សេដ្ឋកិច្ច

វិទ្យាស្ថានស៊ីអ៊ីអូប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ពានរង្វាន់ថ្នាក់ដឹកនាំ និងសហគ្រិនឆ្នើម

ដោយ៖ប្រសិទ្ធ

ភ្នំពេញ៖ វិទ្យាស្ថានស៊ីអ៊ីអូ បានរៀបចំកម្មវិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ជំនាន់ទី៤ និងជំនាន់ទី៥, ពានរង្វាន់ផែនការអាជីវកម្មលេចធ្លោ, ពានរង្វាន់អ្នកដឹកនាំវ័យក្មេង និងពានរង្វាន់សហគ្រិនវ័យក្មេងឆ្នើម ដែលបានខិតខំសិក្សារៀនសូត្រ រហូតទទួលបានជោគជ័យ និងខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ។ ពិធីនេះ រៀបចំឡើងនាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ នៅអគារ Kampus រាជធានីភ្នំពេញ។

នៅក្នុងកម្មវិធីដ៏វិសេសវិសាលដើម្បីអបអរសាទរដល់និស្សិត ដែលទទួលបានជ័យលាភី និងសហគ្រិនឆ្នើមដែលទទួលបានពានរង្វាន់នាពេលនេះ មានការអញ្ជើញចូលរួម ពី ឯកឧត្តម លោកគ្រូធំបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិកវិទ្យាស្ថានស៊ីអ៊ីអូ និងជាទីប្រឹក្សាក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, លោកជំទាវ សូ សេរីវឌ្ឍនា អគ្គនាយិកាវិទ្យាស្ថានស៊ីអ៊ីអូ, សាស្ត្រាចារ្យ, អាណាព្យាបាល និងនិស្សិត បានអញ្ជើញចូលរួមជិត ២០០ នាក់។

លោកជំទាវ សូ សេរីវឌ្ឍនា អគ្គនាយិកាវិទ្យាស្ថានស៊ីអ៊ីអូ បានមានប្រសាសន៍ថា ទស្សនវិស័យក្នុងការបង្កើតវិទ្យាស្ថាន CEO នេះឡើង គឺដើម្បីចូលរួមចំណែកបណ្ដុះបណ្ដាល និងបង្វឹកដល់សិស្សនិស្សិត ឲ្យទទួលបានទាំងចំណេះដឹង និងបទពិសោធជាក់ស្ដែងយ៉ាងពិតប្រាកដ ដែលអាចជាធនធានមនុស្ស និងសហគ្រិនឆ្នើម ជាពិសេសចង់ឱ្យប្រទេសជាតិក្លាយជាប្រទេសអ្នកមានយ៉ាងឆាប់រហ័ស។ លោកជំទាវបន្ថែមថា វិទ្យាស្ថាន CEO មិនត្រឹមតែផ្ដល់ចំណេះដឹង ជំនាញ និងបទពិសោធប៉ុណ្ណោះទេ វិទ្យាស្ថានបានបណ្ដុះគំនិតដល់និស្សិតឲ្យមានភាពក្លាហាន ជឿជាក់លើខ្លួនឯង ចេះធ្វើផែនការអាជីវកម្ម លើសពីនេះ គឺបានរួមចំណែកផ្លាស់ប្ដូរអត្តចរិត សិស្សនិស្សិត ពីបុគ្គលធម្មតាទៅជាបុគ្គលដែលមានភាពជាអ្នកដឹកនាំ និងចេះដឹងគុណ។ ហើយវិទ្យាស្ថានស៊ីអ៊ីអូ នឹងនៅតែបន្តខិតខំបណ្ដុះបណ្ដាល ផ្ដល់ជំនាញវិជ្ជាជីវៈ ជំនាញសហគ្រិន និងជំនាញផ្សេងៗទៀត ដែលជួយឲ្យកម្ពុជាសម្បូរទៅដោយធនធានមនុស្ស ដើម្បីជួយជ្រោមជ្រែង និងអភិវឌ្ឍន៍ប្រទេសជាតិបន្តទៅមុខទៀត។

