ដោយ៖ ព្រះអង្គខ្មៅ

បាត់ដំបង÷ ករណីចូលឈូសឆាយដីព្រៃលិចទឹកតំបន់ ២ មន្ត្រីជំនាញបានចុះបង្ក្រាបឃាត់ខ្លួនបុរសម្នាក់ ជាមួយគ្រឿងចក្រមួយគ្រឿងលើទីតាំងល្មើសស្រុកឯកភ្នំ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា÷ ការឃាត់ខ្លួនជនសង្ស័យជាបទល្មើសជាក់ស្តែងនេះធ្វើឡើងនៅរសៀលថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៥ ត្រង់ចំណុចក្របីស្អុយ ស្ថិតក្នុងភូមិបាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ជនសង្ស័យមានឈ្មោះផល ចំរើន ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិស្តីលើ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ជនសង្ស័យមុនការឃាត់ខ្លួនបានធ្វើសកម្មភាពគាស់កាយដីជាច្រើនហិកតាក្នុងដែននេសាទតំបន់ ២ ជាប់ព្រំប្រទល់នឹងដែននេសាទតំបន់ ៣។
ជនសង្ស័យរួមទាំងគ្រឿងចក្រកំពុងត្រូវបានមន្ត្រីខណ្ឌរដ្ឋបាលជលផលបាត់ដំបង កសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធី៕
