ប្រែសម្រួល៖សហការី

នាយកដ្ឋានបញ្ជាការទូទៅនៃអ៊ុយក្រែនបានរាយការណ៍ថា កងកម្លាំងអាកាសអ៊ុយក្រែនបានវាយប្រហារមជ្ឈមណ្ឌលគ្រប់គ្រងអង្គភាពយន្តហោះគ្មានមនុស្សបើកនៃរុស្ស៊ី នៅក្បែរភូមិតេតគីណូ ក្នុងតំបន់ Kursk របស់រុស្ស៊ី កាលពីថ្ងៃទី៤ ខែឧសភា។
ក្រុមបញ្ជាយន្តហោះគ្មានមនុស្សបើកសម្រាប់ការស៊ើបការណ៍និងវាយប្រហារត្រូវបានប្រចាំការនៅទីតាំងនេះ។ ជាលទ្ធផលនៃការវាយប្រហារ ទាហានរុស្ស៊ីប្រមាណ២០នាក់ត្រូវបានសម្លាប់ និងសម្ភាររបស់ពួកគេត្រូវបានបំផ្លាញ បើយោងតាមសេចក្តីថ្លែងការណ៍។
ភូមិតេតគីណូនៅក្នុងតំបន់ Kursk មានចម្ងាយតិចជាង១០គីឡូម៉ែត្រ (៦ម៉ាយ) ពីព្រំដែនអ៊ុយក្រែន។ មុនការឈ្លានពានពេញលេញរបស់រុស្ស៊ី ភូមិនេះមានប្រជាជនរស់នៅរហូតដល់ ៤,០០០នាក់។
កងកម្លាំងអ៊ុយក្រែនបានវាយប្រហារជាបន្តបន្ទាប់លើគោលដៅយោធា និងឧស្សាហកម្មរុស្ស៊ីនៅតំបន់ខាងក្រោយ ដើម្បីបង្អាក់សមត្ថភាពរបស់ទីក្រុងម៉ូស្គូក្នុងការធ្វើសង្គ្រាមទ្រង់ទ្រាយធំ។
ក្នុងពេលជាមួយគ្នានោះ រុស្ស៊ីនៅតែបន្តវាយប្រហារលើទីក្រុង និងភូមិនានារបស់អ៊ុយក្រែនជាទៀងទាត់ដោយប្រើយន្តហោះគ្មានមនុស្សបើក មីស៊ីល គ្រាប់បែករំអិល និងការបាញ់ផ្លោងអាវុធធុនធ្ងន់ ដែលបណ្តាលឱ្យមានការបាត់បង់ជីវិតជនស៊ីវិលយ៉ាងច្រើន។
ប្រព័ន្ធការពារផ្លូវអាកាសអ៊ុយក្រែនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកប្រភេទវាយប្រហារ និងបំបាំងកាយចំនួន៤២ គ្រឿង ក្នុងចំណោម១១៦គ្រឿង ដែលរុស្ស៊ីបានបាញ់នៅពេលយប់ នេះបើតាមការរាយការណ៍របស់កងទ័ពអាកាស។ យន្តហោះគ្មានមនុស្សបើកប្រភេទបំបាំងកាយចំនួន២១គ្រឿង បានបាត់ពីរ៉ាដាដោយមិនបង្កការខូចខាតណាមួយ បើតាមសេចក្តីថ្លែងការណ៍៕
ប្រភព៖Kyiv independent
