ប្រែសម្រួល៖ស-សម្បត្តិ

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ស្សេឡេនស្គី បានប្រកាសថា លោកនឹងចូលរួមកិច្ចចរចាសន្តិភាពដែលអាចនឹងកើតមាននៅប្រទេសតួកគី តែក្នុងករណីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ចូលរួមដោយផ្ទាល់តែប៉ុណ្ណោះ ដោយលោកបដិសេធមិនជួបជាមួយតំណាងរុស្ស៊ីផ្សេងទៀតឡើយ។
កិច្ចប្រជុំដែលអាចកើតមាននៅថ្ងៃព្រហស្បតិ៍នៅទីក្រុងអ៊ីស្តង់ប៊ុល គឺកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជំរុញឱ្យមានការចរចាដោយផ្ទាល់រវាងប្រទេសដែលកំពុងមានសង្គ្រាម ខណៈពេលដែលលោកពូទីនមិនទាន់បានបញ្ជាក់ពីវត្តមានរបស់លោកនៅឡើយទេ ទោះបីជាលោកបានស្នើឱ្យមានកិច្ចប្រជុំនេះជាលើកដំបូងក៏ដោយ។ លោកស្សេឡេនស្គីបានសង្កត់ធ្ងន់ថា ប្រសិនបើមិនអាចឈានដល់កិច្ចព្រមព្រៀងផ្អាកបាញ់ទេ នោះកិច្ចចរចានេះនឹងក្លាយជាបរាជ័យមិនខាន។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីអូ នឹងចូលរួមកិច្ចចរចានៅទីក្រុងអ៊ីស្តង់ប៊ុល ដូចដែលលោកត្រាំបានបញ្ជាក់អំឡុងពេលថ្លែងសុន្ទរកថានៅវេទិកាវិនិយោគអារ៉ាប៊ីសាអូឌីត-អាមេរិកនៅក្រុងរីយ៉ាដ។ រដ្ឋាភិបាលលោកបៃដិន មានគម្រោងបញ្ជូនមន្ត្រីជាច្រើនទៅប្រទេសតួកគី រួមមានអ្នកតំណាងអាមេរិកប្រចាំអ៊ុយក្រែន លោក Keith Kellogg និងអ្នកតំណាងការបរទេសរបស់លោកត្រាំ លោក Steve Witkoff។ លោកត្រាំផ្ទាល់ ដែលបច្ចុប្បន្នកំពុងធ្វើដំណើរទស្សនកិច្ចនៅតំបន់ឈូងសមុទ្រ ដោយឈប់នៅអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងកាតា បានបង្ហាញការបើកចំហរក្នុងការចូលរួម ប្រសិនបើលោក “គិតថាវាមានប្រយោជន៍” ដោយលោកបានបង្ហាញថា វត្តមានរបស់លោកនឹងអាស្រ័យលើថាតើលោកពូទីនចូលរួមឬអត់។
លោកសេឡេនស្គីបានសម្រេចចិត្តទាមទារជួបតែជាមួយលោកពូទីនប៉ុណ្ណោះ ដោយលោកនិយាយថា “គ្រប់យ៉ាងនៅក្នុងប្រទេសរុស្ស៊ីពឹងផ្អែក” លើលោកពូទីន។ លោកបានលើកឡើងថា វត្តមានរបស់លោកត្រាំនឹងផ្តល់ “ការជំរុញបន្ថែមសម្រាប់ឱ្យលោកពូទីនហោះមកចូលរួម”។ ការស្នើឱ្យមានកិច្ចចរចានេះ កើតឡើងក្នុងពេលដែលមានសម្ពាធអន្តរជាតិកាន់តែខ្លាំងឡើងលើទីក្រុងម៉ូស្គូ ឱ្យទទួលយកផែនការដែលគាំទ្រដោយសហរដ្ឋអាមេរិកសម្រាប់ការផ្អាកបាញ់រយៈពេល ៣០ ថ្ងៃនៅអ៊ុយក្រែន ដោយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានព្រមានថា ការមិនគោរពតាមអាចនាំឱ្យមានទណ្ឌកម្ម “នៅក្នុងពេលខាងមុខនេះ”។
ទោះជាយ៉ាងណាក៏ដោយ យោងតាមវិទ្យាស្ថានសិក្សាសង្គ្រាម មន្ត្រីរុស្ស៊ីហាក់ដូចជាកំពុង “រៀបចំលក្ខខណ្ឌ” សម្រាប់ឱ្យលោកពូទីនបដិសេធកិច្ចប្រជុំនេះ ដោយជំនួយការសំខាន់ៗសង្ស័យពីគោលបំណងរបស់លោកសេឡេនស្គី និងពិពណ៌នាអំពីកិច្ចចរចាដែលបានស្នើឡើងថាជា “ការបង្ហាញសុទ្ធសាធ”។ ប្រភពការទូតអឺរ៉ុបពីររូបបានប្រាប់ CNN ថា ពួកគេមានការរំពឹងទុកតិចតួចចំពោះកិច្ចប្រជុំនៅថ្ងៃព្រហស្បតិ៍ និងសង្ស័យថាលោកពូទីននឹងចូលរួម៕
ប្រភព៖ CNN
