ដោយ៖ សិរីមតី

ភ្នំពេញ៖ ក្រុមហ៊ុនទឹកពិសាវីតាល់ និងមូលនិធិ២៥រៀល បានបន្តផ្តួចផ្តើមរៀបចំកម្មវិធីស្រង់ព្រះជូនដូនចាស់ អញ្ជើញពីភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី សម្រាប់ឆ្នាំទី៨ ដោយទទួលបានការអញ្ជើញចូលរួមពីសំណាក់ ព្រះសមណកោសលមុនី ចាន់ សាវឿន ព្រះគ្រូសូត្រឆ្វេងនៅវត្តមុនីសុវណ្ណ (វត្តចំពុះក្អែក) តំណាងព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសុមេធាធិបតី អំ លឹមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុនទឹកពិសាវីតាល់ ព្រមជាមួយថ្នាក់ដឹកនាំបុគ្គលិកវីតាល់ អាជ្ញាធរមូលដ្ឋាន អ្នកស្ម័គ្រចិត្ត និងសិស្សានុសិស្សប្រមាណជិត ៤០០ នាក់ នៅបរិវេណនៅវត្តមុនីសុវណ្ណ (វត្តចំពុះក្អែក) ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
កម្មវិធីវីតាល់ស្រង់ព្រះជូនដូនចាស់លើកទី៨នេះជាកម្មវិធីដ៏ធំប្រចាំឆ្នាំផ្សាភ្ជាប់កម្មវិធីសប្បុរសធម៌ជាមួយនឹងទំនៀមទំលាប់ប្រពៃណីខ្មែរ តាមលំអានព្រះពុទ្ធសាសនា ក្នុងគោលគំនិតសម្តែងនូវការគោរព និងការតបស្នងសងគុណ ចំពោះលោកអ្នកមានគុណ ចាស់ព្រឹទ្ធាចារ្យ និងផ្តល់ក្តីស្រលាញ់ ផ្តល់ការជួយយកអាសារដល់លោកតា លោកយាយ ដែលមានជីវភាពលំបាក និងមួយវិញទៀត ដើម្បីផ្តល់នូវលទ្ធភាពជាសម្ភារៈ សំលៀកបំពាក់ថ្មី និងថវិកាជូនលោកតា លោកយាយសម្រាប់ប្រើប្រាស់ក្នុងឱកាសខិតជិតមកដល់នៃការអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ។
នៅក្នុងឱកាសនោះដែរ លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) និងជាអ្នកផ្តួចផ្តើមគំនិតក្នុងការប្រារព្ធកម្មវិធីស្រង់ព្រះបានថ្លែងថា សកម្មភាពនៃការរៀបចំកម្មវិធីវីតាល់ស្រង់ព្រះ ជូនដូនចាស់ប្រចាំឆ្នាំនេះ គឺកើតឡើងបានក៏ដោយសារការគាំទ្រពីសាធារណៈជន ក៏ដូចជាដៃគូអាជីវកម្ម និងពិសេសគឺអតិថិជន ព្រមជាមួយប្រិយមិត្តរបស់វីតាល់ផ្ទាល់តែម្តង ដែលលោកតែងតែគាំទ្រជានិច្ចនូវសកម្មភាពសប្បុរសធម៌ដ៏ប្រពៃនេះជាច្រើនឆ្នាំរួចមកហើយ ។ ការគាំទ្ររបស់អតិថិជនវីតាល់គឺបានធ្វើឡើងដោយផ្ទាល់តាមរយៈការប្រើប្រាស់ វីតាល់ ដោយគ្រប់ៗ ដបនៃផលិតផល វីតាល់ គឺលោកអ្នកបានបរិច្ចាគថវិកាចំនួន ២៥រៀល ដល់មូលនិធិសម្រាប់ការអនុវត្តន៍ គម្រោង និងសកម្មភាពនានាដែលមានទំនាក់ទំនងទៅនឹងសសរស្តម្ភ ទាំង៤ រួមមាន៖ ការអប់រំ, បរិស្ថាន, សុខាភិបាល, សង្គមវប្បធម៌ជាដើម។ បន្ថែមពីនេះ លោកជំទាវ ក៏សូមចំណែកបុណ្យកុសល និងសេចក្តីល្អនេះផ្សាយនូវមេត្តាដល់ប្រិយមិត្តអ្នកប្រើប្រាស់ វីតាល់ សូមទទួលបានបុណ្យកុសលស្មើៗគ្នា។
