អន្តរជាតិ

ត្រាំ ត្រៀមកាត់បន្ថយផលប៉ះពាល់នៃពន្ធនាំចូលមកលើក្រុមហ៊ុនផលិតរថយន្តអាមេរិក

ប្រែសម្រួល៖ លន ស្រស់

ប្រធានាធិបតី ដូណាល់ ត្រាំ ត្រៀមចាត់វិធានការដើម្បីកាត់បន្ថយផលប៉ះពាល់នៃពន្ធនាំចូលរបស់លោកមកលើក្រុមហ៊ុនផលិតរថយន្តសហរដ្ឋអាមេរិក នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃសេតវិមាន។

«កិច្ចព្រមព្រៀងនេះគឺជាជ័យជម្នះដ៏សំខាន់សម្រាប់គោលនយោបាយពាណិជ្ជកម្មរបស់ប្រធានាធិបតី ដោយការផ្តល់រង្វាន់ដល់ក្រុមហ៊ុនដែលផលិតក្នុងស្រុក» នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់លោក ហាវើដ លាតនិក រដ្ឋមន្ត្រីពាណិជ្ជកម្ម ដែលបានផ្តល់ជូនទីភ្នាក់ងារព័ត៌មាន Reuters។

ប្រធានាធិបតីនឹងប្រកាសពីវិធានការកាត់បន្ថយពន្ធនាំចូលមួយចំនួនលើគ្រឿងបន្លាស់ពីបរទេសដែលត្រូវបានប្រើប្រាស់ក្នុងរថយន្តដែលផលិតនៅក្នុងសហរដ្ឋអាមេរិក។

ខណៈពេលដែលរថយន្តដែលផលិតនៅក្រៅប្រទេសនៅតែស្ថិតក្រោមពន្ធនាំចូលរថយន្ត ពួកគេនឹងត្រូវបានលើកលែងពីការបង់ពន្ធផ្សេងទៀត នេះបើយោងតាមរបាយការណ៍របស់កាសែត Wall Street Journal។

លោកត្រាំ គ្រោងនឹងធ្វើការប្រមូលផ្តុំក្នុងរដ្ឋមីឈីហ្គេននៅថ្ងៃអង្គារ ដើម្បីប្រារព្ធពិធីខួប ១០០ ថ្ងៃដំបូងនៃការចូលកាន់តំណែងរបស់លោក។

រដ្ឋនេះគឺជាទីតាំងនៃក្រុមហ៊ុនផលិតរថយន្តទាំងបីនៃទីក្រុងឌីត្រូយ – Ford, General Motors (GM) និង Stellantis – និងបណ្តាញផ្គត់ផ្គង់សំខាន់ៗជាង ១.០០០ សម្រាប់ឧស្សាហកម្មនេះ។

លោកត្រាំបានដាក់ពន្ធនាំចូលនៅចំណុចកណ្តាលនៃផែនការសេដ្ឋកិច្ចរបស់លោក ដោយពិពណ៌នាថាជា «ពាក្យដ៏ស្រស់ស្អាតបំផុតក្នុងវចនានុក្រម»។

ប៉ុន្តែពន្ធទាំងនេះបានបង្កើតភាពចលាចលក្នុងទីផ្សារហិរញ្ញវត្ថុពិភពលោក បង្កើតភាពមិនច្បាស់លាស់ធំៗសម្រាប់អាជីវកម្មនានា និងបង្កើនការភ័យខ្លាចនៃការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងខ្លាំង។

វិធានការកាត់បន្ថយផលប៉ះពាល់មកលើឧស្សាហកម្មរថយន្តត្រូវបានមើលឃើញថាជាការប៉ុនប៉ងចុងក្រោយរបស់រដ្ឋាភិបាលលោកក្នុងការបង្ហាញភាពបត់បែនលើគោលនយោបាយនេះ។

លោកស្រី Mary Barra អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន GM បានស្វាគមន៍ចំពោះការអភិវឌ្ឍនេះ។

«យើងសូមថ្លែងអំណរគុណដល់ប្រធានាធិបតីត្រាំចំពោះការគាំទ្ររបស់លោកដល់ឧស្សាហកម្មរថយន្តអាមេរិក និងជនជាតិអាមេរិកាំងរាប់លាននាក់ដែលពឹងផ្អែកលើយើង» លោកស្រីបានប្រាប់ BBC តាមរយៈសេចក្តីថ្លែងការណ៍តាមអ៊ីមែល។

«យើងកោតសរសើរចំពោះការសន្ទនាដ៏មានផលិតភាពជាមួយប្រធានាធិបតី និងរដ្ឋបាលរបស់លោក ហើយរំពឹងថានឹងបន្តធ្វើការជាមួយគ្នាតទៅទៀត។»

ក្រុមហ៊ុន Ford និង Stellantis មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំមតិយោបល់ទេ។

កាលពីសប្តាហ៍មុន សម្ព័ន្ធនៃក្រុមឧស្សាហកម្មរថយន្តអាមេរិកបានអំពាវនាវដល់ប្រធានាធិបតីកុំឱ្យដាក់ពន្ធ ២៥% លើគ្រឿងបន្លាស់រថយន្តនាំចូល។

លិខិតមួយទៅកាន់រដ្ឋបាលរបស់លោកពីក្រុមតំណាងក្រុមហ៊ុនរួមមាន GM, Toyota និង Volkswagen បានលើកឡើងថា ពន្ធទាំងនេះ «នឹងនាំឱ្យមានការឡើងថ្លៃរថយន្តសម្រាប់អ្នកប្រើប្រាស់ ការលក់ធ្លាក់ចុះនៅតាមភ្នាក់ងារលក់រថយន្ត និងនឹងធ្វើឱ្យការថែទាំនិងជួសជុលយានយន្តកាន់តែថ្លៃ»។

លោកត្រាំបានថ្លែងពីមុនថា ពន្ធទាំងនេះនឹងចូលជាធរមាននៅត្រឹមថ្ងៃទី ៣ ខែឧសភា៕