ប្រែសម្រួល៖ សហការី

អ៊ុយក្រែនបានវាយប្រហារលើរោងចក្រអេឡិចត្រូមេកានិច Strela នៅក្នុងតំបន់ Bryansk របស់រុស្ស៊ីនៅថ្ងៃទី៤ ខែមេសា ដោយបំផ្លាញរោងជាងពីរ នេះបើតាមការរាយការណ៍របស់បណ្តាញ Telegram គាំទ្ររដ្ឋាភិបាលរុស្ស៊ី Shot។
ការវាយប្រហារនេះបានបង្កឱ្យមានអគ្គិភ័យគ្របដណ្តប់លើផ្ទៃក្រឡា ២៥០ ម៉ែត្រការ៉េ (ប្រហែល ២,៦៩០ ហ្វីតការ៉េ) ដែលបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៃរោងចក្រ នេះបើតាមការសរសេររបស់ Shot។
រោងចក្រ Strela ដែលស្ថិតនៅក្នុងក្រុង Suzemka ជិតព្រំដែនអ៊ុយក្រែន ផលិតឧបករណ៍រ៉ាដា ត្រង់ស្វូម៉ាទ័រ ឆូក និងឧបករណ៍អេឡិចត្រូនិចផ្សេងទៀតសម្រាប់ឧស្សាហកម្មការពារជាតិ អាកាសចរណ៍ និងអេឡិចត្រូនិចរបស់រុស្ស៊ី។
អភិបាលនៃតំបន់ Bryansk លោក Alexander Bogomaz បានបញ្ជាក់ថា មានអគ្គិភ័យបានឆេះឡើងនៅរោងចក្រឧស្សាហកម្មមួយក្នុងក្រុង Suzemka ប៉ុន្តែមិនបានបញ្ជាក់ឈ្មោះទីតាំងនោះទេ។
“មានអគ្គិភ័យនៅរោងចក្រឧស្សាហកម្ម អគារផលិតកម្ម និងអគាររដ្ឋបាលត្រូវបានបំផ្លាញ។ មិនមានការបាត់បង់អាយុជីវិតទេ” នេះបើតាមការសរសេររបស់លោក Bogomaz នៅលើបណ្តាញ Telegram ផ្លូវការរបស់លោក។
ក្រសួងការពារជាតិរុស្ស៊ីបានទទួលស្គាល់ថា ដ្រូនមួយត្រូវបានបំផ្លាញនៅលើតំបន់នោះ ប៉ុន្តែមិនបានផ្តល់មតិលើការវាយប្រហារ ឬការខូចខាតដល់រោងចក្រ Strela ទេ។
ស្ថាប័នសារព័ត៌មាន The Kyiv Independent មិនអាចផ្ទៀងផ្ទាត់ការអះអាងទាំងអស់នេះដោយឯករាជ្យបានទេ ហើយមន្ត្រីអ៊ុយក្រែនមិនទាន់បានផ្តល់មតិជាសាធារណៈអំពីការវាយប្រហារនេះនៅឡើយទេ។
ការវាយប្រហារលើ Strela គឺជាផ្នែកមួយនៃការវាយប្រហារដ៏ទូលំទូលាយរបស់អ៊ុយក្រែនដែលកំពុងដាក់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធយោធា និងឧស្សាហកម្មរបស់រុស្ស៊ី។
ដ្រូនអ៊ុយក្រែនបានវាយប្រហារលើរោងចក្រផលិតឧបករណ៍ Murom នៅក្នុងតំបន់ Vladimir របស់រុស្ស៊ីនៅថ្ងៃទី៣០ ខែមេសា ដែលបង្កការខូចខាតដល់អគារពីរ និងបង្កឱ្យមានអគ្គិភ័យ៕
ប្រភព៖ Kyiv independent
