ដោយ៖ កំចាយ

កំពត÷ បុរសម្នាក់បានស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យព្រោះតែរងរបួសធ្ងន់ដោយសារជិះម៉ូតូដួលដោយខ្លួនឯង។ ករណីគ្រោះថ្នាក់នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នៅលេីដងផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូ។
នគរបាលចរាចរណ៍ស្រុកទឹកឈូបានប្រាប់ឲ្យដឹងថា៖ បុរសរងគ្រោះក្នុងហេតុការណ៍ខាងលើឈ្មោះ សុខ ចាន់ថន អាយុ ៦៥ឆ្នាំ មានទីលំនៅភូមិព្រៃតុម្ព ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។
ប្រភពដដែលបានរៀបរាប់ថា៖ កាលពីវេលាម៉ោង៩ និង១៥នាទីព្រឹកថ្ងៃទី១៨ ខែមេសា អ្នកដំណើរបានប្រទះឃើញបុរសម្នាក់ជិះម៉ូតូដួល រួចដេកសន្លប់លើចិញ្ចើមផ្លូវជាតិលេខ៣ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ១៣៩។ ពេលអ្នកជិតខាងចូលទៅជួយក៏ឃើញបុរសរូបនោះមានស្នាមរបួសត្រង់ក្បាលយ៉ាងដំណំ។
ក្រោយទទួលដំណឹងនេះ កម្លាំងជំនាញបានចុះដល់គោលដៅ រួចហៅរថយន្តដឹកទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក បុរសរូបនោះក៏បានស្លាប់តែម្តង។
សមត្ថកិច្ចបានបញ្ជាក់ថា តាមរយ:ការពិនិត្យយ៉ាងល្អិតល្អន់ ជំនាញឈានទៅសន្និដ្ឋានថាបុរសរូបនេះបានជិះម៉ូតូដួលដោយខ្លួនឯង ពោលគឺមិនមែនបង្កឡើងពីភាគីណាមួយឡើយ៕