ឯកឧត្តម លោកគ្រូធំបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិកវិទ្យាស្ថានស៊ីអ៊ីអូ បានមានប្រសាសន៍ នៅក្នុងកម្មវិធីដ៏រីករាយនោះដែរថា ការគ្រងឈុតសម្លៀកបំពាក់ទទួលសញ្ញាបត្រដ៏ស្រស់ស្អាតរបស់ប្អូនៗនៅថ្ងៃនេះ ជាមួយនឹងសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ដែលរៀបចំជូនដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនាពេលនេះ ជាភស្តុតាងបញ្ជាក់ថា ប្អូនៗបានបញ្ចប់ការសិក្សាដោយជោគជ័យ ហើយបានក្លាយជាបញ្ញវន្តម្នាក់ មូលធនម្នាក់ និងអ្នកដឹកនាំម្នាក់ ដ៏មានសក្តានុពលរបស់កម្ពុជា ដែលជាកម្លាំងចលករដ៏សំខាន់ ក្នុងការជួយលើកកម្ពស់គុណភាពជីវិតខ្លួនឯង គុណភាពគ្រួសារ និងគុណភាពប្រទេសជាតិរបស់យើងឲ្យកាន់តែមានភាពរីកចម្រើនបានឆាប់រហ័ស និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការរក្សាសុខសន្តិភាព និងសម្រេចបាននូវទស្សនវិស័យ ចង់ឃើញកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តមបន្ថែមថា វិទ្យាស្ថានស៊ីអ៊ីអូ មានភាពខុសប្លែកពីវិទ្យាស្ថាន ឬសកលវិទ្យាល័យដទៃទៀត ត្រង់ចំណុចមួយចំនួនដែលវិទ្យាស្ថានបានរៀបចំក្នុងការបណ្ដុះបណ្ដាល។ ដោយនៅវិទ្យាស្ថានស៊ីអ៊ីអូ ការរៀនតាមទ្រឹស្ដីគឺផ្ដោតសំខាន់ ២០ភាគរយនិង ៨០ភាគរយ ទៀត គឺយើងសង្កត់ធ្ងន់ទៅលើការអនុវត្តផ្ទាល់ជាក់ស្ដែង។ តួយ៉ាងដូចជាការបង្វឹកឲ្យនិស្សិត ចេះរៀបចំខ្លួនឲ្យមានភាពក្លាហាន មានទំនុកចិត្ត មានទំនាក់ទំនងល្អនៅក្នុងការនិយាយស្ដី ផ្ដល់បទពិសោធ ផ្ដល់ឱកាសការងារដើម្បីទទួលបាក់ចំណូលក្នុងការផ្គត់ផ្គង់ដល់ការសិក្សាដោយខ្លួនឯង។ លោកថា ការសិក្សាប្រាកដណាស់មិនដូចការធ្វើអាជីវកម្មនោះទេ ប៉ុន្តែការសិក្សានិងការធ្វើអាជីវកម្ម ពិតជាមានការប្រកួតប្រជែងដូចគ្នា អ៊ីចឹងសូមយកការប្រកួតប្រជែងទុកជារឿងធម្មតា។ បន្ថែមពីនេះ លោកក៏បានផ្ដល់នូវគន្លឹះសំខាន់ៗ ដែលជាគុណតម្លៃស្នូល ៨ ចំណុច ដើម្បីទទួលបានភាពជោគជ័យនៅក្នុងការសិក្សានិងការធ្វើអាជីវកម្ម រួមមាន គ្រួសារត្រូវតែរីករាយ, ការងារ មុខរបរ ត្រូវតែរីកចម្រើន, ស្មោះត្រង់គឺជាដើមទុន, និយាយបានធ្វើបាន, ស្រឡាញ់ត្រូវតែផ្ដល់ឱ្យ, ស្នេហ៍មិនឈ្នះស្និទ្ធ, រក្សាចាស់បង្កើតថ្មី និងបន្តរៀនសូត្ររហូតដល់ត្រាស់ដឹង។

