សន្ដិសុខសង្គម

ភ្លៀង១មេធំជាង៤ម៉ោង បង្កលិចប្រជុំជនក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនិងផ្សាររោងក្លឿស្រុកអារញ្ញប្រាថេតប្រទេសថៃ

ដោយ : បន្ទាយ

បន្ទាយមានជ័យ : ភ្លៀងធ្លាក់ខ្លាំង១មេធំជាង៤ម៉ោង បង្កជាកូនជំនន់ទឹកភ្លៀងផ្លេកបន្ទោរនាំឲ្យលិចប្រជុំជនក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យប្រទេសកម្ពុជានិងផ្សាររោងក្លឿស្រុកអារញ្ញប្រាថេតខេត្តស្រះកែវប្រទេសថៃ ដែលចាប់ផ្តើមម្តុំម៉ោង១:៣០រសៀល ដល់ម្តុំម៉ោង៤ ល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ។
តំណក់គ្រាប់ភ្លៀងបានបន្តមានរហូតដល់ម៉ោង៧យប់នៃថ្ងៃដដែល។

លោកញឹម ផឿង អភិបាលរងក្រុងប៉ោយប៉ែតប្រាប់សារព័ត៌មាន  Cambodia Flash New (CFN) ព្រឹកថ្ងៃទី១១ខែឧសភាឆ្នាំ២០២៥ ថា: ភ្លៀង១មេធំដូចគេហែកមេឃ ហើយស៊ីពេលច្រើនម៉ោងដូចខាងលើ បង្កឲ្យលិច១ផ្នែកធំនៃទីប្រជុំជនក្រុងប៉ោយប៉ែតដែលស្ថិតក្នុងភូមិសាស្រ្តសង្កាត់អូរជ្រៅ សង្កាត់ប៉ោយប៉ែត ជាមជ្ឈមណ្ឌលក្រុងនិង១ផ្នែកនៃសង្កាត់ផ្សារកណ្តាល។ក្នុងនោះ តាមបណ្តោយផ្លូវជាតិលេខ៥ ផ្លូវតូចធំផ្សេងទៀត ទីធ្លាសាធារណ: ទីធ្លាឯកជន ទីធ្លាសាធារណ: មជ្ឈមណ្ឌល់អាជីវកម្ម សេវាកម្ម លំនៅដ្ឋានពលរដ្ឋ ភាគច្រើនត្រូវលិច ។ ទោះយ៉ាង វាមិនបង្កដល់ថ្នាក់លង់ទេ។

លោកបន្តថា លើផ្លូវជាតិលេខ៥ ម្តុំមុខបូរីដឹ ផាកស៊ីធី(The Park City Building ) នាសង្កាត់ប៉ោយប៉ែតនិងផ្សារកណ្តាលបានស្ទះចរាចរណ៍ខ្លាំងដោយសារតែលិចផ្លូវនិងតំបន់ជុំវិញ ដ្បិតអីមុខទឹកបុកចូលមក ហើយប្រព័ន្ធលូនិងប្រឡាយរំដោះទឹកបានស្ទះដោយសារការចោលកាកសំណល់រឹងមិនទាន់បានម្អាតជាមុននារដូវប្រាំង។

កត្តាចម្បង១ទៀតគឺកម្រឹតទឹកធ្លាក់ខ្លាំងពេក ដែលប្រព័ន្ធបង្ហូរ មិនអាចរំដោះទឹកបានភ្លាមៗឡើយ ។
បើតាមលោកញឹម ផឿង ដដែល មកទល់ម៉ោងជាង៨ព្រឹក ថ្ងៃទី១១នេះ ទឹកស្រកបានប្រមាណ៨០ភាគរយហើយ។អំណោយផល គឺមកពីភ្លៀងបានរាំង ហើយមន្ត្រីអាជ្ញាធរដែនដី កងកម្លាំង ផ្នែកឯកជនបានអន្តរាគមន៍។ជាពិសេស បងប្អូនពលរដ្ឋបានចូលរួមសម្អាតសំណល់រឹងនៅមុខលូនិងមុខរីហ្គា។

