ដោយ៖ គង់ហេង

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា អង្គភាព និងការិយាល័យច្រកចេញចូលតែមួយ គឺជាកន្លែងលុបបំបាត់បាននូវអំពើពុករលួយ ជាពិសេសអង្គភាពមួយនេះជាដៃគូមិនអាចខ្វះបានប្រៀបដូចប្តីប្រពន្ធ ជាមួយនឹងការិយាល័យប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីសូត្រមន្ត ចម្រើនព្រះបរិត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គឺក្រោយពីបញ្ចប់ពិធីសាសនា ដែលបានរៀបចំឡើងនៅក្នុងសាលាខេត្តកំពង់ចាមកាលពីរសៀលថ្ងៃទី ៩ មេសា កន្លងទៅនេះ។
ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា៖ ឆ្នាំ២០២៤ កន្លងមកយើងបានធានាប្រក្រតីភាព ក្នុងការអនុវត្ត ផ្តល់សេវារដ្ឋបាលតាម រយៈយន្តការច្រកចេញចូលតែមួយ តាំងពីថ្នាក់ខេត្តរហូតដល់ថ្នាក់ក្រុង ស្រុក ដែលជាការផ្តល់សេវាមួយនាំឱ្យមានការគាំទ្រ។ ដែលកត្តានេះបានជំរុញ ឱ្យមានកំណើនសេដ្ឋកិច្ច និងត្រូវគិតគូរអំពីស្ថានភាពភូមិសាស្រ្ត និងវិទ្យាសាស្រ្ត រួមទាំងសក្តានុពលនៅក្នុងខេត្តរបស់យើង ដែលជាខេត្តមួយមានលក្ខណៈ អំណោយផលលើវិស័យ កសិកម្ម ឧស្សាហកម្ម សិប្បកម្ម និងសេវាកម្ម។ វិស័យទាំងបីនេះទាមទារឱ្យ មានការចូលរួមឱ្យមានសន្ទុះ គឺត្រូវតែពង្រឹងនូវប្រសិទ្ធភាពសេវារដ្ឋបាល ដើម្បីឱ្យសេវាមួយនេះផ្តល់ជូនទៅប្រជាពលរដ្ឋ ហើយឱ្យប្រជាពលរដ្ឋរាយការណ៍ ពិសេសជាជម្រើសមួយដ៏ល្អដែលគាត់(ប្រជាពលរដ្ឋ)រត់មករកយើង។
ឯកឧត្តមបានបន្ថែមថា៖ កាលណារត់មកតាមអង្គភាព ច្រកចេញចូលតែមួយ ការិយាល័យច្រកចេញចូលតែមួយ គឺលុបបំបាត់បានអំពុករលួយ ធានាបាននូវការពេញចិត្តនាំឱ្យប្រជាពលរដ្ឋខិតខំបង្កបង្កើនផល ប្រកបរបរអាជីវកម្ម ដោយសារតែចំណូលបានទទួលមកនោះ បានមកដោយពិតប្រាកដ កើតឡើងពីការខិតខំប្រឹងប្រែង។ អ៊ីចឹងយន្តការច្រកចេញចូលតែមួយរបស់យើង ដែលជាអង្គភាពផ្តល់សេវារដ្ឋបាល គឺជាជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមបានបន្តថា៖ លើសពីនេះទិដ្ឋភាព នៃការផ្តល់សេវា យើងមានការិយាល័យប្រជាពលរដ្ឋមួយទៀត គឺការអនុវត្តការងារកន្លងមកបានសកម្ម ដោយទទួលបានជ័យលាភីសម្រាប់ឆ្នាំ២០២៤នេះដែរ គឺលេខ១ទូទាំងប្រទេសដូចអង្គភាពច្រកចេញចូលតែមួយពោល គឺអង្គភាពទាំងពីរដូចប្តី ប្រពន្ធនិងគ្នា ត្រូវដើរទន្ទឹមគ្នា មួយអ្នកដឹក មួយអ្នកនាំ គឺមើលគ្នាទៅវិញទៅមក ហើយកន្លែងណាមានបញ្ហាជួយគ្នា៕
