អន្តរជាតិ

ប្រទេសថៃបិទកន្លែងទស្សនាទេសភាពដ៏ស្រស់ស្អាតបន្ទាប់ពីមានការប៉ះទង្គិចគ្នានៅឡាវ

ប្រែសម្រួល៖​​លន ស្រស់

បាងកក៖ ការប៉ះទង្គិចដោយក្រុមមានអាវុធដ៏កម្រនៅប្រទេសឡាវ ដែលគេជឿថាពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន បានបង្ខំឱ្យប្រទេសថៃបិទកន្លែងទស្សនាទេសភាពភ្នំដ៏ពេញនិយមមួយនៅតាមព្រំដែន និងបានជំរុញឱ្យមានការព្រមានផ្នែកសន្តិសុខពីសហរដ្ឋអាមេរិក។

មន្ត្រីឧទ្យានជាតិថៃបាននិយាយនៅថ្ងៃចន្ទ (ថ្ងៃទី៥ ខែឧសភា) ថា កន្លែងទស្សនាទេសភាពភូជីហ្វា (Phu Chi Fa) នៅតាមព្រំដែនជាមួយឡាវ ក្នុងខេត្តឈៀងរ៉ៃភាគខាងជើង ត្រូវបានបិទរហូតដល់មានការជូនដំណឹងបន្ថែម។
ស្ថានទូតសហរដ្ឋអាមេរិកនៅវៀងចន្ទន៍ បានអំពាវនាវដល់ជនជាតិអាមេរិកដែលកំពុងគិតធ្វើដំណើរទៅខេត្តបូកេអូ ឱ្យពិចារណាឡើងវិញ បន្ទាប់ពីមានរបាយការណ៍អំពី “ការប៉ះទង្គិចរវាងកងទ័ពឡាវ និងក្រុមមានអាវុធដែលមិនបានកំណត់អត្តសញ្ញាណ”។

“មន្ត្រីមូលដ្ឋានបានស្នើសុំឱ្យបង្កើនកម្រិតសន្តិសុខ ដែលនឹងរួមបញ្ចូលទាំងការបង្កើនចំនួនប៉ុស្តិ៍ត្រួតពិនិត្យយោធា និងវត្តមានកងទ័ព” ស្ថានទូតបាននិយាយនៅលើគេហទំព័ររបស់ខ្លួន។

ភាពច្របូកច្របល់គឺជាករណីកម្រនៅប្រទេសឡាវកុម្មុយនិស្ត ប៉ុន្តែប្រទេសនេះមានផ្នែកមួយនៃតំបន់ត្រីកោណមាស ដែលគ្របដណ្តប់លើតំបន់ព្រំដែនជាមួយមីយ៉ាន់ម៉ា និងថៃ ដែលបានជាមជ្ឈមណ្ឌលពាណិជ្ជកម្មគ្រឿងញៀនដ៏ប្រាក់ចំណេញរបស់អាស៊ីអាគ្នេយ៍អស់រយៈពេលច្រើនទសវត្សរ៍មកហើយ។

វិទ្យុជាតិឡាវបានរាយការណ៍នៅថ្ងៃអង្គារថា ការល្បាតតាមព្រំដែនបានប៉ះទង្គិចជាមួយអ្នកជួញដូរគ្រឿងញៀននៅខេត្តបូកេអូកាលពីថ្ងៃសៅរ៍ និងបានចាប់ខ្លួនជនសង្ស័យចំនួនបួននាក់។

របាយការណ៍បានបញ្ជាក់ថា មន្ត្រីល្បាតតាមព្រំដែនមួយចំនួនត្រូវបានសម្លាប់ និងរបួសក្នុងការប៉ះទង្គិចទាំងនោះ ដោយមិនបានផ្តល់ព័ត៌មានលម្អិត។

ប៉ូលិសនៅឡាវមិនបានឆ្លើយតបនឹងសំណើសុំការអធិប្បាយពី AFP ទេ។
អាជ្ញាធរថៃបានប៉ាន់ប្រមាណថា យ៉ាងហោចណាស់មានទាហានម្នាក់អាចត្រូវបានសម្លាប់ និងជាង១២នាក់រងរបួស៕
ប្រភព៖ AFP/lh