អន្តរជាតិ

អ៊ុយក្រែន រុស្ស៊ី តួកគីនឹងធ្វើកិច្ចប្រជុំចរចាសន្តិភាពត្រីភាគីក្រោយពេលថ្ងៃត្រង់

ប្រែសម្រួល៖ស-សម្បត្តិ

មន្ត្រីអ៊ុយក្រែន រុស្ស៊ី និងតួកគីនឹងធ្វើកិច្ចចរចាត្រីភាគីនៅអ៊ីស្តង់ប៊ុលនៅថ្ងៃទី១៦ ខែឧសភា នៅម៉ោង១២:៣០ម៉ោងក្នុងស្រុក ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងសន្តិភាព ទីភ្នាក់ងារព័ត៌មានរដ្ឋតួកគី Anadolu បានរាយការណ៍ ដោយអាងទៅលើប្រភពក្រសួងការបរទេសតួកគី។

កិច្ចប្រជុំទាំងនេះនឹងជាការចរចាដោយផ្ទាល់លើកដំបូងរវាងរុស្ស៊ីនិងអ៊ុយក្រែនចាប់តាំងពីការចរចាសន្តិភាពដែលបរាជ័យនៅអ៊ីស្តង់ប៊ុលក្នុងឆ្នាំ២០២២។

បន្ទាប់ពីមូស្គូបានស្នើឱ្យធ្វើការចរចាសន្តិភាពនៅតួកគីនៅសប្តាហ៍នេះ ប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានយល់ព្រម និងបានអញ្ជើញប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ឱ្យចូលរួមកិច្ចប្រជុំដោយផ្ទាល់មុខ។ មេដឹកនាំរុស្ស៊ីបានបដិសេធមិនចូលរួម និងបានតែងតាំងជំនួយការរបស់គាត់ វ្ល៉ាឌីមៀរ មេឌីនស្គី ដែលបានតំណាងឱ្យរុស្ស៊ីក្នុងការចរចាឆ្នាំ២០២២ ឱ្យដឹកនាំការចរចា។

គណៈប្រតិភូអ៊ុយក្រែនដែលបានមកដល់តួកគីនៅថ្ងៃទី១៥ ខែឧសភា រួមមានមន្ត្រីជាន់ខ្ពស់អ៊ុយក្រែន រួមទាំងលោក ហ្សេឡេនស្គី រដ្ឋមន្ត្រីការបរទេស អាន់ឌ្រី ស៊ីប៊ីហា តំណាងការិយាល័យប្រធានាធិបតី យោធា និងទីភ្នាក់ងារសេវាកម្មសម្ងាត់។

ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីកិច្ចប្រជុំរយៈពេលបីម៉ោងជាមួយប្រធានាធិបតីតួកគី រេសេប តៃយីប អ៊ែរដូហ្កាន លោក ហ្សេឡេនស្គី បានប្រកាសថា គណៈប្រតិភូតូចមួយដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិ រុស្តេម អ៊ូមេរ៉ូវ នឹងធ្វើដំណើរទៅអ៊ីស្តង់ប៊ុលដើម្បីពិភាក្សាអំពីការបញ្ឈប់បាញ់ដែលអាចកើតមាន។

ក្រុងគីវនិងដៃគូរបស់ខ្លួនបានជំរុញឱ្យមូស្គូអនុម័តការបញ្ឈប់បាញ់រយៈពេល៣០ថ្ងៃដោយគ្មានលក្ខខណ្ឌជាជំហានដំបូងឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពទូលំទូលាយមួយ ជាការសម្រេចចិត្តមួយដែលរុស្ស៊ីបន្តបដិសេធ។

គណៈប្រតិភូរុស្ស៊ីដែលដឹកនាំដោយលោក មេឌីនស្គី រួមមានរដ្ឋមន្ត្រីការបរទេសរង មីហ្កាអ៊ីល ហ្គាលូហ្ស៊ីន នាយកសេវាកម្មសម្ងាត់យោធា អ៊ីហ្គ័រ កូស្ទីកូវ និងរដ្ឋមន្ត្រីការពារជាតិរង អាឡិចសាន់ដឺរ ហ្វូមីន។

បញ្ជីនេះគ្មានមន្ត្រីនយោបាយរុស្ស៊ីជាន់ខ្ពស់ឡើយ រួមទាំងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី សឺហ្គេយ ឡាវរ៉ូវ ឬជំនួយការគោលនយោបាយការបរទេសរបស់ពូទីន យូរី អ៊ូសាកូវ។

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ម៉ាកូ រូប៊ីអូ បាននិយាយថា លោកនឹងជួបជាមួយលោក ស៊ីប៊ីហា និងមន្ត្រីអ៊ុយក្រែនដទៃទៀត ខណៈសមាជិកផ្សេងទៀតនៃក្រុមសហរដ្ឋអាមេរិកនឹងធ្វើការចរចាជាមួយគណៈប្រតិភូរុស្ស៊ី។ យោងតាម AFP លោក រូប៊ីអូ បានមកដល់អ៊ីស្តង់ប៊ុលរួចហើយ។

ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានបង្ហាញពីលទ្ធភាពនៃការចូលរួមការចរចានៅថ្ងៃទី១៦ ខែឧសភា ប្រសិនបើមានការរីកចម្រើន ប៉ុន្តែក្រោយមកបានបន្ថយសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងនេះ ដោយនិយាយថា គ្មានការរីកចម្រើនណាមួយអាចកើតឡើងទេរហូតដល់លោកជួបជាមួយលោក ពូទីន។

មន្ត្រីនិងអ្នកសង្កេតការណ៍បានសម្តែងការសង្ស័យអំពីលទ្ធភាពនៃកិច្ចប្រជុំនេះ ក្នុងចំណោមការច្របូកច្របល់នៃការឆ្លើយឆ្លងទៅវិញទៅមករបស់ភាគីចូលរួម និងការអវត្តមានរបស់លោក ហ្សេឡេនស្គី និងលោក ពូទីន។

លោក រូប៊ីអូ បាននិយាយថា កម្រិតនៃគណៈប្រតិភូរុស្ស៊ី “មិនបង្ហាញពីគណៈប្រតិភូមួយដែលនឹងនាំទៅរកការរីកចម្រើនសំខាន់ទេ” ខណៈដែលលោក ហ្សេឡេនស្គី ទៅដល់ថ្នាក់ហៅថាជា “គណៈប្រតិភូក្លែងក្លាយ”៕