ដោយ៖ ប្រាក់ សុវណ្ណ

រតនគិរី៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី កាលពីពេលថ្មីៗនេះបានដឹកនាំមន្ត្រីពាក់ព័ន្ធមួយចំនួនចុះទៅពិនិត្យកំណាត់ផ្លូវកៅស៊ូប្រភេទ DBST ប្រវែង ៥,៦គីឡូម៉ែត្រ ដែលមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តទើបសាងសង់រួចនោះ។ ផ្លូវនេះបានតភ្ជាប់ពីផ្លូវជាតិលេខ៧៨ សង្កាត់កាចាញ ក្រុងបានលុង ឆ្ពោះទៅឃុំចាអ៊ុង ចំណុចទឹកជ្រោះធម្មជាតិចាអ៊ុង គឺស្ថិតនៅភូមិចាអ៊ុងចាន់ និងភូមិចាអ៊ុងកៅក្នុងច ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី។
នៅពេលនោះមន្ត្រីជំនាញបានត្រួតពិនិត្យ និងវាយតម្លៃពីគុណភាពផ្លូវរួច ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី និងលោកជំទាវ បានសំណេះសំណាលប្រជាពលរដ្ឋនៅទីនោះដោយពាំនាំការសួរសុខទុក្ខពីប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលជានិច្ចកាលសម្តេចតែងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។
ឯកឧត្ដម បានលើកឡើងថា ការខិតខំប្រឹងប្រែងអភិវឌ្ឈន៍ ធ្វើផ្លូវគមនាគមន៍នានា គឺជាជម្រើសដ៏ល្អដើម្បីចូលរួមចំណែកស្ដារហេដ្ឋារចនាសម្ព័នស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០២៣ ដល់ឆ្នាំ២០៥០។
ឯឧត្ដមបានបន្ថែមថា ការស្ថាបនាផ្លូវនេះ គឺដើម្បីតភ្ជាប់រវាងទីក្រុងទៅទីជនបទដាច់ស្រយាលដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍និមួយៗ មិនតែប៉ុណ្ណោះកំណាត់ផ្លូវនេះនូវបានសម្រួលឲ្យភ្ញៀវទេសចរជាតិនិងអន្ដរជាតិបានធ្វើដំណើទៅលេងកម្សានរមណីយដ្ឋានទឹកជ្រោះចាអ៊ុងបានយ៉ាងងាយស្រួលទៀតផង។
នៅខណ:ពេលនោះប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរី លោកសាយ សាមាន បានឲ្យដឹងដែរថា ផ្លូវនេះគឺជាប្រភេទផ្លូវក្រាលកៅស៊ូDBST មានទទឹង៧ម៉ែត្រនិងបណ្ដោយប្រវែង៥,៦ គីឡូម៉ែត្រ បានធ្វើរួចរាល់ជាស្ថាពរហើយគឺគ្រោងនឹងដាក់សម្ពោធឲ្យពលរដ្ឋប្រើប្រាស់ក្នុងពេលដ៏ខ្លីខាងមុខនេះហើយ។
ដោយឡែកប្រជាពលរដ្ឋរស់នៅភូមិចាអ៊ុងចាន់និងភូមិចាអ៊ុងកៅក្នុងឃុំចាអ៊ុងទាំងមូល កាលពីថ្ងៃ៧ខែឧសភាឆ្នាំ២០២៥នេះពួកគាត់បានជួបជុំគ្នាដើម្បីសម្ដែងការដឹងគុណដល់ថ្នាក់ដឹកនាំ ពួកគាត់ហាក់សប្បាយក្នុងចិត្ដយ៉ាងខ្លាំងនិងមានលាយឡំសំឡេងសរសើរថាយើងមានថ្នាក់ដឹកនាំខេត្តនិងប្រមុខដឹកនាំរដ្ឋាភិបាលល្អ ពោលសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋទូទាំងប្រទេសនិងប្រជាពលរដ្ឋនៅខេត្តរតនគិរីយើងនេះផងដែរ។
ជាក់ស្ដែងគឺកំណាត់ផ្លូវនេះបានធ្វើឲ្យពួកគាត់សម្រេចសមតាមបំណងប្រាថ្នា រកអ្វីមកប្រៀបផ្ទឹមពុំបាននោះឡើយ កាលដើមឡើយផ្លូវនេះពិបាកក្នុងការធ្វើដំណើរណាស់ កុំថាឡើយជិះមូតូឡាននោះ សូម្បីតែថ្មើរជើងក៏ពិបាកដែរ ទើបតែពេលនេះទេដែលពួកគាត់ទទួលបានកំណប់ទ្រព្យដ៏គាប់ចិន្ដា មហាប្រសើរមួយមិនអាចកាត់ថ្លៃបានទេ ដូច្នេះមានតែពាក្យថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរខេត្ត ដែលបានចាប់ដៃគូជាមួយមន្ទីរសាធារណការខិតខំប្រឹងប្រែងស្ថាបនាផ្លូវមួយខ្សែនេះឡើងនិងបានរួចរាល់ជាស្ថាពរនៅដើមខែឧសភាឆ្នាំ២០២៥នេះ។
ពួកគាត់នូវបានជូនពរ ប្រមុខថ្នាក់ដឹកនាំរដ្ឋាភិបាល គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមមានសុខភាពល្អប្រាជ្ញាឈ្លាសវៃដើម្បីដឹកនាំនៅអាណតិ្តទី៧និងអាណត្ដិបន្ដដើម្បីអភិវឌ្ឍន៍ស្ដារនិងកសាងសមិទ្ធផលថ្មីៗដែលនៅសេសសល់ឲ្យកាន់តែល្អប្រសើរថែមទៀត។ជាចុងក្រោយ ពួកគាត់បានសំណូមពរដល់អាជ្ញាធរខេត្តរតនគិរីមេត្តាជួយសាងសង់កំណាត់ផ្លូវនេះតភ្ជាប់ទៅដល់ឃុំហាតប៉ក់ ស្រុកវ៉ើនសៃ ដើម្បីសម្រួលដល់ការធ្វើដំណើរព្រោះផ្លូវនោះក៏មានកាលំបាកខ្លាំងណាស់ដែរ៕
