ដោយ : បន្ទាយ

សៀមរាប ៖ តុល្យការនៅដដែលគឺមនុស្សចំនួន២នាក់បានស្លាប់ និងរបួសធ្ងន់ស្រាលចំនួន១៤នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តលុចស៊ីស និងរថយន្តម៉ាក Pick Up ស្ថិតនៅក្នុងភូមិដំរីកូន ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រង់ចំណុចលើផ្លូវទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ កន្លងមក ។
នេះបើយោងតាមលោក គឹម វណ្ណៈ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសូទ្រនិគមបានឲ្យដឹងកាលពីថ្ងៃទី២៣ខែមេសា ។
សូមរំលឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកឡុចស៊ីស RX-300 ពណ៌ទឹកមាស ផ្លាកលេខ ភ្នំពេញ 2M-8953 បើកបរដោយឈ្មោះ ទឺ ប៊ុនលី ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិគីឡូលេខបួន សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រថយន្តបើកបរក្នុងទិសដៅពីលិចទៅកើត ជាមួយនឹងរថយន្ត Ford Ranger ពណ៌ខ្មៅ ផ្លាកលេខ សៀមរាប 2D-1997 បើកបរដោយឈ្មោះ ប៉េង ចំរើន ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិគោកវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប បើកបរក្នុងទិសដៅពីកើតទៅលិច បានបណ្តាលឲ្យមនុស្សចំនួន២នាក់ស្លាប់ និងរបួសធ្ងន់ស្រាលចំនួន១៤នាក់។
ជនរងគ្រោះត្រូវបាននាំទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកសូទ្រនិគម និងបានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
ចំពោះអ្នករងរបួសទាំង ១៤នាក់ រស់នៅភូមិគោកវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ហើយចំពោះអ្នកស្លាប់ទាំងពីរ ត្រូវបានដឹកយកទៅប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី នៅភូមិគោកវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។
ក្រោយពីកម្លាំងជំនាញបានធ្វើការវាស់វែងរួច បានដឹកយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ដើមី្បរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។
ក្នុងនោះដែរ កម្លាំងជំនាញក៏បានធ្វើការបាញ់ទឹកលាងនៅលើផ្លូវកន្លែងកើតហេតុ ក្នុងការធានាសុវត្ថិភាពដល់ការដឹកជញ្ជូនភ្ញៀវទេសចរចេញចូលទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរឡើងវិញ៕
