សន្ដិសុខសង្គម

លោកស្នងការរងនគរបាលខេត្តឧត្តរមានជ័យបានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរធ្ងន់ធ្ងរ

ដោយ៖ ឧត្តរ

ឧត្តរមានជ័យ÷លោកស្នងការរងនគរបាលខេត្តឧត្តរមានជ័យបានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរធ្ងន់ធ្ងរមួយបានកើតឡើងនៅវេលាម៉ោង៨ ព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ 2025 នៅភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ ឯម សុវណ្ណរ៉ា (ហៅ សុខឆេះ) មានឋានៈជាស្នងការរង នៃស្នងការនគរបាលខេត្តឧត្តរមានជ័យ ទទួលបន្ទុកបេតិកភណ្ឌ បានស្លាប់បន្ទាប់ពីត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្ត។ជនរងគ្រោះបើកបររថយន្តម៉ាកអាល់ហ្វាត ពណ៌ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2D.6675 បានបុកពីក្រោយរថយន្តម៉ាកតាកូម៉ា ពណ៌ស ពាក់ផ្លាកលេខ សៀមរាប 2C.3354 ដែលកំពុងឈប់ចតនៅខាងស្តាំដៃនៃផ្លូវ។

ប្រភពនៅកន្លែងកើតហេតុឲ្យដឹងបន្តថា៖ រថយន្តអាល់ហ្វាតខាងលើបានបើកបរក្នុងល្បឿនលឿន ថែមពុំបានពាក់ខ្សែក្រវាត់សុវត្ថិភាពផង បានធ្វើដំណើរ ពីទិសខាងកើតទៅខាងលិច។នៅពេលមកដល់កន្លែងកើតហេតុ រថយន្តបានបុកទៅនឹងរថយន្តតាកូម៉ាដែលឈប់ចត។

 ករណីនេះ សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន កំពុងស៊ើបអង្កេតបន្ថែមលើករណីនេះ ដើម្បីធានាឲ្យមានសុវត្ថិភាពបន្ថែមលើផ្លូវជាតិ និងស្រាវជ្រាវពីមូលហេតុជាក់លាក់នៃគ្រោះថ្នាក់នេះ៕