អន្តរជាតិ

អ្នកឡើងភ្នំជនជាតិឥណ្ឌាម្នាក់បានស្លាប់ក្រោយពីឡើងដល់កំពូលភ្នំ Everest

ប្រែសម្រួល៖ លន ស្រស់

បុរសជនជាតិឥណ្ឌាម្នាក់បានស្លាប់ក្រោយពីឡើងដល់កំពូលភ្នំអ៊ីវឺរេស នេះបើតាមអ្នករៀបចំការដំណើរកម្សាន្តរបស់គាត់បានឱ្យដឹងកាលពីថ្ងៃសុក្រ (ថ្ងៃទី១៦ ខែឧសភា) ដោយក្លាយជាមរណភាពលើកទីពីរក្នុងរដូវកាលឡើងភ្នំឆ្នាំនេះ(២០២៥)នៅលើភ្នំខ្ពស់ជាងគេបំផុតក្នុងពិភពលោក។

លោក សុបរាតា ហ្គុស អាយុ ៤៥ឆ្នាំ បានឡើងដល់កំពូលភ្នំកម្ពស់ ៨,៨៤៩ម៉ែត្រនេះកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តេបានស្លាប់នៅចម្ងាយប្រមាណ ៥០ម៉ែត្រក្រោមកំពូលភ្នំ ខណៈពេលកំពុងចុះមកវិញ។

“ហាក់ដូចជាគាត់អស់កម្លាំងខ្លាំង និងបង្ហាញសញ្ញានៃជំងឺកម្ពស់។ យើងកំពុងរង់ចាំមគ្គុទ្ទេសក៍របស់គាត់ត្រឡប់មកវិញដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែម” នេះបើតាមលោក Bodha Raj Bhandari នៃក្រុមហ៊ុន Snowy Horizon Treks and Expedition បានឱ្យដឹង។

លោក ហ្គុស មកពីរដ្ឋបែងហ្គាលខាងលិច ដែលជាប់ព្រំដែនជាមួយប្រទេសបង់ក្លាដេស។

តំបន់ដែលមានកម្ពស់លើសពី ៨.០០០ម៉ែត្រត្រូវបានគេស្គាល់ថាជា “តំបន់មរណៈ” ព្រោះខ្យល់ស្តើង និងកម្រិតអុកស៊ីហ្សែនទាបបង្កើនហានិភ័យនៃជំងឺកម្ពស់។

អ្នកឡើងភ្នំជនជាតិហ្វីលីពីនម្នាក់នៅក្នុងក្រុមតែមួយបានស្លាប់កាលពីថ្ងៃពុធនៅពេលកំពុងធ្វើដំណើរឆ្ពោះទៅកាន់កំពូលភ្នំ។

អ្នកឡើងភ្នំជាង ៥០នាក់បានទៅដល់កំពូលភ្នំចាប់តាំងពីផ្លូវត្រូវបានបើកកាលពីសប្តាហ៍មុន ដោយបានប្រើប្រាស់ឱកាសនៃអាកាសធាតុល្អរយៈពេលខ្លី។

ប្រទេសនេប៉ាល់មានភ្នំខ្ពស់ជាងគេបំផុតចំនួន ៨ក្នុងចំណោមភ្នំខ្ពស់ជាងគេទាំង ១០នៅលើពិភពលោក និងស្វាគមន៍អ្នកឡើងភ្នំរាប់រយនាក់នៅរដូវផ្ការីក ពេលដែលសីតុណ្ហភាពឡើងក្តៅ និងខ្យល់បក់ស្ងប់ស្ងាត់ជាធម្មតា។

កាលពីឆ្នាំមុន មានអ្នកឡើងភ្នំជាង ៨០០នាក់បានទៅដល់កំពូលភ្នំអ៊ីវឺរេស រួមទាំងអ្នកឡើងភ្នំចំនួន ៧៤នាក់មកពីផ្នែកខាងជើងនៃទីបេ។ មនុស្សប្រាំបីនាក់បានស្លាប់ រួមទាំងអ្នកឡើងភ្នំមកពីប្រទេសនេប៉ាល់ ម៉ុងហ្គោលី កេនយ៉ា ចក្រភពអង់គ្លេស និងឥណ្ឌា៕

ប្រភព៖ AFP/dc