ប្រែសម្រួល៖សហការី

ទីក្រុងម៉ូស្គូ៖ កងកម្លាំងអ៊ុយក្រែនបានវាយប្រហារទៅលើតំបន់ Kursk ភាគខាងលិចនៃប្រទេសរុស្ស៊ីកាលពីថ្ងៃចន្ទ (ថ្ងៃទី៥ ខែឧសភា) ដោយបានបាញ់គ្រាប់មីស៊ីល បំផ្លាញស្ពាន រួចហើយចាប់ផ្តើមវាយប្រហារជាមួយក្រុមកងរថក្រោះនៅពេលព្រឹក និងបានឆ្លងកាត់វាលមីនដោយប្រើរថយន្តពិសេស តាមការរាយការណ៍ពីអ្នកប្លក់សង្គ្រាមរុស្ស៊ី។
អគ្គមេបញ្ជាការរុស្ស៊ីបានថ្លែងកាលពីខែមុនថា កងទ័ពអ៊ុយក្រែនត្រូវបានបណ្តេញចេញពីតំបន់ Kursk ដែលបញ្ចប់នូវការវាយលុកដ៏ធំបំផុតចូលទឹកដីរុស្ស៊ីចាប់តាំងពីសង្គ្រាមលោកលើកទី២ ហើយថារុស្ស៊ីកំពុងបង្កើតតំបន់ហ៊ុមព័ទ្ធនៅក្នុងតំបន់ស៊ូមីនៃប្រទេសអ៊ុយក្រែនដែលនៅជាប់គ្នា។
“ខ្មាំងសត្រូវបានបំផ្ទុះស្ពានដោយគ្រាប់រ៉ុកកែតនៅពេលយប់ ហើយចាប់ផ្តើមវាយប្រហារជាមួយក្រុមរថក្រោះនៅពេលព្រឹក” នេះជាការសរសេររបស់អ្នកប្លក់សង្គ្រាម “RVvoenkor” នៅលើបណ្តាញ Telegram។
“រថយន្តបោសសម្អាតមីនចាប់ផ្តើមបើកផ្លូវឆ្លងកាត់វាលមីន ដោយមានរថក្រោះនិងទាហានតាមពីក្រោយ។ មានការប្រយុទ្ធគ្នាយ៉ាងខ្លាំងកំពុងតែកើតឡើងនៅតាមព្រំដែន។”
ការវាយប្រហាររបស់អ៊ុយក្រែននៅ Kursk ត្រូវបានរាយការណ៍ដោយអ្នកប្លក់រុស្ស៊ីជាច្រើនផ្សេងទៀត រួមទាំង “The archangel of special forces” និងអ្នកឆ្លើយឆ្លងសង្គ្រាមនៃទូរទស្សន៍រដ្ឋរុស្ស៊ី លោក Alexander Sladkov។
មិនមានការធ្វើអត្ថាធិប្បាយភ្លាមៗពីរុស្ស៊ីឬអ៊ុយក្រែនទេ ប៉ុន្តែអ្នកប្លក់សង្គ្រាមរុស្ស៊ីបានផ្សាយផែនទីបង្ហាញពីកងកម្លាំងអ៊ុយក្រែនកំពុងព្យាយាមរុញចូលឆ្លងកាត់ព្រំដែនរុស្ស៊ីក្នុងទីតាំងពីរឆ្ពោះទៅកាន់តំបន់ Tyotkino៕
ប្រភព៖ Reuters/ec
