ព័ត៌មានជាតិ

ទិវាពលកម្មអន្តរជាតិ: ភាពថ្លៃថ្នូរ ភាពចាស់ទុំនិងភាពប្រសើរឡើងនៃសិទ្ធិសេរីភាពរបស់និយោជិត ដាក់ទុនវិនិយោគ និងបង្កើតឱកាសការងារ

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាពនិងភាពធន់នេះគឺជាប្រធានបទ ខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ដោយមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ បានរៀបចំធ្វើឡើងនៅសាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ ដែលមានអ្នកចូលរួមជាង៧០០នាក់ ។

លោក នួន សុីណា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបានឲ្យដឹងថា : សហគ្រាសគ្រឹះស្ថានក្នុងខេត្តសរុបចំនួន៩៥០សហគ្រាស កម្មករនិយោជិតសរុប ២២,៥១២នាក់។
ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេសចំនួន៣ នៅក្រុងប៉ោយប៉ែត រួមមាន.តំបន់សេដ្ឋកិច្ចពិសេសសានកូ តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាលគ្រុប និងតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតអូនាង ។.ចំណែកនៅក្នុងក្រុងសេរីសោភ័ណមានសួនឧស្សាហកម្មចំនួន១ កន្លែង ។

លោក នួន សុីណា បានបន្តថា ការលេចឡើងនៅបដិវត្តន៍ឧស្សាហកម្មទី៤.០ បាននាំឱ្យតម្រូវការជំនាញកាន់តែខ្ពស់ ដែលនេះអាចនឹងបង្កឲ្យមានបញ្ហាកង្វះជំនាញ ព្រមទាំងការជំនួសកម្លាំងមនុស្សដោយម៉ាស៊ីន ស្វ័យប្រវត្តិកម្មនិងបញ្ហាសិប្បនិម្មិត។
ដែលនេះអាចនាំឲ្យបាត់បង់ការងារ ជាពិសេសសម្រាប់កម្លាំងពលកម្មជំនាញទាប និងគ្មានជំនាញ ដូចនេះដើម្បីទប់ទល់នឹងបញ្ហាប្រឈមខាងលើនេះ គឺតម្រូវឲ្យមានការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ជម្រុញការស្រាវជ្រាវ និងនវានុវត្តន៍បច្ចេកវិទ្យាគឺជាការចាំបាច់បំផុត។

លោក អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ការប្រារព្ធខួបទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្នុងគោលដៅបង្ហាញឲ្យឃើញអំពីភាពថ្លៃថ្នូរ ភាពចាស់ទុំ និងភាពប្រសើរឡើងនៃសិទ្ធិសេរីភាពរបស់កម្មករនិយោជិត និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ដើម្បីបង្កើនការទាក់ទាញទុនវិនិយោគ និងបង្កើតឱកាសការងារកាន់តែប្រសើរ និងសមរម្យជូនបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋ។

ការពង្រឹង និងពង្រីកការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ជាពិសេសកម្លាំងពលកម្ម ដែលកំពុងធ្វើការគឺមានសារៈសំខាន់ក្នុងការធ្វើឲ្យប្រសើរឡើងនូវជំនាញនៃកម្លាំងពលកម្មក្នុងខេត្ត ដើម្បីឆ្លើយតបទៅនឹងតម្រូវការកម្លាំងពលកម្មជំនាញទាំងនៅក្នុងខេត្ត និងក្នុងប្រទេសដែលកំពុងតែមានការកើនឡើង។

នាឱកាសនោះ គណៈអធិបតីបានផ្ដល់ជូនកម្មការីនីមានផ្ទៃពោះម្នាក់ៗទទួលបាន ក្រមា១ សារុង១ និងថវិកា ៤ម៉ឺនរៀល។
ដោយឡែកកម្មករ កម្មការីនី ម្នាក់ៗទទួលបាន ក្រមា១ និងថវិកា២ម៉ឺនរៀលផងដែរ៕