ប្រែសម្រួល៖ ស-សម្បត្តិ

សៀតថល៖ យន្តហោះ Boeing ដែលត្រូវបានគ្រោងប្រើប្រាស់ដោយក្រុមហ៊ុនអាកាសចរណ៍ចិនមួយ បានចុះចតត្រឡប់មកមជ្ឈមណ្ឌលផលិតរបស់ក្រុមហ៊ុននៅសហរដ្ឋអាមេរិកវិញកាលពីថ្ងៃអាទិត្យ (ថ្ងៃទី ២០ ខែមេសា) ដោយសារតែជាជនរងគ្រោះនៃសង្គ្រាមពន្ធគយទៅវិញទៅមកដែលចាប់ផ្តើមដោយប្រធានាធិបតី Donald Trump ក្នុងការវាយប្រហារពាណិជ្ជកម្មជាសកល។
យន្តហោះ 737 MAX ដែលគ្រោងសម្រាប់ក្រុមហ៊ុន Xiamen Airlines របស់ចិន បានចុះចតនៅសនាមប៊ីងនៅសៀតថលនៅម៉ោង ៦.១១ នាទីល្ងាច (ថ្ងៃអាទិត្យ ម៉ោង ៩.១១ នាទីព្រឹក ម៉ោងសិង្ហបុរី) យោងតាមសាក្សីរបស់សារព័ត៌មាន Reuters។ យន្តហោះនេះបានលាបពណ៌របស់ក្រុមហ៊ុន Xiamen។
យន្តហោះនេះ ដែលបានឈប់ពេលការចាក់ប្រេងឥន្ធនៈឡើងវិញនៅ Guam និង Hawaii ក្នុងការធ្វើដំណើរត្រឡប់មកវិញចម្ងាយ ៨.០០០ គីឡូម៉ែត្រ គឺជាយន្តហោះ 737 MAX មួយក្នុងចំណោមយន្តហោះជាច្រើនដែលកំពុងរង់ចាំនៅមជ្ឈមណ្ឌលបញ្ចប់ការងាររបស់ Boeing នៅទីក្រុង Zhoushan សម្រាប់ការងារចុងក្រោយនិងការដឹកជញ្ជូនទៅក្រុមហ៊ុនដឹកជញ្ជូនចិន។
លោក Trump បានបង្កើនពន្ធគយមូលដ្ឋានលើការនាំចូលពីចិនទៅដល់ ១៤៥ ភាគរយនៅខែនេះ។ ជាការសងសឹក ចិនបានដាក់ពន្ធគយ ១២៥ ភាគរយលើទំនិញអាមេរិក។ ក្រុមហ៊ុនអាកាសចរណ៍ចិនដែលទទួលយកយន្តហោះ Boeing អាចនឹងរងផលប៉ះពាល់ធ្ងន់ធ្ងរដោយពន្ធទាំងនេះ ដោយសារយន្តហោះ 737 MAX ថ្មីមួយមានតម្លៃទីផ្សារប្រមាណ ៥៥ លានដុល្លារអាមេរិក យោងតាម IBA ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់អាកាសចរណ៍។
មិនមានភាពច្បាស់លាស់ថាភាគីណាជាអ្នកសម្រេចចិត្តឱ្យយន្តហោះនេះត្រឡប់មកសហរដ្ឋអាមេរិកវិញទេ។ ក្រុមហ៊ុន Boeing មិនបានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំការបញ្ជាក់ទេ។ ក្រុមហ៊ុន Xiamen ក៏មិនបានឆ្លើយតបទៅនឹងសំណើសុំការបញ្ជាក់ដែរ។
ការត្រឡប់មកវិញនៃយន្តហោះ 737 MAX ដែលជាម៉ូដែលលក់ដាច់បំផុតរបស់ Boeing គឺជាសញ្ញាចុងក្រោយនៃការរំខានដល់ការដឹកជញ្ជូនយន្តហោះថ្មីៗដោយសារការបាក់បែកនៃស្ថានភាពលើកលែងពន្ធគយក្នុងឧស្សាហកម្មអាកាសចរណ៍ដែលមានរយៈពេលជាច្រើនទសវត្សរ៍។
សង្គ្រាមពន្ធគយនិងការប្តូរជំហរដែលទំនងជាកើតឡើងទាក់ទងនឹងការដឹកជញ្ជូនយន្តហោះ កើតឡើងនៅពេលដែល Boeing កំពុងស្តារឡើងវិញពីការបង្កកការនាំចូលយន្តហោះ 737 MAX ដែលបានអូសបន្លាយជិតប្រាំឆ្នាំ និងជុំមុននៃភាពតានតឹងពាណិជ្ជកម្ម។
ភាពច្របូកច្របល់ចំពោះការផ្លាស់ប្តូរពន្ធគយអាចធ្វើឱ្យការដឹកជញ្ជូនយន្តហោះជាច្រើនស្ថិតនៅក្នុងភាពអន្តរាយ ដោយអគ្គនាយកក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបាននិយាយថា ពួកគេនឹងពន្យារពេលការដឹកជញ្ជូនយន្តហោះជាជាងបង់ពន្ធគយ ដូចដែលអ្នកវិភាគបាននិយាយ៕
ប្រភព៖ Reuters/lh
