អន្តរជាតិ

ចក្រភពអង់គ្លេសកំណត់គោលដៅនាវា១០១គ្រឿងក្នុងការដាក់ទណ្ឌកម្ម “ធំបំផុត” ប្រឆាំងនឹងកងនាវាចម្លងប្រេងសម្ងាត់របស់រុស្ស៊ី

ប្រែសម្រួល៖ ស-សម្បត្តិ

ចក្រភពអង់គ្លេសកាលពីថ្ងៃទី៩ ខែឧសភា បានប្រកាសកញ្ចប់ទណ្ឌកម្ម “ធំបំផុត” របស់ខ្លួនប្រឆាំងនឹងកងនាវាចម្លងប្រេងសម្ងាត់របស់រុស្ស៊ី ដោយដាក់កម្រិតលើនាវាដឹកប្រេង១០០គ្រឿង និងនាវាមួយគ្រឿងបន្ថែមទៀតដែលត្រូវបានចោទថាជួយគាំទ្រដល់រដ្ឋាភិបាលរុស្ស៊ី។

កងនាវាចម្លងប្រេងសម្ងាត់របស់ម៉ូស្គូ រួមមាននាវាដឹកប្រេងចាស់ៗដែលត្រូវបានប្រើប្រាស់ដើម្បីគេចពីទណ្ឌកម្ម រួមទាំងទណ្ឌកម្មដែលដាក់ដោយចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ នាវាទាំងនេះជាញឹកញាប់ដំណើរការក្រោមរចនាសម្ព័ន្ធកម្មសិទ្ធិដែលស្រពេចស្រពិល ប្រើទង់ជាតិនៃប្រទេសដែលមានភាពងាយស្រួល និងគេចវេសពីការត្រួតពិនិត្យរបស់លោកខាងលិច។

កញ្ចប់ទណ្ឌកម្មចុងក្រោយបំផុតរបស់ទីក្រុងឡុងដ៍បានដាក់ឈ្មោះនាវាដឹកប្រេងក្នុងកងនាវាចម្លងសម្ងាត់ចំនួន១០០គ្រឿង ដែលបានដឹកជញ្ជូនទំនិញមានតម្លៃជាង២៤ពាន់លានដុល្លារ ចាប់តាំងពីឆ្នាំ២០២៤ ដោយយោងតាមសេចក្តីប្រកាសព័ត៌មាន។ ទណ្ឌកម្មក៏បានកំណត់គោលដៅទៅលើនាវាមួយគ្រឿងផ្សេងទៀតដែល “ពាក់ព័ន្ធក្នុងការទទួលបានផលប្រយោជន៍ឬជួយគាំទ្រ” ក្រឹមឡាំង ព្រមទាំងបុគ្គលនិងអង្គភាពមួយចំនួនក្នុងវិស័យថាមពលនិងសេវាហិរញ្ញវត្ថុរបស់រុស្ស៊ី។

ទណ្ឌកម្មទាំងនេះមានគោលបំណងរារាំងសមត្ថភាពរបស់រុស្ស៊ីក្នុងការផ្តល់ហិរញ្ញប្បទានដល់សង្គ្រាមពេញទំហឹងប្រឆាំងនឹងអ៊ុយក្រែន និងការពារហេដ្ឋារចនាសម្ព័ន្ធក្រោមសមុទ្រពីហានិភ័យដែលបង្កឡើងដោយនាវាដែលអាចមិនមានសុវត្ថិភាព។

“ការគំរាមកំហែងពីរុស្ស៊ីចំពោះសន្តិសុខជាតិរបស់យើងមិនអាចមើលស្រាលបានឡើយ នោះហើយជាមូលហេតុដែលយើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីបំផ្លាញប្រតិបត្តិការកងនាវាចម្លងសម្ងាត់របស់គាត់ ធ្វើឱ្យកងពលម៉ាស៊ីនសង្គ្រាមរបស់គាត់ខ្វះប្រាក់ចំណូលពីប្រេង និងការពារហេដ្ឋារចនាសម្ព័ន្ធក្រោមសមុទ្រដែលយើងពឹងផ្អែកលើសម្រាប់ជីវិតប្រចាំថ្ងៃរបស់យើង” នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Keir Starmer បានថ្លែង។

កញ្ចប់ទណ្ឌកម្មចុងក្រោយនេះមានន័យថា ចក្រភពអង់គ្លេសបានដាក់ទណ្ឌកម្មលើនាវាក្នុងកងនាវាចម្លងសម្ងាត់ច្រើនជាងប្រទេសផ្សេងទៀតណាមួយ។

លោក Starmer បានប្រកាសទណ្ឌកម្មទាំងនេះនៅក្នុងកិច្ចប្រជុំរបស់កម្លាំងប្រតិបត្តិការរួម (JEF) ដែលជាសម្ព័ន្ធមិត្តដឹកនាំដោយចក្រភពអង់គ្លេស រួមមានប្រទេសណាតូនៅអឺរ៉ុបខាងជើងចំនួន១០ ដែលបានជួបប្រជុំគ្នានៅថ្ងៃនេះនៅទីក្រុងអូស្លូ។ JEF កាលពីខែមករាបានបង្កើតប្រព័ន្ធតាមដានមួយដើម្បីជូនដំណឹងដល់សម្ព័ន្ធមិត្តប្រសិនបើនាវាបង្កការគំរាមកំហែងដល់ហេដ្ឋារចនាសម្ព័ន្ធខ្សែកាបក្រោមសមុទ្រ និងដើម្បីតាមដានកងនាវាចម្លងសម្ងាត់របស់រុស្ស៊ី។

ប្រព័ន្ធនេះត្រូវបានបង្កើតឡើងបន្ទាប់ពីខ្សែកាបទូរគមនាគមន៍និងថាមពលមួយចំនួននៅក្រោមសមុទ្របាល់ទិកត្រូវបានខូចខាតក្នុងរយៈពេលប៉ុន្មានខែកន្លងទៅ។

សម្ព័ន្ធមិត្ត JEF ចង់បង្កើត “ភាពជាដៃគូលើកកម្រិតជាមួយអ៊ុយក្រែន” ដោយផ្តល់ការបណ្តុះបណ្តាលនិងការគាំទ្រការប្រឆាំងព័ត៌មានមិនពិតដល់ទីក្រុងគីវ ខណៈពេលរៀនសូត្រពីបទពិសោធន៍នៅសមរភូមិរបស់កងទ័ពអ៊ុយក្រែន យោងតាមទីក្រុងឡុងដ៍៕

ប្រភព៖ Kyiv independent