សន្ដិសុខសង្គម

កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងកាពារអនីតិជនចុះឆ្មក់បង្រ្កាបទីតាំងហាងមួយកន្លែងយីហោ​ត្នោត​ផ្អែម​ឃាត់ខ្លួនមនុស្សប្រុសស្រីបានជាច្រើននាក់

ដោយ៖ សហការី

ភ្នំពេញ:​ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសការជួញដូរមនុស្សនិងការពារអនីតិជន សហការជាមួយសមត្ថកិច្ចមូលដ្ឋាននៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះឆ្មក់បង្រ្កាបនិងឃាត់​ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ដែលបម្រើការ​ងារក្នុង​ភោជនីយដ្ឋាន​យីហោត្នោតផ្អែមមួយកន្លែង​។

ហេតុការណ៍​ខាង​លើ​នេះធ្វើ​ឡើង​នៅ​វេលាម៉ោង១០និង៣៥នាទីយប់ថ្ងៃទី២៤ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងអមផ្លូវ​រថភ្លើង ចំណុច​ភូមិ​ព្រៃ​សាលា​ក្នុង​សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បើយោង​តាមការបញ្ជាក់ពីខាងមន្រ្តីជំនាញបានឲ្យដឹងថា៖ ដោយទីតាំងភោជនីដ្ឋានយីហោត្នោតផ្អែមខាងលើសង្ស័យថាមានលួចលាក់បង្កប់សេវាបម្រើផ្លូវភេទខុសច្បាប់ ទើបសមត្ថកិច្ចដាក់កម្លាំងជំនាញសហការជាមួយនឹងកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យឆ្មក់ចុះបង្រ្កាបជាក់ស្តែងតែម្តង និងធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីបានជាច្រើននាក់ដែលពាក់ព័ន្ធ ព្រមទាំងដកហូតសម្ភារផ្សេងៗមួយចំនួនធំ ចំណែកអ្នក​ដែល​មិន​មាន​ការ​ពាក់​ព័ន្ធ​​ត្រូវ​បាន​ឲ្យ​​ត្រឡប់​ទៅ​វិញ​ធម្មតា​។

ក្រោយពីឃាត់ខ្លួនរួច សមត្ថកិច្ចក៏បាននាំខ្លួនបុរសនិងនារីជាច្រើននាក់​ខាង​លើ​រួមមានសម្ភារមួយចំនួនដឹកយកទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីសួរនាំបន្តនិងចាត់ការតាមនីតិវិធីច្បាប់៕