ប្រែសម្រួល៖ ស-សម្បត្តិ

នៅក្នុងសុន្ទរកថាសំខាន់ដំបូងរបស់លោកចាប់តាំងពីចាកចេញពីតំណែង អតីតប្រធានាធិបតីBiden បានថ្លែងការរិះគន់យ៉ាងចាស់ដៃទៅលើរដ្ឋបាលដូណាល់ ត្រាំ ក្នុងអំឡុងពេលថ្លែងសុន្ទរកថាទៅកាន់អ្នកគាំទ្រជនពិការនៅទីក្រុងឈីកាហ្គោ នៅថ្ងៃទី១៥ ខែមេសា។ Biden បានផ្តោតជាចម្បងទៅលើអ្វីដែលលោកបានពណ៌នាថាជាផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃកិច្ចខិតខំប្រឹងប្រែងកែទម្រង់រដ្ឋាភិបាលរបស់ត្រាំមកលើរដ្ឋបាលសន្តិសុខសង្គម (SSA)។
Biden បានពណ៌នាថា រយៈពេល១០០ថ្ងៃដំបូងនៃរដ្ឋបាលត្រាំបានបង្កឱ្យមាន “ការខូចខាតនិងការបំផ្លាញយ៉ាងច្រើន” ដែលធ្វើឱ្យ “មានការភ្ញាក់ផ្អើល” ពីរបៀបដែលវាបានកើតឡើងយ៉ាងឆាប់រហ័ស។ ការរិះគន់ចម្បងរបស់លោកបានផ្តោតលើការកាត់បន្ថយបុគ្គលិកនៅ SSA ដោយអះអាងថា រដ្ឋបាលបាន “ប្រើពូថៅ” ទៅលើទីភ្នាក់ងារនេះដោយ “បណ្តេញបុគ្គលិក៧,០០០នាក់ចេញពីការងារ”។ យោងតាមBiden ការកាត់បន្ថយទាំងនេះបានបណ្តាលឱ្យមានការបរាជ័យនៃប្រព័ន្ធដែលរារាំងពលរដ្ឋអាមេរិកមិនឱ្យទទួលបានអត្ថប្រយោជន៍របស់ពួកគេ ដោយកត់សម្គាល់ថា “គេហទំព័ររបស់ទីភ្នាក់ងារកំពុងដួលរលំ” និងរារាំងអ្នកចូលនិវត្តន៍មិនឱ្យទទួលបានប្រាក់បៀវត្សរ៍របស់ពួកគេ។
អតីតប្រធានាធិបតីបានសង្កត់ធ្ងន់លើសារៈសំខាន់ដ៏ចាំបាច់នៃអត្ថប្រយោជន៍សន្តិសុខសង្គមសម្រាប់ពលរដ្ឋអាមេរិកាំងរាប់លាននាក់ ដោយលើកឡើងថា មនុស្សជាច្រើន “ពិតជាពឹងផ្អែកលើសន្តិសុខសង្គមដើម្បីទិញអាហារ ដើម្បីរស់នៅ” ហើយសម្រាប់អ្នកទទួលផលជាច្រើន “វាជាប្រភពចំណូលតែមួយគត់របស់ពួកគេ”។ លោកបានចោទប្រកាន់ជាក់លាក់លើរដ្ឋមន្ត្រីពាណិជ្ជកម្មរបស់ត្រាំ គឺអតីតអ្នកគ្រប់គ្រងមូលនិធិធានារ៉ាប់រង ហាវឺដ លូតនីក ដែលបានលើកឡើងថា “អ្នកក្លែងបន្លំ” នឹងត្អូញត្អែរអំពីមូលប័ត្រដែលបាត់ ប៉ុន្តែមិនមែនជាម្តាយក្មេកគាត់ទេ។ Biden ក៏បានសួរបកថា “តើម្តាយអាយុ៩៤ឆ្នាំដែលរស់នៅម្នាក់ឯង ហើយគ្មានមហាសេដ្ឋីនៅក្នុងគ្រួសារនឹងយ៉ាងម៉េចទៅ?”