លោកបន្តថា ជំនន់ទឹកភ្លៀងផ្លេកបន្ទោរផលលប៉ះពាល់ខ្លាំងលើម៉ូតូដែលឆ្លងកាតផ្លូវថ្នល់ដែលមានទឹកលិច ហើយនាព្រឹកថ្ងៃទី១១ខែឧសភានេះ នៅតាមជាងម៉ូតូ កំពុងមមាញឹកទទួលសម្អាតទឹកពីម៉ូតូដែលកកកុញនិងជួសជុលប្រព័ន្ធភ្លើង។

ចំណែកលោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតក៏អោយដឹងដែរថា: មានភ្លៀង​​​ លាយលាយឡំនឹងខ្យល់រយៈពេលជាង៤ម៉ោងពីរសៀលដល់ព្រលប់ថ្ងៃទី១០ខែឧសភាឆ្នាំ២០២៥ ធ្វើឱ្យមានជំនន់ទឹកភ្លៀងលិចស្ទើរគ្រប់ផ្លូវ និងទឹកហូរចូលផ្ទះប្រជាពលរដ្ឋមួយចំនួនក្នុងទីប្រជុំជន។

ត្រឹមយប់ថ្ងៃដដែលភ្លៀងនៅតែបន្តធ្លាក់ក្នុងកម្រិតតិចល្មម ។ ប៉ុន្តែ បន្ទាប់មក ជំនន់ទឹកភ្លៀងតាមផ្លូវមួយចំនួនក៏បានហូរស្រកបណ្តើរៗហើយ ក្រុមការងារចម្រុះមានមន្ត្រីអាជ្ញាធរដែនដី កងកម្លាំងនគរបាល អាវុធហត្ថ កងទ័ពនិងផ្នែកឯកជនក៏បានចុះសម្របសម្រួលចរាចរណ៍តាមផ្លូវ និងជួយរៀបចំសម្ភារៈរបស់បងប្អូនមួយចំនួនដែលមានទឹកហូរចូលផ្ទះផងដែរ។

ទន្ទឹមនឹងនោះ លោកគាត ហ៊ុល បានណែនាំថា សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះចរន្តអគ្គីសនី និងសត្វអសិរពិសជៀសវាងគ្រោះថ្នាក់ដោយប្រការណាមួយជាយថាហេតុ។

ប្រភពមន្ត្រីអាជ្ញាធរដែនដីនិងសមត្ថកិច្ចផ្សេងទៀតប្រាប់ Cambodia Flash New (CFN) ដែរថា : ភ្លៀងធ្លាក់១មេធំនោះ ក៏កើតឡើងលើភូមិសាស្ត្របណ្តោយព្រំដែនកម្ពុជា ថៃ ក្នុងនោះក៏លិចក្រុមផ្សាររោងក្លឿនាឃុំខ្លងលឹកស្រុកអារញ្ញប្រាថេតខេត្តស្រះកែវប្រទេសថៃ នៅទល់មុខក្រុងប៉ោយប៉ែតផងដែរ។

ទោះយ៉ាងណា មកទល់ពេលនេះ ក្នុងគ្រោះធម្មជាតិនេះមិនមានព័ត៌មានពីមនុស្ស សត្វរងគ្រោះរបួសឬស្លាប់នោះទេ។ហើយអាជ្ញាធរនិងជំនាញមូលដ្ឋានថ្នាក់ក្រោមជាតិ អាចនឹងសុំអន្តរាគមន៍ដល់ថ្នាក់លើ អោយជួយបង្ការដោះស្រាយប្រព័ន្ធលូបង្ហូររំដោះទឹកនិងប្រឡាយនៃបញ្ហាទឹកជំនន់និងទឹកភ្លៀងលិចប្រជុំជនក្រុងប៉ោយប៉ែតនេះបន្ថែមទៀត។

សូមបញ្ជាក់ថា ក្រុងប៉ោយប៉ែត ស្ថិតក្នុងគម្រោងទីក្រុងគួរអោយចងរស់នៅ ហើយមានមនុស្សរស់នៅអចិន្ត្រៃយ៍ជាង១០ម៉ឺននាក់និងកើនឡើងសំណង់ផ្ទះ អគារខ្ពស់ៗ រាប់រយពាន់៕