អន្តរជាតិ

តៃវ៉ាន់ថាការទិញឧស្ម័ននិងប្រេងពីសហរដ្ឋអាមេរិកបន្ថែម គឺជាចំណុចសំខាន់ក្នុងការចរចាពន្ធនាំចូល

ប្រែសម្រួល ៖ លន ស្រស់

ទីក្រុងតៃប៉ិ៖ ការបង្កើនការទិញឧស្ម័នធម្មជាតិនិងប្រេងពីសហរដ្ឋអាមេរិក គឺជាចំណុចសំខាន់នៃការចរចាពន្ធនាំចូលរបស់តៃវ៉ាន់ជាមួយសហរដ្ឋអាមេរិក ប្រធានាធិបតី ឡៃ ឆិង-តេ បានថ្លែងនៅថ្ងៃអង្គារ។


លោក ឡៃ បានសន្យាថានឹងស្វែងរករបបពន្ធសូន្យជាមួយសហរដ្ឋអាមេរិក និងទិញបន្ថែមព្រមទាំងវិនិយោគបន្ថែមនៅក្នុងប្រទេសនេះ ខណៈដែលលោកកំពុងព្យាយាមទប់ស្កាត់ពន្ធនាំចូលទូលំទូលាយរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលភាគច្រើននៃពន្ធទាំងនោះកំពុងត្រូវបានពន្យារពេលនាពេលបច្ចុប្បន្ន។

ថ្លែងទៅកាន់ក្រុមបរិស្ថាននៅការិយាល័យប្រធានាធិបតី លោក ឡៃ បានអំពាវនាវឱ្យគាំទ្រការនាំចូលថាមពលបន្ថែមពីសហរដ្ឋអាមេរិក។


“ការបង្កើនការទិញពីសហរដ្ឋអាមេរិក រួមទាំងឧស្ម័នធម្មជាតិ ប្រេង និងប្រភពថាមពលជាតិសំខាន់ៗផ្សេងទៀត មិនត្រឹមតែជាចំណុចផ្តោតសំខាន់បន្ទាប់នៃការចរចាពន្ធរវាងតៃវ៉ាន់និងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់តៃវ៉ាន់ក្នុងការពង្រឹងស្វ័យភាពថាមពលនិងភាពធន់របស់ខ្លួនផងដែរ” ការិយាល័យរបស់លោកបានដកស្រង់សម្ដីលោក។

រដ្ឋមន្ត្រីសេដ្ឋកិច្ចតៃវ៉ាន់បានថ្លែងកាលពីដើមខែនេះថា កោះនេះអាចបង្កើនភាគរយនៃឧស្ម័នធម្មជាតិរាវ (LNG) ដែលវាទទួលបានពីសហរដ្ឋអាមេរិកមួយភាគបី ដើម្បីជួយកាត់បន្ថយឱនភាពពាណិជ្ជកម្ម។


បច្ចុប្បន្ន តៃវ៉ាន់ទទួលបានប្រហែល ១០ ភាគរយនៃឧស្ម័នធម្មជាតិរាវពីសហរដ្ឋអាមេរិកប៉ុណ្ណោះ ដោយភាគច្រើនមកពីអូស្ត្រាលីនិងកាតា។

រដ្ឋាភិបាលតៃវ៉ាន់បានថ្លែងថា ការចរចាជាមួយសហរដ្ឋអាមេរិកលើបញ្ហាពន្ធនាំចូលមកទល់ពេលនេះមានភាពរលូន។
តៃវ៉ាន់ត្រូវបានរំពឹងថានឹងត្រូវទទួលរងពន្ធនាំចូល ៣២ ភាគរយ៕
ប្រភព៖ រ៉យទ័រ