ជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ (COPD) គឺជាការរលាកទងសួតរ៉ាំរ៉ៃ មានការត្បៀតទងសួត ដែលបង្កឡើងដោយមូលហេតុផ្សេងៗ ជាច្រើនពិសេសគឺផ្សែងបារី។

១) កត្តាបង្ក៖
កត្តាដែលបង្កអោយមានជំងឺស្ទះផ្លូវដង្ហើមមាន÷
– កត្តាអាយុ គឺនៅពេលដែលយើងមានអាយុកាន់តែច្រើន យើងកាន់តែប្រឈមមុខកើតជំងឺនេះ កាន់តែច្រើន (ភាគច្រើនចាប់ពីអាយុ៤០ឆ្នាំឡើងទៅ)។
– កត្តាពុលបរិស្ថាន ។
– កត្តាដកដង្ហើមស្រូបផ្សែងផ្សេងៗ ជាពិសេសបារី (រួមទាំង ផ្សែងធូប ផ្សែងចង្ក្រាន ដោយសារការដុតអូស ឬធ្យូង និង ធូបមូសជាដើម)។
– កត្តាដែលធ្លាប់មានរលាកសួតធ្ងន់ធ្ងរ (ដូចជាជំងឺរបេង)
– និងកត្តាផ្សេងៗទៀត។
២) រោគសញ្ញា៖
រោគសញ្ញានៃជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃរួមមាន
– ក្អករ៉ាំរ៉ៃ
– មានស្លេសជាប្រចាំជាពិសេសនៅពេលក្រោកពីដំណេក ពេលព្រលឹម
– ហត់ ឬពិបាកដកដង្ហើម រ៉ាំរ៉ៃ។ ឧទាហរណ៍នៅពេលដើរ ធ្វើអ្វីមួយយើងមានអារម្មណ៍ថាឆាប់ហត់ជាងអ្នកដទៃដែល មានអាយុប្រហាក់ប្រហែលនឹងយើងដែរ។
៣) ការធ្វើរោគវិនិច្ឆ័យជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ៖
ជាទូទៅវេជ្ជបណ្ឌិតធ្វើការសន្និដ្ឋានជាជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ ដោយពឹងផ្អែកទៅលើ អាយុអ្នកជំងឺ (លើស៤០ឆ្នាំ កត្តា (ជក់បារី) និងរោគសញ្ញាគ្លីនីក (ក្អក និងហត់រ៉ាំរ៉ៃ)។ ក្នុងការ មន្ទិលសង្ស័យលើរោគវិនិច្ឆ័យ គេអាចបញ្ជាក់អោយបាន ច្បាស់លាស់តាមរយៈការប្រើឧបករណ៍វាស់ផ្លូវដង្ហើម (LUFunction Test)។
៤) ការព្យាបាល៖
ថ្វីត្បិតតែពុំមានថ្នាំជួយអោយជាសះស្បើយ ប៉ុន្តែមានការព្យាបាលល្អរួមទាំងការឈប់ពិសារបារី ផងដែរអាចជួយអោយ អ្នកជំងឺបានធូរស្រាលពីរោគសញ្ញាដែលរំខានដូចជា ក្អក ហត់ជាដើម ពិសេសជាងនេះទៅទៀតគឺ ការព្យាបាលត្រឹមត្រូវ ជួយទប់ស្កាត់កុំអោយជំងឺមាន ការវិវត្តន៍ទៅរកការខ្សោយ ផ្លូវដង្ហើមធ្ងន់ធ្ងរ។
ដូច្នេះហើយបើមានរោគសញ្ញា ក្អក ហត់ ឬពិបាកដកដង្ហើម ជាពិសេសលោកអ្នកដែលធ្លាប់ ឬកំពុងតែបន្តការពិសាបារី មកពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃអោយបានច្បាស់ និងទទួលបាននូវការព្យាបាល ត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព៕
ប្រភព ៖ មន្ទីរពេទ្យកាល់ម៉ែត