ព្រះសមណកោសលមុនី ចាន់ សាវឿន ព្រះគ្រូសូត្រឆ្វេងនៅវត្តមុនីសុវណ្ណ(វត្តចំពុះក្អែក) តំណាងព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតី អំ លឹមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជាបានមានសង្ឃដីកាពន្យល់អំពីអត្ថន័យនៃការស្រង់ព្រះ និងស្រង់ទឹកសុគន្ធវារីជូនចាស់ព្រឹទ្ធាចា្យ គឺជាពិធីមួយដ៏សំខាន់នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដើម្បីជម្រះនូវកាយចិត្ត ដែលមានអកុសលនៅក្នុងចិត្ត ពោលគឺត្រូវលាងឱ្យជ្រះនៅក្នុងឆ្នាំនេះ ដោយទឹកតំណាងភាពត្រជាក់ ដូច្នេះនៅពេលស្រោចស្រពលើរាងកាយជនណាម្នាក់ហើយនឹងបានត្រជាក់ ទាំងអ្នកស្រោចស្រពឱ្យគេ និង គេស្រោចឱ្យសុទ្ធតែសប្បាយចិត្ត ដោយជឿជាក់ថានឹងទទួលបានភាពត្រជាក់ត្រជុំ សេចក្តីសុខររីកចម្រើន និងបុណ្យកុសលល្អទៅថ្ងៃខាងមុខ និង ជាតិក្រោយ។
គួរបញ្ជាក់ថា នៅក្នុងកម្មវិធីនេះ វីតាល់បានរៀបចំនូវកញ្ចប់ឧបត្ថម្ភជូនលោកតាលោកយាយ ប្រមាណ១០០ នាក់ ដោយក្នុងម្នាក់ៗ ទទួលបាន វីតាល់, មីជាតិ, អង្ករ, សម្លៀកបំពាក់ថ្មី និងឃីត១ប្រអប់ រួមមានគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ព្រមជាមួយថវិកាថែមផងដែរ។ លើសពីនេះទៅទៀតលោកតា លោកយាយ ក៏ទទួលបានការពិសាភោជនីយអាហារថ្ងៃត្រង់យ៉ាងឈ្ងុយឆ្ងាញ់ រៀបចំ និងបម្រើយ៉ាងយកចិត្តទុកដាក់ ពីក្រុមការងារវីតាល់ទៀតផង។
កម្មវិធីស្រង់ព្រះត្រូវបានដូនតាខ្មែរអនុវត្តតាំងតែពីដើមមក ដោយមានជំនឿថា ការធ្វើបែបនេះគឺជាការសន្សំបុណ្យកុសលបានច្រើនក្នុងផ្លូវព្រះពុទ្ធសាសនា ព្រោះចាស់ព្រឹទ្ធចារ្យគឺប្រៀបបាននឹងព្រះរស់សម្រាប់កូនចៅគ្រប់គ្នា។ ដូច្នេះហើយទើបវីតាល់បានពាំនាំនូវមូលនិធិ២៥៛ ចូលរួមក្នុងសទ្ធាដ៏ជ្រះថ្លានេះ ដើម្បីសន្សំបុណ្យកុសលត្រឡប់ទៅអតិថិជនវីតាល់វិញ តាមរយៈការចូលរួមចាប់មគ្គផល ២៥៛ក្នុងការជាវទឹកវីតាល់មួយដប។ វីតាល់សូមបន្តរក្សានូវមូលដ្ឋាននៃការឧបត្ថម្ភគាំទ្រ និង ចូលរួមលើកតម្កើនក្នុងគ្រប់សកម្មភាពសប្បុរសធម៌ សង្គម វប្បធម៌មនុស្សធម៌ និងការបង្កើតនូវកម្មវិធីថ្មីៗបន្ថែមទៀត ជាមួយមូលនិធិ២៥រៀលដើម្បីមោទនភាព នៃផលិតផលជាតិ។ «វីតាល់មោទនភាព ផលិតផលជាតិ» ៕
