ដោយ : បន្ទាយ

ភ្នំពេញ៖ កាលពីវេលាម៉ោង៤និង៥០នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នៅចំណុចផ្លូវដីថ្មី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីហិង្សាបង្កឡើងដោយក្មេងទំនើងចំនួន០២ក្រុម ប្រដាប់ដោយដុំថ្ម ដុំឥដ្ឋ សម្បកកង់ម៉ូតូនិងដំបង បានធ្វើសកម្មភាពគប់គ្នាទៅវិញទៅមក បណ្តាលឲ្យជនរងគ្រោះម្នាក់ត្រូវនឹងដុំថ្មចំក្បាលរងរបួសសន្លប់បាត់បង់ស្មារតី។
បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានចុះដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជាក់ស្តែងលើក្រុមក្មេងទំនើងទាំង ០២ក្រុម សរុបចំនួន៦ នាក់(ស្រី៣នាក់)។
រហូតដល់ម៉ោងប្រមាណ១២និង២៥នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងអាវុធហត្ថខណ្ឌមានជ័យ បន្តសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ទៀត។
ក្មេងទំនើងទាំង៨នាក់ ត្រូវបានបញ្ជូនបន្តទៅការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
វត្ថុតាងចាប់យក រួមមាន៖ ម៉ូតូ២គ្រឿង, ដុំថ្មមួយចំនួន រួមនឹងសម្ភារមួយចំនួនទៀត។
ក្រោមវិធានការជំនាញ ក្មេងទំនើងទាំង៨នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាបានពាក់ព័ន្ធក្នុងអំពើហិង្សាវាយតប់គ្នាទៅវិញទៅមក ដូចការរៀបរាប់ខាងលើពិតប្រាកដមែន។
កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកសាងសំណុំរឿងក្មេងទំនើង៨នាក់នោះបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ចំណែកឯបក្ខពួកដែលពាក់ព័ន្ធក្នុងអំពើហិង្សាខាងលើ ហើយកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕
