ដោយ : បន្ទាយ

បន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យនារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥បានដឹកនាំរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អធិការ នគរបាលស្រុកមង្គលបូរី និងរថយន្តពន្លត់អគ្គិភ័យរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកទឹកជួយអន្តរាគមន៍ជូនដល់ប្រជាពលរដ្ឋដែលរស់នៅជាង២០០គ្រួសារចំនួន៤ភូមិ ក្នុងឃុំឬស្សីក្រោក ស្រុកមង្គលបូរី កំពុងប្រឈមជាមួយនឹងការខ្វះខាតទឹកប្រើប្រាស់។
នាឱកាសនោះ លោក អ៊ុំ រាត្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទូទាំងខេត្ត ចូលរួមប្រើប្រាស់ទឹកដោយសន្សំសំចៃខ្ពស់ ដោយជាក់ស្តែង ក្នុងរដូវប្រាំងនេះ ពិសេសក្នុងស្រុកមង្គលបូរី ជាស្រុកមួយដែលកំពុងប្រឈមការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ ។
ទាក់ទិនភូមិសាស្ត្រ លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបបូរី ក៏បានឱ្យដឹងថា ឃុំដែលកំពុងប្រឈមខ្វះខាតទឹកប្រើប្រាស់ គឺឃុំឬស្សីក្រោក មាន៤ភូមិ។
សូមបញ្ជាក់ថា រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត និងអធិការនគរបាលស្រុក សរុបចំនួន៣គ្រឿង រួមនឹងរថយន្តពន្លត់អគ្គិភ័យរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចំនួន៤គ្រឿង ដើម្បីដឹកទឹកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលខ្វះខាតទឹកនៅភូមិចំនួន៤ មានចំនួន ភូមិព្រែករល្ពៅ , ភូមិនាងកេត , ភូមិហ្លួង និងភូមិឬស្សីក្រោក សរុបប្រមាណជិត២០០គ្រួសារ។
ឯនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ក៏ប្រឈមនឹងការខ្វះខាតទឹកផងដែរ ។
ក្នុងនោះកងកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ និងអធិការនគរបាលស្រុក បានដឹកទឹកដើម្បីផ្គត់ផ្គង់ជាប្រចាំផងដែរ រហូតទាល់តែមានទឹកប្រើប្រាស់ឡើងវិញ៕
