ព័ត៌មានជាតិ

គ្រួសារសពស្លាប់ដោយរន្ទះបាញ់២នាក់នៅស្រុកស្វាយចេកបានទទួលការចូលរួមរំលែកទុក្ខ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យនិងអនុសាខាកក្រកស្រុកស្វាយចេក

ដោយ : បន្ទាយ

បន្ទាយមានជ័យ ៖​នៅព្រឹកថ្ងៃអង្គារទី១៣ ខែ ឧសភា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខា បានដឹកនាំក្រុមការងារសាខា អនុសាខា នាំយកអំណោយសាខា និងអនុសាខា ទៅចូលរួមរំលែកទុក្ខ ជាមួយគ្រួសារសព ស្លាប់ដោយរន្ទះបាញ់ចំនួន២នាក់ ។

សពមាន÷ ១- ឈ្មោះ អឹម វ៉ាន់ឈី ភេទប្រុស អាយុ៣៥ឆ្នាំ មានប្រពន្ធឈ្មោះ សុខ ស្រីនៀ អាយុ៣៦ឆ្នាំមានបន្ទុកគ្រួសារចំនួន៤នាក់ / ស្រី១នាក់។ ២~ឈ្មោះ អឹម វណ្ណា ភេទប្រុស អាយុ៣៧ឆ្នាំ មានប្រពន្ធឈ្មោះឈួន ឆៃយ៉ា អាយុ៣៥ឆ្នាំ មានបន្ទុកគ្រួសារចំនួន៤នាក់/ ស្រី២នាក់ ។ អ្នកទាំងពីរគឺត្រូវជាបងប្អូនជីដូនមួយនឹងគ្នា មានទីលំនៅ ក្នុងភូមិកំណប់ ឃុំ ស្លក្រាម ស្រុកស្វាយចេក ប្រកបរបរដាក់អន្ទាក់ឬចាប់កណ្តុរ ។

ករណីនេះបានកើតឡើងកាលពីល្ងាច ម៉ោង១៦និង៣០នាទី ថ្ងៃចន្ទទី១២ខែឧសភា ឆ្នាំ២០២៥ ដោយពួកគាត់ទាំងពីនាក់ បាននាំគ្នាទៅដាក់អន្ទាក់កណ្តុរ ធ្វើដំណើរតាមផ្លូវ មានភ្លៀងធ្លាក់ ផ្គររន្ទះ ក៏នាំគ្នាជ្រកក្នុងខ្ទម ក្នុងភូមិខ្លែងពណ៌ត្បូង ឃុំស្លក្រាម ស្រុកស្វាយចេក ក៏ជួបគ្រោះអកុសល្យដោយរន្ទះបាញ់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តងទៅ។

ក្នុងពេលជាមួយគ្នានេះលោកអ៊ុំ រាត្រី ប្រធាននិងក្រុមការងារ ក៏បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពទាំងពីរដែលបានបាត់បង់កូន ប្តី ឪពុក ក្នុងរយៈពេលដ៏ខ្លី ដោយមិនបានផ្តាំផ្ញើគ្នានាពេលចុងក្រោយផងទេ ។

អំណោយដែសាខាកក្រកខេត្តនាំមកនាពេលនេះសម្រាប់គ្រួសារសពនីមួយៗទទួលបាន÷ អង្ករ៥០គីឡូក្រាម,មីជាតិ ២កេស, ត្រីខ២យួរ,ទឹកត្រី២យួរ,ទឹកសុទ្ធវីតាល់២កេស,ថវិកា២០ម៉ឺនរៀល, និងថវិកាឯកឧត្តមផ្ទាល់ក្នុងមួយគ្រួសារៗទទួលបានថវិកា១០០ដុល្លារ។

អំណោយអនុសាខាស្រុកស្វាយចេក ក្នុងមួយគ្រួសារៗទទួលបាន÷ អង្ករ២៥គីឡូក្រាម,មី១កេស,ត្រីខ១យួរ,ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ១យួរ,ទឹកសុទ្ធ៥យួរ, អំបិល១គីឡូក្រាម,ប៊ិចេង១គីឡូក្រាម, ប្រេងឆា១ដប,ស្ករស១គីឡូក្រាម, និងថវិកា១០ម៉ឺនរៀលផងដែរ៕