ប្រែសម្រួល៖ ស-សម្បត្តិ

ឥណ្ឌានិងប៉ាគីស្ថានបានយល់ព្រមឱ្យមានការបញ្ឈប់បាញ់គ្នាភ្លាមៗ ដោយបានបញ្ឈប់ការប្រយុទ្ធគ្នាដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍រវាងប្រទេសជិតខាងដែលមានអាវុធនុយក្លេអ៊ែរ ដោយមិនបានរំពឹងទុក។ កិច្ចព្រមព្រៀងនេះបានកើតឡើងនៅថ្ងៃសៅរ៍ គឺត្រូវនឹងពេលដែលការវាយប្រហារទៅវិញទៅមកហាក់ដូចជាកំពុងកើនឡើងយ៉ាងគ្រោះថ្នាក់។
ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រកាសអំពីការបញ្ឈប់បាញ់គ្នានេះនៅលើបណ្តាញ Truth Social ដោយអះអាងថាលោកបានធ្វើជាអ្នកសម្របសម្រួល “យប់ដ៏វែងនៃការពិភាក្សា”។
ទោះយ៉ាងណាក៏ដោយ ឥណ្ឌានិងប៉ាគីស្ថានបានផ្តល់ព័ត៌មានផ្ទុយគ្នាអំពីការចូលរួមរបស់សហរដ្ឋអាមេរិក។ រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ាកូ រូប៊ីអូ បានថ្លែងថា ប្រទេសទាំងពីរបានយល់ព្រមមិនត្រឹមតែលើការបញ្ឈប់បាញ់គ្នាប៉ុណ្ណោះទេ ប៉ុន្តែ “ក៏ដើម្បីចាប់ផ្តើមការពិភាក្សាលើបញ្ហាដ៏ទូលំទូលាយនៅទីតាំងអព្យាក្រឹតមួយផងដែរ” ដោយអះអាងថាលោកនិងអនុប្រធានាធិបតី JD វ៉ាន់ បានចំណាយពេលជាច្រើនថ្ងៃក្នុងការនិយាយជាមួយមន្ត្រីមកពីប្រទេសទាំងពីរ។
ខណៈពេលដែលប៉ាគីស្ថានបានបញ្ជាក់ការបញ្ឈប់បាញ់គ្នាភ្លាមៗ និងបានអរគុណលោកត្រាំចំពោះ “ភាពជាអ្នកដឹកនាំនិងតួនាទីដ៏សកម្ម” របស់លោក ក្រសួងព័ត៌មានឥណ្ឌាបានបន្ថយសារៈសំខាន់នៃការចូលរួមរបស់សហរដ្ឋអាមេរិក ដោយនិយាយថាកិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើង “ដោយផ្ទាល់រវាងប្រទេសទាំងពីរ” ហើយ “គ្មានការសម្រេចចិត្ត” ក្នុងការប្រារព្ធកិច្ចពិភាក្សាបន្ថែមទេ។
យោងតាមអ្នកវិភាគ ការផ្តល់ព័ត៌មានផ្ទុយគ្នាទាំងនេះឆ្លុះបញ្ចាំងពីការប្រឆាំងរបស់ឥណ្ឌាជាប្រពៃណីចំពោះការសម្របសម្រួលអន្តរជាតិ ធៀបនឹងនិន្នាការរបស់ប៉ាគីស្ថានក្នុងការស្វាគមន៍ការសម្របសម្រួលនេះ ដោយសារការពឹងផ្អែករបស់ខ្លួនលើជំនួយបរទេស។