ចំណែកឯនិស្សិតមួយរូបដែលទទួលបានជ័យលាភីនៅក្នុងចំណោមនិស្សិតជាច្រើនដែលទទួលបានជ័យលាភីដូចគ្នានោះ បានបង្ហាញពីក្តីរីករាយ និងបានបញ្ចេញនូវទស្សនៈផ្ទាល់ខ្លួនថា “នាងខ្ញុំឈ្មោះ ស៊យ ចាន់ដេង ជាអតីតសិស្សនិទេ្ទស A មកពីខេត្តកណ្ដាល ហើយក៏ជាអតីតសិស្សជំនាន់ទី៤ នៅវិទ្យាស្ថានស៊ីអ៊ីអូ រៀនជំនាញ គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ បច្ចុប្បន្ននេះក៏ជាប្រធានដឹកនាំកម្មវិធី i learning, ai school of Cambodia និង learn online Cambodia នៅវិទ្យាស្ថានស៊ីអ៊ីអូ ផងដែរ។ មូលហេតុដែលសម្រេចចិត្តរៀននៅវិទ្យាស្ថានស៊ីអ៊ីអូ  នេះ ក៏ព្រោះតែចង់ក្លាយជាសហគ្រិនដ៏ឆ្នើមរូប។  នៅពេលដែលចាប់ផ្ដើមចូលសិក្សានៅសាកលវិទ្យាល័យក៏បានស្រាវជ្រាវរកព័ត៌មាន ក៏ឃើញវិទ្យាស្ថានស៊ីអ៊ីអូ បណ្ដុះបណ្ដាលផ្ដោតសំខាន់ទៅលើការបង្វឹកមនុស្សឲ្យក្លាយជាសហគ្រិនឆ្នើម ក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយក៏បានចុះឈ្មោះចូលរៀនតែម្ដង។ បន្ទាប់ពីបានសិក្សានៅវិទ្យាស្ថានគឺទទួលបានលទ្ធផលជាផ្លែផ្កាលើសពីការរំពឹងទុក ដោយកាលពីចុះឈ្មោះរំពឹងថាទទួលបានផលតែ ៨ ទៅ ៩ ភាគរយប៉ុណ្ណោះ ប៉ុន្តែពេលជាក់ស្ដែងទទួលបានរហូតដល់លើស ១០ ភាគរយទៅទៀត។ នេះក៏ព្រោះតែវិទ្យាស្ថានបណ្ដុះបណ្ដាលផ្ដោតទៅលើការផ្លាស់ប្ដូរផ្នត់គំនិត មុននឹងរៀនទ្រឹស្ដីតាមជំនាញ និងមុខវិជ្ជាស្នូល។ វិទ្យាស្ថានស៊ីអ៊ីអូ មានភាពខុសប្លែកពីសាកលវិទ្យាល័យដទៃ ២ចំណុច ទី១ ការសិក្សាផ្ដោតទៅលើទ្រឹស្ដី ២០ភាគរយ ផ្ដោតទៅលើការអនុវត្តជាក់ស្ដែង ៨០ភាគរយ និងទី២ ផ្ដល់ឱកាសឲ្យនិស្សិតចុះអនុវត្តជាក់ស្ដែង ចាប់តាំងពីឆ្នាំទី២ តទៅ ដែលធ្វើឲ្យខ្ញុំនិងនិស្សិតដទៃទៀត នៅពេលដែលចប់ថ្នាក់សិក្សារបស់ខ្លួន ទទួលបានទាំងចំណេះដឹង បទពិសោធនិងជំនាញយ៉ាងពិតប្រាកដ។

គួររំលេចផងដែរ ឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា បានឲ្យដឹងទៀតថា ដើម្បីឲ្យការបង្រៀន និងការសិក្សាកាន់តែមានប្រសិទ្ធភាពជាងមុនថែមទៀត ថ្នាក់ដឹកនាំវិទ្យាស្ថានបានជួបប្រជុំពិភាក្សា អំពីកាលានុវត្តភាពរបស់វិទ្យាស្ថាន ធ្វើយ៉ាងណា ដើម្បីកាត់បន្ថយការលំបាកក្នុងការធ្វើដំណើរមកថ្នាក់រៀន និងចំណាយផ្សេងៗទៀតជាច្រើនលើការសិក្សា វិទ្យាស្ថានស៊ីអ៊ីអូ បានធ្វើការអភិវឌ្ឍកម្មវិធីសិក្សាបែបនវានុវត្តថ្មីមួយកម្រិតថែមទៀត ដោយដាក់បញ្ចូលកម្មវិធី Hybrids workplace-Classroom-E-Learning Platform តាមក្បួន ៤០-៤០-២០ ដែលមានន័យថា រៀនតាមរយៈការធ្វើការចំនួន ៤០ភាគរយ រៀនតាមប្រព័ន្ធ E-Learning ចំនួន ៤០ភាគរយ ហើយរៀនតាមរយៈការប្រឹក្សាយោបល់ផ្ទាល់ជាក់ស្ដែង ចំនួន ២០ភាគរយ៕/