បានរាយការណ៍ថា ពូទីនបានសរសើរគាត់ដោយផ្ទាល់ និងបានផ្តល់ងារវីរជនរុស្ស៊ីសម្រាប់ការចាប់យកក្រុងអាវឌីវកា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។
ម៉ដវីចេវ ត្រូវបានជូនដំណឹងអំពីការសង្ស័យក្រោមមាត្រា ១១០ កថាខណ្ឌទី៣ (ការប៉ះពាល់ដល់បូរណភាពទឹកដីនិងអធិបតេយ្យភាពរបស់អ៊ុយក្រែនដែលបណ្តាលឲ្យមានការស្លាប់និងផលវិបាកធ្ងន់ធ្ងរផ្សេងទៀត), មាត្រា ៤៣៧ កថាខណ្ឌទី២ (ការធ្វើសង្រ្គាមឈ្លានពាន), មាត្រា ២៨ កថាខណ្ឌទី២ (ការប្រព្រឹត្តបទឧក្រិដ្ឋដោយក្រុមបុគ្គលក្នុងការឃុបឃិតជាមុន) នៃក្រមព្រហ្មទណ្ឌអ៊ុយក្រែន។
ម៉ដវីចេវ នឹងជំនួសឧត្តមសេនីយ៍ អូឡេក សាលីអ៊ូកូវ ដែលត្រូវបានតែងតាំងជាអនុលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខនៅថ្ងៃទី១៥ ខែឧសភា។

សាលីអ៊ូកូវ ដែលនឹងគ្រប់អាយុ ៧០ឆ្នាំនៅថ្ងៃទី២១ ខែឧសភា បានដឹកនាំកងទ័ពជើងគោករុស្ស៊ីនិងកងទ័ពប្រចាំការនៅទីក្រុងម៉ូស្គូចាប់តាំងពីឆ្នាំ២០១៤ យោងតាមវិទ្យុសេរីភាព។
ដែលត្រូវបានគេស្គាល់ថាជាអ្នកត្រួតពិនិត្យការប្រារព្ធពិធីឈ្នះសង្រ្គាមប្រចាំឆ្នាំនៅឯទីលានក្រហមចាប់ពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០២៥ បច្ចុប្បន្នគាត់ស្ថិតក្រោមទណ្ឌកម្មរបស់លោកខាងលិចចំពោះតួនាទីរបស់គាត់ក្នុងការឈ្លានពានអ៊ុយក្រែនទ្រង់ទ្រាយធំរបស់រុស្ស៊ី។
ការចូលនិវត្តន៍របស់គាត់ពីសេវាយោធាសកម្មត្រូវបានរំពឹងថានឹងកើតឡើងនៅខែនេះក្រោមច្បាប់រុស្ស៊ី ដែលតម្រូវឱ្យចូលនិវត្តន៍នៅអាយុ ៧០ឆ្នាំ លើកលែងតែមានការលើកលែងពិសេស។
សឺហ្គេ សូអ៊ីហ្គូ អតីតរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានដឹកនាំក្រុមប្រឹក្សាសន្តិសុខចាប់តាំងពីខែឧសភា ឆ្នាំ២០២៤ ហើយបច្ចុប្បន្នមានអនុរដ្ឋមន្ត្រីច្រើនរូប រួមទាំងសាលីអ៊ូកូវ៕
ប្រភព៖ Kyiv independent