ការបញ្ឈប់បាញ់គ្នានេះគឺជាការភ្ញាក់ផ្អើលជាពិសេស ដោយសារតែភាពធ្ងន់ធ្ងរនៃការប្រយុទ្ធគ្នានៅព្រឹកថ្ងៃសៅរ៍ ដែលបានឃើញប៉ាគីស្ថានអះអាងថា ឥណ្ឌាបានបាញ់មីស៊ីលទៅកាន់មូលដ្ឋានយោធាសំខាន់ៗជាច្រើនចាប់ពីតំបន់កាស្មៀរ រហូតដល់ជិតទីក្រុងអ៊ីស្លាម៉ាបាត់។ ប៉ាគីស្ថានបានឆ្លើយតបដោយបាញ់ទៅកាន់មូលដ្ឋានអាកាសចរណ៍យោធាឥណ្ឌា ដោយពិពណ៌នាថាជា “ភ្នែកសម្រាប់ភ្នែក”។ ប៉ុន្មានម៉ោងក្រោយមក ការផ្ទុះត្រូវបានរាយការណ៍នៅក្នុងតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា រួមទាំងទីក្រុងធំបំផុតនៃតំបន់នោះគឺ ស្រីនាហ្គា។
វិបត្តិបច្ចុប្បន្ននេះត្រូវបានបង្កើតឡើងនៅថ្ងៃទី២៦ ខែមេសា នៅពេលដែលជនមានអាវុធបានសម្លាប់ពលរដ្ឋឥណ្ឌាយ៉ាងតិច២៥នាក់ និងពលរដ្ឋនេប៉ាល់ម្នាក់នៅគោលដៅទេសចរណ៍ដ៏ពេញនិយមមួយក្នុងតំបន់ប៉ាហាល់ហ្គាម នៃតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា។ ឥណ្ឌាបានស្តីបន្ទោសប៉ាគីស្ថានភ្លាមៗចំពោះការគាំទ្រ “ភេរវកម្មឆ្លងកាត់ព្រំដែន” ខណៈពេលដែលប៉ាគីស្ថានបានបដិសេធការពាក់ព័ន្ធ។ ពីរសប្តាហ៍ក្រោយមក ឥណ្ឌាបានចាប់ផ្តើម “ប្រតិបត្តិការស៊ិនឌូ” ដែលជាស៊េរីនៃការវាយប្រហារលើប៉ាគីស្ថាននិងផ្នែកនៃតំបន់កាស្មៀរដែលប៉ាគីស្ថានកាន់កាប់។
ការចូលរួមរបស់សហរដ្ឋអាមេរិកត្រូវបានរាយការណ៍ថាបានកើនឡើងបន្ទាប់ពីមន្ត្រីរដ្ឋបាលត្រាំបានទទួល “ព័ត៌មានសម្ងាត់ដ៏គួរឱ្យព្រួយបារម្ភ” នៅថ្ងៃសុក្រអំពីការកើនឡើងដែលអាចកើតមាន។ ទោះបីជាប្រទេសទាំងពីរបានយល់ព្រមលើការបញ្ឈប់បាញ់គ្នាក៏ដោយ ក៏មានការចោទប្រកាន់ពីការបំពានកិច្ចព្រមព្រៀងពីភាគីទាំងសងខាងរួចហើយ។ រដ្ឋលេខាធិការការបរទេសឥណ្ឌាបានចោទប្រកាន់ប៉ាគីស្ថានពីការបំពានកិច្ចព្រមព្រៀងជាច្រើនដង ខណៈពេលដែលប៉ាគីស្ថានក៏បានចោទប្រកាន់ឥណ្ឌាពីការបំពានផងដែរ ប៉ុន្តែបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការអនុវត្ត។
ថាតើការបញ្ឈប់បាញ់គ្នានឹងបន្តអនុវត្តឬអត់នោះ នៅមិនទាន់ច្បាស់នៅឡើយទេ ព្រោះប្រទេសទាំងពីរបានអនុវត្តការសងសឹកបន្ថែមរួមទាំងការផ្អាកទិដ្ឋាការ ការហាមឃាត់ពាណិជ្ជកម្ម និងការដកខ្លួនរបស់ឥណ្ឌាចេញពីកិច្ចព្រមព្រៀងចែករំលែកទឹកដ៏សំខាន់មួយ៕
ប្រភព៖ CNN
