កម្សាន្ដ

បុណ្យចូលឆ្នាំខ្មែរបីថ្ងៃ ខេត្តបាត់ដំបងទទួលភ្ញៀវទេសចរចូលលេងកម្សាន្តជិត ២លាននាក់

ដោយ៖ ព្រះអង្គខ្មៅ

បាត់ដំបង÷ រយ:ពេលបីថ្ងៃ នៃថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខេត្តបាត់ដំបងទទួលភ្ញៀវទេសចរចូលលេងកម្សាន្តតាមគោលដៅលំហែសំខាន់ៗ មានចំនួនជិត ២លាននាក់។

មន្ត្រីមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា÷ អំឡុងថ្ងៃសង្ក្រាន្ត ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៥ និងថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៥ ភ្ញៀវទេសចរជាតិ អន្តរជាតិបានចូលមកលេងនៅតាមគោលដៅលំហែនានាមានចំនួន ១.៧៤១.៧៩៥ នាក់។

ចំណោមភ្ញៀវទេសចរជាតិ អន្តរជាតិ ក្នុងឆ្នាំ ២០២៥នេះបានកើនឡើង ធៀបនឹងឆ្នាំចាស់ ២០២៤ រួមមានភ្ញៀវទេសចរជាតិមានចំនួន ១.៧៣៨.៩០៦ នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ២.៨៨៩ នាក់។

មន្ត្រីជំនាញផ្នែកទេសចរណ៍ខេត្តបាត់ដំបងដដែលបានបញ្ជាក់បន្តថា÷ ភ្ញៀវទេសចរដែលបានធ្វើដំណើរពីតំបន់ផ្សេងៗចូលក្នុងខេត្តបាត់ដំបងនាឱកាសបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២៥នេះបានហក់ឡើងខ្ពស់ដោយសារកត្តាការអភិវឌ្ឍ ផ្លូវថ្នល់ងាយស្រួលធ្វើដំណើរ មានសន្តិសុខល្អ សុវត្ថិភាព អំណោយផលពីអាកាសធាតុ និងមានការរៀបចំនូវព្រឹត្តិការណ៍សង្ក្រាន្តធំនៅកណ្តាលទីប្រជុំជនក្រុងបាត់ដំបង។

រមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍សំខាន់ៗក្នុងខេត្តបាត់ដំបងរួមមាន៖ រមណីយដ្ឋាន ប្រាសាទបាណន់, រមណីយដ្ឋាន ភ្នំសំពៅ, រមណីយដ្ឋាន ប្រាសាទឯកភ្នំ, រមណីយដ្ឋាន អាងកំពីងពួយ, រមណីយដ្ឋាន ស្ទឹងថ្មដាចម្ការទុរេន, រមណីយដ្ឋាន ទឹកធ្លាក់ ៥៣ ភ្នំព្រឹក, រមណីយដ្ឋាន នគរជុំ ភ្នំព្រឹក, រមណីយដ្ឋាន ភ្នំកំពូល, រមណីយដ្ឋាន ចម្ការទុរេនអូរតង, រមណីយដ្ឋាន វាលចម្បាំង ខេមសាយ, សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ, សហគមន៍អេកូទេសចរណ៍ព្រែកទាល់ជាដើម…៕