ដោយ : បន្ទាយ

កំពង់ស្ពឺ ៖កាលពីវេលាម៉ោង ១១:៣៤នាទី នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ កងកម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានជួយសម្រួលនីតិវិធីករណីគ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រលេខ ៦៩-៧០ ស្ថិតក្នុងភូមិពាមទុង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
តាមលោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច អោយដឹងថា : ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឲ្យស្លាប់មនុស្ស ២នាក់ ភេទ ប្រុស ជនជាតិ ចិន។ របួសធ្ងន់២នាក់ ភេទ ប្រុស ជនជាតិ ចិនដែរ។ រីឯអ្នកបើកបររងរបួសស្រាល ។
នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ កម្លាំងរដ្ឋបាលផ្លូវ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានអន្តរាគមន៍នៅកន្លែងកើតហេតុ ដោយសង្គ្រោះជនរងរបួសនិងដឹកសពទៅតម្កល់។ ឯរថយន្តម៉ាក Toyota Alphad ពណ៌ខ្មៅ ពាក់ស្លាកលែខ ភ្នំពេញ 2CC-0313 ដែលបង្កនិងរងគ្រោះខ្លួនឯង បានខូចខាតធ្ងន់ធ្ងរត្រូវបានស្ទូចដឹកយកទៅរក្សាទុកនៅនគរបាលស្រុក ។
យោងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺអោយដឹងថា: ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តម៉ាកTOYOTA ALPHARD មានអ្នកដំណើរក្នុងឡានចំនួន០៦នាក/ស្រី០១នាក់.បើកបរពីខេត្តព្រះសីហនុមកភ្នំពេញ ។
សមត្ថកិច្ចសន្និដ្ឋានបឋមថា : អ្នកបើកបររថយន្តបានប្រើប្រាស់ល្បឿនលឿន រថយន្តបានបែកកង់ក្រោយខាងឆ្វេង បណ្តាលឲ្យរេចង្កូតទៅបុករនាំងទ្រូងផ្លូវ រួចបន្តទៅបុករនាំងការពារផ្លូវ ហើយរថយន្តក្រឡាប់នៅគន្លងធម្មតានិងគន្លងអាសន្នតែម្តង ៕
