អន្តរជាតិ

មេដឹកនាំបារាំងម៉ាក្រុងនិយាយថាការស្នើសុំចរចារបស់ពួទីន គឺជា ជំហានដំបូង ប៉ុន្តែមិនទាន់គ្រប់គ្រាន់ទេ

ប្រែសម្រួល៖រតនា

ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បានស្នើសុំធ្វើការចរចាសន្តិភាពដោយផ្ទាល់ជាមួយអ៊ុយក្រែន ដែលជា “ជំហានដំបូង ប៉ុន្តែមិនគ្រប់គ្រាន់” នេះបើតាមការថ្លែងរបស់ប្រធានាធិបតីបារាំង អេម៉ាញូអែល ម៉ាក្រុង នៅថ្ងៃទី១១ ខែឧសភា។

ពូទីន បានស្នើឱ្យមានកិច្ចចរចាផ្ទាល់ជាមួយអ៊ុយក្រែន នៅអ៊ីស្តង់ប៊ុលនៅថ្ងៃទី១៥ ខែឧសភា ដោយមានប្រសាសន៍ថា “រុស្ស៊ីរួចរាល់ហើយសម្រាប់ការចរចាដោយគ្មានលក្ខខណ្ឌណាមួយ”។

“ការឈប់បាញ់គ្នាដោយគ្មានលក្ខខណ្ឌ មិនមែនត្រូវមានចរចាជាមុននោះទេ” ម៉ាក្រុងបានប្រាប់អ្នកសារព័ត៌មាននៅព្រំដែនប៉ូឡូញ-អ៊ុយក្រែន យោងតាមសារព័ត៌មាន Agence France Presse (AFP)។

ពូទីន “កំពុងស្វែងរកផ្លូវចេញ ប៉ុន្តែគាត់នៅតែចង់ទិញពេលវេលា” គាត់បានថ្លែង។

សេចក្ដីថ្លែងការណ៍របស់ម៉ាក្រុង បន្ទាប់ពីដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ទីក្រុងគីវនៅថ្ងៃទី១០ ខែឧសភា ជាមួយនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស គៀរ ស្តាមើរ អធិការបតីអាល្លឺម៉ង់ ហ្វ្រីដ្រិច មែរក និងនាយករដ្ឋមន្ត្រីប៉ូឡូញ ដូណាល់ ថាស់។ ដំណើរទស្សនកិច្ចរួមប្រវត្តិសាស្រ្តរបស់ថ្នាក់ដឹកនាំអឺរ៉ុប តំណាងឱ្យការបង្ហាញនូវសាមគ្គីភាពយ៉ាងរឹងមាំជាមួយអ៊ុយក្រែន កណ្តាលការវាយប្រហារកាន់តែខ្លាំងឡើងរបស់រុស្ស៊ី និងការប្រារព្ធពិធីថ្ងៃជ័យជម្នះជាតិនិយមហួសហេតុរបស់រុស្ស៊ី។

អ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុបសំខាន់ៗរបស់ខ្លួន បានចេញសេចក្តីថ្លែងការណ៍រួមទាមទារឱ្យរុស្ស៊ីទទួលយកការបញ្ឈប់បាញ់គ្នាពេញលេញដោយគ្មានលក្ខខណ្ឌរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១២ ខែឧសភា។ សំណើនេះត្រូវបានគាំទ្រដោយប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងសហភាពអឺរ៉ុប។

ប្រទេសទាំងនោះបានសន្យាដាក់ទណ្ឌកម្មតឹងរឹងលើវិស័យធនាគារ និងថាមពលរបស់រុស្ស៊ី ប្រសិនបើម៉ូស្គូមិនទទួលយកការឈប់បាញ់គ្នា។

ពូទីន មិនបានយល់ព្រមទៅនឹងសំណើឈប់បាញ់គ្នានេះទេ ទោះបីជាគាត់បានលើកឡើងថា “សន្តិភាពយូរអង្វែង” អាចត្រូវបានចរចាក្នុងអំឡុងពេលការពិភាក្សានៅអ៊ីស្តង់ប៊ុល។ រុស្ស៊ីតែងតែបដិសេធការអំពាវនាវឱ្យមានការឈប់បាញ់គ្នាដោយគ្មានលក្ខខណ្ឌនៅក្នុងសង្គ្រាមពេញលេញប្រឆាំងនឹងអ៊ុយក្រែន៕