Biden ក៏បានយោងទៅលើសេចក្តីសម្រេចរបស់ចៅក្រមសហព័ន្ធកាលពីខែមីនា ដែលបានរកឃើញថា SSA ប្រហែលជាបានរំលោភច្បាប់ឯកជនភាពដោយបានផ្តល់ឱ្យជំនួយការរបស់អេឡុន ម៉ាស្ក ដែលកំពុងធ្វើការជាមួយត្រាំលើ “ក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល” នូវ “ការចូលប្រើប្រាស់ដោយគ្មានការគ្រប់គ្រង” ទៅលើទិន្នន័យរបស់ពលរដ្ឋអាមេរិកាំងរាប់លាននាក់។ ចៅក្រមបានបញ្ជាឱ្យផ្អាកជាបណ្តោះអាសន្ននូវការចែករំលែកកំណត់ត្រាបន្ថែមទៀត ហើយករណីនេះនៅតែបន្តដំណើរការ។
រដ្ឋបាលត្រាំបានឆ្លើយតបទៅនឹងការរិះគន់របស់Bidenមុនពេលសុន្ទរកថារបស់លោក ដោយអ្នកនាំពាក្យការងារសារព័ត៌មាន ការ៉ូលីន លីវីត បានលើកឡើងថា “ប្រធានាធិបតីត្រាំពិតជាច្បាស់ចិត្តក្នុងការការពារអត្ថប្រយោជន៍សន្តិសុខសង្គមសម្រាប់ពលរដ្ឋអាមេរិកដែលគោរពច្បាប់ បង់ពន្ធ និងមនុស្សចាស់ដែលបានបង់ប្រាក់ចូលក្នុងកម្មវិធីនេះ”។
ការសម្រេចចិត្តរបស់Bidenក្នុងការចូលរួមក្នុងឆាកនយោបាយឡើងវិញបានបង្កើតការព្រួយបារម្ភដល់សមាជិកគណបក្សប្រជាធិបតេយ្យមួយចំនួន។ ការេន ហ្វីននី ជាអ្នកយុទ្ធសាស្ត្រគណបក្សប្រជាធិបតេយ្យ បានសម្តែងការព្រួយបារម្ភថា ការបង្ហាញខ្លួនរបស់Bidenអាចនឹងបង្វែងការយកចិត្តទុកដាក់ចេញពីផលវិបាកសេដ្ឋកិច្ចនិងនយោបាយដែលត្រាំកំពុងប្រឈមសម្រាប់គោលនយោបាយពាណិជ្ជកម្មរបស់លោក។ “យើងកំពុងចាប់ផ្តើមឃើញស្នាមប្រេះនៅក្នុងគ្រឿងការពារពាក់ព័ន្ធនឹងគោលនយោបាយរបស់ត្រាំ” ហ្វីននី បានកត់សម្គាល់។ “អ្នកមិនចង់ក្លាយជាចំណុចទាក់ទាញដែលបង្វែងការយកចិត្តទុកដាក់ចេញពីត្រាំនោះទេ”។
ក្នុងអំឡុងពេលថ្លែងសុន្ទរកថារបស់លោក Biden ដែលមានអាយុ៨២ឆ្នាំ បានបង្ហាញនូវសញ្ញាមួយចំនួននៃភាពចាស់ជរា ដែលបានជំរុញឱ្យលោកបោះបង់យុទ្ធនាការឈរឈ្មោះឡើងវិញកាលពីឆ្នាំមុន ដោយពេលខ្លះលោករអាកអួលក្នុងការនិយាយប្រយោគ និងពិបាកក្នុងការនិទានរឿងក្រៅសៀវភៅ។ ជាការឆ្លើយតប ត្រាំបានផុសវីដេអូមួយនៃរឿងនិទានស្មុគស្មាញរបស់Bidenនៅលើបណ្តាញសង្គមដោយគ្មានការបញ្ចេញមតិ។
Biden បានចាកចេញពីតំណែងនៅខែមករាដោយមានកម្រិតការគាំទ្រ៣៨ភាគរយ ដែលជាកម្រិតទាបបំផុតមួយសម្រាប់ប្រធានាធិបតីក្រោយសង្គ្រាមលោកលើកទីពីរ បន្ទាប់ពីអាណត្តិមួយដែលសម្គាល់ដោយអតិផរណាខ្ពស់និងសំណួរអំពីសមត្ថភាពផ្លូវចិត្តរបស់លោក។ សមាជិកគណបក្សប្រជាធិបតេយ្យជាច្រើនបានចាត់ទុកជ័យជម្នះរបស់ត្រាំថាមកពីបេក្ខភាពរបស់Biden។
ទោះបីជាមានការព្រួយបារម្ភអំពីការលេចមុខម្តងទៀតរបស់Bidenនៅក្នុងនយោបាយក៏ដោយ ប្រវត្តិវិទូប្រធានាធិបតី ធីម៉ូធី ណាហ្វតាលី បានការពារជម្រើសរបស់អតីតប្រធានាធិបតីក្នុងការនិយាយអំពីសន្តិសុខសង្គម ដោយកត់សម្គាល់ថា “ផ្នែកដ៏សំខាន់មួយនៃមូលដ្ឋានគ្រឹះគណបក្សប្រជាធិបតេយ្យនៅតែជាមនុស្សចាស់ដែលទទួលសន្តិសុខសង្គម ហើយJoe Biden តែងតែជាអ្នកការពាររបស់ពួកគេ”៕
ប្រភព៖ Agencies/dy
