អន្តរជាតិ

កូរ៉េខាងត្បូងនឹងស្វែងរកដំណោះស្រាយរហ័សលើពន្ធរថយន្តក្នុងការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក

ដោយ៖ លន ស្រស់
សេអ៊ូល៖ លោក អាន ឌុក-ហ្គឺន រដ្ឋមន្ត្រីឧស្សាហកម្មកូរ៉េខាងត្បូងបានថ្លែងនៅថ្ងៃពុធថា ទីក្រុងសេអ៊ូលនឹងស្វែងរកដំណោះស្រាយរហ័សលើពន្ធរថយន្តក្នុងការចរចាពាណិជ្ជកម្មជាមួយសហភាគីអាមេរិក ហើយក៏ត្រៀមខ្លួនរួចរាល់ផងដែរចំពោះលទ្ធភាពដែលវ៉ាស៊ីនតោននឹងលើកបញ្ហាចំណាយការពារជាតិ។


សម្ព័ន្ធមិត្តសហរដ្ឋអាមេរិក កូរ៉េខាងត្បូង ត្រូវធ្វើការចរចាពាណិជ្ជកម្មនៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ពន្ធទូទៅ ១០ ភាគរយ និងពន្ធរថយន្តនិងដែក ២៥ ភាគរយ។ ពន្ធដែលបានដាក់ត្រឡប់មកវិញ ២៥ ភាគរយលើកូរ៉េខាងត្បូង បច្ចុប្បន្នត្រូវបានផ្អាកសម្រាប់រយៈពេល ៩០ ថ្ងៃ។
“យើងកំពុងត្រៀមខ្លួនសម្រាប់ការចរចាដោយស្ងប់ស្ងាត់និងប្រុងប្រយ័ត្ន។ ទោះយ៉ាងណា ក្នុងករណីរថយន្តដែលទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយពន្ធ ២៥ ភាគរយនាពេលនេះ យើងមានគម្រោងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរកដំណោះស្រាយឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន” លោក អាន បានប្រាប់អ្នកសារព័ត៌មានមុនពេលឡើងជើងហោះហើរទៅទីក្រុងវ៉ាស៊ីនតោន។


ការនាំចេញសរុបរបស់កូរ៉េខាងត្បូងសម្រាប់ ២០ ថ្ងៃដំបូងនៃខែមេសាបានធ្លាក់ចុះ ៥,២ ភាគរយធៀបនឹងឆ្នាំមុន ដោយសារតែការនាំចេញទៅកាន់សហរដ្ឋអាមេរិក។ ការនាំចេញរថយន្តបានធ្លាក់ចុះ ៦,៥ ភាគរយ ហើយគ្រឿងបន្លាស់រថយន្តធ្លាក់ចុះ ១,៧ ភាគរយ។

កូរ៉េខាងត្បូងបានប្រកាសវិធានការគាំទ្រសង្គ្រោះបន្ទាន់សម្រាប់វិស័យរថយន្តរបស់ខ្លួននៅដើមខែនេះ ដោយព្យាយាមកាត់បន្ថយផលប៉ះពាល់នៃពន្ធទៅលើវិស័យមួយដែលមានការកើនឡើងយ៉ាងខ្លាំងនៃការនាំចេញទៅកាន់សហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនឆ្នាំ។

នៅឆ្នាំ ២០២៤ ការនាំចេញរថយន្តរបស់កូរ៉េខាងត្បូងទៅកាន់សហរដ្ឋអាមេរិកមានតម្លៃ ៣៤,៧ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ៤៩ ភាគរយនៃការនាំចេញរថយន្តសរុបរបស់ខ្លួន ពីក្រុមហ៊ុនដូចជា ហ្យុនដាយម៉ូទ័រ និងគីយ៉ា។

លោក អាន ក៏បានថ្លែងផងដែរថា កូរ៉េខាងត្បូងត្រៀមខ្លួនរួចរាល់សម្រាប់លទ្ធភាពដែលបញ្ហាចំណាយការពារជាតិពាក់ព័ន្ធនឹងវត្តមានទាហានអាមេរិកនៅក្នុងប្រទេសអាចក្លាយជាផ្នែកមួយនៃការចរចា។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានថ្លែងថា ការបើកការចរចាឡើងវិញស្តីពីការចែករំលែកចំណាយនៃការរក្សាទាហានចំនួន ២៨.៥០០ នាក់នៅកូរ៉េខាងត្បូងនឹងជាផ្នែកមួយនៃការចរចា “one-stop shopping” ជាមួយទីក្រុងសេអ៊ូល។ មន្ត្រីកូរ៉េខាងត្បូងបានថ្លែងពីមុនថា បញ្ហានេះមិនស្ថិតក្នុងការចរចាទេ៕
ប្រភព៖ រ៉យទ័រ