សន្ដិសុខសង្គម

ដើម្បីកាត់បន្ថយភាពតានតឹងនៅតំបន់ប្រាសាទតាមាន់ធំ កងទ័ពថៃនិងកម្ពុជាដែលឈរជើងគ្រប់គ្រងតែរៀៗខ្លួន នឹងដកចេញ

ដោយ៖ បន្ទាយ

ព្រំដែនកម្ពុជា ថៃ៖ កងទ័ពថៃនិងកម្ពុជាដែលមានវត្តមានឈរជើងគ្រប់គ្រងនិងការពារព្រំដែនតែរៀងៗខ្លួននៅក្នុងប្រាសាទតាមាន់ធំនឹងដកថយចេញពីប្រាសាទទៅតាមការឯកភាពគ្នារវាងមន្ត្រីយោធាកម្ពុជានិងថៃ។

យោងតាមការចុះផ្សាយរបស់កាសែតថៃ បាងកកប៉ុស្តិ៍ (Bangkok Post ) កាលពីថ្ងៃទី៣ឧសភា ថា៖  ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិថៃ លោកភុំឋាន  វេចាយ៉ាឆៃ (Phumtham Wechayachai ) និងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោកនាយឧត្តមសេនីយ៍ទៀ សីហា បានជួបចរចាគ្នាកាលពីថ្ងៃសុក្រទី២ ខែឧសភា ឆ្នាំ២០២៥ នារាជធានីបាងកក នៅក្នុងក្របខណ្ឌនៃការយល់ព្រមព្រៀងរវាងរដ្ឋាភិបាលរបស់ប្រទេសទាំងពីរដើម្បីកាត់បន្ថយភាពតានតឹងរវាងភាគីកងទ័ពថៃនិងកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំដែលស្ថិតនៅក្នុងខេត្តឧត្តរមានជ័យប្រទេសកម្ពុជានិងខេត្តសុរិន្ទប្រទសថៃ ព្រោះថា សភាពការណ៍បានឡើងកម្តៅសាជាថ្មីនៅប្រាសាទបុរាណកេរមរតកខ្មែរមួយនេះ បន្ទាប់ពីមានស្ត្រីប្រជាជនកម្ពុជាមួយក្រុមនាំគ្នាទៅច្រៀងចម្រៀងជាតិខ្មែរ«ដែនដីខ្មែរ» នៅទីនោះ កាលពីថ្ងៃទី១៣ខែកុម្ភ:ឆ្នាំ២០២៥  ដែលនាំឲ្យទាហានថៃខឹងច្រឡោតនិងហាមឃាត់សកម្មភាពបែបនេះទៀត។

ដ្បិតអីថៃចោទថាកងកម្លាំងកម្ពុជាបានគាំទ្រឲ្យពលរដ្ឋនិងព្រះសង្ឃច្រៀងភ្លេងជាតិខ្មែរលើទឹកដីថៃ( ទឹកដីដែលភាគីទាំងពីរមិនទាន់បានឯកភាពនិងបោះបង្គោលព្រំដែន) ហើយនៅតែអះអាងនិងគ្រប់គ្រងដោយភាគីទាំងពីរនៅឡើយ ។

តមក មានការប៉ះទង្គិចពាក្យសម្ដីនិងកាយវិការបន្តបន្ទាប់ខ្លះទៀតរវាងកងកម្លាំងភាគីទាំង២ ។ចំណែកពលរដ្ឋ និងភ្ញៀវទេសចរជាច្រើនពីជាតិទាំងពីរក៏បានមកទស្សនា ក៏ដូចជាបង្ហាញនូវស្មារតីភក្តីភាព ជាតិនិយម ទឹកដី វប្បធម៌របស់ផងខ្លួន ដែលក្នុងនោះបានញ៉ាំងឲ្យមានការប៉ះទង្គិចអារម្មណ៍គ្នា។

ប្រភពនេះដដែលបន្ថែមថា: យោធាថៃនឹងគោរពតាមបទបញ្ជារបស់រដ្ឋមន្ត្រីការពារជាតិខ្លួន ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងកិច្ចពិភាក្សាជាមួយភាគីកម្ពុជា ដើម្បីធានាថាការសម្របសម្រួលត្រូវបានអនុវត្ត។

ក្នុងករណីការអនុវត្តការសម្របសម្រួលទទួលបរាជ័យ នោះភាគីទាំងសងខាងនឹងរាយការណ៍ជូនថ្នាក់លើរបស់ខ្លួនរៀងៗខ្លួន ។

សូមរំលឹកថា នៅបន្ទាត់ព្រំដែនកម្ពុជា ថៃ លើជួរភ្នំដងរែកត្រង់ប្រាសាទតាមាន់ធំក្នុងភូមិតាមន្តសែនជ័យ ឃុំគោកមន និងត្រង់ប្រាសាទតាក្របី ក្នុងឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យ ឯខាងថៃគឺស្រុកភ្នំដុងរ៉ាក់ខេត្តសុរិន្ទ ត្រូវបានកងកម្លាំងព្រំដែននៃភាគីទាំង២ដាក់កម្លាំងឈរជើងនិងគ្រប់គ្រងរួមគ្នាតាំងពីមុននិងក្រោយព្រឹត្តិការណ៍ប៉ះទង្គិចនិងផ្ទុះអាវុធតាមបណ្តោយព្រំដែនឆ្នាំ២០០៨ នៅពេលកម្ពុជាបានចុះបញ្ជីប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាឆ្នាំនោះ នាថ្ងៃទី៧ខែកក្កដា ។

អំពីបូរណភាពទឹកដីនិងព្រំដែន  បើតាមផែនទីបារាំង-សៀម ទីតាំងប្រាសាទតាមាន់ធំ(ដែលកងកម្លាំងភាគីទាំងពីរឈរជើងនិងគ្រប់គ្រងរួមគ្នា) និងប្រាសាទតាមាន់តូច ប្រាសាទថ្មបាយក្រៀម(ដែលថៃដណ្តើមទៅកាន់កាប់) សុទ្ធតែស្ថិតក្នុងទឹកដីកម្ពុជា ពោលគឺមិនដូចផែនទីដែលគូរថ្មីជាឯកតោភាគីឡើយ៕